អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក​សុំ​ឲ្យ​អន្តរជាតិ​ប្រឆាំង​នឹង​ការ​គាប​សង្កត់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

លោក ណៃ វ៉ង់ដា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក កំពុង​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​បន្ទប់​រង់ចាំ ក្រោយពី​ចេញ​ពី​ការស្តាប់​ការប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ថ្មីៗ​នេះ តុលាការ​កំពូល​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស ​និង​គ.ជ.ប​នេះ​ដែល​អង្គការ​សិទ្ធិមនុស្ស​ Human​ Rights ​Watch ​បាន​និយាយ​ថា ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​នៃ​ច្បាប់​អន្តរជាតិ។

អង្គការ​សិទ្ធិមនុស្ស​ Human​ Rights ​Watch ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ទទូច​ដល់​ប្រទេស​ផ្តល់​ជំនួយ ​និង​អង្គការ​សហប្រជាជាតិ​ឲ្យ​ប្រឆាំង​នឹង​ការ​កាត់ទោស​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក​ និង​ការ​ប៉ុនប៉ង​បិទ​ការិយាល័យ​សិទ្ធិ​មនុស្ស​អ.ស.ប​ប្រចាំ​កម្ពុជា។​

មន្ត្រី​សមាគម​អាដហុក៤​រូប រួមមាន​លោក ​នី សុខា​ លោក ​យី សុខសាន្ត ​លោក ​ណៃ វ៉ង់ដា និង​លោក​ស្រី​ លឹម មុនី ​ហើយ​នឹងលោក នី​ ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត​៨​ខែ​មក​ហើយ ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ ហៅ​ពួកគេ​ទៅ​សាក​សួរ​ពាក់ព័ន្ធ​នឹង​បទ​សូក​ប៉ាន់​សាក្សី ​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក ​កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​នារី​កាត់​សក់​វ័យ​ក្មេង​ម្នាក់ឈ្មោះ ខុម ចាន់តារាទី ហៅ​ស្រីមុំ កាលពី​ចុង​ខែ​មេសា ដែល​គេ​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​នោះ។

ថ្មីៗ​នេះ តុលាការ​កំពូល​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស ​និង​គ.ជ.ប​នេះ​ដែល​អង្គការ​សិទ្ធិមនុស្ស​ Human​ Rights ​Watch ​បាន​និយាយ​ថា ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​នៃ​ច្បាប់​អន្តរជាតិ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី១ ​ខែធ្នូ​ លោក​ Brad Adams ​នាយក​អង្គការ Human​ Rights ​Watch​ ដែល​សុំឲ្យ​ដោះលែង​ជនទាំង​៥នាក់​នោះ​ បាន​ចាត់​ទុក​ថា​ ការ​កាត់ទោស​លើ​មន្ត្រី​សិទ្ធិមនុស្ស​ជា​រឿង​គំរាម​កំហែង​ និង​កៀបសង្កត់​កិច្ចការ​សិទ្ធិ​មនុស្ស។​ ហើយ​ការ​គំរាម​បិទ​ការិយាល័យ​ឧត្តម​ស្នងការ​អ.ស.ប​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ គឺជា​យុទ្ធនាការ​ដើម្បី​បន្ថយ​សកម្មភាព​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​ជាតិ​ និង​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​លោក​បាន​ទទូច​ថា ប្រទេស​ផ្តល់​ជំនួយ​ដល់​កម្ពុជា​និង​ស្ថាប័ន​អ.ស.ប​ត្រូវតែ​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​កាត់​ទោស​ និង​សកម្មភាព​ផ្សេង​ទៀត​ ដែល​គាំទ្រ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ហើយ​នឹង​គណបក្ស​គ្រប់គ្រង​ប្រទេស ​ដែល​មាន​បំណង​គំរាម​កំហែង​និង​គាបសង្កត់​កិច្ចការ​សិទ្ធិមនុស្ស។

លោក​បាន​បញ្ជាក់​តាម​ប្រសាសន៍​ដើមថា៖

«តុលាការ​កំពូល​បាន​បង្ហាញ​ពី​ភាព​លម្អៀង​ផ្នែក​នយោបាយ​របស់ខ្លួន​ ក្នុង​ការ​បដិសេធបណ្ដឹង​សុំនៅ​ក្រៅឃុំ​របស់​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ទាំង​៥រូប​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​ដោយ​គ្រាន់តែ​បំពេញ​កិច្ចការ​របស់​ពួកគេ​ ហើយ​ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត។​ គេ​មិន​គួរ​យល់​ច្រឡំ​ទេ​ថា​ ការ​កាត់ទោស​នេះ​គឺដើម្បី ​អ្វីផ្សេង​ក្រៅតែ​ពីកិច្ច​ប្រឹងប្រែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដើម្បី​បំផ្លាញ​កិច្ចការ​ជាច្រើន​ទសវត្សរ៍​ ដែល​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ និង​អ.ស.ប​ បាន​ធ្វើ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​នោះ‍»៕