អ្នក​ជំនាញ៖ រឿង​អាស្រូវ​នៃ​សកម្មជន​ប្រឆាំង​ការជួញដូរ​មនុស្ស​មិន​អាច​ងាកចេញ​ពី​បញ្ហា​ពិត​​នៅ​កម្ពុជា

អ្នកស្រី​ ម៉ម​ សូម៉ាលី​ ដែល​មាន​មុខនាទី​ក្នុង​ឆាក​អន្តរជាតិ ​ជាច្រើន​​ឆ្នាំ​ក្នុង​នាម​​ជា​អ្នក​ដឹកនាំ​សំខាន់​ម្នាក់​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​ផ្លូវ​​ភេទ​បាន​លាឈប់​ពី​មូលនិធិ​ដែល​ដាក់​ឈ្មោះ​លោក​ស្រី​គឺ​មូលនិធិ​ម៉ម សុម៉ាលី​ដែល​មាន​មូលដ្ឋាន​នៅ​បូរី​ញូយ៉ក​។

ប្រទេស​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ទាក់​ទង​នឹង​ការជួញដូរ​មនុស្ស​យក​ទៅ​បម្រើ​សេវាកម្មផ្លូវ​ភេទ​និង​ពលកម្ម​ដោយ​បង្ខំ​បើ​ទោះ​បី​ជា​ឋានៈ​របស់​ប្រទេស​នេះ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​នៅ​ក្នុង​កម្រិត​ទីពីរហើយ​ប្រាក់​ចំណូល​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ​មាន​ការ​ប្រសើរឡើង​ក៏ដោយ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​ខាង​ការប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

ទន្ទឹម​នឹង​នោះ​ដែរ ​សកម្មជន​ប្រឆាំង​នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ​និង​ការជួញដូរ​មនុស្ស​មើលឃើញ​ថា គេ​ត្រូវ​តែផ្តោត​ឱ្យ​ចំ​បញ្ហា​ដែល​កំពុង​តែ​គំរាម​កំហែង​ប្រទេស​កម្ពុជា​ជាជាង​រឿងរ៉ាវបុគ្គលបន្ទាប់​ពី​មាន​រឿងអាស្រូវ​ទាក់ទង​នឹង​ការលាលែង​របស់សកម្មជន​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ដ៏ល្បី​ឈ្មោះ​ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការបាត់​ជំនឿ​និង​ការពិបាក​ក្នុង​ការ​ស្វែង​រក​ថវិកា​ពី​ម្ចាស់​ជំនួយនិង​សប្បុរស​ជននានា។

លោក​ យ៉ា ណាវុធ ​នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា​បាន​បញ្ជាក់​ថា៖

«យើង​មើល​ឃើញ​ថា​អំពើ​ជួញដូរ​មនុស្ស​នេះ​ហាក់​ដូចជា​មិនថម​ថយ​ទេ​បើ​នៅ​ដរាប​ណា​ដែល​បញ្ហា​ការងារ​នៅ​តែ​មាន​គម្លាត​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ជា​ពិសេស​សមាហរណកម្ម​សេដ្ឋកិច្ចអាស៊ាន​ក្នុង​ពេល​ខាង​មុខ​នេះ​ហើយ​គួប​ផ្សំ​ប្រជាពលរដ្ឋ​យើង​កង្វះ​ទីផ្សារ​ការងារ​ផង​អញ្ចឹងខ្ញុំ​គិត​ថា​អំពើ​ជួញដូរ​មនុស្ស​អត់​ថយ​ទេ​ហើយ​បើសិន​ជាយើ​ង​មិន​មាន​ថវិកា​ជួយសង្គ្រោះ​ពលរដ្ឋ​ជាពិសេស​ពលរដ្ឋ​កម្ពុជា​គឺ​យើង​ពិបាក​ក្នុង​ការ​ជួយ​គាត់​ឬក៏​បន្ថយ​នូវ​ការ​ឈឺចាប់​ផ្លូវ​ចិត្ត​របស់​គាត់​ណាស់​ហើយ​ជាពិសេស​គឺ​ថា​នឹង​ធ្វើ​ឱ្យ​គាត់​រស់​នៅ​ដោយ​ការ​ឈឺចាប់​នូវ​អំពើ​ជួញដូរ​ផ្លូវ​ភេទ​ក្តី​អំពី​កម្លាំង​ការងារ​ក្តី»។​

