សិទ្ធិ​មនុស្ស និង​ពាណិជ្ជកម្ម​ស្ថិត​ក្នុង​ចំណោម​ចំណុច​ផ្តោត​របស់​លោកចន ​ឃែរី​នៅ​កម្ពុជា

លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្តល់សន្និសីទសារព័ត៌មាន (Press Statement) អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅសណ្ឋាគារ Raffle Le Royal នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។

កង្វល់​អំពី​សិទ្ធិមនុស្ស​និង​ពាណិជ្ជកម្មទ្វេភាគី​ ជាចំណុច​សំខាន់ៗ​សម្រាប់រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា​លោក​ចន ឃែរី (John Kerry) ដែលមាន​ជំនួប​មួយចំនួនជាមួយ​ក្រុម​មន្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃអង្គារនេះ។​

លោក​ Kerry បាន​មាន​ប្រសាសន៍​ថា ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សិទ្ធិមនុស្ស សេរីភាព​សាកល​ និង​អភិបាលកិច្ចល្អ​មាន «សារៈសំខាន់» ដើម្បី​បំពេញ​សក្តានុពល​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ស.រ.អា។

លោក​បាន​ធ្វើអត្ថាធិប្បាយ​ដូច្នេះ​ទៅ​កាន់​ក្រុម​អ្នកកាសែតនៅ​ក្នុង​ទីធ្លា​ត្រសុំត្រសាយមួយ​ បន្ទាប់​ពីលោក​បាន​ធ្វើការ​ចរចា​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ក្រុម​មន្ត្រី​ខ្មែរ​ ដែល​មាន​រួមបញ្ចូល​នាយករដ្ឋមន្ត្រីហ៊ុនសែន និង​លោកកឹមសុខាប្រធាន​ស្តី​ទី​នៃគណបក្សប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ Kerry បានមាន​ប្រសាសន៍​ថា​ «រដ្ឋាភិបាល​ប្រជាធិបតេយ្យ​មាន​ការ​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើ​ឲ្យប្រាកដ​ប្រជា​ថា ​ក្រុម​អ្នកតំណាង​ដែល​ជាប់ឆ្នោត​ទាំង​អស់​មាន​សេរីភាព​ក្នុងការ​បំពេញ​ការ​ទទួលខុស​ត្រូវ​របស់​ពួក​គេ​ដោយ​គ្មានការ​ភ័យខ្លាច​អំពី​ការ​វាយ​ប្រហារ ​ឬ​ការ​ចាប់ខ្លួនឡើយ»។ លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​លើកឡើងអំពី​ក្តី​កង្វល់​ស្តី​ពី​សិទ្ធិមនុស្ស​នៅ​ក្នុង​កិច្ចចរចា​របស់​លោក​ជាមួយ​ក្រុមមន្ត្រី​ខ្មែរ។

មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន​ទៀតអំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា ​មាន​កំណែទម្រង់​បែប​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស។​

ដោយ​លោក​សម រង្ស៊ី​មេដឹកនាំក្រុម​ប្រឆាំង​កំពុង​និរទេសខ្លួន​ដោយ​ខ្លួន​ឯង​នៅក្រៅ​ប្រទេស​ ដើម្បី​ចៀសវៀង​ពី​អ្វី​ដែល​បាន​ត្រូវ​ចាត់​ទុក​ជា​ទូទៅ​ថា​ ជា​ការ​ចោទ​ប្រកាន់​ទាក់ទិន​នឹង​នយោបាយ​ ហើយ​មាន​សមាជិក និង​សកម្មជន១៧​នាក់​នៃ​ក្រុម​ប្រឆាំង​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារនោះ​ ក្រុម​ការពារ​សិទ្ធិមនុស្ស

និយាយ​ថា ការ​កែលម្អ​ណាមួយ​នៃ​ចំណង​ទាក់ទង​ខាង​ការ​ទូត​ត្រូវតែ​មាន​ជាមួយ​ការ​ធា​នារ៉ាប់រង​ដោយ​អាជ្ញាធរ​ខ្មែរអំពី​ការ​កែទ​ម្រង់​នោះ។​

