លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមបង្ហាញជំហរកណ្តាលក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក និងកម្ពុជា ជាមួយនឹងប្រទេសចិន ដោយលោកបានអះអាងពីចំណងពាណិជ្ជកម្ម និងសហប្រតិបត្តិការកម្រិតអន្តរជាតិដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលកម្ពុជាមានជាមួយនឹងមហាអំណាចទាំងពីរ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ក្នុងបទសម្ភាសន៍ពិសេសជាមួយនឹង VOA ថា គេគួរតែវាយតម្លៃទំនាក់ទំនងទាំងនេះ ដោយក្រឡេកមើលឱ្យបានគ្រប់ជ្រុងជ្រោយ គឺមិនមែនតែលើហេតុការណ៍មួយទេ។
«ចឹងទំនាក់ទំនងរវាងកម្ពុជា និងចិន អាចមានការវាយតម្លៃ ជាច្រើនថា មានភាពជិតស្និទ្ធជាពិសេសទំនាក់ទំនងសេដ្ឋកិច្ច ដោយសារមានអ្នកវិនិយោគទុនចិនច្រើននៅកម្ពុជា ក៏ដូចជាចិនបានផ្តល់ជំនួយសេដ្ឋកិច្ចច្រើនដល់កម្ពុជា។ ប៉ុន្តែ បើយើងក្រឡេកទៅមើលវិស័យផ្សេងៗទៀត ដូចជាវិស័យសន្តិសុខ វិស័យប្រឆាំងភេរវកម្ម ប្រឆាំងគ្រឿងញៀន ផ្សេងៗគឺសហរដ្ឋអាមេរិក និងកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នាយ៉ាងស្អិតរមួត»។
ជារឿយៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកសរសើរដល់ទំនាក់ទំនងជាមួយនឹងប្រទេសចិនដែលបានផ្តល់ជំនួយជួយលើកស្ទួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា ហើយលោកតែងតែឆ្លៀតពេលរិះគន់ដល់លក្ខខណ្ឌតឹងរឹង ដែលសហរដ្ឋអាមេរិកមានមកលើកម្ពុជា ដែលផ្តោតខ្លាំងលើការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅរាល់ពេលដែលនិយាយពីទំនាក់ទំនងសេដ្ឋកិច្ច។
ការបរាជ័យជាលើកទីមួយក្នុងប្រវត្តិសាស្រ្តរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០១២ដែលមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយបាន ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរបស់អាស៊ានក្នុងទីក្រុងភ្នំពេញ ត្រូវបានគេរិះគន់ថា ដោយសារតែប្រទេសកម្ពុជាទទួលឥទ្ធិពលពីប្រទេសចិននៅក្នុងរឿងទំនាស់សមុទ្រចិនខាងត្បូង។
Your browser doesn’t support HTML5
អ្នកវិភាគនានា ក៏បានមើលឃើញថា កម្ពុជាបានខិតជិតប្រទេសចិនបន្តិចម្តងៗ ហើយប្រទេសលោកខាងលិច មិនសូវមានឥទ្ធិពលលើកម្ពុជា ដូចកាលគ្រាដែលកម្ពុជាត្រូវការជំនួយស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិទៀតទេ។
បញ្ហាទំនាស់សមុទ្រចិនខាងត្បូង ដែលចេះតែឡើងកំដៅរវាងប្រទេសចិនជាមួយនឹងបណ្តាប្រទេសមួយចំនួនក្នុងសហគមន៍អាស៊ាន ដែលរួមមានវៀតណាម និងហ្វីលីពីនជាអ្នកចេញមុខជំទាស់ខ្លាំង ក៏បានទាញសហរដ្ឋអាមេរិកឱ្យយកចិត្តទុកដាក់។
ដោយឡែក កម្ពុជាត្រូវបានគេមើលឃើញថានៅចំចំណុចកណ្តាលនៃបញ្ហានេះ ដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធដែលខ្លួនមានជាមួយនឹងប្រទេសវៀតណាមជាយូរហើយ និងមិត្តចិនថ្មីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ហ៊ុន ម៉ាណែត ត្រូវបានមជ្ឈដ្ឋាននានាមើលឃើញថា កំពុងទទួលការបណ្តុះបណ្តាលដើម្បីនឹងបន្តតំណែងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩ ហើយលោកបានទទួលសញ្ញាប័ត្របណ្ឌិតខាងសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៧។ ការណ៍នេះបង្ហាញលក្ខណៈខុសគ្នាពីឪពុកដែលកាន់តំណែងជាង៣០ឆ្នាំ ប៉ុន្តែទទួលបានការសិក្សាតិចតួច ហើយទទួលបានការគាំទ្រពីប្រទេសវៀតណាម មុនពេលលោកឡើងកាន់តំណែង។
នៅពេលចោទសួរពីនិន្នាការយុវជនជំនាន់ក្រោយរបស់គណបក្សកាន់អំណាច ដែលមានទំនាក់ទំនងខ្លាំងជាមួយនឹងបស្ចឹមប្រទេស តាមរយៈការសិក្សារបស់ពួកគេថា អាចនឹងដើរផុតពីទំនាក់ទំនងប្រពៃណីដែលថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្នមានជាមួយនឹងប្រទេសវៀតណាម ឬទេលោក ហ៊ុន ម៉ាណែត បានបង្ហាញការប្រយ័ត្នប្រយែង។
លោកថា កម្ពុជាធ្វើទំនាក់ទំនងជាមួយនឹងប្រទេសនានាផ្អែកលើគោលការណ៍ឯករាជ្យ អធិបតេយ្យភាព និងឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។
«ចឹងមូលដ្ឋាននេះហើយដែលយើងមន្ត្រីរដ្ឋាភិបាលគ្រប់ជំនាន់ត្រូវផ្អែកទៅលើ។ អីចឹងយន្តការនៃការថាកៀកជាមួយអ្នកនេះជាងអ្នកនោះជាង គឺអត់ទេ។ ផលប្រយោជន៍ជាតិយើងជាធំ ហើយគោលការណ៍មួយនេះដែលយើងត្រូវរក្សាសម្រាប់មន្ត្រីគ្រប់ជំនាន់ទាំងអស់។ ចឹងជាការដែលយើងប្រើជាមូលដ្ឋានសម្រាប់ទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោកមិនថាវៀតណាមទេ»។
ក្នុងមួយរយៈពេលចុងក្រោយនេះ គណបក្សកាន់អំណាចបានអនុញ្ញាតឱ្យក្រុមយុវជនរបស់គណបក្សធ្វើដំណើរទៅក្រៅប្រទេសជាច្រើន ក្នុងនោះមានទៅអឺរ៉ុប អូស្រ្តាលី កាណាដា និងសហរដ្ឋអាមេរិក។
បញ្ហាគោលនយោបាយការបរទេសកម្ពុជា ត្រូវបានមជ្ឈដ្ឋានអ្នកតាមនយោបាយកម្ពុជាចង់ដឹងពីថ្នាក់ដឹកនាំយុវជនទាំងនោះ។ កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺលោក ហ៊ុន ម៉ានីដែលបានធ្វើដំណើរមកសហរដ្ឋអាមេរិកកាលពីចុងខែមករា ក៏បានប្រឈមនឹងសំណួរជាច្រើន ទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជា និងមហាអំណាចនានាផងដែរ៕