លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នៅ​ថ្នាក់​ក្រោម ដើម្បី​បញ្ចៀស​ការតវ៉ា​នៅ​ភ្នំពេញ

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ភូមិ​ព្រៃស្ពឺ ក្បែរ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ណែនាំ​ដល់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្តល់​សេវា​សាធា​រណៈ​ឱ្យ​កៀក​ប្រជា​ពល​រដ្ឋ ហើយ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​បញ្ចៀស​ការ​តវ៉ា​ណា​មួយ​ដែល​អាច​កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ​។

លោក ហ៊ុន ម៉ាណែត ដែល​ឡើង​កាន់​អំណាច​បាន​ប្រមាណ​២​ខែ​កន្លះ ថ្លែង​បែប​នេះ​ នៅ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ នូវអគារ​ថ្មី​នៃ​ទី​ស្ដី​ការ​ក្រសួង​មហា​ផ្ទៃ ​នៅ​ថ្ងៃ​ទី​៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣​។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ​រដ្ឋាភិបាល​របស់​លោកបន្តកែ​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ ​ក្នុង​ដំណាក់រដ្ឋា​ភិបាល​អាណត្តិ​ទី៧ ដែល​នឹងផ្តោត​សំខាន់​លើ​ការ​ពង្រឹង​យន្ត​ការ​ដែល​មាន​ស្រាប់ ជា​ជាង​ការ​ពង្រីក។ ទាក់​ទ​ង​នឹង​ការ​ដោះ​ស្រាយទំនាស់​ដីធ្លី លោក ហ៊ុន ម៉ាណែត ​បញ្ជា​ឱ្យរដ្ឋបាលថ្នាក់​ក្រោម​ជាតិ​ ឬ​រដ្ឋ​បាល​ខេត្ត​ ត្រូវ​ចាត់អ្នក​ទទួល​ខុស​ត្រូវ​ឱ្យ​បាន​ច្បាស់​លាស់ និង​ត្រូវ​ខិត​ខំ​ផ្សារ​ភ្ជាប់ជា​មួយពល​រដ្ឋ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា៖ «ហើយ​ចំណុច​ចុង​ក្រោយ ​ម្ចាស់​ការ​ដោះ​ស្រាយ​បញ្ហា សូម​ក្តាប់​ឱ្យ​ជាប់​នូវ​រាល់​បញ្ហា ដែល​កើត​មាន​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ ហើយ​ខិត​ខំ​ព្យាយាម​ដោះ​ កុំ​ឱ្យ​[ពលរដ្ឋ]ឡើង​ដល់​តាខ្មៅ​កាន់​ញត្តិ ​បាតុ​កម្ម​លើក​រូប​ថត​ខ្ញុំ លើក​រូប​ថត​សម្តេច​តេ​ជោ ​សម្តេច​គតិ ជួន​កាល​មក​មុខក្រសួង​មហាផ្ទៃ​លើក​រូប​ថត។ ​សូម​ដោះ​ស្រាយ​នៅ​មូល​ដ្ឋាន​»។

លោក ហ៊ុន ម៉ាណែត បន្ថែម​ថា យន្ត​ការ​នៃ​ការ​ផ្ទេ​រ​អំណាច​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​ក្រោម​ជាតិ តាមវិមជ្ឈការ​ និង​វិសហ​មជ្ឈ​ការ ​ត្រូវ​ការពេល​វេលា ​ការ​រៀប​ចំ​នីតិ​វិធី​ច្បាស់​លាស់ និង​ការ​បង្កើន​សមត្ថ​ភាព​មន្ត្រី​នៅ​តាមមូល​ដ្ឋាន ​ដើម្បី​កុំ​ឱ្យ​ការ​ផ្តល់​សេវា​សាធារណៈ​តាម​មូល​ដ្ឋាន ត្រូវបាន​អាក់​ខាន និង​ប្រឈម​ហានិ​ភ័យណា​មួយ​។

