លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះប្រកាសថា លោកនឹងមិនដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ពីការឃុំឃាំងក្នុងផ្ទះនោះទេ ដោយចោទថា លោក កឹម សុខា ហាមឃាត់មិនឱ្យមន្ត្រីបក្សប្រឆាំងផ្សេងទៀតសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មន្ត្រីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយវិញ នឹងមានឱកាសធ្វើនយោបាយពិតប្រាកដ តាមរយៈការជួបជុំជាមួយអ្នកគាំទ្រ ឬ តាមមធ្យោបាយផ្សេងៗទៀត ដោយនឹងមានការសម្រួលពីអាជ្ញាធរ តែថា មិនត្រូវស្ថិតក្រោមរូបភាពជាគណបក្សសង្គ្រោះជាតិនោះឡើយ។
លោក ហ៊ុន សែន ក៏បានព្រមានមន្ត្រីបក្សប្រឆាំង ដែលមិនព្រមស្នើសុំសិទ្ធិធ្វើនយោបាយ ឲ្យមានការប្រុងប្រយ័ត្នចំពោះសម្ដី ឬ សកម្មភាពផ្សេងៗពាក់ព័ន្ធនឹងនយោបាយ ដែលលោកថា សម្ដី ឬ សកម្មភាពទាំងនោះជាការល្មើសទៅនឹងច្បាប់។
ទន្ទឹមនឹងចោទថា មានការព្រមានមន្ត្រីបក្សប្រឆាំង មិនឲ្យសុំសិទ្ធិធ្វើនយោបាយវិញនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងដោយមិនចំឈ្មោះ តែសំដៅលើលោក កឹម សុខាថា៖
«មានអាអ្នកខ្លះនៅឃុំក្នុងផ្ទះនៅឡើយ តែព្រមានគេកុំឲ្យសុំសិទ្ធិនយោបាយ។ ចាំហ្អែងរួចខ្លួនទៅ! អញមិនឲ្យហ្អែងរួចខ្លួនទេ។ តែតុលាការកាត់ហើយ គ្មានរញ៉េរញ៉ៃទេ។ វាមិនដែលអាណាជាប់ខ្លួនហើយ សុទ្ធតែជេរគេអាក្បត់ជាតិ អាលក់ខ្លួន អាលក់សតិសម្បជញ្ញៈ គ្រប់សព្វហ្នឹង លាបពណ៌ឲ្យអតីតសហការីខ្លួនឯង»។
ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងខណៈដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងត្រូវបានឃុំខ្លួនក្នុងផ្ទះក្រោមការឃ្លាំមើលរបស់តុលាការដោយរងការចោទពីបទ «ក្បត់ជាតិ» ស្របពេលដែលមន្ត្រីគណបក្សប្រឆាំងមួយចំនួនដែលត្រូវបានតុលាការហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ទើបតែទទួលបានសិទ្ធិធ្វើនយោបាយវិញ ក្រោយស្នើទៅលោកនាយករដ្ឋមន្ត្រី។
លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមបួនរូបដែលការពារក្ដីឲ្យលោក កឹម សុខា សុំមិនធ្វើអត្ថាធិប្បាយច្រើនដោយគ្រាន់តែប្រាប់ VOA យ៉ាងខ្លី តាមន័យដើមថា៖
«កូនក្ដីខ្ញុំបាទ ឯកឧត្តម កឹម សុខា គាត់មិនបានហាមឃាត់ ឬក៏ព្រមានអ្នកដែលសុំសិទ្ធិធ្វើនយោបាយ [ហើយ] ក៏មិនបានជំរុញឲ្យសុំសិទ្ធិនយោបាយវិញនោះឡើយ»។
កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្ដាលយប់ និងត្រូវបានតុលាការឃុំខ្លួនពី «បទសន្ទិដ្ឋិភាពជាមួយបរទេស» ដែលស្មើនឹងបទក្បត់ជាតិ។
លោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារទាំងកំពុងមានជំងឺ តាំងពីដើមខែកញ្ញា ឆ្នាំ២០១៧ អស់រយៈពេលជាង១ឆ្នាំ ដោយមិនមានការកាត់ទោស។ ក្រោយមក ចាប់តាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានតុលាការបញ្ជូនពីពន្ធនាគារត្រពាំងផ្លុងទៅឃុំក្នុងផ្ទះវិញ ដោយដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ រហូតមកដល់ពេលនេះ ការឃុំខ្លួនលោក កឹម សុខា ទាំងក្នុងពន្ធនាគារ និងក្នុងផ្ទះ មានរយៈពេលជិត១៩ខែមកហើយ។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights) ប្រាប់ VOA ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ដែលមានអំណាចក្នុងជួររដ្ឋាភិបាល មិនគួរថ្លែងធ្វើឲ្យមានឥទ្ធិពលដល់ការសម្រេចក្ដីរបស់តុលាការនោះទេ។
អ្នកស្រីបន្ថែមថាសម្រាប់ការបន្តឃុំខ្លួនលោក កឹម សុខា ដោយមិនមានការបើកសវនាការណាមួយ គឺជាការរំលោភសិទ្ធិមនុស្ស ដែលអ្នកស្រីថា តុលាការគួរពន្លឿនការជំនុំជម្រះប្រកបដោយយុត្តិធម៌ ឬដោះលែងលោក ប្រសិនបើមិនអាចស្វែងរកភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក។
