មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ខេត្តកោះកុង កំពុង​ស្វះស្វែង​រកដំណោះស្រាយ និង​ទីជម្រក​ដល់​ពលរដ្ឋ​ក្រោយ​ការបណ្តេញ​ចេញ​ដោយ​បង្ខំ

រូបឯកសារ៖ លោក ​អ៊ិន​ គង់​ជិត​ អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង ​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ ​អំឡុង​ពេល​ផ្ដល់​បទ​សម្ភាស​ដល់​ VOA។​ (អូន ឆេងប៉រ/VOA)

ក្រោយ​អាជ្ញាធរ​ខេត្តកោះកុង​សហការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​បាន​បណ្តេញ​ក្រុម​ប្រជា​ពលរដ្ឋ ចំនួន​៤០​គ្រួសារ​ចេញពី​លំនៅដ្ឋាន​ដែល​អាជ្ញាធរ​បាន​ចោទ​ថា បំពាន​ក្នុង​ដី​ឧទ្យាន​ជាតិ​បុទុមសាគរ​នោះ​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​កំពុង​ស្វះស្វែង​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ ព្រោះ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំងនោះ​ កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទីជម្រក​ និង​ស្បៀង​អាហារ។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​កំពុង​ស្វែង​រក​ដំណោះស្រាយ​ជូនដល់​ក្រុម​ប្រជាពល​រដ្ឋ​ចំនួន​៤០គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដើម​របស់​ពួកគេ​នៅ​ខេត្ត​កោះកុង​យ៉ាង​កំរោល​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ នេះបើ​តាម​ការ​ឱ្យ​ដឹង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​និង​តំណាង​ពលរដ្ឋ។

ការ​ស្វែង​រក​ដំណោះស្រាយ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​បុទុម​សាគរ​និង​មន្ត្រី​នៃ​ឧទ្យាន​ជាតិ​បុទុម​សាគរ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​រួមមាន​ក្រុមមន្ត្រី​អាវុធហត្ថ​និង​ក្រុម​អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ​ មាន​ចំនួន​ប្រមាណ​៣០នាក់​ដែល​ខ្លះ​មាន​កាន់​អាវុធ​វុង​ប្រភេទ​ AK៤៧​ ទៅ​រុះរើផ្ទះ​ប្រជា​ពល​រដ្ឋ​នៅ​ចំណុច​កំពង់ភ្លូ ​ភូមិ​ជីត្រេះ​ ក្នុងឃុំ​អណ្តូង​ទឹក​ ស្រុក​បុទុមសាគរ​ ដោយ​គ្មាន​ការ​ជូន​ដំណឹង​នោះ​ឡើយ។​

លោក​ អ៊ិន គង់​ជិត​ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្សលីកាដូ​ប្រចាំ​ខេត្ត​កោះកុង​មាន​ប្រសាសន៍​ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មន្ត្រី​សិទ្ធិ​មនុស្ស​មក​ពី​អង្គការ​សិទ្ធិមនុស្ស​ចំនួន​ពីរ​គឺ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​និង​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ អន​ ភារៈ​ អភិបាល​រង​ខេត្ត​កោះកុង​ ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​ ដើម្បី​រក​ដំណោះស្រាយ​ ជួយ​ដល់​ក្រុម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ​នៅ​ចំណុច​កំពង់ភ្លូ ភូមិ​ជី​ត្រេះ​ ឃុំ អណ្តូងទឹក។ លោក​ថា​ ក្នុង​ចំណោម​ក្រុមប្រជាពលរដ្ឋ​ចំនួន​៤០​គ្រួសារ​ ដែល​រងការ​បណ្តេញ​ចេញយ៉ាង​កម្រោល​នោះ មាន​ប្រមាណ​៣០​គ្រួសារ​ បាន​រុះរើ​លំនៅដ្ឋាន​ចាស់​របស់​ពួកគាត់​ ហើយ​ទៅ​ស្នាក់​អាស្រ័យ​នៅ​ជាមួយ​អ្នក​ភូមិ​ក្នុង​ឃុំ​ដដែល​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​១២​គីឡូម៉ែត្រ​ពី​ទី​តាំង​ចាស់។

