អ្នកស្រី Elise Keppler នាយករងផ្នែកកម្មវិធីយុត្តិធម៌អន្តរជាតិនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស និយាយថា ការបង្កើតតុលាការនេះ នឹងបញ្ជាក់ថាសហភាពអាហ្រ្វិកមានការប្តេជ្ញាចិត្តក្នុងការបដិសេធនិទណ្ឌភាពក្នុងប្រទេសស៊ូដង់ខាងត្បូង និងចង់យកឧក្រិដ្ឋជនសង្រ្គាមអំឡុងសង្រ្គាមស៊ីវិលមកកាត់ទោស។
ការកោះហៅឲ្យមានការបង្កើតតុលាការនេះ កើតឡើងស្របពេលដែលប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salve Kiir និងអនុប្រធានាធិបតីលោក Riek Machar បានសរសេរអត្ថបទបញ្ចេញមតិរួមគ្នាក្នុងកាសែត New York Times ដែលចេញផ្សាយនៅថ្ងៃអង្គារ។ អត្ថបទនោះបានអំពាវនាវឲ្យពិភពលោកគាំទ្រគណៈកម្មការដើម្បីការពិត និងការផ្សះផ្សា ដូចនឹងអាហ្រ្វិកខាងត្បូង និងប្រទេសអៀរឡង់ខាងជើង ជាជាងការបង្កើតតុលាការព្រហ្មទណ្ឌ។ ពួកគេបានសង្កត់ថាការដាក់ទោសទណ្ឌកម្ម ដូចជាការបង្កើតតុលាការព្រហ្មទណ្ឌ នឹងធ្វើឲ្យប្រទេសស៊ូដង់ខាងត្យូងមិនមានស្ថេរភាព។
អ្នកស្រី Keppler និយាយថា អត្ថបទនៅក្នុងកាសែត New York Times គឺជាបំណងរបស់លោកប្រធានាធីបតី Salve Kiirនិងលោក Machar ក្នុងការកម្រិតភាពឈោងនៃច្បាប់។
«អត្ថបទដែលបានសរសេរដោយលោក Riek Machar និងលោក Salve Kiir ពិតជាបង្ហាញអំពីការបម្រើសេចក្តីត្រូវការខ្លួនឯងដើម្បីគេចពីការទទួលខុសត្រូវ។ មេដឹកនាំទាំងនេះបានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងប្រទេសស៊ូដង់ខាងត្បូង។ ពួកគេផ្ទាល់ក៏បានយល់ព្រមដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ ក្នុងការឲ្យយុត្តិធម៌បោះជំហានទៅមុខ ហើយពួកគេបានផ្សព្វផ្សាយលើទំព័រកាសែត New York Times ក្នុងការព្យាយាមគេចពីបញ្ហាតុលាការ ដោយជំរុញសំណើស្វែងរកការពិតនិងការផ្សះផ្សាជំនួសវិញ»។
ក្នុងអត្ថបទរបស់ពួកគេ លោកប្រធានាធិបតី Kiir និងលោកអនុប្រធានាធិបតីទីមួយលោក Machar និយាយថា ប្រទេសស៊ូដង់ខាងត្បូងត្រូវការការពិត មិនមែនការកាត់ក្តីតុលាការនោះទេ។
ពួកលោកនិយាយថា «យុត្តិធម៌តាមរយៈការដាក់ពិន័យ ទោះបីជាដំណើរការក្រោមច្បាប់អន្តរជាតិក៏ដោយ ក៏នឹងធ្វើឲ្យការខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិរបស់យើងបាត់បង់ស្ថិរភាព តាមរយៈការរក្សានូវកំហឹង និងភាពស្អប់ខ្ពើមនៅក្នុងចំណោមប្រជាជនស៊ូដង់ខាងត្បូង»។
ប៉ុន្តែ អ្នកស្រី Keppler និយាយថា អង្គការរបស់អ្នកស្រីបានរកឃើញថាកាលពីឆ្នាំមុនៗ និទណ្ឌភាព និងកង្វះខាតយុត្តិធម៌ តែងតែជំរុញឲ្យមានការរំលោភបំពានកាន់តែច្រើន។
អ្នកស្រីបន្តថាបច្ចុប្បន្ននេះគឺខុសពីពេលដែលគណៈកម្មការស្វែងរកការពិត និងការផ្សះផ្សារបស់អាហ្វ្រិកខាងត្បូង ដែលត្រូវបានបង្កើតក្នុងទសវត្សរ៍១៩៩០។
«សាលាក្តីនៅប្រទេសយូហ្គោស្លាវី និងប្រទេសរវ៉ាន់ដា មិនបានដំណើរការពេញលេញនោះទេ។ អ្នកមិនមានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ អ្វីដែលបានកើតឡើងនោះគឺ យុត្តិធម៌ឥឡូវនេះអាចមាន ហើយវាត្រូវបានធានាបានទាំងក្រោមច្បាប់អន្តរជាតិ និងគោលសីលធម៌សម្រាប់ជនរងគ្រោះផងដែរ»។
អ្នកស្រីនិយាយថា សហភាពអាហ្រ្វិក ដែលបានប្តេជ្ញាចិត្តច្រានចោលនិទណ្ឌភាព មានការទទួលខុសត្រូវក្នុងការបង្កើតតុលាការឧក្រិដ្ឋកម្មសង្រ្គាមកូនកាត់មួយ សម្រាប់ប្រទេសស៊ូដង់ខាងត្បូង៕
ប្រែសម្រួលដោយ ទុំ ម្លិះ