មន្រ្តីជាន់ខ្ពស់របស់កម្ពុជាដែលទទួលបន្ទុកកិច្ចការបរទេស លោក កៅ គឹមហួន បានហៅការលើកឡើងរបស់អតីតមន្ត្រីការទូតជើងចាស់ម្នាក់របស់ប្រទេសសិង្ហបុរី លោក Bilahari Kausikan អំពីការពិចារណាដកចេញនូវរដ្ឋសមាជិកចំនួនពីរ គឺកម្ពុជានិងលាវ ពីអាស៊ានជា «គំនិតបង្កហេតុ និងមិនអាចទទួលយកបាន»។
នេះជាការលើកឡើងដំបូងរបស់មន្រ្តីជាន់ខ្ពស់កម្ពុជា លោក កៅ គឹមហួន ដែលជាមន្ត្រីជំនិតផ្ដល់ប្រឹក្សាដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកិច្ចការបរទេសនិងអាស៊ាន។ លោក កៅ គឹមហួន ក៏ជាបេក្ខភាពកូតាកម្ពុជា ដែលនាយករដ្ឋមន្ត្រីឧទ្ទេសនាមឱ្យទៅកាន់តំណែង ជាអគ្គលេខាធិការអាស៊ានពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧។
លោក កៅ គឹមហួន បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ក្នុងសំណេរជាភាសាអង់គ្លេសនៅថ្ងៃសុក្រនេះ ដោយហៅការលើកឡើងឲ្យពិចារណាដកចេញនូវរដ្ឋសមាជិកចំនួនពីរ កម្ពុជានិងលាវថាជា «ការប្រមាថ» ទៅលើប្រទេសទាំងពីរនិងស្ថាប័នអាស៊ានទាំងមូល។
លោក កៅ គឹមហួន បញ្ជាក់ថា៖ «ដូច្នេះ នរណាម្នាក់ក៏ដោយ ត្រូវតែប្រុងប្រយ័ត្នមែនទែនក្នុងការលើកជាគំនិតដែលបង្កហេតុ និងមិនអាចទទួលយកបានបែបនេះ។ និយាយមែនទែនទៅ នេះគឺជាបញ្ហាធ្ងន់ធ្ងរ»។
លោក Bilahari Kausikan អតីតលេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសិង្ហបុរី និងបច្ចុប្បន្នជាប្រធានវិទ្យាស្ថានមជ្ឈិមបូព៌ានៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានលើកសំណើនេះអំឡុងពេលលោកចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោកថា លាវនិងកម្ពុជា កំពុងដើររក «កំហុសនយោបាយ» ច្រំដែល។
ក្នុងន័យនេះ អតីតអ្នកការទូតសិង្ហបុរីដែលធ្លាប់ហៅខ្លួនឯងថាជាមនុស្ស «ឃើញអ្វីថាហ្នឹង» បរិយាយអំពីការណ៍ដែលរដ្ឋសមាជិកទាំងពីរបណ្ដែតបណ្ដោយឱ្យ «មហាអំណាចខាងក្រៅមួយ» ដែលលោកទំនងសំដៅទៅលើប្រទេសចិន ឱ្យប្រើប្រាស់នូវអំណាចយន្តការតំបន់ដែលខ្លួនមាន ដូចយ៉ាងយន្តការអាស៊ានជាដើម ដើម្បីសម្រេចមហិច្ឆិតារបស់ខ្លួន។
មកដល់ចំណុចនេះ លោក Bilahari Kausikan បានឈានដល់ការលើកសំណើថា «យើងប្រហែលជាត្រូវកាត់បន្ធូរចេញប្រទេសទាំងពីរ ដើម្បីសង្គ្រោះប្រទេសទាំងប្រាំបីផ្សេងទៀតដែលនៅសេសសល់»។
មន្រ្តីជាន់ខ្ពស់កម្ពុជាលោក កៅ គឹមហួន និយាយថា គេចង់ដឹងអំពីគោលបំណងពិតប្រាកដនៃការលើកឡើងបែបនេះ។ លោកបន្តថា ការចោទប្រកាន់ថាសមាជិកអាស៊ានណាមួយជា «កូនជឹង» នៃមហាអំណោចជាគំនិត «ចាស់គំរឹលហើយគួរត្រូវបានទម្លាក់ចោលពីការគិត និងវចនានុក្រមរបស់អាស៊ាន»។ លោក កៅ គឹមហួន ឆ្លៀតបន្ថែមថា «គ្មានអ្នកណាមួយ ឬប្រទេសណាមួយចង់ធ្វើជាកូនជឹងរបស់ប្រទេសណាមួយឡើយ»។
