អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​បទចោទ​លើ​សកម្មជន​បរិស្ថាន

រូបឯកសារ៖ សកម្មជនមាតាធម្មជាតិឈរនិយាយនៅមុនពេលចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ការ​បន្ត​បើក​សវនាការ​លើ​សកម្ម​ជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ គឺ​ជា​បែប​ផែន​នៃ​ការ​គាប​សង្កត់​សិទ្ធិ​ការពារ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​អាជ្ញាធរ​ប្រទេស​នេះ​គួរ​ពិចារណា​ទម្លាក់​បទ​ចោទ​លើ​សកម្ម​ជន​ទាំង​នោះ។​ នេះ​ជា​ការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​នា​ថ្ងៃ​ចន្ទ​នេះ។​

សកម្ម​ជន​មាតា​ធម្មជាតិ​ដែល​រួម​មាន​លោក​ យឹម លាងហ៊ី ​លោក ​លី ចាន់ដារ៉ាវុត ​លោក ​ថុន ​រដ្ឋា ​កញ្ញា ​ឡុង គន្ធា​ កញ្ញា​ ភួន កែវរស្មី ​និង​សកម្ម​ជន​ប្រាំ​នាក់​ទៀត ​កំពុង​ត្រូវ​បាន​តុលាការ​កម្ពុជា​កោះ​ហៅ​ឱ្យ​ចូលរួម​សវនាការ​ ជុំវិញ​បទ​ចោទ​«ប្រមាថ​ព្រះ​មហា​ក្សត្រ»​ និង​ «រួម​គំនិត​ក្បត់»។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី ១៦ ​ខែ​មិថុនា ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ថ្លែង​ថា​ អាជ្ញាធរ​កម្ពុជា​កំពុង​ធ្វើ​ការកាត់​សេចក្តី​សកម្ម​ជន​បរិស្ថាន​ចំនួន ​១០ ​នាក់​ លើ​បទ​ចោទ​ដែល​មាន​ជាប់​ហេតុ​ផល​នយោបាយ ​ដើម្បី​បិទ​សំឡេង​រិះគន់​លើ​គោល​នយោបាយ​រដ្ឋាភិបាល។​

នាយិកា​រង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ អ្នកស្រី​ Bryony Lau ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ ​«នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត ​ដែល​មិន​ខុស​ពី​ឪពុក​របស់​គាត់​គឺ​លោក​ ហ៊ុន សែន​ ហាក់​ដូចមាន​បំណង​ដាក់​ឱ្យ​ជាប់​ឃុំ​ខ្លួន​សកម្ម​ជន​បរិស្ថាន​ ជា​ជាង​ទទួល​យក​ការ​រួម​ចំណែក​របស់​ពួកគេ​មក​ដល់​សង្គម​កម្ពុជា»។​

អ្នក​ស្រី​បន្ថែម​ថា៖​ «ការ​បន្ត​នីតិវិធី​លើ​សកម្ម​ជន​ទាំង​នេះ​ គឺ​បង្ក​ការ​ឈឺ​ចាប់​ដល់​ពួកគេ​ បរិស្ថាន​ និង​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ ដែល​មាន​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ដែល​ល្អ ​ស្អាត​ និង​មាន​ចីរភាព»។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​កើត​ឡើង ​នៅ​ចំ​ពេល​តុលាការ​ប្រទេស​កម្ពុជា​បន្ត​បើក​សវនាការ​សំណុំ​រឿង​រួម​គំនិត​ក្បត់​របស់​សកម្ម​ជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ។​

