នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយឃើញរូបលោកដើរនៅតាមតំបន់កម្សាន្ត Pub Street ក្នុងខេត្តសៀមរាប ដោយមានពាក់ម៉ាស់ មួក និងស្លៀកពាក់មិនឱ្យគេស្គាល់រូបលោកថាជាថ្នាក់ដឹកនាំ។
នៅថ្ងៃដដែលបន្ទាប់ពីបង្ហោះវីដេអូនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីមួយនៅខេត្តសៀមរាបថា លោកនឹងចុះទៅមូលដ្ឋាន ដោយមិនប្រាប់មន្រ្តីណាឡើយ ដើម្បីលោកអាចដឹងស្ថានភាពជាក់ស្តែងនិងការណ៍ពិត។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរមួយឈ្មោះថា «សម្តេចព្រះព្រហ្មរតនមុនី ពិន សែម» នៅខេត្តសៀមរាប លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាង១០ខែ ថ្លែងថា លោកបានកំណត់យកឆ្នាំទី ២ ចុះតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីត្រួតពិនិត្យលើគោលនយោបាយ និងកម្មវិធីនានាដែលរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញ។ លោកបន្ថែមថា នៅក្នុងឆ្នាំដំបូងនៃការដឹកនាំប្រទេស លោកធ្វើកិច្ចការរដ្ឋបាល ដូចជាការប្រកាសដាក់ចេញគោលនយោបាយ ការចេញទៅក្រៅប្រទេសដើម្បីធ្វើបដិសណ្ឋាកិច្ច និងចុះតាមក្រសួងស្ថាប័ននានា ដើម្បីបូកសរុបការងារជាដើម។
លោកថ្លែងថា៖ «តែសំខាន់ឆ្នាំទី ២ ទៅ គឺជាឆ្នាំដែលចុះតាមដានត្រួតពិនិត្យនូវការដាក់ចេញគោលនយោបាយឆ្នាំទី ១។ អ៊ីចឹងបើខ្ញុំប្រកាសរឿងការអនុវត្តគោលនយោបាយរៀបចំទារកដ្ឋាន ក្រសួងត្រូវប្រាប់ខ្ញុំ ហើយខ្ញុំនឹងចុះទៅមើល រៀបចំបានល្អយ៉ាងម៉េច។ [បើ]អត់ប្រាប់ខ្ញុំទេ ខ្ញុំនឹងចុះទៅ»។
លោក ហ៊ុន ម៉ាណែត ឱ្យដឹងទៀតថា លោកនឹងចុះពិនិត្យដោយផ្ទាល់ទាក់ទងនឹងគោលនយោបាយពង្រឹងមណ្ឌលសុខភាព និងការពង្រឹងវិស័យអប់រំដែលចាប់ផ្តើមចេញពីសាលាបឋមសិក្សាផងដែរ។ នាយករដ្ឋមន្រ្តីបញ្ជាក់ថាការធ្វើបែបនេះ មិនមែនដើម្បីចាប់កំហុសអ្នកណាឡើយ ប៉ុន្តែដើម្បីយល់ដឹងអំពីស្ថានភាពជាក់ស្តែង ដូចករណីមានការរិះគន់វិស័យទេសចរណ៍ស្ងាត់ស្រងំក្នុងខេត្តសៀមរាបជាដើម។