លោក​ ហ៊ុន ម៉ាណែត ​ក៏​បាន​ណែ​នាំ​ទៅក្រសួង​ ​ស្ថាប័នទាំង​អស់ ​ត្រូវ​បែង​ចែក​ឱ្យ​ដាច់​អំពី​សិទ្ធិ​អនុវត្ត​ការ​ងារ​ នៅថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ផ្តល់​ភាពងាយ​ស្រួល​ដល់មន្ត្រី​អនុវត្ត​ការ​ងារ​ និង​ការដោះ​ស្រាយ​បញ្ហាតាម​មូល​ដ្ឋាន​។

​លោក​ថ្លែង​ថា​៖ «អ៊ីចឹង​ការ​ផ្តល់​សិទ្ធិ​ ឬ​លក្ខ​ខណ្ឌ ​ជូន​ដាវ​ទៅ​ហើយ​ សុំ​កាប់​ផង។ ផ្តល់​លទ្ធ​ភាព​ទៅ​ហើ​យ​ សូម​ប្រើ​ប្រាស់​ឱ្យ​ត្រូវ​គោល​ដៅ ដើម្បី​បម្រើ​ការ​វះ​កាត់ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បម្រើ​ប្រជា​ពល​រដ្ឋ​។ ​ខ្វះ​ការ​បំប៉ន​អ្វី​ផ្សេង​ៗ គឺ​យើ​ង​ស្នើ​សុំ​មក​ថ្នាក់​ជាតិ ​ដើម្បី​យើង​ជួយ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី ពង្រឹងបច្ចេក​ទេស​មួយ​ចំនួន​ យើង​នឹង​ខិត​ខំ​ផ្តល់​ជូន​ ព្រោះ​សមត្ថ​ភាពមួ​យ​ចំនួន​ត្រូវ​ការធនធាន​ថ្នាក់​ជាតិ​ ដើម្បី​ជួយ​បន្ត​ បន្ថែម​លើ​អ្វី​ដែល​យើង​មាន​»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «អ៊ីចឹង​ គឺ​ការ​ដោះ​ស្រាយ ​[ឬ]​ម្ចាស់​ការ​នេះ ​គឺ​ខំ​ធ្វើ​យ៉ាង​ណា ​កុំរង់ចាំ​បទ​បញ្ជា​ គឺ​សូម​ធ្វើ។ ហើយ​សូម​ម្តង​ទៀត​ គឺ​ក្រសួង ​ស្ថាប័ន​ដែល​មិន​ទាន់​ មាន​ការ​ណែ​នាំ​ច្បាស់​លាស់​អំពី​សិទ្ធិ ​ញែក​ឱ្យ​ដាច់​អំពី​ស្ថាប័ន​ជាតិ ​និង​ក្រោម​ជាតិ​ គឺ​សូម​ធ្វើ​យ៉ាង​ណា ​ដើម្បី​ញែក​ឱ្យ​ដាច់ ​ហើយ​បង្កើន​ប្រសិទ្ធ​ភាព និង​ផ្តល់​សិទ្ធិ​ជូន​គាត់​ក្នុង​ការអនុ​វត្ត​ដោះ​ស្រាយ​បញ្ហា​»។

​បើ​តាម​លោក ហ៊ុន ម៉ាណែត ការ​ផ្តល់​សិទ្ធិ​អំណាចដល់​ថ្នាក់​ក្រោម​ជាតិ ក៏​ដោយ​សារ​តែ​មន្ត្រី​មូល​ដ្ឋាន​អាច​ដឹង​ពី​តម្រូវ​ការ​ជាក់​ស្តែង​របស់​ពល​រដ្ឋ ​និង​អាច​ដោះ​ស្រាយ​បញ្ហា​តាម​មូល​ដ្ឋាន​ ដូចជាការ​ទប់​ស្កាត់​ល្បែង​ស៊ី​សង​ គ្រោះ​ទឹកជំនន់ និង​បទ​ល្មើស​ផ្សេងៗ​ទៀត​ដែល​កើត​ក្នុងមូល​ដ្ឋាន​នីមួយ​ៗ​។

