ការចាប់បញ្ជូនជនជាតិភាគតិចម៉ុងតាញ៉ា ដោយបង្ខំចេញពីប្រទេសកម្ពុជា អាចនឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសនេះ។ ក៏ប៉ុន្តែអាជ្ញាធរកម្ពុជា អះអាងថា ប្រទេសកម្ពុជាមិនបានចាប់បង្ខំជនជាតិនេះ ឲ្យចេញពីប្រទេសនោះទេ គឺកម្ពុជាគ្រាន់តែអនុវត្តច្បាប់ ដូចអ្វីដែលសហរដ្ឋអាមេរិកបានធ្វើ ក្នុងការបញ្ជូនជនភៀសខ្លួនចេញពីប្រទេស។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឲ្យបានល្អិតល្អន់ នៅមុនការចាប់បញ្ជូនជនជាតិម៉ុងតាញ៉ាវៀតណាមចំនួន ២៩នាក់ ដើម្បីបញ្ចៀសការខូចខាតកេរ្តិ៍ឈ្មោះរបស់ប្រទេសក្នុងកិច្ចការពារសិទ្ធិជនភៀសខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។
លោក Phil Robertson នាយករងនៃអង្គការឃ្លំាមើលមនុស្សHuman Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១២ ខែកញ្ញាថា ជនភៀសខ្លួនតំបន់ភ្នំនៃប្រទេសវៀតណាមទាំងនោះ នឹងរងការធ្វើទុក្ខបុកមេ្នញធ្ងន់ធ្ងរ ប្រសិនបើពួកគេត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនត្រឡប់ទៅកាន់វៀតណាម។
លោក Phil Robertson ត្រូវបានដកស្រង់សម្តីក្នុងន័យដើមថា៖
«មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រទេសកម្ពុជាមិនគួរបង្ខំជនភៀសខ្លួនទាំងនោះឲ្យត្រឡប់ទៅប្រទេសវៀតណាម ជាទីដែលពួកគេនឹងប្រឈមការធ្វើទុក្ខបុកម្នេញខាងនយោបាយ និងសាសនា»។
លោកបានបន្តក្នុងន័យដើមថា៖
«ប្រសិនបើរដ្ឋាភិបាលបង្ខំពួកគេឲ្យត្រឡប់ទៅវិញនោះ កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ក្នុងនាមជាមេដឹកនាំថ្នាក់តំបន់ក្នុងកិច្ចការពារសិទ្ធិជនភៀសខ្លួន នឹងខូចខាតយ៉ាងដំណំ»។
ជនជាតិម៉ុងតាញ៉ា ជារឿយៗត្រូវគេដឹងថា បានលបចូលសម្ងំលាក់ខ្លួននៅប្រទេសកម្ពុជា ដោយសារការរឹតត្បិតខាងសាសនានៅប្រទេសវៀតណាម។
លោក កែម សារិន ប្រធាននាយកដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផៃ្ទបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការអនុញ្ញាតឲ្យជនជាតិម៉ុងតាញ៉ាបន្តរស់នៅប្រទេសកម្ពុជាបាន ឬក៏ទៅរស់នៅប្រទេសទីបីបាន លុះត្រាតែពួកគេទទួលបានឋានៈជាជនភៀសខ្លួន។ លោកថា អង្គការឃ្លាំមើលសិទ្ធិមនុស្សផ្តល់សេចក្តីអធិប្បាយ ពាក់ព័ន្ធនឹងការបញ្ជូនជនជាតិម៉ុងតាញ៉ានេះ ដោយមិនបានមើលទៅលើទិដ្ឋភាពច្បាប់ស្តីពីជនភៀសខ្លួន។
«ទោះបីកម្ពុជាមិនបញ្ជូនគាត់ចេញ ក៏គាត់ត្រូវតែចេញដែរ។ បើសិនជាគាត់អត់មានបានឋានៈ ជនភៀសខ្លួននៅប្រទេសណាមួយ គាត់នៅម៉េចបាន ដូចអាមេរិកអីចឹង កាលណាគាត់ យើងទៅអាមេរិក កាលណាគាត់អត់ឲ្យសិទ្ធិជ្រកកោន ជាជនភៀសខ្លួនហ្នឹង យើងនៅអាមេរិកម៉េចបាន។ គាត់និយាយហ្នឹង វាអត់មានយល់ផ្លូវច្បាប់ទេ»។
លោកបានពន្យល់បន្ថែមថា៖
«អាហ្នឹងវារឿងរបស់នីតិវិធី ឬមួយក៏រឿងខាងជនភៀសខ្លួន គេធ្វើដំណើរការនីតិវិធីទៅ បើជាប់ គាត់បាននៅ មិនជាប់ គាត់មិនចេញ មិនដេញ ក៏គាត់ត្រូវតែចេញដែរ។ អាហ្នឹងតាមច្បាប់ហ្នឹង គឺគាត់ត្រូវប្តឹងឧទ្ធរណ៍ ហើយអីហើយ គេមើលឃើញថា ពេលគេប្តឹងឧទ្ធរណ៍ហ្នឹង គាត់ក៏មិនមានឯកសារអីគ្រប់គ្រាន់ ក្នុងការបង្ហាញអាជ្ញាធរមានសមត្ថកិច្ចអីគ្រប់គ្រាន់ថា គាត់ជាអ្នកមានការធ្វើទុក្ខបុកម្នេញពីប្រទេសសាម៉ី អីអីចឹងមែន អាហ្នឹងក៏គាត់មិនបានជាប់ឋានៈ ជាជនភៀសខ្លួនហើយគាត់ក៏ត្រូវចេញដែរ កុំនិយាយថាគេដេញ»។