លោកបន្ថែមថា៖ «ហើយចុះទៅ ខ្ញុំអត់ប្រាប់មុនទេ។ ខ្ញុំអត់ប្រាប់មុនទេ។ កន្លែងខ្លះខ្ញុំស៊ីញូដែរ តែស៊ីញូប្រហែល ១០ នាទីមុន ឯកឧត្តមមកជាមួយខ្ញុំ ឡើងឡានជាមួយខ្ញុំទៅ។ កន្លែងខ្លះ មិនមែនថាចង់ចាប់កំហុសទេ តែខ្ញុំចង់សួរជាក់ស្តែង»។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា លោកបានចាត់បណ្តាញរបស់លោក ឬក្រុមយុវជនឱ្យចុះទៅមើលជាក់ស្តែង ហើយសូម្បីអាជ្ញាធរខេត្តក៏មិនដឹងថាជាក្រុមរបស់លោកផងដែរ។ លោកបន្ថែមថា លោកធ្វើបែបនេះ ដើម្បីផ្ទៀងផ្ទាត់ការណ៍ពិត។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ខ្ញុំក៏មានក្រុមចុះមកធ្វើដែរ [តែ]ឯកឧត្តម ប្រាក់ សោភ័ណ [អភិបាលខេត្តសៀមរាប] អត់ដឹងទេ ព្រោះកិច្ចការងារអ្វី ខ្ញុំតែងតែបញ្ជូន[ចុះមកមូលដ្ឋាន]។ បើថាមានស្អីនៅលើហ្វេសប៊ុក [ដែល] កន្លែងខ្លះមិនស្រួល ខ្ញុំបញ្ជូនទៅឱ្យខេត្តហើយ ហើយខ្ញុំមានបញ្ជូនបណ្តាញខ្ញុំទៅមើលទៀត ឬមួយក៏ទាក់ទងយុវជនតាមហ្នឹង [ឱ្យ]ប្រាប់មក ដោះឬនៅ បញ្ហាយ៉ាងម៉េច?»។
នាថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូមួយនៅលើហ្វេសប៊ុករបស់លោកថា លោកបានទៅទស្សនា Pub Street នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី ១៧ ខែកក្កដា ដោយស្លៀកពាក់ «ក្លែងភេទបន្តិច» ប៉ុន្តែប្រជាជនមួយចំនួននៅតែចាំរូបលោក។
បើតាម លោក ហ៊ុន ម៉ាណែត ការចុះទៅ Pub Street នេះ គឺដើម្បីសួរនាំអំពីការលក់ដូររបស់ប្រជាពលរដ្ឋ បន្ទាប់ពីមានការជជែកវែកញែកតាមបណ្តាញសង្គមថាខេត្តសៀមរាបស្ងាត់មិនមានភ្ញៀវទៅលេង។
អ្នកតាមដានមើលឃើញថាមន្រ្តីថ្នាក់ក្រោមមួយចំនួនបានលាក់បាំងការណ៍ពិត ហើយតែងតែរៀបចំមុនយ៉ាងល្អនៅកន្លែង ដែលនាយករដ្ឋមន្រ្តីចុះទៅមូលដ្ឋាន។
អ្នកវិភាគនយោបាយនិងសង្គម លោកបណ្ឌិត មាស នី ថ្លែងថា លោកគាំទ្រចំពោះការចុះមូលដ្ឋានដោយសម្ងាត់ ដើម្បីស្វែងរកការណ៍ពិត។ ប៉ុន្តែលោកចង់ឃើញការដោះស្រាយបញ្ហានានា ជាលក្ខណៈប្រព័ន្ធ ដោយមានយន្តការត្រួតពិនិត្យឯករាជ្យ និងយកព័ត៌មានដែលប្រមូលបាន ដើម្បីឆ្លើយតប។ លោកបញ្ជាក់ថាការធ្វើបែបនេះទើបមានប្រសិទ្ធភាពយូរអង្វែង។
លោក មាស នី មើលឃើញថា មន្ត្រីថ្នាក់ក្រោមមួយចំនួនខិតខំបិទបាំងភាពអវិជ្ជមាន នៅពេលថ្នាក់ដឹកនាំចុះទៅមូលដ្ឋានម្តងៗ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំនៅតែគាំទ្រនូវការចង់ដឹងរឿងពិត ប៉ុន្តែវាមានឧបសគ្គមួយចំនួនដែលខ្ញុំគិតថាសម្តេចនាយករដ្ឋមន្ត្រី គាត់នៅតែយល់អំពីវប្បធម៌មួយហ្នឹងដែរ គឺវប្បធម៌នៃការខំបិទបាំងរបស់មន្ត្រីថ្នាក់ក្រោម។ យើងដឹងហើយថាកាលណាមានសកម្មភាពទៅទីណា មន្ត្រីថ្នាក់ក្រោម ខំប្រឹងណាស់ ឱ្យតែមានអ្នកធំ ចុះទៅហ្នឹង គឺខំប្រឹងរៀបចំខ្លួន រៀបចំបង្ហាញអ្វីផ្សេងៗដែលវិជ្ជមាន ហើយបិទបាំងនូវអំពើ ឬបិទបាំងនូវសកម្មភាព ឬភស្តុតាងអវិជ្ជមាននានា»។
