អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​អាមេរិក​​រិះ​គន់​ការ​លើក​ពេល​ចេញ​​សាល​ក្រម​សំណុំ​រឿង​«កុមារ​​​អូទីហ្សឹម»​

យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបផ្តល់ឲ្យដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)

អង្គការ​សិទ្ធិមនុស្ស​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ថា អត់​មាន​ភាព​អៀន​ខ្មាស់​នៅ​ពេល​តុលាការ​កម្ពុជា​បន្ត​ចាត់​ការ​សំណុំ​រឿង​ព្រហ្មទណ្ឌ​របស់​ក្មេង​ប្រុស​ជំទង់​ម្នាក់ ដែល​ត្រូវ​ម្តាយ​អះអាង​ថា មាន​ជំងឺ​អូទីហ្សឹម​ឬ​ជំងឺ​រវើរវាយ​ និង​ភាន់​វិញ្ញាណ។

ប្រតិកម្ម​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​លើក​ពេល​ប្រកាស​សាល​ក្រម​សំណុំរឿង​របស់​ក្មេង​ប្រុស ​កាក់​ សុវណ្ណឆ័យ​ ដែល​គ្រោង​ធ្វើ​កាលពី​ថ្ងៃ​ពុធ។ ​តុលាការ​ក្រុង​ភ្នំពេញ​ពន្យល់​ថា​ការ​លើក​ពេល​ប្រកាស​ស្រាល​ក្រម​ដល់​ក្មេង​ប្រុស​ដែល​សង្គមស៊ីវិល​ចាត់​ទុក​ជា​ថា​កុមារ​នោះ​ គឺ​ដោយ​សារ​តុលាការ​ជាប់​រវល់។

នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​Human Rights Watch ប្រចាំ​តំបន់​អាស៊ី​លោក Phil Robertson ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ជា​ភាសា​អង់គ្លេស​និង​ត្រូវ​ប្រែសម្រួល​ជា​ខេមរភាសា​តាម​សារ​អ៊ីមែល​មួយ​តាម​ន័យ​ដើម​ថា៖ «ការ​យក​សុវណ្ណច្ឆ័យ​អាយុ​១៦ឆ្នាំ​ និង​មាន​ជំងឺ​រវើរវាយ​មក​ផ្តន្ទាទោសដោយ​សារ​តែ​ទំនាក់​ទំនង​នយោបាយ​ឪពុក​គាត់​បង្ហាញ​ពិភព​លោក​ថា​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ គ្មាន​ការ​អៀន​ខ្មាស់​អី​បន្តិច​សោះ​ក្នុង​ការ​តាម​ប្រមាញ់​ក្រុម​ជំទាស់​ផ្នែក​នយោបាយ​របស់​គាត់»។

លោក​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖ «វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​និង​មិន​អាច​ទទួលបាន​យក​បាន​ទេ​ដែល​អំឡុង​ពេល​សវនាការ​អយ្យការ​ និង​តុលាការ​បាន​បដិសេធ​សេចក្តី​ត្រូវការ​របស់​ក្មេង​ប្រុស​ដែល​មាន​ពិការភាព​ព្រម​ទាំង​កា​រវាយ​តម្លៃ​ខាង​សុខាភិបាល​ដើម្បី​បញ្ជាក់​ពី​តម្រូវការ​នានា​របស់​ក្មេង​ប្រុស​នោះ»។​

កុមារ​ កាក់ សុវណ្ណ​ច្ឆ័យ ដែល​ជា​កូន​ប្រុស​លោក ​កាក់ កុម្ភារ អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ហើយ​បញ្ជូន​ទៅ​តុលាការ​ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ«ប្រមាថ​អ្នក​រាជការ​សាធារណៈ» បន្ទាប់​ពី​កុមារ​រូប​នោះ​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​តេឡេក្រាម។