ទោះជាយ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា មិនបានអនុវត្តដំណើរការត្រួតពិនិត្យរួមគ្នា ជាមួយឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា (UNCHR) ដែលបានត្រៀមចូលរួមពិនិត្យលើការសម្រេចចិត្តបដិសេធលើកដំបូងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទទួលយកជនជាតិម៉ុងតាញ៉ាទាំងនោះ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ប្រទេសកម្ពុជាបានច្រានចោលការជួយជ្រោមជ្រែងរបស់ UNCHR ក្នុងការយកជនភៀសខ្លួនទាំងនោះ ទៅរស់នៅក្នុងប្រទេសទីបី។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅតំបន់អាស៊ី ត្រូវបានដកស្រង់សម្តីក្នុងន័យដើមបន្ថែមថា៖
«រដ្ឋាភិបាលកម្ពុជាត្រូវបានតម្រូវឲ្យធ្វើឲ្យប្រាកដថា ជនភៀសខ្លួនជនជាតិម៉ុងតាញ៉ាទាំងនេះ ត្រូវបានការពារ ហើយក៏មិនត្រូវបញ្ជូនពួកគេត្រឡប់ទៅវិញ តាមវិធីគ្រោះថ្នាក់នៅវៀតណាមនោះឡើយ»។
លោក កែម សារិន អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផៃ្ទ បានការពារការអនុវត្តច្បាប់របស់រដ្ឋាភិបាល ហើយថា អង្គការឃ្លាំមើលសិទ្ធិមនុស្សគួរសម្លឹងមើលសហរដ្ឋអាមេរិក ដែលបានចាប់បញ្ជូនជនភៀសខ្លួនរាប់ពាន់នាក់ចេញពីប្រទេសរបស់ខ្លួន។
«គាត់ចេញមកអីចឹង វាហាក់បីដូចជា មើលប្រទេសមួយហ្នឹងវាអាក្រក់ពេក រួចទៅអាមេរិកគាត់ដេញគេ រាប់ពាន់រាប់ម៉ឺននាក់ហ្នឹង គាត់មិនថាអាមេរិក បណ្តេញផង។ ប្រទេសណា បណ្តេញគាត់ពុំឃើញទេ និយាយតែមួយកំណាត់អីចឹងមិនកើតទេ»។
លោក កែម សារិន បានអះអាងថា រាល់ការសម្ភាសន៍ជនដែលព្យាយាមសុំឋានៈជនភៀសខ្លួននីមួយៗ គឺមានមន្ត្រីរបស់ UNCHR ចូលរួម ដោយអាជ្ញាធរមិនអាចសម្រេចចិត្តតែឯកឯងបាននោះឡើយ។
នៅឆ្នាំ២០០១កងទ័ពរបស់ប្រទេសវៀតណាមបានបង្រ្កាបការតវ៉ារបស់ប្រជាជនកុលសម្ព័ន្ធនៅតំបន់ខ្ពង់រាបភាគកណ្តាល ដែលពន្យុះឲ្យមានការហូរចូលនៃក្រុមកុលសម្ព័ន្ធជនជាតិភាគតិចវៀតណាមទាំងនោះភៀសខ្លួនមកកាន់ប្រទេសកម្ពុជា។ ហើយអាជ្ញាធរវៀតណាមក៏បានស្នើជាប្រចាំឲ្យកម្ពុជាចាប់បញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតពួកគេវិញ។
ជនភៀសខ្លួនជាច្រើនរយនាក់បានទទួលសិទ្ធិជ្រកកោននៅប្រទេសទី៣ ក្នុងនោះសហរដ្ឋអាមេរិកទទួលយកពួកគេច្រើនជាងគេ។
ពាក់ព័ន្ធនឹងក្តីបារម្ភនៃការចាប់បញ្ជូនជនជាតិម៉ុងតាញ៉ាទាំង ២៩នាក់នោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានស្នើរដ្ឋាភិបាលវៀតណាមបញ្ឈប់ជាបន្ទាន់នូវការធ្វើទុក្ខបុកម្នេញខាងនយោបាយដែលមានលក្ខណៈជាប្រព័ន្ធ និងការរឹតបន្តឹងនានាលើសេរីភាពសាសនាសម្រាប់ពលរដ្ឋម៉ុងតាញ៉ារស់នៅតំបន់ខ្ពង់រាបភាគកណ្តាល។ ប្រទេសវៀតណាមក៏គួរតែអនុញ្ញាតឲ្យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អនុវត្តអាណត្តិនៃសិទ្ធិការពារជនភៀសខ្លួន ហើយរដ្ឋាភិបាលទីក្រុង ហាណូយ (Hanoi) ត្រូវយល់ស្របនឹងការមិនដាក់សម្ពាធដល់ជនភៀសខ្លួនទាំងនោះឲ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ៕