លោក ហ៊ុន ម៉ាណែត ណែនាំ​ស្ថាប័ន​រដ្ឋ​ឱ្យ​បែងចែក​ភារកិច្ច​គ្នា​ឱ្យ​ច្បាស់​លាស់​បញ្ចៀស​ការងារ​ជាន់​គ្នា

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ណែនាំ​ទៅ​ក្រសួង​កសិកម្ម និង​ក្រសួង​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត​ត្រូវបែង​ចែក​តួនាទី​ និង​ភារ​កិច្ច និង​នាយក​ដ្ឋាន​នីមួយ​ៗ​ឱ្យ​បាន​ច្បាស់​លាស់ ​ដើម្បី​បញ្ចៀស​ការងារ​ជាន់​គ្នា​។

​លោក ហ៊ុន ម៉ាណែត ដែល​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្រ្តី​បាន​ជិត​៣​ខែ ​ថ្លែង​បែប​នេះ ​នៅ​ក្នុង​ពិធី​ប្រកាស​ឱ្យ​អនុ​វត្ត​ជា​ផ្លូវ​ការ​«កម្ម​វិធី​គោល​នយោ​បាយ​អាទិ​ភាព​ទី៥ និង​ទី៦​របស់​រាជ​រដ្ឋា​ភិបាល ​នីតិ​កាល​ទី៧​នៃ​រដ្ឋ​សភា​» ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​កសិ​កម្ម​។

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​បញ្ជាក់​ថា ​កន្លង​មក ស្ថាប័ន​រដ្ឋ​ខ្លះមាន​ភារ​កិច្ច​ និង​តួនាទី​ត្រួត​ស៊ី​គ្នា ដូច្នេះ​រដ្ឋា​ភិបាល​របស់​លោក​ត្រូវ​ធ្វើ​កំណែ​ទម្រង់​។

លោក​ថ្លែង​ថា៖ «អាណត្តិ​ថ្មី ២០​២៤ ​នេះ គឺ​ខ្ញុំ​ដាក់​គោល​ដៅ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​នេះ គឺគ្រប់​ក្រសួង​ទាំង​អស់​ត្រូវ​ពិនិត្យ​ឡើង​វិញ រចនា​សម្ពន្ធ​ផ្ទៃ​ក្នុង ពិនិត្យ​តួនាទី​ភារកិច្ច​របស់​យើង ព្រោះ​កន្លែង​ខ្លះ ​អាច​ជាន់​គ្នា​។ ​ឧទា​ហរណ៍​នៅ​កសិ​កម្ម អាច​ថា​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ជាមួយ ​CARDI​ [វិទ្យាស្ថាន ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា] តើ​យើង​ជាន់​គ្នា ​ឬមួ​យ​យ៉ាង​ម៉េច​...​។ យើង​ពង្រឹង​មួយ​ណា ​ទុក​មួយ​ណា​ តួនាទី​យ៉ាង​ម៉េច​។ ​[ក្រសួង]ធន​ធា​ន​ទឹក [និង]​អភិវឌ្ឍន៍​ជនបទ ​ជាន់​គ្នា​យ៉ាង​ម៉េច​?​ [ក្រសួង​]រ៉ែ និង​ថាម​ពល ​និង​[ក្រសួង​]ធន​ធាន​ទឹក ពី​ណាគេ​គ្រប់​គ្រងខ្សាច់ ពី​ណា​គ្រប់​គ្រងអី? ពេលខ្លះ​ត្រូវ​មើល​អាហ្នឹង​ឡើង​វិញ​ រៀប​អាហ្នឹង​ ​ពិនិត្យ​មើល​»។

លោក​បន្ថែម​ថា៖ «កុំ​បង្កើត​ជាន់​គ្នា ​អាជាន់​គ្នា​ហ្នឹង​ពិបាក​ណាស់ ​មិន​ត្រឹម​តែ​ខាត​ធន​ធាន​មនុស្ស​ទេ ​គឺ​ធ្វើ​ឱ្យ​មនុស្ស​លែង​ធ្វើការ ​ព្រោះ​ជាន់​គ្នា ​មិន​ដឹង​ពី​ណា ​ធ្វើ​អី។ អ៊ីចឹង​ត្រូវ​ធ្វើ​ម៉េច​ ដើម្បីបំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ​ចែក​គ្នា​ទៅ​ពី​ណា​ផ្តោត​ទៅ​លើ​អី​ Specialist​ (ជំនាញ) ​ខាង​អី ​ពី​ណា​ត្រូវ​បំពេញ​ទៅ​ខាង​បឋម​ ពី​ណា​ត្រូវ​កាន់​មធ្យម ​ពីណា​ត្រូវ​បច្ចេក​ទេស ​ស្រាវ​ជ្រាវ​ ​ប្រមូល​ផ្តុំទៅ​ណា​»។

លោក អ៊ូ ច័ន្ទរ័ត្ន ប្រធាន​គណ​បក្ស​កែ​ទម្រង់​កម្ពុជា និង​ជាអតីត​តំណាង​រាស្រ្ត​មួយ​រូប ថ្លែង​ថា​រដ្ឋា​ភិបាល​អាណត្តិ​ទី​៧ ​គួរ​តែ​ច្របាច់​ក្រសួង​មួយ​ចំនួន​បញ្ចូល​គ្នា ​ដើម្បី​បញ្ចៀស​ការងារ​ជាន់​គ្នា និង​ធានា​ប្រសិទ្ធ​ភាព​ការងារ​។ ​លោក​បន្ថែម​ថា​ បច្ចុ​ប្បន្ន ​កម្ពុជា​មាន​ក្រសួង​ច្រើន ហើយ​មន្ត្រី​ខ្លះមិន​មាន​ការ​ងារ​ធ្វើ​នោះ​ទេ​។ ដូច្នេះ​លោក​ថា ​ការ​តែងតាំង​មន្រ្តី​ច្រើន​បែប​នេះ​ជា​ការ​ចំណាយ​ថវិកា​រដ្ឋ​ឥត​ប្រយោជន៍ ហើយ​វា​បង្ក​ទៅ​ជា​អំពើ​ពុក​រលួយ ​បក្ស​ពួក​និយម​។

លោក​ថ្លែង​ថា៖ «​ខ្ញុំ​ឃើញ​ក្រសួង​ខ្លះ គួរ​តែ​កាត់​បន្ថយ​ទៅ ​បូក​បញ្ចូល​គ្នា​ទៅ ដូច​ជា​ធនធាន​ទឹក​ជាមួយកសិកម្មអី​ជា​ដើម។ ដូច្នេះ​គួរ​តែ​បង្រួម​ឱ្យ​ទៅ​ជា​ក្រសួង​តែ​មួយ​អីវិញ​ទៅ​»​។

បើ​តាម​លោក អ៊ូ ច័ន្ទរ័ត្ន ​បើ​សិន​រដ្ឋបង្វែ​រថវិកា​ជាតិ ​ទៅ​ដល់​ភូមិ​ឃុំ​សង្កាត់​ដោយ​ផ្ទាល់ ​ដោយ​មិន​ចាំ​បាច់​មាន​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ​នោះ​វា​នឹង​មាន​ប្រសិទ្ធ​ភាព​ជាង ​ព្រោះ​អាជ្ញាធរ​ឃុំ​សង្កាត់​ ដឹង​ថា​ត្រូវ​អភិវឌ្ឍ​អ្វី​នៅ​តាម​មូល​ដ្ឋាន​៕