លោក Kerry ក៏​បាន​សរសើរ​ប្រទេសកម្ពុជា​អំពី​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ។

លោក Kerry បាន​មាន​ប្រសាសន៍​ប្រាប់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន នៅ​ក្នុង​កិច្ចជំនួប​ថា «ប្រទេស​កម្ពុជា​មាន​ការលូតលាស់គួរ​ឲ្យចាប់អារម្មណ៍។ លោក​អ្នក​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​មិនគួរ​ឲ្យ​ជឿ មិនមែន​តែ​នៅ​ក្នុងក្រុងភ្នំពេញ​ប៉ុណ្ណោះ​ទេ ដែល​បាន​ប្រែក្លាយ​ពី​ក្រុង​មួយ​កាត់​ផ្តាច់ដោយសារ​សង្គ្រាម ជាមួយ​ប្រជាជន​ ៣៥០.០០០​នាក់ទៅជា​ក្រុង​ទំនើប​មួយ​ជាមួយប្រជាជន​២,២​លាន​នាក់។​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​បាននិយាយ​ជម្រាប់លោក Kerry ថា ​លោក​ចាត់​ទុក​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​ ដែល​ស.រ.អា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រជុំ​នេះនៅ​ខែ​ក្រោយ​ថា​ជា «ជំហាន​មួយ​ទៅ​មុខ​សម្រាប់​ភាពដៃ​គូខាង​យុទ្ធសាស្ត្រ» រវាង​ស.រ.អា និង​បណ្តាប្រទេសសមាជិក​នៃ​សមាគម​អាស៊ាន​។​

លោក Kerry បាន​មាន​ប្រសាសន៍​ថា ចំណុច​មួយ​ក្នុង​បណ្តា​ចំណុចសំខាន់ៗ​នៅ​ក្នុង​សន្និសីទ​កំពូលនោះ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រដ្ឋ California គឺ​ការ​ដោះស្រាយ ​«ឧបសគ្គ​ជា​បន្ទាន់» នៃ​ការ​ប្រឆាំង​នឹង​ភាពជ្រុលនិយម​ប្រកប​ដោយ​អំពើ​ហិង្សា។ ​លោក​បាន​និយាយ​បន្ថែម​ថា លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែនបាន​សម្តែង​ការ​យក​ចិត្តទុកដាក់ក្នុង​ការ​ធ្វើការ​ជាមួយ​ក្រុម​ចម្រុះប្រឆាំង​នឹង​ពួក​រដ្ឋឥស្លាម។​

ប្រទេសកម្ពុ​ជាជា​ប្រទេស​ទីពីរ​ដែល​លោក Kerry បាន​ឈប់​សំចត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោក​ក្នុង​ទ្វីបអាស៊ី ​ដែល​មាន​រួមបញ្ចូល​ផង​ដែរ​នូវ​ការ​ឈប់​សំចត​មួយ​ក្នុង​ប្រទេស​ឡាវ។​

បន្ទាប់​ពី​ចាក​ចេញ​ពីប្រទេស​កម្ពុជា លោក Kerry ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ដែល​នៅ​ទីនោះ​លោក​នឹង​ជំរុញ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ឲ្យប្រើ​ឥទ្ធិពល​ខ្លួន​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេសកូរ៉េខាង​ជើង​អំពី​អ្វី​ដែល​ប្រទេស​នេះ​បាន​និយាយ​ថា ជា​ការ​ធ្វើ​តេស្ត​អាវុធបរមាណូ​ប្រកប​ដោយ​ជោគជ័យ។ គេ​ក៏​រំពឹង​ផង​ដែរថា ​លោក

រដ្ឋមន្ត្រី​ការបរទេស​អាមេរិកាំង​នឹង​លើកឡើង​អំពី​កង្វល់​របស់​ស.រ.អា​ស្តី​ពី​ជម្លោះ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

កាល​ពី​ពេល​មុន​ក្នុង​ថ្ងៃអង្គា​រនេះ​ដែរ​ លោក Kerryបាន​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរជាតិនៃ​ប្រទេសកម្ពុជា​ដែល​បាន​រក្សា​ទុក​វត្ថុ​បុរាណ​ជា​ច្រើននៃ​វប្បធម៌​ខ្មែរ៕