ដោយភាពអស់កម្លាំងខ្លាំង ស្រេកឃ្លាន និងអស់សង្ឃឹម មនុស្ស៣ម៉ឺននាក់បានចាកចេញពីក្រុង Fallujah កាលពីបីថ្ងៃមុននេះនៅពេលដែលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានវាយសំរុកចូលក្នុងផ្នែកកណ្តាលនៃក្រុងនេះ ដោយរុញច្រានពួកយុទ្ធជនរដ្ឋឥស្លាមឲ្យទៅកាន់ប៉ែកឦសាននៃក្រុងនេះ។
ទោះណាជាមានធាតុអាកាសក្តៅខ្លាំងក្នុងរដូវក្តៅនៃប្រទេសអ៊ីរ៉ាក់ក៏ដោយ ក៏មនុស្សច្រើននាក់ក្នុងបណ្តាក្រុមជនដែលបានរត់គេចខ្លួនចេញពីក្រុងនេះបានទទួលទានដំណេកនៅខាងក្រៅអាគារពីព្រោះនៅពេលនេះមានមនុស្សរស់នៅពេញជំរំជនភៀសខ្លួនទៅហើយ។ មនុស្សខ្លះបានទៅជ្រកកោនក្នុងឃ្លាំងឥវ៉ាន់ឬនៅក្នុងវិហារឥស្លាម។ ចំនួនមនុស្សដែលបានចាកចេញពីក្រុងនេះមាន៦ម៉ឺននាក់ហើយ។
ក្រុមប្រឹក្សាជនភៀសខ្លួនរបស់ប្រទេសន័រវែស ហៅកាត់ថា NRC ដែលបានផ្តល់ម្ហូបអាហារគ្រាមានអាសន្ន និងទឹកដបឱ្យដល់មនុស្សរាប់ម៉ឺននាក់នោះ បាននិយាយថា ចំនួនមនុស្សយ៉ាងច្រើន និងការខ្វះខាតការសម្របសម្រួលនៅក្នុងជំរំបានធ្វើឱ្យខ្លួនមានការពិបាកក្នុងការផ្តល់អាហារឱ្យបានទៅដល់គ្រួសារដែលទើបមកដល់ថ្មីៗ។
លោក Nasr Muflahi នាយកអង្គការ NRC ប្រចាំប្រទេសអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងសុំឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ទទួលបន្ទុកក្នុងការសម្រាលមហន្តរាយមនុស្សធម៌នេះដែលកំពុងកើតមាននៅពេលនេះ»។
លោក Muflahi បានថ្លែងថា៖ «យើងមិនអាចបន្តផ្តល់ជំនួយបានទេនៅពេលដែលយើងមិនដឹងថា នរណានៅទីណាហើយពួកគេត្រូវការអ្វីនោះ»។
លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al Abadi បានប្រកាសថា កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានទទួលជ័យជម្នះនៅក្នុងការប្រយុទ្ធរបស់ពួកគេដើម្បីត្រួតត្រាក្រុង Fallujah។
ក៏ប៉ុន្តែក្នុងក្រុង Fallujah ជាក់ស្តែងវិញ ពួកយុទ្ធជនរដ្ឋាភិបាលអ៊ីរ៉ាក់ប្រឈមមុខនឹងពួកអ្នកលបបាញ់ស៊ីប និងគ្រាប់បែកនៅពេលពួកគេប្រយុទ្ធដើម្បីកម្ចាត់ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម ឱ្យចេញពីក្រុងនេះដែលពួកគេបានកាន់កាប់ទីនេះជាងពីរឆ្នាំមកហើយនោះ។
មានសេចក្តីរាយការណ៍មកថា ពួកជនសកម្មប្រយុទ្ធខ្លះបានបញ្ជូនប្រពន្ធនិងកូនពួកគេឱ្យចេញពីក្រុងនេះជាមួយពួកជនភៀសខ្លួនដែរ៕