ប្រមុខរដ្ឋាភិបាលខ្មែរ ណែនាំមន្ត្រីឱ្យបន្តពង្រឹងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំនៅកម្ពុជា លោក W. Patrick Murphy ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្ដិភាព កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។ (រូបថតដកស្រង់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា)

«លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីចំណុចសំខាន់មួយចំនួននៃការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក និងអន្តរជាតិដែលមានកន្លងមក ដោយកត់សម្គាល់ថា ជំហានប្រកបដោយអត្ថន័យដើម្បីស្តាលទ្ធិប្រជាធិបតេយ្យ ពហុបក្ស និងសិទ្ធិសេរីភាពពេញលេញសម្រាប់អ្នកនយោបាយ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយនានា នឹងធ្វើឱ្យមានការរីកចម្រើនពិតប្រាកដសម្រាប់ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា»។

នាយក​រដ្ឋមន្ត្រី​កម្ពុជា ណែនាំក្រសួង​ស្ថាប័ន​ និង​រដ្ឋបាល​គ្រប់​ជាន់​ថ្នាក់ ឲ្យ​ខិត​ខំ​ពង្រឹង​ និង​ពង្រីក​ «ទំនាក់​ទំនង​ល្អ​» ជាមួយ​សហរដ្ឋ​អាមេរិក ​ឲ្យ​បាន​ព្រមៗ​គ្នា ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ជួប​ផ្ទាល់​ជា​លើក​ដំបូង​ជាមួយ​ទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ចេញ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នៅ​ក្រោយកិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «ក្នុង​បរិបទ​ដែល​មាន​ឯក​ឧត្ដម W. Patrick Murphy ជា​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ព្រមៗ​គ្នា​ក្នុង​ការ​ខិតខំ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក»។

សេចក្ដី​ប្រកាស​ព័ត៌មាននោះបន្ថែម​ថា ការ​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​នេះ​មាន​ដូចជាការ​សហការ​រៀបចំ​ទិវា​បុណ្យ​ខួប​ទី​ ៧០​នៃ​ទំនាក់​ទំនង​ការទូត​កម្ពុជា-អាមេរិក ការសម្ដែង​សិល្បៈ កីឡា ការ​ជួបជុំ​នៃ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពី​អាមេរិក ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក និង​កម្មវិធី​អ្នក​ស្ម័គ្រ​ចិត្ត​ Peace Corps។

សេចក្ដី​ប្រកាស​ព័ត៌មាននោះ ក៏​បាន​បញ្ជាក់​ថា​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក Patrick Murphyឯក​អគ្គ​រដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដែល​លោក ហ៊ុន សែន អះអាង​ថា ​លោក Murphy ​បញ្ជាក់​ជំហរ​របស់​អាមេរិក​ថា​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា និង​មិន​គាំទ្រ​ផែនការ​ផ្លាស់ប្ដូរ​របប​ ឬ​រដ្ឋាភិបាល​ដោយ​អំពើ​ហិង្សា ​ឬ​សកម្មភាព​ផ្សេង​ណាមួយ​ក្រៅ​ពី​តាម​បែប​ប្រជាធិបតេយ្យ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រីនោះ ធ្វើ​ឡើង​ ២​ថ្ងៃ​បន្ទាប់​ពី​លោក Murphy បាន​ជួប​សម្ដែង​ការគួរសម​ជា​លើក​ដំបូងជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ ១​ថ្ងៃបន្ទាប់ពី​លោក​បាន​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន។ លោក Patrick Murphy ក៏​បាន​ចូល​គាល់ព្រះ​មហាក្សត្រ ព្រះ​បាទ​នរោត្តម សីហមុនី នៅ​ឯ​ព្រះ​បរម​រាជវាំង​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ដើម្បី​ថ្វាយ​សារ​តាំង​ផង​ដែរ។

ការ​ចូល​បំពេញ​តួនាទី​របស់​លោក Murphy នៅ​ប្រទេស​កម្ពុជា​ កើត​ឡើង​ នៅ​ចំ​ពេល​ដែល​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​កំពុង​តែ​តានតឹង ដោយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​ត្រៀម​កម្លាំង​ចាប់​ខ្លួន​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រដ្ឋាភិបាល​រំលាយ​ចោល ​គ្រោង​វិល​មក​ប្រទេស​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

ចំណែក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀតគឺ​លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ ដោយ​រូប​លោក​ក៏​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​លោក​ហ៊ុន សែន កន្លង​មក​ចោទ​ថា​ មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​មានសហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។

​ទាំង​សហរដ្ឋ​អាមេរិក​ និង​សហគមន៍ ​អឺរ៉ុបបាន​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ ​និង​ការ​គាប​សង្កត់​សិទ្ធិ​មនុស្ស ហើយ​កំពុង​ពិចារណា​អំពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច។​

​អ្នកស្រី Emily Zeeberg អ្នកនាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ មិន​ឆ្លើយ​តប​នឹង​សំណួរ VOA ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​អាមេរិក​មានគោល​ជំហរ​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​កម្ពុជា​នោះ​ទេ។