នៅ​ក្នុង​សវនាការ​កាល​ខែ​កញ្ញាមេធាវី​ការពារ​ក្តី​ឲ្យ​កុមារ​កាក់ សុវណ្ណ​ច្ឆ័យ​បាន​ស្នើ​សុំ​គ្រូពេទ្យ​ជំនាញ​ចូលរួម​ក្នុង​សវនាការ ដើម្បី​ពិនិត្យ​ស្ថានភាព​កូន​ក្តី ដែល​ម្តាយ​របស់​កុមារ​រូប​នេះ​បាន​លើក​ឡើង​ថា​កូន​ប្រុស​របស់​ខ្លួន​មាន​ជំងឺ​អូទីហ្សឹម​ (autism) ឬ​ជំងឺ​រវើរវាយ​និង​ភាន់​វិញ្ញាណ។ ប៉ុន្តែ​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើ​នេះ និង​បាន​បន្ត​នីតិវិធី​សវនាការ។

លោក Phil Robertson ​បាន​កត់​សម្គាល់​ពី​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ដែល​លោក​ចាត់​ទុក​ថា​«លែង​យក​ជា​ការ​បាន»​នៅ​ពេល​មាន​ការពន្យារពេល​នៃ​ការ​ប្រកាស​សាលក្រម​ដោយ​លើក​ហេតុផល​ថា «រវល់»នោះ។

លោក​ថ្លែង​បន្ត​តាម​ន័យ​ដើម​ថា៖ «ការ​ពិត​គឺ​ថា​សុវណ្ណច្ឆ័យ ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ខែ​មិថុនា​មក​ដោយ​គ្មាន​ការ​ផ្តល់​កន្លែង​ស្នាក់​នៅ​ឲ្យ​សម​រម្យ​ពាក់ព័ន្ធ​នឹង​ពិការភាព​របស់​គាត់​ដូច​ដែល​ច្បាប់​អន្តរជាតិ​តម្រូវ​ឲ្យ​មាន។​សុវណ្ណច្ឆ័យ​គួរ​តែ​ត្រូវ​បាន​ដោះ​ជា​បន្ទាន់​និង​ឥត​លក្ខខណ្ឌ ហើយ​បទ​ចោទ​ប្រកាន់​ដែល​គ្មាន​បាន​ការ​នោះ​គួរ​តែ​ត្រូវ​បាន​ទម្លាក់​ចោល»។

ប៉ុន្តែ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ ប្រកែក​ថា​តុលាការ​បាន​ធ្វើ​ទៅ​តាម​នីតិវីធី​ច្បាប់​ត្រឹមត្រូវហើយ​ថា​ក្មេង​ប្រុស​នោះ​គ្មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ថា​មាន​ជំងឺ​រវើរវាយ ឬភាន់​វិញ្ញាណ​នោះ​ទេ។

លោក​បាន​ប្រាប់​វីអូអេ​ថា៖ «ការ​លើក​ឡើង​នេះ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ហើយ​ដែល​មិន​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​ទាល់​តែ​សោះ​ដែល​ជា​ទម្លាប់​របស់​គេ​តាំង​ពី​ដើម​មក។ មែន​ទែន​ទៅ​ ករណី​សំណុំ​រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់​នីតិវិធី​ច្បាប់​ត្រឹមត្រូវ»។

​លោក​បន្ថែម​ថា៖ «ទី​ពីរ​ការ​អះអាង​មាន​ជំងឺ​អូទីហ្សឹម​អី​នោះ​គឺ​មិន​មាន​លិខិត​ពេទ្យ​ណា​បញ្ជាក់​ថា​កុមារ​នេះ​ មាន​ជំងឺ​អូទីហ្សឹម​នោះ​ទេ។​វា​គ្រាន់​តែ​ជា​ការ​អះអាង​របស់​មេធាវី​និង​សាច់​ញាតិ។ ហើយ​តាម​អ្វី​ដែល​សមត្ថកិច្ច​គេ​ពិនិត្យ​មើល​ទៅ​លើ​បុគ្គលិក​លក្ខណៈ និង​ស្ថានភាព​ជាក់​ស្តែងគឺ​ដូច​ជា​មិន​មាន​អី​ខុស​ប្រក្រតី​នោះ​ទេ ហើយ​កុមារ​នេះ​គឺ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស។ អ៊ីចឹង​ដំណើរ​ការ​នៃ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​គឺ​ផ្អែក​ទៅ​លើ​អង្គហេតុ​និង​អង្គ​ច្បាប់»។

