អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch អះអាងថា រដ្ឋាភិបាលកម្ពុជាបានកំពុងយាយី និងចាប់ខ្លួនសកម្មជន ក៏ដូចជាសមាជិករបស់គណបក្សភ្លើងទៀន នៅមុនការបោះឆ្នោតថ្នាក់ជាតិដែលនឹងធ្វើឡើងនាថ្ងៃអាទិត្យនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
បើតាមសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលគួរតែបញ្ឈប់ការដាក់គោលដៅទៅលើក្រុមជំទាស់ ហើយទម្លាក់ចោលការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនគ្មានកំហុសទាំងនោះ។
ការចេញសេចក្តីថ្លែងរបស់អង្គការមួយនេះធ្វើឡើងក្រោយមន្ត្រីគណបក្សភ្លើងទៀនយ៉ាងតិច ៤នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ពាក់ព័ន្ធនឹងបទញុះញង់បង្កចលាចលដល់ការបោះឆ្នោត។
មន្ត្រីគណបក្សភ្លើងទៀនចំនួន ៤នាក់នោះ រួមមាន លោក អេង ស្រូយ សមាជិកគណៈកម្មាធិការនាយក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សនៅខេត្តត្បូងឃ្មុំ អ្នកស្រី វង រុន្នី សមាជិកគណៈកម្មាធិការនាយក និងជាប្រធានចលនាស្រ្តីគណបក្សភ្លើងទៀនថ្នាក់ជាតិ លោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងលោក ប៊ុន ខេត ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ។
បើតាមសេចក្តីថ្លែងការណ៍នោះ លោក Phil Robertson នាយករងទទួលបន្ទុកនៅតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លើកឡើងថា៖ «រដ្ឋាភិបាលកម្ពុជាបានប្រកាសបើករដូវកាលដាក់គោលដៅទៅលើមេដឹកនាំបក្សជំទាស់ និងសមាជិក ដោយការប្រើប្រាស់ល្បិចកល និងការចោទប្រកាន់បទព្រហ្មទណ្ឌ។ ទោះបីជាគណបក្សភ្លើងទៀនត្រូវបានហាមឃាត់មិនឱ្យចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ រដ្ឋាភិបាលនៅតែមើលឃើញពួកគេថា ជាការគំរាមកំហែង ហើយគាបសង្កត់ពួកគេ»។
Your browser doesn’t support HTML5
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេថា អង្គការមួយនេះមិនដែលក្រឡេកមើលពីទិដ្ឋភាពច្បាប់របស់កម្ពុជាឡើយ ខណៈថា បុគ្គលទាំងនោះបានប្រព្រឹត្តខុសនឹងច្បាប់។
លោកថ្លែងថា៖ «គាត់ចេះតែចោទអ៊ីចឹង។ អាហ្នឹងជាទម្លាប់របស់គាត់ទៅហើយ ហើយដូចជាមិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទេ។ វិធានការច្បាប់គឺត្រូវតែម៉ឺងម៉ាត់ច្បាស់លាស់ តែបំពានច្បាប់ នរណាក៏ដោយត្រូវតែប្រឈមមុខតាមផ្លូវច្បាប់ដូចគ្នា»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ច្រានចោលការលើកឡើងរបស់អង្គការHuman Rights Watch និងថា វាជាការចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា៖ «បដិសេធចំពោះការលើកឡើង បដិសេធចំពោះការចោទប្រកាន់ ហើយជាការពិតណាស់អង្គការ Human Right Watch គួរតែមានភ្នែកមានប្រស្រីផង កុំធ្វើជាខ្វាក់ជាគជាថ្លង់មកលើសភាពការណ៍នៅកម្ពុជា។ អង្គការ Human Rights Watch គឺជាអង្គការមួយដែលមានការគុំគួនជាបុគ្គលចំពោះកម្ពុជា ជាពិសេសគឺរដ្ឋាភិបាលហ្នឹងឯង»។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃពុធនេះថាមកទល់ពេលនេះ សកម្មជនចំនួន៤នាក់ហើយដែលត្រូវបានចាប់ខ្លួន ខណៈចំនួនជាក់លាក់នៃអ្នករត់ភៀសខ្លួនទៅក្រៅប្រទេសនៅមិនទាន់ដឹងនៅឡើយ។
លោកចាត់ទុកការចាប់ខ្លួនសកម្មជនថាជារឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់ឡើយ។
លោកបញ្ជក់ថា៖«ហើយយើងមិនបានឃើញសង្គមណាអស្ថិរភាពឬមួយចលាចលផង ហើយចោទឱ្យញុះញង់ វាមិនឆ្លើយតបទៅនឹងទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គម ហើយយើងមើលឃើញថាវាមិនមែនជារឿងការអនុវត្តច្បាប់ វាជារឿងនយោបាយ»។
គួរបញ្ជាក់ថាការចាប់ខ្លួនសកម្មជនគណបក្សជំទាស់ ធ្វើឡើងតាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលស្នើដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងការអំពាវនាវឱ្យគូសសន្លឹកឆ្នោតចោល ហើយច្បាប់នេះចូលជាធរមាន កាលពីដើមខែកក្កដា ឆ្នាំ២០២៣៕