លោក​ហ៊ុន សែន​៖​ ពលរដ្ឋ​អាច​ចុះ​​ឈ្មោះ​បោះ​ឆ្នោត​នៅ​កន្លែង​ពួកគេ​​ស្នាក់នៅ ​និង​​​ធ្វើការ​បាន

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។

លោក​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះឆ្នោត​គ.ជ.ប.​បញ្ជាក់​ថា​ សម្រាប់​អាណត្តិ​ថ្មី​ខាង​មុខ​នេះ ប្រជា​ពលរដ្ឋ​អាច​បោះឆ្នោត​នៅ​តាម​ទីតាំង​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ ដោយ​ពុំចាំ​បាច់​ទៅ​ដល់​ស្រុក​កំណើត​ទេ។

លោក​ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បាន​ប្រកាស​ថា​ ប្រជា​ពលរដ្ឋ​អាច​ចុះឈ្មោះ​បោះ​ឆ្នោត​ក្នុង​ប្រទេសនៅ​កន្លែង​ដែល​ពួក​គេ​កំពុង​ស្នាក់នៅ ​និង​ធ្វើការ​តែម្តង ដោយ​មិន​ចាំបាច់វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ ​តែ​ស្ថាប័ន​ឃ្លាំមើល​ការ​បោះឆ្នោត​យល់​ថា​ រដ្ឋាភិបាល​ និង​គណៈ​កម្មាធិការ​រៀបចំការ​បោះ​ឆ្នោត​គួរ​បន្ត​ជួយ​សម្រួល​ឲ្យ​ពលករ​ចំណាក​ស្រុក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែរ។​

លោក​ហ៊ុន សែន​ បាន​ធ្វើការប្រកាស​នេះ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ដោយអំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា ​ពិសេស​កម្មករ​រោង​ចក្រ​ ឲ្យ​មក​ចុះ​ឈ្មោះបោះ​ឆ្នោត​ឃុំសង្កាត់ ​និង​បោះឆ្នោត​ថ្នាក់ជាតិ​សម្រាប់​អាណត្តិ​ថ្មី​ឆ្នាំ​ ២០១៧ ​និង​២០១៨​ខាង​មុខ។ ​ការ​ប្រកាស​នេះ​ធ្វើ​ឡើងក្នុង​ពិធី​សម្ពោធន៍​ការចាក់​បេតុង​ភ្ជាប់​មុខ​តំណ​ស្ពាន​ នៅ​ខេត្ត​កណ្តាល។​

«ចុះ​ឈ្មោះ​នៅ​កន្លែង​ណា​ដែល​ខ្លួន​ធ្វើការ​នៅក្បែរ​ហ្នឹង ​អាហ្នឹង​ជា​ការ​ងាយ​ស្រួល​មួយ​ បើ​ធ្វើការ​នៅ​រោងចក្រ ​ធ្វើការ​នៅ​ភ្នំពេញ ​ចុះ​ឈ្មោះ​នៅ​ភ្នំពេញ​តែម្តង​ទៅ។​ អញ្ចឹង​ទេ​បាន​ជា​យក​ឱកាស​នេះ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​របស់​យើង​ គឺ​ទៅចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​ប្រើ​ប្រាស់​សិទ្ធិ​ជា​ម្ចាស់​ប្រទេស»។​

លោក​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​គ.ជ.ប.​បញ្ជាក់​ថា​ សម្រាប់​អាណត្តិ​ថ្មី​ខាង​មុខ​នេះ ប្រជា​ពលរដ្ឋ​អាច​បោះឆ្នោត​នៅ​តាម​ទីតាំង​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ ដោយ​ពុំចាំ​បាច់​ទៅ​ដល់​ស្រុក​កំណើត​ទេ។

​លោក​បន្ថែម​ទៀត​ថា ​ ពួកគេ​ត្រូវ​មាន​លិខិត​បញ្ជាក់​ទីតាំង​ស្នាក់នៅ ​និង​អត្ត​សញ្ញាណ​បណ្ណ​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត។​

«អ្នក​មិន​មាន​អាសយដ្ឋាន​រស់នៅ​ផ្ទាល់ ​តែបើ​មាន​អត្ត​សញ្ញាណ​បណ្ណ​ដែល​មាន​ទីតាំង​រស់នៅ​កន្លែង​ផ្សេង​ អាច​ប្រើ​ឱកាស​នេះ​សម្រេច​ចិត្ត​(ជ្រើសរើស)​បោះឆ្នោត​នៅ​តាម​ទីកន្លែង​ ដែល​ខ្លួន​ស្នាក់​នៅ ​និង​បំពេញ​ការងារ»។​

