អង្គការ​សិទ្ធិមនុស្ស​សុំ​ម្ចាស់​ជំនួយ​និង​ FBI ​សើរើ​យុត្តិធម៌​នៃ​ការ​គប់​គ្រាប់​បែក​២០ឆ្នាំ​មុន

រូបឯកសារ៖ បុរសម្នាក់​អុជធូប​ប្រារព្ធ​ពិធី​បង្សុកូល​នៅស្តូប​អ្នក​បាត់បង់​ជិវិត​នៃ​ការ​វាយ​ប្រហារ​ដោយ​ការ​គប់​គ្រាប់​បែក​កាលពី​ឆ្នាំ​១៩៩៧ ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​ដល់​ជន​រងគ្រោះ នៅ​សួនច្បារ​វត្តបុទុម​វត្តី​ រាជធានីភ្នំពេញ​ កាលពី​ថ្ងៃពុធ ទី៣០ ខែ​មីនា ឆ្នាំ២០១៦។

មាន​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​ចំនួន​១៦នាក់​បាន​ស្លាប់ ហើយ​១៥០នាក់​ផ្សេង​ទៀត​ រួមទាំង​ជន​ជាតិ​អាមេរិកាំង​ម្នាក់​ផងដែរ ​គឺ​លោក ​Ron Abney​ ត្រូវ​រង​របួស​ក្នុងការ​វាយ​ប្រហារ​គ្រាប់​បែកដៃ​ចំនួន​៤គ្រាប់ ​កាលពី​ថ្ងៃទី​៣០​ ខែមីនា ​ឆ្នាំ​១៩៩៧ ​នៅមុខ​អតីត​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ។

អង្គការ​សិទ្ធិមនុស្ស ​Human​ Rights​ Watch ​បាន​ទទូច​ជាថ្មី​ឲ្យ​សហគមន៍​អន្តរជាតិ​ដែល​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា​ទាមទារ​ការ​ទទួល​ខុសត្រូវ​ និង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​អំពើ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​លើ​ហ្វូង​បាតុករ​ក្រុម​ប្រឆាំង​កាលពី​២០ឆ្នាំ​មុន​ ក្រៅពី​ទទូច​ដល់​ប៉ូលិស ​FBI ​របស់​សហរដ្ឋ​អាមេរិក ​ឲ្យ​បើក​កិច្ចស៊ើប​អង្កេត​បន្ត​ទៀត។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​ប្រេដ អាដាំស៍​ (Brad Adams)​ នាយក​អង្គការ ​Human​ Rights ​Watch ​ប្រចាំ​តំបន់​អាស៊ី​នៅ​ថ្ងៃ​ពុធនេះ​ បាន​បញ្ជាក់​ថា៖

«ការ​ជំរុញ​ឲ្យ​បញ្ចប់​ការ​ស៊ើប​អង្កេត​រក​ភស្តុតាង​ពី​ការ​ពាក់ព័ន្ធ​នឹង​កង​អង្គរក្ស​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​អំពើ​ឃោឃៅ​នេះ​ មាន​ន័យ​ថា ជា​ការ​បញ្ជាក់​ពី​ការ​ស៊ើប​អង្កេត​ក្នុង​ប្រទេស​ដ៏​ហ្មត់ចត់ ​ដែល​ពុំ​ធ្លាប់​កើត​ឡើង ​ហើយនឹង​មិន​ដែល​កើត​ឡើង​នោះ​ ឲ្យ​កើត​ឡើង​បាន‍។​ អង្គការ​សហប្រជាជាតិ ​និង​ម្ចាស់​ជំនួយ​របស់​កម្ពុជា​ដែល​ផ្តល់​ជំនួយ​ដ៏ធំ​សម្រាប់​ថវិកា​ជាតិ​ ត្រូវតែ​ទាមទារ​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ដែល​បំផ្លាញ​ដល់​ដំណើរការ​ផ្លាស់ប្តូរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។​