រដ្ឋា​ភិបាល​កម្ពុជា ​បាន​ចាប់​ផ្តើម​អនុវត្ត​នូវ​កំណែ​ទម្រង់​វិមជ្ឈ​ការ និង​វិសហ​មជ្ឈ​ការ​ ចាប់​តាំង​ពី​ឆ្នាំ​២០០២មក​។

វិមជ្ឈការ​គឺ​ជា​ការ​ដែល​រដ្ឋា​ភិបាល​ប្រគល់​ឱ្យ​ក្រុម​ប្រឹក្សា​នូវ​ភាព​ជា​ម្ចាស់លើ​មុខងារ សិទ្ធិ​អំណាច ​និង​ធន​ធាន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​មូល​ដ្ឋាន​ ហើយ​ក្រុម​ប្រឹក្សា​ត្រូវ​មាន​គណ​នេយ្យ​ភាព​ចំពោះ​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន​លើ​បញ្ហា​ទាំង​នោះ​។ ​ចំណែក​វិស​ហ​មជ្ឈ​ការ​ ជា​ការ​ដែល​រដ្ឋា​ភិបាល ​ឬ​ក្រសួង​ស្ថាប័នរដ្ឋ ធ្វើ​ប្រតិ​ភូ​កម្ម​មុខ​ងារ សិទ្ធិ​អំណាច និង​ធន​ធាន​ទៅ​អង្គ​ភាព​ក្រោម​បង្គាប់​ ឬ​ទៅ​ក្រុម​ប្រឹក្សា​ប្រភេទ​ណា​មួយ​ ដើម្បី​អនុ​វត្ត​ក្នុង​នាម​រាជ​រដ្ឋា​ភិបាល​ ឬ​ក្រសួង​ស្ថាប័ន​នោះ​។ ​នេះ​បើ​តាម​ឯក​សារ​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​មុខ​ងារ​សាធារណៈ​។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍ ​និង​សន្តិភាព ​លោក ​យង់ គិមអេង លើក​ឡើង​ថា​ ដើម្បីពង្រឹង​វិមជ្ឈការ​ ​ឱ្យមាន​ប្រសិទ្ធ​ភាព រដ្ឋាភិបាល​គួរ​កាត់​បន្ថយការ​ចុះ​បេស​កម្ម​របស់​មន្ត្រី​ថ្នាក់​ជាតិ​ទៅ​តាម​មូល​ដ្ឋាន ដោយ​បង្វែរធន​ធាន​ថវិកា​ដល់​មូល​ដ្ឋាន​ឱ្យ​បាន​ច្រើន ដើម្បី​អនុវត្ត​ជាក់​ស្តែង ជាមួយ​សិទ្ធិអំណាច​ និង​ការ​ទទួល​ខុស​ត្រូវ និង​ផែន​ការ​ច្បាស់​លាស់ ​ដោយ​កុំ​ឱ្យ​មាន​តែផែន​ការ​នៅ​លើ​ក្រដាស​។

លោក​កត់​សម្គាល់​ថា​កន្លង​មក ​ផែន​ការ​ការងារ​មូល​ដ្ឋាន​ដែល​មាន​កញ្ចប់​ថវិកា​ធំ​ៗ​ គឺ​មិន​ងាយ​ធ្លាក់​ដល់​ដៃរដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នោះ​ទេ ដូច្នេះបញ្ហា​នេះ​ក៏​ជា​ឧប​សគ្គ​មួយ​ផង​ដែរ​។ ក្រៅ​ពី​នេះ​ លោកថា​មន្ត្រី​ដែល​បម្រើ​ការ​នៅ​តាម​ឃុំ​សង្កាត់ ​ក៏​ត្រូវ​ពង្រឹង​សមត្ថ​ភាព និងត្រូវ​បែង​ចែង​ពេល​វេលា​ឱ្យ​បាន​ច្បាស់​លាស់ ​ទាក់​ទង​ការ​ងារ​បម្រើ​សេវា​សាធា​រណៈ និង​ការ​បម្រើ​ការ​ងារ​របស់​គណ​បក្ស​។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​បើ​សិន​ជា​យើង ចង់​ពង្រឹង​វិមជ្ឈ​ការ ទាល់​តែ​យើង​ធ្វើ​អ៊ីចឹង កាត់​បន្ថយ​កា​រ​ចុះ​របស់​ថ្នាក់​ជាតិ​ ហើយ​យើង​យក​លុយ​ទៅ​ទៅ​ដល់​ថ្នាក់​មូល​ដ្ឋាន​ឱ្យ​បាន​ច្រើន​ អាហ្នឹង​បាន​យើង​អាច​ទៅ​រួច​»។