ម្តាយ​បង្កើត​កុមារ​កាក់​សុវណ្ណច្ឆ័យ​ អាយុ​៤៣​ឆ្នាំ​បាន​បញ្ជាក់​ថា កូន​ប្រុស​គាត់​ធ្លាប់​ទទួលបាន​ការ​ពិនិត្យ​ពី​គ្រូ​ពេទ្យ​ដែល​ថា មាន​ជំងឺ​អូទីហ្សឹម​នោះ។ ប៉ុន្តែ​ដោយសា​រការ​ផ្លាស់ប្តូរ​ទី​លំ​នៅ​ញឹកញាប់ លិខិត​បញ្ជាក់​របស់​គ្រូ​ពេទ្យ​ក៏​បាន​បាត់​ទៅ។

អ្នកស្រី​កត់​សម្គាល់​ថា​ក្នុង​សវនាការ​កន្លង​មក​មេធាវី​ការពារ​ក្តី​ក៏​សុំ​ឲ្យ​ខាង​គ្រូពេទ្យ​ពិនិត្យ​កូន​គាត់​ដែរ​តែ​តុលាការ​បាន​ជំទាស់។ អ្នកស្រី​និយាយ​ថា៖ «ខាង​មេធាវី​គាត់​សុំ​ឲ្យ​ពេទ្យ​ធ្វើ​តែ​ខាង​តុលាការ​គាត់​អត់​ឲ្យ​ហ្មង»។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​តុលាការ​មិន​គួរ​បន្ត​នីតិវិ​ធី​ឃុំ​ខ្លួន និង​ជំនុំ​ជម្រះ​ក្តី​របស់កុមារ​កាក់ សុវណ្ណច្ឆ័យ ​តាំង​ពី​ដើម​ទី​មក បើ​យោង​ទៅ​តាម​ស្ថានភាព​កុមារ​ដែល​ជា​អនីតិជន ហើយ​មាន​ជំងឺ​អូទីហ្សឹម​ផង​នោះ។

អ្នក​ស្រី​ថ្លែង​ថា៖​«ខ្ញុំ​និយាយ​ដដែលៗ ពាក់​ព័ន្ធ​នឹង​លក្ខខណ្ឌ​ដែល​កុមារ​រូប​នេះ​ជា​អនីតិជន ហើយ​ទី​២ មាន​ស្ថានភាព​ជំងឺអូទីហ្សឹម​ទៀត​ហើយ​ដែល​លក្ខខណ្ឌ​ទាំង​អស់​នេះ​ឧត្តម​ផល​ប្រយោជន៍​ទៅ​លើ​កុមារ​គួរ​តែ​ត្រូវ​បាន​គិត​គូរ​តាំង​ពី​ដំបូង​នៃ​ដំណាក់​កាល​នីតិ​វិធី​នៃ​ការ​ចោទ​ប្រកាន់​ហើយ​និង​ចាប់​ខ្លួន​និង​ការ​ឃុំ​ខ្លួន» ។

អ្នកស្រី​បន្ថែម​ថា​តុលាការ​គួរ​តែ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​លម្អិត​ជាពិសេស​ខាង​ផ្នែក​សេរីភាព​បញ្ចេញ​មតិ​ដោយ​អ្នក​ស្រី​យល់​ថា​ការ​បង្ហោះ​សារ​ក្នុង​តេឡេក្រាម​មិន​ទាន់​អាច​ចាត់​ទុក​ថា​ជា​ការ​ការ​បង្ហោះ​ជា​សាធារណៈ​នោះ​ទេ។

