កាលពីដើមខែមីនានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសថា លោកនឹងទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី នៅពាក់កណ្តាលខែមីនាខាងមុខ ដើម្បីរក្សាមុខមាត់ឲ្យរដ្ឋាភិបាលអូស្រ្តាលី ខណៈដែលមេដឹកនាំប្រទេសអាស៊ានមួយចំនួនបានបង្ហាញការរារែកចិត្ត។ ក៏ប៉ុន្តែ នៅសល់តែប៉ុន្មានថ្ងៃ ទៀតដែលកិច្ចប្រជុំកំពូលនេះ នឹងមកដល់នោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានស្នើអូស្ត្រាលី ឲ្យមានការកៀបសង្កត់ជាសាធារណៈ ដល់មេដឹកនាំអាស៊ានណាដែលបានរំលោភបំពានសិទ្ធិមនុស្ស។ អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បាន បញ្ចេញឈ្មោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលកាន់អំណាចជាង ៣០ឆ្នាំ ចំៗថា ជាមេដឹកនាំ ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដូចជាបានប្រើប្រាស់អំពើហិង្សា ការសម្លុត និងការចាប់ខ្លួនជាច្រើនដែលមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅថ្ងៃពុធនេះ បានទទូចសុំឲ្យមេដឹកនាំប្រទេសអូស្ត្រាលី ផ្តោតជាសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្ស នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលីដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ មីនា ឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសអូស្ត្រាលី។
មេដឹកនាំប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ទាំង អស់ លើកលែងតែប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកំពុងតែខិតជិតចូលមកដល់។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំនៅក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី ធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថាអង្គការ Human Rights Watch បានផ្ញើលិខិតមួយទៅជូនលោក Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី។
លិខិតនោះបានស្នើឲ្យលោក Turnbull លើកយកបញ្ហាសិទ្ធិមនុស្សមកធ្វើជាបញ្ហាស្នូលនៅក្នុងរបៀបវារៈរបស់កិច្ចប្រជុំកំពូល ដើម្បីសមួ្រលឲ្យមានការចូលរួមពីសង្គមស៊ីវិល និងទំនាក់ទំនងជាមួយមេដឹកនាំអាស៊ានថា បើគ្មានភាពជឿនលឿនជាដុំកំភួនឈានទៅរកការបញ្ចប់ការរំលោភបំពាននានានោះទេ បញ្ហាទាំងអស់នោះនឹងត្រូវលើកឡើងនៅក្នុងទីក្រុងស៊ីដនី។ លិខិតដដែលបានបន្តថា ប្រសិនបើប្រទេសអូស្ត្រាលីអាចអញ្ជើញតំណាងខាងជំនួញបាន វាគួរតែនឹងមិនមានការលំបាកទេ ដើម្បីអញ្ជើញក្រុមសង្គមស៊ីវិលផ្សេងៗមកពីតំបន់នោះ។
លោក Elaine Pearson នាយកអង្គការឃ្លំាមើលសិទ្ធិមនុស្សប្រចាំប្រទេសអូស្ត្រាលី ត្រូវបានស្រង់ប្រសាសន៍នៅក្នុងសេចក្តីការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំនៅក្រុងស៊ីដនី (Sydney)តាមន័យដើមថា៖
«វានឹងជាកំហុសធំមួយសម្រាប់ប្រទេសអូស្ត្រាលី ធ្វើការលាក់បាំងបញ្ហាសិទ្ធិមនុស្ស ដោយសារសេចក្តីភ័យខ្លាចថា វានឹងធ្វើឲ្យប្រទេសទាំងអស់ងាកទៅបង្កើនភាពជិតស្និទ្ធជាមួយប្រទេសចិន»។
«ភាពមិនជឿនលឿនទៅមុខលើបញ្ហាសិទ្ធិមនុស្សជាមួយប្រទេសចិន នឹងមិនត្រឹមតែផ្តល់លទ្ធផលដែលគួរឲ្យភ័យខ្លាច សម្រាប់តែប្រជាជនក្នុងប្រទេសអាស៊ាននោះទេ តែវាថែមទាំងសម្រាប់ប្រទេសអូស្ត្រាលីទៀតផង»។
សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយចំៗដល់មេដឹកនាំកម្ពុជា ពោលគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្ថិតក្នុងអំណាចជាង ៣០ឆ្នាំ ដោយប្រើប្រាស់អំពើហិង្សា ការសម្លុត និងការចាប់ខ្លួនជាច្រើនដែលមានហេតុផលនយោបាយ និងការធ្វើទុក្ខបុកម្នេញប្រឆាំងរាល់ជនទាំងឡាយណាដែលត្រូវបានយល់ថាជាក្រុមប្រឆាំង ខណៈដែលបណ្តោយឲ្យការប្រព្រឹត្តអំពុករលួយកម្រិតខ្ពស់ និងបក្ខពួកនិយម បន្តរីកដុះដាល។
សេចក្តីថ្លែងការណ៍ដដែល បានសរសេរថា រដ្ឋាភិបាលកម្ពុជាបានហាមក្រុមអ្នកនយោបាយប្រឆាំង និងដាក់គុកមេដឹកនាំរបស់ពួកគេ។ លោកហ៊ុន សែន កាលពីពេលថ្មីៗនេះ ក៏បានគំរាម អ្នកតវ៉ាជាច្រើនដែលដុតទីងមោងមានរូបលោក ដោយបាននិយាយថា លោកនឹងតាមវាយអ្នកទាំងអស់នោះដល់ផ្ទះ។
លោក Pearson នាយកអង្គការឃ្លំាមើលសិទ្ធិមនុស្សប្រចាំប្រទេសអូស្ត្រាលី ត្រូវបានស្រង់ប្រសាសន៍បន្ថែមតាមន័យដើមថា៖
«កិច្ចប្រជុំកំពូលអាស៊ាន មិនគួរណាជាឱកាសដើម្បីកំដរមេដឹកនាំផ្តាច់ការទាំងឡាយនោះទេ ប៉ុន្តែវាគួរតែជាឱកាសដើម្បីកៀបសង្កត់ពួកមេដឹកនាំទាំងនោះ ជាសាធារណៈ ចំពោះការរំលោភបំពានសិទ្ធិដ៏គួរឲ្យភ័យរន្ធត់នៅទូទាំងតំបន់»។
VOA មិនទាន់អាចសុំការអធិប្បាយពីក្រុមមន្ត្រីនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា និងគណបក្សគ្រប់គ្រងប្រទេសបានទេ នៅថ្ងៃពុធនេះ។
សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានធ្វើឡើង នៅក្រោយការបញ្ជាក់ជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅពេលដែលមេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនបានបង្ហាញជំហររារែកចិត្ត។
លោក ហ៊ុន សែន អះអាងថា បើទោះបីមានបាតុកម្មប្រឆាំងនឹងវត្តមានលោកនៅប្រទេសអូស្រ្តាលីក្តី ក៏លោកនឹងនៅតែទៅប្រទេសនេះ ព្រោះលោកក៏មានអ្នកគាំទ្រនៅអូស្ត្រាលីដែរ។
សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ស្ទើរតែគ្រប់មេដឹកនាំអាស៊ានទាំងអស់ដែលត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលនេះ កំពុងធ្វើជាប្រមុខរដ្ឋាភិបាលទាំងឡាយ ដែលបានបដិសេធចោល សេរីភាពមូលដ្ឋានចំពោះពលរដ្ឋរបស់ពួកគេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានពន្យល់ត្រួសៗថា ប្រទេសថៃ ត្រូវបានដឹកនាំដោយក្រុមយោធា ដែលបានរាំងខ្ទប់សិទ្ធិមូលដ្ឋានដើម្បីបញ្ចេញមតិ និងការជួបប្រជុំ និងការពន្យាលពេលម្តងហើយម្តងទៀត សម្រាប់ការស្តារការដឹកនាំតាមបែបស៊ីវិល។ ប្រទេសវៀតណាម និងឡាវ ដែលជារដ្ឋដឹកនាំដោយគណបក្សតែមួយត្រូវគេរិះគន់ថាបានរក្សាការខ្ទប់ដង្ហើមរស់នៃសិទ្ធិ និងសេរីភាពជាមូលដ្ឋាន។ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បានរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរ ទៅលើសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី ខណៈដែលប្រទេសមីយ៉ាន់ម៉ា និងហ្វីលីពីន បានប្រើប្រាស់កម្លាំងសន្តិសុខរដ្ឋ ឈានដល់ការបង្កការរំលោភបំពានធ្ងន់ធ្ងរជាច្រើន។
ប្រទេសអាស៊ានទាំង១០ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម៕