នៅថ្ងៃសុក្រនេះ លោក Bilahari Kausikan បានឆ្លើយតបនឹងសំណួររបស់ VOA ទាក់ទងនឹងការអត្ថាធិប្បាយរបស់លោក កៅ គឹមហួនថា៖ «ខ្ញុំគិតថាគាត់មិនបានអានអ្វីដែលខ្ញុំបានសរសេរនោះទេ ហើយបើទោះជាគាត់បានអាន ក៏ខ្ញុំគិតថា គាត់មិនយល់អ្វីដែលខ្ញុំសរសេរនោះដែរ»។
លោកបានសរសេរបន្ថែមថា៖ «ខ្ញុំគិតថា រឿងគាត់យល់ឬមិនយល់ មិនថ្វីនោះទេ ព្រោះថាក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ននេះ គាត់ត្រូវតែនិយាយដូច្នេះ មិនសំខាន់ទាល់តែសោះត្រង់ថាតើគាត់យល់ឬមិនយល់នោះទេ»។
ប្រទេសចិនគឺជាម្ចាស់បំណុលធំបំផុតរបស់ប្រទេសកម្ពុជា និងលាវ។
VOA មិនទាន់អាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដើម្បីសុំការឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតមន្ត្រីការទូតសិង្ហបុរីបាននៅឡើយទេ។ តែលោកបានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ការលើកឡើងរបស់លោក Kausikan មិនប៉ះពាល់អ្វីដល់ទំនាក់ទំនងរដ្ឋនិងរដ្ឋរវាងកម្ពុជានិងសិង្ហបុរីនោះទេ។
ក្រសួងការបរទេសសិង្ហបុរីទៀតសោតក៏បានសម្ដែងភាពស្ងៀមស្ងាត់ មិនមានយោបល់អ្វីទាំងអស់ចំពោះការថ្លែងដ៏ចម្រូងចម្រាសរបស់អតីតអ្នកការទូតជាន់ខ្ពស់មួយរូបរបស់ខ្លួន។
ការថ្លែងរបស់លោក កៅ គឹមហួន ជាប្រតិកម្មតបពីមន្ត្រីរដ្ឋាភិបាលកម្ពុជាថ្នាក់ខ្ពស់បំផុតមកទល់ពេលនេះ ទៅនឹងការលើកឡើងរបស់លោក Bilahari Kausikan ហើយមានលក្ខណៈថ្នមសម្ដីជាងប្រតិកម្មនៃលិខិតចំហអនាមិកមួយរបស់ក្រុមអតីតអ្នកការទូត និងអ្នកការទូតបច្ចុប្បន្ននៃក្រសួងការបរទេសកម្ពុជា និងត្រូវបានផ្សាយដោយប្រព័ន្ធឃោសនារដ្ឋ។
«អ្នកចម្បាំងចចកសិង្ហបុរីម្នាក់កំពុងបំផ្លាញសាមគ្គីភាពនិងមជ្ឈភាពអាស៊ាន»។
នេះជាខ្លឹមសារនៃលិខិតដែលត្រូវបានចែកចាយកាលពីថ្ងៃច័ន្ទ និងដែលបានបន្ថែមថា កុងសង់ស៊ីសដែលអវត្តមានលាវ និងកម្ពុជា ជា «កុងសង់ស៊ីសទន់ជ្រាយ»។
បើគ្មានអ្វីប្រែប្រួល ការចូលទៅកាន់តំណែងជាអគ្គលេខាធិការអាស៊ានរបស់លោក កៅ គឹមហួន នឹងកើតឡើងក្រោយពីការធ្វើប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ ២០២២។ លោកទំនងជានឹងក្លាយជាជនជាតិកម្ពុជាដំបូង ដែលកាន់តំណែងប្រមុខរដ្ឋបាលនៃអង្គការថ្នាក់តំបន់នេះ ចាប់តាំងពីកម្ពុជាចូលជាសមាជិកកូនពៅនៃសមាគមអាស៊ាន នៅឆ្នាំ ១៩៩៩ មក៕