លោក អ៊ិន គង់​ជិត​បាន​ចាត់​ទុក​ការ​បណ្តេញ​ពលរដ្ឋ​ទាំង​បង្ខំដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​នេះ​ថា​ជា​ទង្វើ​ធ្វើ​បាប​ប្រជាជន​។

«យើង​ឃើញ​ទង្វើ​នេះ​ ហាក់​ដូច​ជា​ មិន​បាន​ជួយ​អ្វីដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទេ​ នៅ​ពេល​ដែល​ ខណៈ​ដែល​គាត់​បាន​ បង្ក​បង្កើន​ផល​ដាំដុះ​ផល​ដំណាំ​ រដ្ឋ​ជួយ​ការពារ​ គាំពារ​ ទៅ​លើ​ប្រជា​ពលរដ្ឋ​ដែល​ ប្រកប​របរ​កសិកម្មនេះ​ ហើយ​គួរ​តែ​គាំពារ​ គួរ​តែ​លើក​ស្ទួយ​ គួរតែការពារ​ដល់​ពួកគាត់។ ដោយ​ឡែក​ ការ​ព្រងើយ​កន្តើយ​មិន​ជួយ​ពួក​គាត់​ ហើយ​បែរ​ជា​ទៅបើក​ដៃ​ឲ្យ​ក្រុម​ហ៊ុន​ចិន​និង​ខាង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ ធ្វើការ​ដោយ​បង្ខំ​ទៅ​លើ​ប្រជាពលរដ្ឋ​ហ្នឹង​ វា​ជា​ករណី​មួយ​ដែល​ការណ៍​ធ្វើ​បាប​ និង​រំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ»។

មន្ត្រីការ​ពារ​សិទ្ធិមនុ​ស្ស​រូបនេះ​ បាន​លើក​ឡើង​បន្ត​ថា​ អាជ្ញាធរ​ខេត្ត​ហាក់​ដូច​មិន​បាន​បង្ហាញ​ចេត​នា​ជួយ​ដល់​ពលរដ្ឋ​នោះទេ តែ​ថែម​ទាំង​បាន​ចោទ​ប្រកាន់​ពលរដ្ឋ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ​និង​អារឈើ​ ក្នុង​តំបន់​ឧទ្យានជាតិ​បុទុម​សាគរ។ លោកអ៊ិន​ គង់​ជិត​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ​អ្នកគ្រប់​គ្រង​ឧទ្យាន​ជាតិ​បុទុមសាគរ​ និងមន្ត្រី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​ បាន​ផ្តល់​ជំហរ​ស្រដៀងគ្នា​ថា​ តំបន់​ដែល​ក្រុម​ប្រជាពលរដ្ឋ​៤០គ្រួសារ​រស់​នៅ​អាស្រ័យផល​តាំងពី​ឆ្នាំ១៩៨៥​មកនោះ​ថា​ ជាតំបន់​ស្នូល​មាន​ដីទំនាប​ និងជាតំបន់​មាន​សត្វ​ដំរី​រស់​នៅ។​

នៅពេល​ដែល​ VOA សួរលោក​បន្ថែមថា​ តើ​អាជ្ញាធរ​អាច​នឹង​មានដំណោះស្រាយ​ដែរ​ឬ​យ៉ាង​ណា​សម្រាប់​ក្រុម​គ្រួសារ​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នោះ​ លោក​អ៊ិន គង់​ជិត​បាន​ថ្លែង​ថា​ លោក​អភិបាល​ខេត្ត​រង ​អន​ ភារៈ​បាន​ថ្លែងថា​ លោក​នឹង​ស្នើ​ទៅ​ក្រសួង​បរិស្ថាន ដើម្បីសុំ​ដីសម្បទាន​សង្គមកិច្ច​ចំនួន​៦០០​ហិកតា​ជូន​ដល់​ពលរដ្ឋ​ដែល​ត្រូវ​បានបង្ខំឲ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​កាលពី​សប្តាហ៍​មុន​នេះ។​ លោក​ថា​ផ្នែក​ខ្លះ​នៃដី​៦០០ហិកតា​នេះ​ នឹង​ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Sinomexim Investment Co., Ltd​ នៅ​ទីតាំង​ដែល ក្រុម​ប្រជា​ពលរដ្ឋ​រង​ការ​បណ្តេញ​ចេញ​កាលពី​ថ្ងៃ​ទី​ ១២​ ខែមករា​ ឆ្នាំ​ ២០១៨ កំពុងចូល​ទៅស្នាក់​នៅ​បណ្តោះ​អាសន្ន។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ មិន​ជឿ​ថា​ ការ​សន្យារ​បស់​លោក ​អន ភារៈ​ ពិត​ជា​អាច​កើត​មាន​ឡើង​នោះ​ឡើយ។