អ្នកស្រីបញ្ជាក់ថា៖
«មិនគួរមានការពន្យារពេលហួសហេតុនៅក្នុងការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការចំពោះករណីលោក កឹម សុខា ឬក៏បុគ្គលផ្សេងទៀត ដែលយើងដឹងហើយ ហើយជាពិសេសឆ្លងកាត់តាមការឃ្លាំមើលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកន្លងមក យើងឃើញតួលេខនៃការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការនេះ គឺជាអត្រាមួយគួរឲ្យបារម្ភមែនទែន។ ដូចនេះហើយ វានឹងអាចប៉ះពាល់ដល់សិទ្ធិរបស់បុគ្គលគ្រប់រូប ក្នុងការទទួលបាននូវការសន្មតថាគ្មានទោស ដរាបណាតុលាការគាត់សម្រេចក្ដីហ្នឹង»។
កាលពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលកម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោល ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្ដួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ តុលាការនេះក៏បានដកហូតសិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ម្នាក់ៗរយៈពេល៥ឆ្នាំ។
រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ គេឃើញមានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន៩រូប បានស្នើសុំសម្បទានដើម្បីបានធ្វើនយោបាយឡើងវិញ។ ថ្នាក់ដឹកនាំទាំង៩រូបនោះរួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី លោក រៀល ខេមរិន្ទ លោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ អ្នកស្រី ទេព សុទ្ធី លោក ជីវ កត្តា និងលោក ច័ន្ទ សិលា។
បើតាមសេចក្ដីថ្លែងការណ៍របស់មន្ត្រីបក្សប្រឆាំងចំនួន៥រូប ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយក្រោយគេ រួមមានលោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ អ្នកស្រី ទេព សុទ្ធី លោក ជីវ កត្តា និងលោក ច័ន្ទ សិលា ចេញនៅថ្ងៃចន្ទនេះបញ្ជាក់ថា មូលហេតុនៃការស្នើសុំសិទ្ធិធ្វើនយោបាយរបស់ពួកគេ គឺដើម្បីសម្រាលស្ថានការណ៍នយោបាយបច្ចុប្បន្ន និងកសាងទំនុកចិត្តរវាងអ្នកនយោបាយខ្មែរ ដែលអាចឈានទៅរកដំណោះស្រាយបញ្ហាប្រឈមនានា ទាំងបច្ចុប្បន្ន និងអនាគត។
ចាប់តាំងពីមានការចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនលោក កឹម សុខា គេឃើញអង្គការអន្តរជាតិផ្នែកការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិជាច្រើន ព្រមទាំងរដ្ឋាភិបាលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនផង បានរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទាមទារឲ្យមានការទម្លាក់ចោលបទចោទលើលោក កឹម សុខា ជាបន្តបន្ទាប់ ដោយឥតលក្ខខណ្ឌ។
យ៉ាងណាក្តី ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានចេញមុខការពារចំណាត់ការឃុំខ្លួនលោក កឹម សុខា ដោយនិយាយថា វិធានការនេះធ្វើឡើងទៅតាមច្បាប់ ស្របតាមប្រទេសនីតិរដ្ឋប៉ុណ្ណោះ។
កាលពីសប្ដាហ៍មុន ក្រុមការងាររបស់សហភាពអឺរ៉ុបបានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ដោយបានជួបពិភាក្សាជាមួយនឹងមន្ត្រីកម្ពុជាសំខាន់ៗ ដើម្បីជំរុញឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយដែលកើតឡើងក្រោយការរំលាយគណបក្សសង្គ្រោះជាតិនិងការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានឯករាជ្យ និងក្រុមសង្គមស៊ីវិល។
ជំនួបនោះគឺជាការចរចាគ្នាលើកដំបូងដើម្បីវាយតម្លៃ និងតាមដានសភាពការណ៍ ចាប់តាំងពីពេលដែលសហភាពអឺរ៉ុប បានចាប់ផ្ដើមដំណើរការដកឋានៈអនុគ្រោះពន្ធ«សព្វមុខទំនិញលើកលែងតែអាវុធ» ឬ Everything But Arm (EBA)ពីកម្ពុជាហើយដែលដំណើរការនេះអាចនឹងចូលជាធរមាននៅខែសីហា ឆ្នាំ២០២០៕