លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក អំពាវនាវដល់ប្រជាពលរដ្ឋ អ្នកវិភាគបើកចិត្តឲ្យទូលាយទទួលយកការចល័តទ័ព និងគ្រឿងសព្វាវុធចូលក្នុងរាជធានីដើម្បីប្រារព្ធពិធីអបអរសាទរថ្ងៃ៧មករា។
គណៈកម្មការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នឹងចល័តរថពាសដែកចំនួន២គ្រឿង និងរថយន្តយោធាចំនួន១៥គ្រឿងពីកងពលតូចអន្តរាគមន៍លេខ៧០ ឆ្ពោះទៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃព្រហស្បតិ៍ ទី៥ ហើយថ្ងៃទី៩ ខែមករា ទើបរថពាសដែក និងរថយន្តយោធាដែលបានចល័តនោះ ត្រូវបញ្ជូនទៅរក្សាទុកក្នុងបន្ទាយវិញ។ នេះបើតាមលិខិតជូនដំណឹងរបស់សាលារាជធានីភ្នំពេញចេញកាលពីថ្ងៃទី៤ ខែមករា។
ថ្លែងក្នុងពិធីក្រុងពាលីបើកការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៥ ខែមករានេះ លោក ហ៊ុន ម៉ាណែត មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីអបអរជ័យជម្នះ៧មករា និងផ្សារភ្ជាប់ទំនាក់ទំនងរវាងមហាជន និងកងទ័ព។
លោកបន្តថា រថពាសដែកដែលយកមកតាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍នេះ នឹងមិនមានបំពាក់អាវុធ ហើយក៏មិនមានការបាញ់កាំភ្លើង និងបន្ទុះគ្រាប់នោះទេ។
លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកវិភាគបើកចិត្តឲ្យទូលាយ យោគយល់ ចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដោយមិនត្រូវចាត់ទុកការចល័តទ័ព និងគ្រឿងសព្វាវុធនេះ ថាជាការធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍នោះទេ។
«សូមបងប្អូនបើកទូលាយនៅក្នុងការពិនិត្យនេះ ខ្ញុំថា មិនគួរវិភាគអីជ្រៅក្រៅពីអ្វីដែលមាននៅទីនេះទេ ព្រោះជាការងារដែលយើងបានធ្វើ១០ឆ្នាំមកហើយ គ្រាន់តែលើកមកដាក់នៅកោះពេជ្យ ដើម្បីឲ្យមហាជនបានចូលរួម ឲ្យគាត់ចូលរួមសប្បាយ។ រត់ឧបសគ្គ កីឡា បង្ហាញកាយសម្បទា សាមគ្គីភាពរវាងក្រុម និងក្រុម ទាហាន និងមហាជន រំឭកគុណដល់អតីតយុទ្ធជនដែលផ្ដល់នូវសុខសន្តិភាព ចូលរួមការផ្ដល់ឲ្យសុខសន្តិភាព និងការអភិវឌ្ឍដែលយើងបានទាំងអស់គ្នា មិនថាបក្សណា បក្សណា ឬមួយអ្នកណា អ្នកណាទេ»។
បើតាមលោក ហ៊ុន ម៉ាណែត ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនេះ ធ្វើឡើងនៅតាមបណ្ដាអង្គភាពកងទ័ពជាង១០ឆ្នាំមកហើយ តែគោលបំណងនៃការប្រារព្ធក្នុងរាជធានីជាលើកទី១នេះ គឺដើម្បីបង្ហាញសាធារណជនឲ្យបានយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
ទោះបីជាមានការអំពាវនាវកុំឲ្យប្រជាពលរដ្ឋ ចាត់ទុកការចល័តទ័ព និងរថពាសដែកនេះ ថាជាការធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ក្ដី អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅតែយល់ថា សកម្មភាពនេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។
លោក គឹម សុខ អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ប្រាប់ VOA ថា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជាមួយនិងប្រជាពលរដ្ឋ ត្រូវធ្វើឡើងក្រោមរូបភាពបង្ហាញយុត្តិធម៌ក្នុងការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលកំពុងកើតមាននៅក្នុងសង្គម។
លោកបន្ថែមថា ការចល័តទ័ព ការចល័តរថពាសដែក និងអាវុធយុទ្ធភណ្ឌផ្សេងៗ គឺជាការគំរាមប្រជាពលរដ្ឋ មុនការបោះឆ្នោត ដើម្បីរក្សាអំណាចរបស់មេដឹកនាំ។
«ទិដ្ឋភាពជាក់ស្ដែងដែលយើងមើល កងទ័ពត្រូវគេប្រើជាឧបករណ៍ការពារអំណាចរបស់បុគ្គល ហើយវាយ ពេលខ្លះឃើញសម្លាប់ពលរដ្ឋទៅទៀត។ ឃើញជាក់ស្ដែង យើងឃើញគ្រប់គ្នា មិនមែនជាការនិយាយប្រឌិតអីទេ។ ដូច្នេះរឿងនេះមិនមែនជារបៀបនៃការផ្សារភ្ជាប់ កងទ័ពទៅនឹងពលរដ្ឋទេ។ វាជារបៀបនៃការគំរាមពលរដ្ឋនៅពេលដែលការបន្តអំណាចរបស់គេស្ថិតក្នុងហានិភ័យ បានន័យថា ក្នុងការសង្ស័យថាពលរដ្ឋមិនគាំទ្រគេតាមរយៈការបោះឆ្នោត»។
ក្នុងការប៉ះទង្គិចដោយអំពើហិង្សាកាលពីដើមខែមករា ឆ្នាំ២០១៤ ក្នុងពេលបាតុកម្មទាមទារប្រាក់ឈ្នួលរបស់កម្មករ កងកម្លាំងមានសមត្ថកិច្ចបានប្រើប្រាស់កម្លាំងកងទ័ពឆត្រយោង៩១១ គ្រងឯកសណ្ឋានទាហាន និងកម្លាំងកងរាជអាវុធហត្ថប្រដាប់ដោយខែល ដំបងឆក់ និងដែកបំពង់ទីប បានវាយបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមកម្មករដែលឈរតវ៉ាដោយដៃកាន់ទឹកសុទ្ធ និងបដា។
ការប៉ះទង្គិចនោះបណ្ដាលឲ្យមនុស្សបួននាក់បានស្លាប់ ម្នាក់បាត់ខ្លួន និងយ៉ាងតិចមនុស្ស២៤នាក់ផ្សេងទៀតរងរបួស និងមនុស្សមួយចំនួនត្រូវបានចាប់ខ្លួន៕