អ្នកស្រី​ថ្លែង​ថា៖ «ករណី​ចោទ​ប្រកាន់​មក​លើ​កុមារ​នេះ​មិន​គួរ​កើត​ឡើង​នោះ​ទេ​ហើយ​យើង​ដឹង​ហើយ ដំណើរ​រឿងឈាន​ដល់​ការ​ចាប់​ខ្លួន​កុមារ​នេះ​គឺ​ដោយ​សារ​ការ​ទំនាក់​ទំនង​តាម​បណ្តាញ​ឯកជន​ទៅ​ទៀត។ តាម​រយៈ​តេឡេក្រាម​មែន​ទែន​មិន​មែន​ជា​ការ​សន្ទនា​ឬ​ក៏​ការ​បង្ហោះ​សារ​ជា​សាធារណៈ​ហើយ​បើ​ទោះ​បី​ជា​បង្ហោះ​សារ​ជា​សាធារណៈ​តុលាការ​គួរ​តែ​ពិនិត្យ​ពិច្ច័យ​ឲ្យ​បាន​យក​ចិត្ត​មែន​ទែន​ចំពោះ​សេរី​ភាព​បញ្ចេញ​មតិ»។​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​របស់​អង្គការ​លីកាដូ​លោក​ អំ សំអាត លើក​ឡើងថា​តុលាការ​គួរ​អនុញាត​ឲ្យ​កុមារ​សុវណ្ណច្ឆ័យ​បាន​ទទួល​ការ​ព្យាបាល​ហើយ​ថា​តុលាការ​ក៏​គួរ​ពន្លឿន​នីតិវិធី​ប្រកាស​សាល​ក្រម​ដល់​កុមារ​រូប​នោះ​ឲ្យ​បាន​ឆាប់​ព្រោះ​ការ​បន្ត​ឃុំ​ខ្លួន​យូរ​អាច​នឹង​ប៉ះពាល់​សិទ្ធិ​របស់​កុមារ​រូប​នោះ​និង​ផ្ទុយ​ពី​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

លោក​អំ សំអាត បញ្ជាក់​ថា៖ «នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ការ​ឃុំ​ខ្លួន​ទៅ​លើ​កុមារ​អាយុ​ពី​១៦​ទៅ​ក្រោម​១៨​ឆ្នាំ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​យ៉ាង​យូរ​បំផុត​បួន​ខែ​ក៏​ប៉ុន្តែ​ការ​ពន្យារ​ពេល​នៃ​សវនាការ​នេះ​ធ្វើ​ឲ្យ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ហ្នឹង​គឺ​មាន​រយៈ​ពេល​យូរ​ទៅ​ទៀត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​គាត់​ហើយ​ចំណុច​ហ្នឹង​ហើយ​ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​បន្ត​ទៅ​ទៀត»។​

​បើ​តាម​អង្គការ​លីកាដូ​កុមារ សុវណ្ណច្ឆ័យ​ ធ្លាប់​ត្រូវ​បាន​បដិសេធ​ក្នុង​ការ​ដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំកាល​ពី​ថ្ងៃ​ទី៣​ ​ខែ​សីហាឆ្នាំ​២០២១​ ​ហើយ​គិត​ត្រឹម​ពេល​នេះគាត់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគារ​រយៈពេល១១១​ថ្ងៃ​ហើយ។​

កុមារ​រូប​នេះក៏​ធ្លាប់​ជា​គោល​ដៅ​នៃ​ការ​វាយប្រហារ​ដោយ​អំពើ​ហិង្សា​ផង​ដែរក្នុង​នោះ​មាន​ហេតុការណ៍​ក្នុង​ខែ​មេសាឆ្នាំ​២០២១នៅ​ពេល​ដែល​មាន​ការ​គប់​ដុំ​ឥដ្ឋ​ចំ​ក្បាល​របស់​គាត់បណ្ដាល​ឲ្យ​រង​របួសព្រម​ទាំង​ត្រូវ​ដេរ​ព្យាបាល​របួស៕