រូបឯកសារ៖ មន្ត្រី​ប៉ូលិស​កំពុង​រាប់​ចំនួន​មនុស្ស​ស្លាប់ និង​រង​របួស​នៅ​ក្នុង​ហេតុការណ៍​គប់​គ្រាប់​បែក​នៅ​មុខ​វិមាន​រដ្ឋ​សភាជាតិ​ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ១៩៩៧។

មាន​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​ចំនួន​១៦នាក់​បាន​ស្លាប់ ហើយ​១៥០នាក់​ផ្សេង​ទៀត​ រួមទាំង​ជន​ជាតិ​អាមេរិកាំង​ម្នាក់​ផងដែរ ​គឺ​លោក ​Ron Abney​ ត្រូវ​រង​របួស​ក្នុងការ​វាយ​ប្រហារ​គ្រាប់​បែកដៃ​ចំនួន​៤គ្រាប់ ​កាលពី​ថ្ងៃទី​៣០​ ខែមីនា ​ឆ្នាំ​១៩៩៧ ​នៅមុខ​អតីត​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ។ ​បាតុកម្ម​ទាមទារ​យុត្តិធម៌ ​ការ​ផ្លាស់​ប្តូរ​ប្រជាធិបតេយ្យ ​កំណែ​ទម្រង់​តុលាការ​បំបាត់​អំពើ​ពុករលួយ​ដែល​មាន​ការ​ចូលរួម​ពី​ហ្វូង​មនុស្ស​ជាង​២០០នាក់​នោះ​ គឺ​ដឹកនាំ​ដោយ​លោក​ សម រង្ស៉ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង។​

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់ថា ​ក្រុម​សាក្សី​មួយ​ចំនួន​បាន​រាយការណ៍​ប្រាប់​ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​អ.ស.ប ​និង​ប៉ូលិស ​FBI​ ថា​អ្នក​គប់គ្រាប់​បែក​បាន​រត់​ឆ្លងកាត់​សំដៅ​ទៅ​កាន់​កង​អង្គរក្ស​លោក​ ហ៊ុន សែន​ ដែល​ពង្រាយ​នៅភាគ​ខាងលិច​នៃ​សួន​ឧទ្យាន​ដែល​ការពារ​គេហដ្ឋាន​របស់​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។​ តែ​ក្រុម​អង្គរក្ស​បាន​ឃាត់ឃាំង​សមាជិក​ហ្វូង​មនុស្ស​ខ្លះ ​ដែល​ដេញ​តាម​អ្នក​គប់គ្រាប់​បែក​នោះ​ហើយ​សម្លុត​រកបាញ់​ពួកគេ​ បើ​មិន​ដក​ថយ។

ជំនួស​ឲ្យ​ការ​ស៊ើប​អង្កេត​ហ្មត់ចត់ ​លោក​ ហ៊ុន សែន ​ពេលនោះ​បាន​អំពាវ​នាវ​ឲ្យ​ចាប់​ខ្លួន​អ្នក​រៀបចំ​បាតុកម្ម​ ហើយ​បញ្ជា​ប៉ូលិស​មិន​ឲ្យ​ក្រុម​អ្នក​រៀបចំ​បាតុកម្ម​ចាកចេញ​ពី​ប្រទេស។

ក្រុម​ប៉ូលិស​ FBI ​ធ្លាប់​បាន​និយាយថា​ ការ​ស៊ើប​អង្កេត​ត្រូវបាន​រំខាន ​តែ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ធ្លាប់​បាន​និយាយ​ថា ស.រ.អា​ នឹង​មិន​ដែល​បំភ្លេច​អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្លួន​ទេ​ ហើយ​សន្យា​ថា​នឹង​នាំ​ខ្លួន​ជន​ទាំង​នោះ​មក​កាត់​ទោស​ ទោះបី​ជា​ត្រូវការ​ពេល​យូរ​ប៉ុណ្ណា​ក្តី៕