កូនប្រុសច្បងលោកនាយករដ្ឋមន្រីហ៊ុន សែន គឺលោកហ៊ុន ម៉ាណែតបានបន្តថ្លែងសារឌឺដងផ្លែផ្កាទៅលើការមើលស្រាលរបស់លោកសម រង្ស៊ី ចំពោះសញ្ញាបត្រសំខាន់ៗចំនួនបីដែលលោកបានទទួលនៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។
បើតាមសារបង្ហោះលើទំព័រផ្លូវការហ្វេសប៊ុករបស់លោកហ៊ុន ម៉ាណែតនៅថ្ងៃព្រហស្បតិ៍នេះលោកសម រង្ស៊ីបានរក្សាការស្ងៀមស្ងាត់មិនតបតទៅនឹងការទាមទាររបស់លោកហ៊ុន ម៉ាណែតឱ្យមកបង្ហាញការពិតថាសញ្ញាបត្ររបស់លោកដែលបានទទួលពីសាលានាយទាហានអាមេរិកWest Point និងសញ្ញាប័ត្រថ្នាក់ឧត្តមសិក្សាពីរផ្សេងទៀតដែលលោកបានទទួលនៅសហរដ្ឋអាមេរិកនិងចក្រភពជាប្រភេទសញ្ញាបត្រមិនត្រូវតាមស្តង់ដានោះ។
ដោយមិនបានបន្តសុំឱ្យអតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ីមកភ្នាល់ទៀតនោះលោកហ៊ុន ម៉ាណែតដែលជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃព្រហស្បតិ៍នេះអំពាវនាវដល់លោកសម រង្ស៊ីឱ្យបញ្ចេញអ្នកជំនាន់ថ្មីមកប្រកួតប្រជែងជាមួយលោកផ្ទាល់ និងជាមួយយុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា។
លោកហ៊ុន ម៉ាណែតលើកឡើងតាមន័យដើមថា៖«បើជ្រុលជាលោកមិនហ៊ានចេញមកតតាំងផ្ទាល់ជាមួយខ្ញុំដែលជាក្មេងជំនាន់ក្រោយទេគួរតែលោកមានភាពក្លាហានក្នុងការបញ្ចេញយុវជនបន្តវេនរបស់លោក មកប្រកួតប្រជែងជាមួយខ្ញុំនិងជាមួយយុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាមក។ ខ្ញុំគិតថាលោកមានអាយុច្រើនហើយល្មមដល់ពេលលោកសម្រាកនិងហ៊ានលះបង់នូវមហិច្ឆតាចង់បានអំណាចរបស់លោក ដើម្បីទុកឱកាសឱ្យយុវជនជំនាន់ក្រោយបានលូតលាស់ផង»។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីនៃទីស្តីការក្រសួងការពារជាតិក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃពុធលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានចំអកលោកសម រង្ស៊ីចំពោះការនិយាយស្តីឥតបានការទៅលើប្រភេទសញ្ញាបត្រដែលប្រទេសអាមេរិកនិងអង់គេ្លសផ្តល់ជូននិសិ្សតបរទេស។
លោកហ៊ុន សែនក៏ប្រកាសបំពេញតាមសំណូមពររបស់អ្នកនយោបាយជំទាស់ម្នាក់ដែលលោកមិនបញ្ចេញឈ្មោះតែត្រូវគេដឹងថាជាលោកសម រង្ស៊ីដែលកន្លងមកចង់ឲ្យមានការកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រីត្រឹម៧០ឆ្នាំឡើងទៅ។
មេដឹកនាំកម្ពុជារូបនេះក៏ស្នើឲ្យភាគីខាងក្រៅកុំខ្វល់នឹងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជានិងស្នើឲ្យដៃគូប្រជែងបក្សកាន់អំណាចបញ្ចេញអ្នកជំនាន់ក្រោយមកតតាំងជាមួយគណបក្សរបស់លោកដើម្បីយកតំណែងជានាយករដ្ឋមន្ត្រី។
លោកហ៊ុន សែនបានប្រកាសនៅចំពោះមុខក្រុមមន្ត្រីយោធាជាន់ខ្ពស់កម្ពុជានិងអនុព័ន្ធយោធាមួយចំនួនប្រចាំកម្ពុជាកាលពីថ្ងៃពុធយ៉ាងដូច្នេះ៖«ខ្ញុំអបអរសាទរនឹងនឹងការបញ្ចេញយុវជនជំនាន់ក្រោយដើម្បីបន្តវេនឱ្យចេញមកចេញមកឱ្យអស់មកឬអ្នកឯងគ្មានធនធានមនុស្សបន្ត»។
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែលលោកកន សាវាង្ស ប្រាប់ VOA ថាគណបក្សនយោបាយនីមួយៗមានសិទ្ធិក្នុងការដាក់ឲ្យមានអ្នកជំនាន់ក្រោយមកទាក់ទាញអ្នកគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសក៏ប៉ុន្តែការធានាឲ្យមានបរិយាកាសនយោបាយល្អក្នុងរដូវកាលបោះឆ្នោតនោះគឺមានភាពចាំបាច់សម្រាប់រាល់គណបក្សនយោបាយ។ លោកថ្លែងថា៖
«មើលទៅលើគោលការណ៍ច្បាប់ទៀតការប្រកួតប្រជែងដ៏ត្រឹមត្រូវមួយគឺគេទៅមើលនូវតួអង្គជាច្រើននៅក្នុងនោះវាមានទាំងគេហៅថាសេរីភាពផ្នែកនយោបាយវាមានទាំងដំណើរការច្បាប់ដែលសម្រាប់ការរៀបចំនូវការបោះឆ្នោតវាមានទៅលើបរិយាកាសនៃនយោបាយថែមទៀត។ នេះគឺជាចំណុចមួយដែលត្រូវគិតគូរអំពីគណបក្សកាន់អំណាចនិងអ្នកដែលរៀបចំដំណើរការតួអង្គគេហៅថាតួអង្គដែលរៀបចំដំណើរការនៃការបោះឆ្នោតនៅខាងមុខហ្នឹង»។
គួរបញ្ជាក់ផងដែរថាលោកហ៊ុន ម៉ាណែតដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ពេលអនាគតបានទទួលសញ្ញាបត្រយោធានៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point និងសញ្ញាបត្រថា្នក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចនៅសាកលវិទ្យាល័យញូវយ៉ក(New York University)របស់សហរដ្ឋអាមេរិកហើយនិងសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University)របស់ចក្រភពអង់គ្លេស។
បច្ចុប្បន្នលោកហ៊ុន ម៉ាណែតដែលពាក់ផ្កាយ៣ក៏មានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងតួនាទីផ្សេងទៀតក្នុងជួរកងទ័ពនិងក្នុងគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុន សែនជានាយករដ្ឋមន្ត្រី៕