លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ត្រូវសហការជាមួយក្រសួងអធិការកិច្ច ដើម្បីធានានូវអភិបាលកិច្ចល្អ។
លោក ហ៊ុន ម៉ាណែត ដែលឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីបានជិត ៦ ខែមកហើយ លើកឡើងថា ក្រសួងអធិការកិច្ចគឺជា«ភ្នែក»និងជា«ត្រចៀក»របស់រដ្ឋាភិបាល។ ហេតុនេះគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់មិនត្រូវមានគំនិតអវិជ្ជមានមកលើក្រសួងមួយនេះឡើយ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «នៅក្នុងរបាយការណ៍ឯកឧត្តម ហួត ហាក់ [រដ្ឋមន្រ្តីក្រសួងអធិការកិច្ច]បានបញ្ជាក់ហើយ ក៏ដូចជាការលើកឡើងនៅក្នុងអង្គប្រជុំ គឺឮសូរឱ្យតែពាក្យអធិការកិច្ច គឺថាដឹងតែមកចាប់ហើយ គេចធ្វើម៉េចយករួចខ្លួនសិន។ ខ្ញុំបញ្ជាក់ថា អភិក្រមយើងទាំង ៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ការងារអធិការកិច្ចនេះ គឺជួយអភិក្រម ៤ ខាងដើម [...] ។ អីចឹងខ្ញុំសុំឱ្យអង្គភាពស្ថាប័នទាំងអស់កុំចាត់ទុកការងារអធិការកិច្ចជាការងារចុះចាប់ គឺជាការពង្រឹងអភិក្រម ៤ ដើម្បីឆ្លុះបញ្ចាំងនូវគុណសម្បត្តិ គុណវិបត្តិជួយគ្នា»។
ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច កាលពីព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
បើតាមលោក ហ៊ុន ម៉ាណែត កិច្ចការអធិការកិច្ចគឺជាការងារស្មុគស្មាញ ចាំបាច់ និងមានសារៈសំខាន់សម្រាប់ពង្រឹងប្រសិទ្ធភាពការងាររដ្ឋ។
នៅក្នុងពិធីនោះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានថ្លែងនៅចំពោះមុខនាយករដ្ឋមន្ត្រីថា មេដឹកនាំតាមក្រសួងនិងអង្គភាពខ្លះបានលាក់បាំងការពិតចំពោះរដ្ឋាភិបាល ជាពិសេសស្វែងរកអន្តរាគមន៍នានា ពីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានអំណាច នៅពេលរងការធ្វើអធិការកិច្ចម្ដងៗ។
រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា៖ «អង្គភាពរងអធិការមួយចំនួនតូចបានធ្វើសកម្មភាព ដើម្បីបញ្ចៀសចំណុចខ្វះខាតរបស់ខ្លួន មុនពេលប្រតិភូអធិការកិច្ចចុះទៅត្រួតពិនិត្យក្នុងនោះរួមមាន៖ ទី ១ អង្គភាពខ្លះប្រជុំផ្ទៃក្នុងជាមុន ក្នុងគោលបំណងលាក់បំបាំងការពិត ទី ២ អង្គភាពខ្លះ ផ្ដល់ឯកសារមិនគ្រប់គ្រាន់ និងមិនផ្ដល់កិច្ចសហការល្អ ឬយកលេស ដើម្បីពន្យារពេល ដូចជាបញ្ចៀសមុខសញ្ញា ដែលត្រូវរងអធិការកិច្ច ឱ្យទៅបំពេញបេសកកម្មនៅក្រៅអង្គភាព ខ្លះទៀតបានណែនាំ ឬឈានទៅដល់ការបំភិតបំភ័យមន្ត្រីរងអធិការកិច្ច តាមរយៈការហៅសាកសួរ ក្នុងគោលបំណងមិនធ្វើសហការល្អ ជាមួយមន្រ្តីអធិការកិច្ច ខ្លះទៀត រកហេតុផលផ្ទេរ ឬសម្រួលភារកិច្ចមន្រ្តីដឹងរឿងរ៉ាវច្រើន ហើយជាមុខសញ្ញាអធិការ ដែលអាចផ្ដល់ព័ត៌មានពិតមកដល់មន្រ្តីអធិការកិច្ចជាដើម»។
ប៉ុន្តែរដ្ឋមន្រ្តីរូបនោះមិនបានបញ្ជាក់ឈ្មោះក្រសួងឬស្ថាប័នណាឡើយ ដែលមានភាពមិនប្រក្រតីដូចការថ្លែងរបស់លោក។
បើតាមលោក ហួត ហាក់ ការងារអធិការកិច្ចរបស់ក្រសួង រយៈពេលមួយឆ្នាំនេះ បានជួយកែតម្រូវនិងផ្លាស់ប្តូរឥរិយាបទមន្រ្តីសាធារណៈមួយចំនួន ដែលពុំទាន់អនុវត្តតួនាទី និងភារកិច្ចបានល្អ។
នាយកប្រតិបត្តិនៃសម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម ហៅកាត់ថាCISA លោក ហ៊ឹម យន់ ប្រាប់វីអូអេថា កន្លងមករដ្ឋាភិបាលបានដាក់ចេញជាយន្តការជាច្រើន ប៉ុន្តែបញ្ហាខ្វះតម្លាភាព អំពើពុករលួយ និងបក្ខពួកនៅក្នុងស្ថាប័នរដ្ឋនៅតែកើតមានជាហូរហែ។
លោកថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងធ្វើការរួមគ្នា ជាមួយនឹងរដ្ឋាភិបាល យើងចង់ឃើញភាពប្រសើរឡើងនៃការអនុវត្តគោលការណ៍អភិបាលកិច្ចល្អនិងតម្លាភាពហ្នឹង»។
ក្រសួងអធិការកិច្ចត្រូវបានបង្កើតឡើង ដើម្បីតាមដានការអនុវត្តការងារ និងច្បាប់នានា ជាពិសេសការលុបបំបាត់ការកិបកេងថវិកា និងទ្រព្យសម្បត្តិរដ្ឋ រួមទាំងអំពើពុករលួយជាដើម។ ក្រសួងនេះក៏មានតួនាទីក្នុងការអញ្ជើញជនពាក់ព័ន្ធតាមរយៈប្រធានស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមកបំភ្លឺ ផ្តល់ព័ត៌មាន ផ្តល់ឯកសារ ឬចូលរួមសហការក្នុងសកម្មភាពអធិការកិច្ចឬអង្កេតស្រាវជ្រាវ។ នេះបើតាមអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច។ ក្រសួងអធិការកិច្ចត្រូវបានប្តូរឈ្មោះពីក្រសួង «ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច» ក្រោមរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃអង្គារ បានបញ្ជាក់ថា ការប្តូរឈ្មោះនេះ គឺបញ្ជាក់អំពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងការសម្រួចភារកិច្ចរបស់ក្រសួង ដើម្បីដើរតួនាទីកាន់តែសកម្មនៅក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ។
លោក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងអធិការកិច្ចត្រូវរៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹង តាមប្រព័ន្ធអនឡាញ ដើម្បីបង្កភាពងាយស្រួល ដល់ការដាក់ពាក្យបណ្ដឹងទាន់ពេល និងឆាប់រហ័ស សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទឱ្យកៀកនឹងប្រជាពលរដ្ឋ៕