ក្រោយពីការស្លាប់របស់លោកនួន ជា បងធំទី២របស់ខ្មែរក្រហម អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកពីចម្ងល់អំពីយុត្តិធម៌ពេញលេញសម្រាប់ពលរដ្ឋរងគ្រោះដោយរបបខ្មែរក្រហម។ អង្គការដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកនេះស្នើឲ្យមានការស៊ើបអង្កេតលើជនសង្ស័យបន្ថែមទៀតដើម្បីបំពេញចន្លោះប្រហោងនៃយុត្តិធម៌។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានច្រានចោលការលើកឡើងនេះ។
តើជនរងគ្រោះនិងក្រុមគ្រួសាររបស់ជនរងគ្រោះបានទទួលយុត្តិធម៌ដែលពួកគេសមនឹងទទួលបានហើយឬនៅ ក្រោយពីការស្លាប់របស់នួន ជា អតីតមេមនោគមវិជ្ជានៃរបបកុម្មុយនិស្តខ្មែរក្រហម?
អង្គការឃ្លាំមើលការគោរពសិទ្ធិមនុស្ស Human Rights Watch បានចោទជាសំណួរ បីថ្ងៃប៉ុណ្ណោះបន្ទាប់ពីការស្លាប់របស់នួន ជា ដោយស្នើឲ្យសហគមន៍អន្តរជាតិបន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្តកាត់ទោសអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមបន្ថែមទៀត។
លោកនួន ជា អតីតប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម បានស្លាប់កាលពីល្ងាចថ្ងៃអាទិត្យក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត អាយុ៩៣ឆ្នាំ។ មរណភាពរបស់លោកនួន ជា កើតឡើងខណៈដែលលោកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនិងកំពុងរង់ចាំទទួលទោសបន្ថែមចំពោះបទចោទប្រកាន់ទាក់ទងនឹងការស្លាប់និងការសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងតិច១,៧លាននាក់ក្រោមការកាន់អំណាចរបស់លោក។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះ លោកPhil Robertson នាយករងរបស់អង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានអធិប្បាយថា «ជាមួយការស្លាប់របស់នួន ជា រដ្ឋាភិបាលជាច្រើនគួរនៅបន្តទាមទារឲ្យលោកហ៊ុន សែនធានាដំណើរការកាត់ក្តីអ្នកឯទៀត ដែលបានធ្វើឲ្យប្រជាជនខ្មែរឈឺចាប់ទាំងកាយ និងចិត្ត ក្នុងអំឡុងរបបខ្មែរក្រហមប្រល័យពូជសាសន៍»។
លោក Phil Robertson បានប្រាប់ VOA បន្ថែមតាមទូរស័ព្ទនៅថ្ងៃអង្គារថា លោកហ៊ុន សែនគួរបញ្ឈប់ការរារាំងដំណើរការកាត់ក្តីតាមតែអំពើចិត្តនៅសាលាក្តីខ្មែរក្រហមផងដែរ។
«គាត់កំពុងតែនិយាយដោយសាមញ្ញថា ចលាចលនឹងកើតមានឡើងចេញពីការស៊ើបអង្កេតដែលស៊ីជម្រៅជាងនេះ។ ប្រហែលគាត់ចង់សំដៅដល់ខ្លួនគាត់ផ្ទាល់ ឬក៏អ្នកផ្សេងទៀត ដែលនឹងប្រឆាំងការស៊ើបអង្កេតបែបនេះ ហើយប្រឆាំងមិនទទួលខុសត្រូវសព្វបែបយ៉ាងចំពោះអ្វីដែលពួកគាត់បានប្រព្រឹត្តក្នុងអំឡុងពេលនៃសម័យខ្មែរក្រហម»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកផៃ ស៊ីផានសុំមិនផ្តល់ការអធិប្បាយទៅលើសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដោយសារលោកកំពុងស្ថិតនៅក្រៅប្រទេស ហើយបានបង្វែរសំណួរទៅអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន និងប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជាលោកកែវ រ៉េមី។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការអធិប្បាយណាមួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនោះគ្មានមូលដ្ឋានផ្លូវច្បាប់ទេ និងមានលក្ខណៈចងគំនុំ និងរិះគន់រដ្ឋាភិបាលកម្ពុជា។
«គាត់ចង់ឲ្យថា បើកការស៊ើបអង្កេតចោទប្រកាន់ទៅលើអ្នកដទៃផ្សេងៗទៀតហ្នឹង ទៅម៉េចរួច! ឲ្យគាត់ទៅមើលច្បាប់ស្តីពីការបង្កើតសាលាក្តីខ្មែរក្រហមគឺមានតែអ្នកទទួលខុសត្រូវជាន់ខ្ពស់ទេដែលត្រូវស្ថិតនៅក្នុងដំណើរការស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម រួចគាត់ចង់ពន្លាតទៅទូទាំងប្រទេសម៉េចកើត?»
នួន ជាបានស្លាប់ក្រោយពីស្ថិតក្នុងការព្យាបាលក្នុងមន្ទីរពេទ្យអស់រយៈពេល៣៣ថ្ងៃ។
ការអះអាងរបស់លោកល៉ីវ សុវណ្ណា សហមេធាវីការពារក្តីនួន ជាបានឲ្យដឹងថា កូនក្តីលោកគឺនួន ជាបានស្លាប់ដោយជំងឺរ៉ាំរ៉ៃពាក់ព័ន្ធនឹងថ្លើម និងតម្រងនោម បូករួមនិងជរាភាព។
លោកនួន ជាគឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទបួននាក់ក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទសុទ្ធសឹងជាមេដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហម។ អៀង សារី និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធបានស្លាប់នៅពេលដែលកំពុងដំណើរការកាត់ទោស។ ដោយឡែកសំណុំរឿង០០២នេះ នៅសល់តែជនជាប់ចោទម្នាក់គត់គឺខៀវ សំផង អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម។
លោកនួន ជាក៏ដូចជាជនជាប់ចោទក្នុងសំណុំរឿង០០២នេះដែរ មិនដែលបានសារភាពពីទោសកំហុសទាក់ទងនឹងឧក្រិដ្ឋកម្មដែលកើតឡើងក្នុងអំឡុងពេលដែលពួកគេកាន់កាប់អំណាចនោះទេ៕