ប៉ុន្តែ​ អ្នកស្រីបញ្ជាក់​ប្រាប់ VOA តាម​រយៈ​សារ​អេឡិចត្រូនិក​ឬ​អ៊ីមែលតាម​ន័យ​ដើម​ថា៖ «លោក​ឯក​អគ្គ​រដ្ឋទូត ​ក៏​បាន​លើក​ឡើង​ពី​ចំណុចសំខាន់​មួយ​ចំនួន​នៃ​ការ​ព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក និងអន្តរជាតិ​ដែល​មាន​កន្លង​មក ដោយ​កត់​សម្គាល់​ថា ជំហាន​ប្រកប​ដោយ​អត្ថន័យ​ដើម្បី​ស្តា​លទ្ធិ​ប្រជាធិបតេយ្យ ពហុបក្ស និង​សិទ្ធិ​សេរីភាព​ពេញ​លេញ​សម្រាប់​អ្នក​នយោបាយ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ នឹង​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​ពិត​ប្រាកដ​សម្រាប់​ទំនាក់​ទំនង​ការទូត​របស់​ប្រទេស​កម្ពុជា»។

អ្នកស្រី Emily បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុង​ជំនួប​ជាមួយ​ព្រះ​មហាក្សត្រ និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នោះ លោក​ឯក​អគ្គរដ្ឋទូត​បាន​បង្ហាញ​ការ​គោរព​ចំពោះ​វប្បធម៌ និង​ប្រពៃណី​របស់​ប្រទេស​កម្ពុជា និង​មាន​បំណង​ចង់​ធ្វើការ​រួមគ្នា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី។

លោកបណ្ឌិត មាស នី អ្នក​សិក្សា​ពី​ការ​វិវត្ត​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ​ជំនួប​របស់​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិកប្រចាំ​កម្ពុជា​ថ្មី ជាមួយ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ជំនួប​ដំបូងបែបការទូត​ប៉ុណ្ណោះ។ លោក​បន្ត​ថា ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក នឹងអាច​ឃើញ​លទ្ធផល​ គឺ​សម្រេច​លើ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា។

«ក្នុង​នាម​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ថ្មី​ហ្នឹង គឺ​ថា​គេ​ត្រូវ​តែ​សម្ដែង​នូវគារវកិច្ច​បែប​ហ្នឹង​ហើយ​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​អី​ចម្រូងចម្រាស​តាំង​ពី​ដើម​ទី​ទៅ។ ប៉ុន្តែ​ក្នុង​ហ្នឹង​ខ្ញុំ​គិត​ថា ​បើ​សិន​ជា​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​ស្រុកយើង ​អាច​មាន​បញ្ហា​កាន់​តែ​អាក្រក់​ថែម​ទៀត​នោះ នោះ​ខ្ញុំ​គិត​ថា​ទំនាក់​ទំនង​អាមេរិក​និង​កម្ពុជា មិន​អាច​ប្រព្រឹត្ត​ទៅ​ល្អ​បាន​ទេ»។

ចំណែក​លោក​បណ្ឌិត​ អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ទំនាក់​ទំនង​ការទូត និង​អន្តរជាតិ​ នៃ​មហា​វិទ្យាល័យ Occidental​ ទីក្រុង​ឡូស​អេនជឺលេស រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​ លើក​ឡើង​ថា ការយល់​ឃើញ​អំពី​និយម​ន័យនៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Patrick Murphy គឺ​ខុសគ្នា។

លោក​បន្ត​ថា សម្រាប់​លោក ហ៊ុន សែន លទ្ធិ​ប្រជាធិបតេយ្យ​មាន​ន័យ​ថា​មិន​មានការ​ប្រកួត​ប្រជែង ហើយ​មាន​ជម្រើស​តែ​មួយ ប៉ុន្តែ​សម្រាប់​លោក Murphy គឺ​មាន​ន័យ​ថា​ជា​ការ​ប្រកួត​ប្រជែង និង​មាន​ជម្រើសច្រើន ដែល​មាន​ន័យ​ថា «ការ​ផ្លាស់​ប្ដូរ​របប​សម្រាប់​គណបក្ស​កាន់​អំណាច»។

លោក​សរសេរ​តាម​ន័យ​ដើម​ថា៖ «ឥឡូវ​នេះ​វា​មើល​ទៅ​ដូចជា​ដំណាក់​កាល​ក្រេប​ទឹក​ឃ្មុំ ប៉ុន្តែ​ម្ដង​ទៀត​ វា​គឺ​ពីព្រោះ​មនុស្ស​គ្រប់​គ្នា​មើល​ឃើញ​អ្វី​ដែល​ពួកគេ​ចង់​ឃើញ​ ហើយ​ស្ដាប់​អ្វី​ដែល​ពួកគេ​ចង់​ឮ​។ ប្រជាធិបតេយ្យ​មិនមែន​ជា​ការ​ផ្លាស់​ប្ដូរ​របប​ទេ។ មាន​តែ​អ្នក​ដែល​មិន​យល់​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ដែល​អាច​ហៅ​វា​ដូច្នេះ​[ប្ដូរ​របប]​បាន»។

លោក Patrick Murphy គឺ​ជា​មន្ត្រី​ការទូត​អាមេរិក​ជាន់​ខ្ពស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​អំពី​តំបន់​អាស៊ី។ លោក​បាន​មក​ចូល​កាន់​តំណែង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា បន្ទាប់​ពី​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​មុន​គឺ​លោក William A. Heidt បាន​បញ្ចប់​អាណត្តិ​របស់​លោក​នៅ​ចុង​ឆ្នាំ​២០១៨៕