សហរដ្ឋ​អាមេរិក​បាន​វាយ​តម្លៃ​ថា​ប្រទេស​កម្ពុជា​គឺ​ជា​តំបន់​ឆ្លងកាត់​ ​ជា​ប្រទេស​គោលដៅ​និង​ជា​ប្រភព​សម្រាប់​ការជួញដូរ​មនុស្សឱ្យ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​និង​ជួញដូរ​មនុស្ស។

របាយការណ៍​ត្រួត​ពិនិត្យ​ការជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៣ ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ពលរដ្ឋ​កម្ពុជា​មាន​បុរស​ ស្រ្តី​ និង​កុមារ​ បាន​ធ្វើ​ចំណាក​ស្រុក​នៅ​ក្នុង​តំបន់​ ជាពិសេស​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី ​និង​ប្រទេស​មួយ​ចំនួន​ទៀតទៅ​ធ្វើការងារ​ផ្សេងៗ​តាម​រោងចក្រ​ ភោជនីយដ្ឋាន​និង​ឧស្សាហកម្ម​មួយ​ចំនួន​ប៉ុន្តែ​មាន​ពួកគេ​មួយ​ចំនួន​ធំ​ត្រូវ​គេ​បង្ខំ​ឱ្យ​ប្រកប​របរ​ផ្លូវ​ភេទ ​បម្រើ​តាម​ផ្ទះ​និង​ធ្វើការ​លំបាក​តាម​ទូក​នេសាទ​ជាដើម។

​របាយការណ៍​នេះ​បាន​បន្ត​ថា​ក្នុង​ប្រទេស​វិញ ​ស្រ្តី​កម្ពុជា​និងជនជាតិ​វៀតណាមត្រូវ​បាន​គេ​នាំ​មក​ទីក្រុង​ភ្នំពេញ​ សៀមរាប ​ប៉ោយប៉ែត ​កោះកុង​ និង​ក្រុង​ព្រះ​សីហនុ ​ដើម្បី​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ ​ក្នុង​ផ្ទះបន ​និង​កន្លែង​ជាច្រើន​ទៀត​ដូច​ជា​បៀរហ្កាដឹន ​ហាង​ម៉ាស្សារ ​និង​ហាង​ខារ៉ា​អូខេ។

លោក​ធន សារ៉ាយ ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់ថា​និន្នាការ​នៃ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ក៏បាន​ផ្លាស់​ប្តូរ​រូបភាព​ផងដែរ​ក្នុង​មួយ​រយៈ​កន្លង​មក​នេះ៖

«ឥឡូវ​នេះ​យើ​ងឃើញ ​មាន​ទិដ្ឋភាព​ថ្មី​មួយ​គឺ​ថា​រឿង​នៃ​ការ​រៀបអាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​វិញ​ដូច​ជា​ទៅ​កូរ៉េ​ ទៅចិន​មាន​ការ​មក​បោក​ប្រាស់​មួយ​ចំនួន​ទៅលើ​នារី​ក្រមុំ​របស់​យើង​ដែល​គ្នា​ទៅ​រៀបការ​យក​ប្តី​ជាចិន​ឬ​ជា​កូរ៉េ​គឺ​ថា​មានការ​ធ្វើ​បាប​ខ្លះ ​មាន​ការ​គាប​សង្កត់​ទៅលើ​ផ្លូវ​ចិត្ត​ក៏ ​ដូច​ជា​ផ្លូវកាយ​មួយ​ចំនួនបាន​កើត​មាន​ហើយ»។