បើ​តាម​សកម្ម​ជន​ខ្លះ​ដែល​ចូល​រួម​ក្នុង​សវនាការ​នៅ​ថ្ងៃ​ចន្ទ​នេះ​ តុលាការ​បាន​ចាក់​បញ្ចាំង​បទ​សម្ភាសន៍​របស់​សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក ​អាឡិច​ ហ្សង់ដ្រូ ​ហ្គន់សាឡេស ​ដេវិតសិន (Alex Gonzalez-Davidson)​ ជា​វីដេអូ​ជាង​ពីរ​ម៉ោង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។​ សវនាការ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​គឺ​ជា​សវនាការ​លើក​ទី ៤។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន ​បាន​ច្រាន​ចោល​ការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​និង​ថា​ កម្ពុជា​នឹង​ធ្វើ​ទៅ​តាម​ច្បាប់ ​ដែល​មាន​ជាធរមាន​របស់​ខ្លួន​ នៅ​ក្នុង​ការ​កាត់​សេចក្តី​សំណុំ​រឿង​របស់​សកម្ម​ជន​ដែល​កំពុង​ប្រឈម​នឹង​ការ​កាត់​ទោស​នៅ​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា។​

លោក​ប្រាប់​វីអូអេ​នា​ថ្ងៃ​ចន្ទ​នេះ​ថា៖​ «សំណើ​របស់​គាត់​ហើយនឹង​ការ​ចោទ​ប្រកាន់​របស់​គាត់​ យើង​ដឹង​ហើយ​កន្លង​មក​គឺ ​មិន​ ​មិន​ស្រប​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​ និង​នីតិវិធី​ច្បាប់​របស់​កម្ពុជា​ដែល​មាន​ជា​ធរមាន​ទេ។​ ហើយ​សំណើ​ចោទ​ប្រកាន់​ហ្នឹង​ គឺ​មិន​មាន​ឥទ្ធិពល​អី​ទៅ​លើ​ស្ថាប័ន​តុលាការ​នោះ​ទេ។​ វា​គ្រាន់​តែ​ជា​រូប​ភាព​ផ្នែក​នយោបាយ​ដើម្បី​បិទ​បាំង​កំហុស​ និង​ការពារ​ដល់​ជន​ជាប់​ចោទ​ដែល​ជា​បក្ខពួក ដៃ​ជើង​របស់​គាត់​ហ្នឹង​ប៉ុណ្ណោះ​ឯង​ ក៏​ប៉ុន្តែ​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ ហើយ​អនុវត្ត​ទៅ​តាម​ច្បាប់​និង​នីតិវិធី​របស់​កម្ពុជា​ដែល​ជា​រដ្ឋ​អធិប​តេយ្យ»។​

វីអូអេ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក ​អ៊ី​ រិន្ទ​ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ ​លោក ​ថុន រដ្ឋា​ ថ្លែង​ថា​ សកម្ម​ជន​មាតា​ធម្មជាតិ​បាន​ធ្វើ​ការងារ​បរិស្ថាន​កន្លង​មក​ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ស្ថាន​ភាព​ប្រឈម​ ខណៈ​ធន​ធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​រង​ការ​បំផ្លិច​បំផ្លាញ។​ ប៉ុន្តែ​លោក​ថា​ សកម្ម​ជន​ទទួល​បាន​ផល​តប​ស្នង​មក​វិញ​នូវ​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​ដែល​មិន​សម​ហេតុផល។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​យើង​ឃើញ​ថា​ បទ​ចោទ​ប្រកាន់​មក​កាន់​ពួក​យើង​នេះ​ វា​បែរ​ទៅ​ជា​បទ​ រួម​គំនិត​ក្បត់​ដែល​ជា​បទ​ឧក្រិដ្ឋ​មួយ។ ​ហើយ​បើ​យើង​និយាយ​ពី​និយម​ន័យ​នៃ​បទ​រួមគំ​និត​ក្បត់​ហ្នឹង​ទៀត​សោត​ គឺ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​សកម្ម​ភាព​ដែល​មាន​ការ​ផ្តួល​រំលំ​ មាន​ការ​ចង់​ធ្វើ​រដ្ឋ​ប្រហារ​ ឬ​ក៏​ប្រើប្រាស់​ហិង្សា​អី​ផ្សេងៗ​ជាដើម។ ​អ៊ីចឹង​យើង​មើល​ឃើញ​ថា​ សកម្ម​ភាព​របស់​ពួក​យើង​គឺ​វា​មិន​ដែល​មាន​សកម្ម​ភាព​ទាំង​អស់​ហ្នឹង​ដែល​ជា​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​ទេ»។​