ទោះបី​ជា​យ៉ាង​ក៏ដោយ ​ អ្នកស្រី​ពៅ ស៊ីណាត ​វ័យ​៣៨​ឆ្នាំ​ដែល​មាន​ស្រុក​កំណើត​នៅ​ស្ទឹងត្រែង​ បាន​ឲ្យ​ដឹង​ថា ​ការ​អំពាវនាវ​របស់​លោក​ហ៊ុន សែន​មិន​បាន​ជួយ​គាត់​បាន​ច្រើន​ប៉ុន្មាន​ទេ។​ បើទោះជា​អ្នកស្រី​មិន​ត្រូវ​ទៅ​ស្រុក​កំណើត​ដើម្បី​ចុះ​ឈ្មោះ ​ក៏​អ្នកស្រី​នៅតែ​មាន​ការ​ពិបាក​ក្នុង​ការ​ស្នើសុំ​លិខិត​បញ្ជាក់​ការ​ស្នាក់នៅ។

«វា​ស្រួល​ជាងមុន​បន្តិច​ ទោះ​យ៉ាងណា​ នៅតែ​យល់​ថា​ ពិបាក។ ​ពិបាក​ត្រង់​ថា​ ស្រុក​កំណើត​នៅឆ្ងាយ ​នៅ​តែ​ត្រូវទៅ​យក​សំបុត្រ​កំណើត​យក​អី​ដដែល​[ដើម្បី​បាន​លិខិត​បញ្ជាក់​ស្នាក់នៅ]​ ហើយ​ត្រូវ​បញ្ជាក់​ពី​ភូមិឃុំ​អី​អញ្ចឹង​ណា៎»។​

អ្នកស្រី​ឡាច លន​ ដែល​ស្នាក់នៅ​សង្កាត់​ទឹក​ថ្លា​ក៏​ត្អូញត្អែរ​អំពី​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ។​

«អន់ចិត្ត​រឿង​មួយ​ត្រង់​ថា ​យើង​ឲ្យ​ដល់​ជិត​៥០​(ដុល្លារ)​ ហើយ​នៅតែ​ធ្វើ​អត់បាន។ ​ គេធ្វើ​ថា​ ធ្វើអត់​បាន​ទេ ​ទាល់តែ​យើង​ធ្វើ​សៀវភៅ​បញ្ជាក់​ទីលំនៅ​មួយ​(ដំណាក់)​សិន​បាន​អាច​ ឆ្លងទៅ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​បាន»។​

អ្នកស្រី​បន្ត​ថា​ អ្នកស្រី​នឹង​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ទីតាំង​ចាស់​ដដែល។​

ម្យ៉ាង​វិញ​ទៀត ​ លោក​គល់ ​បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រែ្វល​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត ​បាន​ឲ្យ​ដឹង​ថា ​ការ​សម្រួល​នេះ​វា​ជា​ការ​ប្រសើរ។ ​លោក​បន្ត​ទៀត​ថា​ ​បញ្ហា​ដែល​សំខាន់​នោះ​គឺ​គ.ជ.ប.​គួរ​បន្ត​សម្រួល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដល់​ពលករ​ចំណាកស្រុក ​ដែល​មាន​ចំនួន​ជាង​១​លាន​នាក់។ ​លោក​ស្នើឲ្យ​មាន​ក្រុម​ការងារ​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ។​

«យើង​គួរតែ​មាន​ក្រុម​ការងារ​ពិសេស​មួយ​ធ្វើ​ការងារ​ផ្លាស់​វេន​ ហើយ​យើង​មាន​ការ​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ អាច​ឲ្យ​គេ​ធ្វើការ​ពេល​បុណ្យភ្ជុំបិណ្ឌ ​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ដែល​ចំណាក​ស្រុក​ដែល​គ្នា​មក​ស្រុក​ក្នុង​ពេល​បុណ្យ​ភ្ជុំ ​ឲ្យ​មាន​ពេល​ខ្លះ​ចុះ​ឈ្មោះ​បោះឆ្នោត»។​

លោក​បន្ត​ទៀត​ថា​ គ.ជ.ប.​ និង​ក្រសួង​ការងារ​គួរ​សហ​ការ​គ្នា​បន្ថែម​ ក្នុង​ការ​សម្រួល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលករ​ចំណាកស្រុក​ ក៏​ដូចជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ផង​ដែរ។​

កន្លង​មក​ គណបក្ស​ជំទាស់​បានស្នើ​សុំឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ.ជ.ប.​ និង​ក្រសួង​ការងារណែនាំ​ឲ្យ​ថៅកែរោងចក្រ​ និង​គ្រឹះស្ថាន​នានាផ្តល់​លទ្ធភាពឲ្យ​បុគ្គលិក​ ឬ​កម្មករអាច​ទៅចុះ​ឈ្មោះ​បោះឆ្នោត ព្រមទាំងជួយ​សម្រួល​ឲ្យ​ពលករ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​បរទេស​ អាច​ត្រឡប់​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា​វិញ​ផង​ដែរ។​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​ ​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។ ​ហើយ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាថ្មី​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​១​ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ៕