លោក ហ៊ុន សែន ស្នើ​មន្ត្រី​ដែល​ចាក់​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា​ពីរ​ដូស​ហើយ រង់ចាំ​សិន​សម្រាប់​ការ​ចាក់​ដូស​ទី​៣

រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដល់ក្រុមពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងទៅ នៅមជ្ឈមណ្ឌលការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​អំពាវនាវ​ឲ្យ​មន្រ្តី​ជាន់​ខ្ពស់​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ បញ្ឈប់​ការ​ស្នើ​សុំ​វ៉ាក់សាំង​ប្រភេទ​អាស្រ្តា​ហ្សេនីកា​(AstraZeneca)​មក​ចាក់​បង្ការ​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​អាស្រ្តា​ហ្សេនីកា​ពីរ​ដូស​រួច​ហើយ។

ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្រ្តី​ក្នុង​សារ​សំឡេង​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​សារ​តែ​លោក​អះអាង​ថា​មាន​ការស្នើ​សុំ​វ៉ាក់សាំង​អាស្រ្តា​ហ្សេនីកា​សម្រាប់​ចាក់​ជា​ដូស​ទី​៣​ដល់​មន្រ្តី​ជាន់​ខ្ពស់​ជា​បន្ត​បន្ទាប់។ នាយក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ដូស​ទី​៣​ប្រភេទ​អាស្រ្តា​ហ្សេនីកា​នេះ ប្រើ​ប្រាស់​សម្រាប់​តែ​ក្រុម​ជួរ​មុខ និង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម​(Sinopharm) ឬ​ស៊ីណូវ៉ាក់​(Sinovac)​តែ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​អ្នក​ចាក់​អាស្រ្តាហ្សេនីកា​ឡើយ។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «សង្ឃឹម​ថា​ឯក​ឧត្តម លោក​ជំទាវ លោក​ឧកញ៉ា​អស់​លោក​លោក​ស្រី​ដែល​បាន​ចាក់​អាស្រ្តាហ្សេនីកា​ពីរ​ដូសរួច​មក​ហើយ សូម​រង់ចាំ​ឲ្យ​មាន​ការ​សិក្សា និង​សូម​រង់ចាំ​ឲ្យ​អាស្រ្តាហ្សេនីកា​បានមក​ដល់​លើក​ក្រោយ»។

នៅ​ពេល​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ប្រភេទ​អាស្រ្តាហ្សេនីកា តាម​យន្ត​ការ​កូវ៉ាក់​(Covax) ជាង​៣២​ម៉ឺន​ដូស កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២១ នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​កំណត់​វ៉ាក់សាំង​ប្រភេទ​នេះ​ចាក់​ដល់​អ្នក​មាន​អាយុ​៦០​ឆ្នាំ​ឡើង ដែល​អាច​ចាក់​បាន​ជាង​១៦ម៉ឺ​ន​នាក់ ក្នុង​នោះ​មាន​មន្រ្តី​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​មាន​អាយុ​ជាង​៦០​ឆ្នាំ។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​វ៉ាក់​សាំង​អាស្រ្តាហ្សេនីកា​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន និង​អង់គ្លេស​ផ្តល់​មក​កម្ពុជា កាល​ពី​កន្លង​ទៅ ក៏​មិន​ទាន់​មាន​ចំនួនគ្រប់គ្រាន់សម្រាប់​ចាក់​ឲ្យ​បាន​គ្រប់​គ្នា​នោះ​ទេ ដូច្នេះ​ក្រុម​ជួរ​មុខ និង​តំបន់​ដែល​ប្រឈម​នឹង​វីរុស​បំប្លែង​ថ្មី​ដែល​តា​(Delta)​ជា​ក្រុម​អាទិភាព៕