បើតាម លោក មាស នី អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក៏ធ្លាប់បានប្រើវិធីសាស្ត្រចុះទៅពិនិត្យមើលដោយសម្ងាត់ផងដែរ។
លោក មាស នី ក៏បង្ហាញការងឿងឆ្ងល់ថា បញ្ហាមួយចំនួនទាល់តែថ្នាក់ដឹកនាំបញ្ជា ទើបមន្រ្តីថ្នាក់ក្រោមអនុវត្ត។ លោកមើលឃើញថា នេះប្រហែលជាមន្រ្តីថ្នាក់ក្រោមខ្លាចប៉ះពាល់អ្នកមានអំណាចខ្ពស់ជាងខ្លួន និងខ្លាចបាត់បង់អំណាច ទើបរង់ចាំបញ្ជាពីមន្រ្តីជាន់ខ្ពស់។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នាថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើសង្គមមួយមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងបង្ហាញការណ៍ពិតច្រើនជ្រុងនៅក្នុងសង្គមបានល្អ មេដឹកនាំកំពូលនឹងមិនពិបាកចុះទៅមើលស្ថានភាពដោយខ្លួនឯងឡើយ។
លោក ប៉ា ចន្ទរឿន ប្រាប់វីអូអេបន្ថែមថា ការពង្រឹងអភិបាលកិច្ចល្អតាមមូលដ្ឋាន និងការបើកលំហសេរីភាពសារព័ត៌មានឱ្យបានទូលាយ គឺជារឿងចាំបាច់ ដើម្បីឱ្យថ្នាក់ដឹកនាំអាចទទួលបានពត៌មានពិត តាមរយៈសេចក្តីរាយការណ៍របស់សារព័ត៌មាន។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ដូច្នេះលំហប្រជាធិបតេយ្យ និងការលើកកម្ពស់សេរីភាពសារព័ត៌មាន គឺជារឿងចាំបាច់ដើម្បីធ្វើឱ្យទាំងរាស្ត្រ ទាំងរដ្ឋ ទាំងប្រជាពលរដ្ឋទូទៅ ទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ហ្នឹង ដើម្បីទទួលបានព័ត៌មានពិត ដើម្បីជាប្រយោជន៍ក្នុងការគិតគូរ និងដោះស្រាយបញ្ហានៅក្នុងសង្គមជាក់ស្តែង។ កាលណាពត៌មានផ្សាយតែមួយជ្រុងណាមួយ ដោយមិនបានក្តោបទិដ្ឋភាពរូបនៃសង្គម ឬបញ្ហាទេ វាអាចធ្វើឱ្យអ្នកនយោបាយ ឬថ្នាក់ដឹកនាំជាន់ខ្ពស់វាយតម្លៃស្ថានការណ៍មិនត្រូវ ហើយអាចចាត់វិធានការមិនមានប្រសិទ្ធិភាព»។
លោក ប៉ា ចន្ទរឿន ប្រាប់វីអូអេបន្ថែមថា ការចុះមូលដ្ឋានផ្ទាល់របស់ថ្នាក់ដឹកនាំគឺជារឿងល្អ ប៉ុន្តែបញ្ហាសង្គមមានច្រើន ដូច្នេះថ្នាក់ដឹកនាំមិនមានពេលវេលាគ្រប់គ្រាន់នោះទេ៕