រឿងរ៉ាវ​ដែល​នាំ​ឱ្យ​មាន​ក្តី​បារម្ភ​ក្នុង​ចំណោម​សកម្មជន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរផ្លូវ​ភេទ​បាន​កើត​មានឡើង​បន្ទាប់​ពីអ្នកស្រី​ ម៉ម​ សូម៉ាលី​ ដែល​មាន​មុខនាទី​ក្នុង​ឆាក​អន្តរជាតិ ​ជាច្រើនឆ្នាំ​ក្នុង​នាមជា​អ្នក​ដឹកនាំ​សំខាន់​ម្នាក់​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​ផ្លូវភេទ​បាន​លាឈប់​ពី​មូលនិធិ​ដែល​ដាក់​ឈ្មោះ​លោក​ស្រី​គឺ​មូលនិធិ​ម៉ម សុម៉ាលី​ដែល​មាន​មូលដ្ឋាន​នៅ​បូរី​ញូយ៉ក​ដោយ​សារ​មាន​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ផ្សាយ​ព័ត៌មានមួយ​ចំនួនក្នុង​រយៈ​ពេល​ ២ឆ្នាំ​ចុងក្រោយ​នេះ​បាន​នាំឲ្យ​មាន​ការមន្ទិល ​សង្ស័យ​អំពី​រឿង​របស់​ស្រ្តីខ្លះ​ដែល​មូលនិធិ​របស់​អ្នកស្រី ​ហៅថា​ជា​ជនរងគ្រោះ​ពី​ការជួញដូរ​ផ្លូវ​ភេទ។ ថ្មីៗ​នេះ​ទៀត ​មាន​ការ​មន្ទិល​សង្ស័យ​ផងដែរ​ទៅ​លើ​ដំណើរ​រឿង​ផ្ទាល់​ខ្លួន​របស់​អ្នកស្រី​ ម៉ម សូម៉ាលី ​ដែល​មាន​ការចុះ​ផ្សព្វផ្សាយ​យ៉ាង​ខ្ទរខ្ទារ​ថា ​អ្នកស្រី​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​ផ្លូវ​ភេទ​ម្នាក់​ដែរ។

អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​រឿងរ៉ាវ​អាស្រូវ​នេះអាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុ​ងការ​ទប់​ស្កាត់​ការជួញដូរ​មនុស្ស​និង​ការ​ជួយ​ដល់​ជន​រងគ្រោះ​ស្រាប់។

ប៉ុន្តែ​លោក​យ៉ា ណាវុធ​នៃ​អង្គការ​ខារ៉ាម​កម្ពុជា​បាន​ទទូច​ថា​គេត្រូវ​មើល​ឃើញ​ពី​ការងារ​កន្លង​មក​ក្នុង​ផ្នែក​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស​ហើយ​ត្រូវ​បន្ត​បេសកកម្ម​នេះ​តទៅ​ទៀត៖

«សម្រាប់​ខ្ញុំ​ ខ្ញុំ​មើល​ឃើញ​អញ្ចេះ ​ទោះបី​យ៉ាង​ម៉េច​ក៏​ដោយ​ក៏​អង្គការ​មួយ​ហ្នឹង​បាន​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​យើង​ជាច្រើន​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ពីក្រៅ​ប្រទេស​មក​ហ្នឹង​។ អញ្ចឹង​ទោះបី​ជា​មានធ្វើ​ឱ្យ​ម្ចាស់​ជំនួយឬ​ក៏ មូលនិធិធំៗ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​មួយ​ចំនួន​មែន​ក៏​ប៉ុន្តែ​យ៉ាង​ហោចណាស់​ក៏​អាច​ជួយ​សង្គ្រោះបាន​ស្រ្តី និង​បុរសខ្មែរ​ជាច្រើន​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​កាន់បណ្តា​ប្រទេស​ផ្សេងៗ»។​

​នៅក្នុង​របាយការណ៍ឆ្នាំ​២០១៣​របស់​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​បញ្ជាក់ថា​អំពើ​ជួញដូរ​មនុស្ស​ ការធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ​ការរត់​ពន្ធ​មនុស្ស ​និង​ការ​ជួញ​ដូរ​មនុស្ស​ឆ្លងដែន​នៅ​តែ​មាន​ភាព​ស្មុគស្មាញ ​បត់បែន ​និង​ជ្រក​ក្រោម​រូបភាព​ស្របច្បាប់​ផ្សេងៗ។

លោក​ស្រី ជូ ប៊ុនអេង ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ប្រាប់​ដល់​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ទាក់​ទង​នឹង​ស្ថានភាព​នៃការ​ជួញ​ដូរ​ដោយ​ទទួល​ស្គាល់ថា៖

«ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​តាម​រូបភាព​ជា​សេវា​កំសាន្ត​ រូបភាព​ភ្ជាប់​ពាក្យ​អាពាហ៍ពិពាហ៍ ​ការនាំ​ស្រ្តី​ចេញ​ទៅក្រៅ ​ប្រទេស​តាម​ទិដ្ឋាការ​ទេសចរណ៍​តែ​ក្នុង​គោលដៅ​រក​គូស្រករ ​ឬ​លក់​កម្លាំង​ពលកម្ម ​ឬ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​ឬស្មុំទាន​...ជាដើម»។​

លោក​ឧត្តម សេនីយ៍ត្រី​ ជីវ ផល្លី ​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​នឹង​ការ​ជួញដូរ​និង​ការពារ​អនីតិជន​ក៏​ បាន​បញ្ជាក់​ដែរ​ថា៖​

«ព័ត៌មាន​ផ្លូវ​ការ​យើ​ងមាន​ដែរដូច​ជាគាត់​ត្រូវ​បាន​គេ​បោក​បញ្ឆោត​លួងលោម​ហើយ​ត្រូវ​បាន​គេ​នាំ​យក​ទៅ ​ចិន​ដើម្បី ​រៀបការ​ជាមួយ​នឹង​ជន​ជាតិ​ចិន​ជា​បុរស​ហើយ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​រួម​ភេទ​ត្រូវ​បាន​គេ​ធ្វើ​អំពើ​ហិង្សា​ហើយ​ត្រូវ​បាន​ខ្លះ​ គេ​លក់​បន្ត»។

ជារៀងរាល់​ឆ្នាំមាន​ស្ត្រី​កម្ពុជា​រាប់​រយនាក់​ត្រូ​វបាន​អាជ្ញាធរ​ប្រមូល​យក​មក​ណែនាំ​និង​សង្គ្រោះ​ចេញ​ពី​ផ្ទះ​បន។ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​ក្នុងឆ្នាំ​២០១២​គឺ​មាន​ស្រ្តី​ចំនួន​៤៧០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ផ្ទះ​បន​និង​យក​មក​អប់​រំ​ណែនាំ។

សហរដ្ឋ​អាមេរិក​ក៏​បាន​ទទួល​ស្គាល់​ចំពោះ​កិច្ច​ខិតខំប្រឹង​ប្រែង​ទាំង​នោះ​ ដែរ​ប៉ុន្តែ​បាន​មើល​ឃើញថានៅ​មិន​ទាន់​អនុវត្តតាម​បាន​ទាំង​ស្រុង​ឱ្យ​ស្រប​នឹង​និយាម​អប្បបរិមាក្នុង​ការ​ទប់​ស្កាត់​ការ​ជួញដូរ​នេះ​នៅ​ឡើយ​ទេ។

​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​លោក​ស្រី​ ហ៊ីលឡារី គ្លីនតុន ​ដែល​មាន​ចំណង​ជើង​ថា«ជម្រើស​ដ៏​លំបាក» ​ដែល​បាន​ចេញផ្សាយ​កាលពីថ្ងៃ​អង្គារ​ ក៏​បាន​បញ្ជាក់​ពី​បញ្ហា​អាក្រក់​នៅ​ក្នុង​ការជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ស្រី​បាន​បញ្ជាក់​ថា៖

«មាន​មន្ត្រី​ប៉ូលិស​ជាច្រើន​នៅ​គ្រប់​កម្រិត​ទាំង​អស់​ទទួល​បាន​កា​រហ្វឹកហ្វឺន​តិចតួច​ឬអ្នក​ខ្លះ​មិន​ទទួល​បាន​ទាល់​តែ​សោះ​នូវ​ជំនាញ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះឬ​ក៏​ការពារ​ជន​រងគ្រោះ​ ហើយ​មាន​មន្ត្រី​រាជការ​ជាច្រើន​ធ្វើ​មិន​ដឹង​មិន​ឮ​ ឬក៏​កាន់​តែ​អាក្រក់​ជាងនេះ​ទៀត​នោះ គឺ​ពួកគេ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ជួញដូរ​មនុស្ស»។