«យើង​ហាក់​ដូច​ជាអត់​មាន​សង្ឃឹម​ អត់​មាន​ជំនឿ​ទេ​ ដោយសារ​លោក អន​ ភារៈ​ ដែល​អភិបាល​រង​ខេត្ត​ហ្នឹង​ គាត់​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​ថា​ កាល​ពី​មួយឆ្នាំ​មុន​ហ្នឹង​ថា​ អាជ្ញាធរ​ហ្នឹង​បាន​ស្នើ​សុំ​ទៅ​ ក្រសួង​បរិស្ថាន​ហ្នឹង​កាត់​ឆ្វៀល​ដី​ទំហំ ៥០០ ហិកតា​ជាង​នោះ ហើយ​មួយឆ្នាំ​ជាង​ហើយ​ ឥឡូវ​វា​អត់​បាន​អត់​ឃើញ​មាន​ ហើយ​យើង​ឃើញ​ថា​ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​ស្នើ​សុំ​ ដី​សម្បទាន​កសិ​ឧស្សាហកម្ម​ហ្នឹង​ គឺ​ក្រសួង​បរិស្ថាន​បាន​ផ្តល់​ឲ្យ​យ៉ាង​រហ័ស»។

ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ត្រូវ​គេ​ជឿ​ថា​ នៅ​បន្ត​កើត​មាន​ និង​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ចប់​រួច​រាល់​នៅ​ឡើយ​ដោយ​ហេតុ​ថា​ វិវាទ​ខ្លះ​គឺ​មាន​ការ​ជាប់ពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ ដែល​មាន​និន្នាការ​នយោបាយ​ទៅ​រកគណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ហើយ​វិវាទ​ខ្លះ​ទៀត​គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​ហ៊ុនចិន​ ក្នុងនោះ​មានក្រុម​ហ៊ុន​ Union Development Group ហៅ​កាត់​ថា​ (UDG)។

ក្រុមហ៊ុន UDG​ ​ខាងលើ​នេះ​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​៤៥.១០០​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៨។ គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ស្គឹមស្កៃ​នេះ​កំពុង​ដំណើរការ​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បុទុមសាគរ​ ក្នុង​ខេត្ត​កោះកុង។

គម្រោង​របស់​ក្រុម​ហ៊ុន​ UDG ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១.០០០​គ្រួសារ ​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​យូរ​មក​ហើយ។ ប៉ុន្តែ​នៅ​មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ដី​ដែល​ពួកគេ​កាន់​កាប់​ បន្ទាប់​ពី​ពួក​គេ​បាន​ចាក​ចេញ​ពី​ភូមិដ្ឋាន​ចាស់​ទៅ​តាំង​លំនៅដ្ឋាន​នៅ​ភូមិដ្ឋាន​ថ្មី។

លោក​ អន ភារៈ​ អភិបាល​រង​ខេត្ត​កោះកុង​ បាន​បដិសេធ​មិន​ផ្តល់ការ​អធិប្បាយ​ជុំវិញ​ ការ​បណ្តេញ​ក្រុម​ប្រជា​ពលរដ្ឋ​ចំនួន​៤០គ្រួសារ​ ចេញពី​ឃុំ​អណ្តូង​ទឹក​ កាលពីថ្ងៃ​ទី​ ១២​ ខែមករា​ ឆ្នាំ​ ២០១៨​កន្លង​ទៅ​ ដោយ​លោក​បានស្នើ​ឲ្យអ្នក​យក​ព័ត៌មាន​ទៅជួប​លោក​ផ្ទាល់។​