លោក​បាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​សកម្ម​ជន​ទាំងអស់ ​ក្រោម​ហេតុផល​ថា​ ​សកម្ម​ភាព​ការ​ពារ​បរិស្ថាន​មិន​មែន​ជា​បទ​ឧក្រិដ្ឋ ​ហើយ​ពួក​គេ​ក៏​គ្មាន​គំនិត​គិត​ទៅ​ដល់​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ដែរ។​

លោក ​ថុន រដ្ឋា ​គឺ​ជា​សកម្ម​ជន​ម្នាក់​ក្នុង​ចំណោម​ ១០ ​នាក់​ នៃ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​រួម​គំនិត​ក្បត់។​ នៅ​ក្នុង​ចំណោម​១០​នាក់​នោះ​ មាន​សកម្ម​ជន​បី​នាក់​កំពុង​ស្ថិត​ក្នុង​សំណុំ​រឿង​ប្រមាថ​ព្រះ​មហា​ក្សត្រ​ និង​រួម​គំនិត​ក្បត់​ផង​គឺ ​មាន​លោក​ យឹម លាង​ហ៊ី ​កញ្ញា ​ស៊ុន រដ្ឋា ​និង​លោក​ អាឡិច​ហ្សង់ដ្រូ ​ហ្គន់សាឡេស ​ដេវិត​សិន ​(Alex Gonzalez-Davidson)​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៥ ​ចំពោះ​សកម្ម​ភាព​បរិស្ថាន​របស់​លោក​ក្នុង​តំបន់​អារ៉ែង​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង​របស់​ប្រទេស​កម្ពុជា។​

មុន​សវនាការ​នៅ​ថ្ងៃ​ចន្ទ​នេះ ​សកម្ម​ជន​មាតា​ធម្មជាតិ​ធ្លាប់​បាន​ធ្វើ​ពហិការ​សវនាការ​ និង​ធ្វើការ​តស៊ូ​មតិ​ផ្សេងៗ​នៅ​មុខ​និង​ក្នុង​តុលាការ​ ដោយ​មាន​ទាំង​ការ​ស្លៀកពាក់​ស ​សម្តែង​ការ​កាន់​ទុក្ខ ​និង​ការ​បន់​ស្រន់​អរ័ក្ស​អ្នក​តា​ ដើម្បី​បាន​យុត្តិធម៌​ពិត​ប្រាកដ​ពី​តុលាការ។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​ឃ្លាំ​មើល​រឿង​ក្តី​របស់​សកម្ម​ជន​បរិស្ថាន​មាតា​ធម្មជាតិ ​បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា ​ជាង​មួយ​ទសវត្សរ៍​មក​នេះ​ អង្គការ​ចលនា​មាតា​ធម្មជាតិ​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​លក្ខណៈ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ និង​បាន​លាត​ត្រដាង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ប្រទេស​កម្ពុជា​ ហើយ​បាន​កៀរគរ​ពលរដ្ឋ​កម្ពុជា​វ័យ​ក្មេង​ឱ្យ​ការពារ​ជីវៈ​ចម្រុះ​របស់​ប្រទេស​ដែល​កំពុង​រង​ការ​ខូចខាត​ដោយ​សន្សឹមៗ។ ​ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ កម្ពុជា​មាន​អត្រា​ខ្ពស់​បំផុត​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​និង​កម្រិត​ខ្ពស់​នៃ​ការជួញ​ដូរ​សត្វ​ព្រៃ៕​