មូលនិធិ​ម៉ម សុម៉ាលី​ដែល​បាន​ធ្វើ​ឱ្យ​ពិភព​នៃ​អ្នក​ធ្វើ​ការងារ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​មាន​ការ​ភ្ញាក់​ផ្អើល​បាន​បញ្ជាក់ថា​ពួកគេ​កំពុង​តែ​រៀបចំ​ផែនការ​បន្ទាប់​ទៀត​នៅ​ក្រោយ​ពី​ការលាឈប់​យ៉ាង​តក់​ក្រហល់​របស់​លោក​ស្រី​ម៉ម សុម៉ាលី។ លោកស្រី​អាលីសុន ណាកាមូរ៉ា នាយក​ខាងផ្នែក​ទំនាក់​ទំនង​នៃ​មូលនិធិ​ម៉ម សុម៉ាលី​បាន​បញ្ជាក់​តាម​សារអេឡិកត្រូនិក​ថា​មូលនិធិ​កំពុង​តែ​រៀបចំ​ផែនការ​សម្រាប់​ដំណើរការ​ក្នុង​ពេល​ខាង​មុខ​ទៀត​ហើយ​ផែនការ​នេះ​នឹង​រៀបចំ​រួចរាល់​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខនេះ។ ប៉ុន្តែបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កន្លង​មក​ថា​នឹង​នៅ​បន្ត​ជួយ​ដល់​អង្គការ​អាហ្វេស៊ីព​ដដែល។​

នៅ ក្នុង​សារអេឡិក​ត្រូនិក​ផ្ញើ​មក​ឱ្យ​វីអូអេ​អង្គការ​អាហ្វេស៊ីព​មិន​បង្ហាញ​ពីការប៉ះពាល់​ដល់​សកម្មភាព​ការងារ​របស់​ពួកគេ​ហើយ​ផ្តោត​លើ​ការងារ​ដែល​ត្រូវ​ធ្វើ​សម្រាប់​ជួយ​ដល់​ស្ត្រី​និង​ការប្រយុទ្ធ​នឹង​ការជួញដូរ​មនុស្ស។

លោក​សៅ ឈឿត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​អាហ្វេស៊ីព​បាន​បញ្ជាក់​ថា​ការប្រយុទ្ធ​នឹង​ការជួញ​ដូរ​មនុស្ស​«ពិបាក​សម្រេច​បាន​ណាស់​ដោយ​សារ​តែ​ជន​រងគ្រោះ​ភាគ​ច្រើន​មាន​កម្រិត​ការ​សិក្សា​អប់​រំ​ទាប ​ឬ​មិន​មាន​កម្រិត​វប្បធម៌​អ្វី​ទាំង​អស់ ​មិន​មាន​ជំនាញ​ការងារ​ ហើយ​រង​ការប៉ះ​ពាល់​អារម្មណ៍»។

លោក​បាន​លើក​ពីតម្រូវ​ការ​ក្នុង​ការ​ជួយ​ដល់​ស្ត្រី​ដែល​ជួយ​សង្គ្រោះ​ហើយ​និង​សេចក្តី​ត្រូវការ​ជំនាញ​សម្រាប់​ពួកគេ​ចូល​ទៅ​ក្នុង​សង្គម​វិញ។

«វាអាច​នឹង​ដំណើរ​ការ​បាន​ប្រសិន​បើ​វិស័យ​ឯកជន​មាន​ចេតនា​ក្នុង​ការ​ផ្តល់​ការងារ​ដ៏​ល្អ​ដល់​ពួកគេ​បន្ទាប់​ពី​ពួកគេ​បាន​ស្តា​លទ្ធភាព​រួច​ហើយនិង​ទទួល​ការ​ហ្វឹកហ្វឺន​ជំនាញ​ដោយ​មិន​ចាំបាច់​ទាមទារ​ឱ្យ​មាន​សញ្ញា​ប័ត្រ​ខ្ពស់​ឬ​បទពិសោធន៍»។​

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​នឹង​ចេញផ្សាយ​របាយការណ៍​ស្ត្រី​ពី​ស្ថាន​ភាព​នៃ​ការជួញដូរ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ៕