នៅ​មុន​ពេល​ទម្លាក់​ទូរស័ព្ទ​ចុះ​ លោក​ថ្លែងយ៉ាង​ដូច្នេះ៖

«អ្ហូ!​ អាហ្នឹង​ ទាល់នេះ​ មក​ជួបគ្នា​ផ្ទាល់​ហ្មង​ សម្ភាសន៍​ហ្មងទៅ ខ្ញុំ​ពិបាក​និយាយ​តាម​ទូរសព្ទអ្ហាស់​ ព្រោះ​អីមិន​ដឹង​ VOA ​មិន​ដឹង​ អាស៊ីសេរី​ផង»។

​ចំណែក​ លោក​ អ៊ឹង វុន្នី​ នាយកឧទ្យាន​ជាតិ​បុទុម​សាគរ​ ក៏​បាន​បដិសេធ​មិន​ផ្តល់អធិប្បាយ​ ដោយ​បាន​បង្វែរ​សំណួរទៅ​ខាង​អាជ្ញាធរ​ខេត្តវិញ។​

«បងសួរ​ទៅខាង​ខេត្តចុះ​បាទ។ ខ្ញុំ​អត់​ដឹង​ដែរ​ បាទ។ បងអញ្ជើញ​សួរ​ខេត្តចុះ»។

លោក ណុប​ ណេត​ តំណាង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​ (Wildlife Alliance) ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា ​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការបណ្តេញ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​អណ្តូងទឹក​បាន​ស្នើ​ឲ្យ​អ្នក​យក​ព័ត៌មាន​សួរ​ទៅ​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ឧទ្យានជាតិ​បុទុម​សាគរ​ នៅ​ពេល​ VOA សួរ​លោក​ដើម្បី​បញ្ជាក់​ថា​ តើ​ពលរដ្ឋ​ដែល​ត្រូវ​បណ្តេញ​ចេញ​នោះ​ ពិត​ជា​រស់​នៅ​ដោយ​បំពាន​ក្នុង​តំបន់​ស្នូល​របស់​ឧទ្យានជាតិ​បុទុមសាគរមែន​ឬយ៉ាង​ណា​នោះ​។

ទាក់ទិន​ការ​ចោទប្រកាន់​ពី​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​ថា​ ការ​បណ្តេញ​ពលរដ្ឋ​ទាំង​បង្ខំ​ ជាទង្វើ​ធ្វើបាប​ពលរដ្ឋ​លោក ណុប ណេត​ បាន​ថ្លែង​យ៉ាង​ដូច្នេះ៖

«ខ្ញុំ​វា​មិន​ដឹង​ថា​ យ៉ាង​ម៉េច​ទេ​ ព្រោះ​កន្លង​មក​ រឿងរ៉ាវ​កន្លង​មក​ ប្រជាពលរដ្ឋ​រវាង​អាជ្ញាធរ​ហ្នឹង​ឮថា​ មាន​ចែក​ដីធ្លី​ហើយ​ ប៉ុន្តែ​គាត់​បង្ខំចិត្ត​រុល​ទៅ​រស់ហ្នឹង​ដដែល​វិញ​ តែ​ប៉ុណ្ណឹង​ ខ្ញុំដឹង​អីចឹង​បង»។​

បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក អ៊ិន គង់​ជិត ​មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ អាជ្ញាធរ​ខេត្ត​បាន​អះអាង​ថា​ កាល​ពីពេល​កន្លង​មក​ ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ដែលរង​ការ​បណ្តេញ​ចេញ​នោះ​ ធ្លាប់​បាន​ទទួល​ដីទំហំ​ ៧០ ​គុណនឹង​ ១៣០ម៉ែត្រ​តែមាន​អ្នកខ្លះ​បាន​លក់​ដូរ​ ហើយ​បាន​ទៅ​ចាប់ដី​នៅតំបន់​ដែល​រង​ការ​បណ្តេញចេញ​នោះ​វិញ​ដដែល។ មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ​ បាន​បន្ត​ថា​ ប្រជាពលរដ្ឋ​ខ្លះ​ និយាយថា​ ពួកគាត់​បាន​ទទួល​ដី​នោះ​មែន​ តែ​ដីនោះ​មិន​អំណោយ​ផល​សម្រាប់​ការ​ដាំដុះ​ ទើប​ពួកគាត់​សម្រេច​ចិត្ត​មក​បង្ក​បង្កើន​ផល​ក្នុង​ដីទំនាស់​នា​ពេល​បច្ចុប្បន្ន​នេះ៕