លោក សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា ថ្លែង​ថា​មន្ត្រី​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ គ្រាន់​តែ​រៀប​ចំ​ផែន​ការ​អភិ​វឌ្ឍ​មូលដ្ឋាន ប៉ុន្តែ​មិន​ទាន់​មាន​សិទ្ធិ​អំណាច​ពេញ​លេញ​ក្នុង​ការដោះ​ស្រាយ​វិវាទដី​ធ្លី ដែល​ជា​ទំនាស់​ផល​ប្រយោជន៍​រវាង​ពលរដ្ឋ និង​អ្នក​មាន​អំណាច​ឡើយ​។ ​លោក​ស្នើ​រដ្ឋា​ភិបាល​គួរ​តែ​បង្កើត​ច្បាប់​ស្តី​ពី​ទំនាស់​ផល​ប្រយោជន៍ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​ទំ​នាស់ដី​ធ្លី​រវាង​អ្នក​មាន​អំណាច​នឹង​ប្រជាពលរដ្ឋ។

លោក​ប្រាប់​វីអូអេ​ថា៖ «កម្ពុជា​គួរ​តែ​មាន​ច្បាប់ ស្តី​ពី​ទំនាស់​ផល​ប្រយោជន៍ មាន​ន័យ​ថា​ការ​អនុវត្ត​ការ​ងារ​របស់​មន្ត្រី​មាន​អំណាច​នៅ​ក្នុង​ជួរ​រដ្ឋ​បាល​សាធារណៈ​ក្តី នៅ​ក្នុង​ជួរ​មន្ត្រី​នយោ​បាយ​ក្តីហ្នឹង​ គួរ​គិត​មើល​អំពី​ថា​តើ​ការងារ​របស់​ពួក​គេ ​ធ្វើ​ម៉េច​ ដើម្បី​កុំ​ឱ្យ​មាន​ទំនាស់​ផល​ប្រយោ​ជន៍។ ជា​ពិសេស​បើ​ពាក់​ព័ន្ធ ​ជាមួយ​នឹង​ជម្លោះ​ដីធ្លីជាមួយ​ប្រជា​ពល​រដ្ឋ​ ថា​តើ​ត្រូវចាត់​ទុក​ជា​ករណីប៉ុណ្ណា»​។

បើ​តាម​លោក សន ជ័យ ដើម្បី​ធានា​ប្រសិទ្ធ​ភាព​ការងារ ជា​ពិសេស​ការ​ដោះ​ស្រាយ​ទំនាស់​ផល​ប្រយោ​ជន៍​ រដ្ឋា​ភិបាល​អាណត្តិ​ទី​៧​ត្រូវ​តែ​ហ៊ាន​ដាក់​ទោស​មន្ត្រី ​ឬ​ហៅ​ថា​«​កាត់​សាច់​ស្អុយ​ចេញ​»។ ​លោក​បន្ថែម​ថា​ បើ​សិនរដ្ឋា​ភិបាល​មិន​អាច​មាន​វិធាន​ការ​តឹងរ៉ឹង​បែប​នេះ​ទេ នោះ​ការ​ថ្លែង​របស់​នាយក​រដ្ឋ​មន្រ្តី​អំពីវិមជ្ឈ​ការ និង​វិសហ​មជ្ឈការ ​បាន«ត្រឹម​ពិរោះ​ស្តាប់»​តែ​ប៉ុណ្ណោះ ហើយ​លទ្ធ​ផល​ក៏​មិន​ខុស​គ្នា​ពី​អាណត្តិ​មុន​ៗ​ឡើយ​៕