អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិមួយរូប បាននិយាយថា ប្រទេសរុស្ស៊ីនិងប្រទេសចិន បានផ្គត់ផ្គង់គ្រឿងសព្វាវុធដល់របបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិលនៅក្នុងប្រទេសនេះ។
លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញផ្សាយនូវរបាយការណ៍លម្អិតមួយកាលពីថ្ងៃអង្គារកន្លងទៅ ស្តីពីប្រភេទអាវុធ ដែលប្រទេសចិននិងរុស្ស៊ី បានលក់ទៅឲ្យរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០១៨មក ដែលក្នុងនោះរួមមានយន្តហោះប្រយុទ្ធ រថពាសដែក ប្រព័ន្ធមីស៊ីលបាលីស្ទិក និងប្រព័ន្ធការពារចល័តជាដើម។ របាយការណ៍នោះ ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងលក់ទិញអាវុធនេះ ត្រូវបានធ្វើឡើង ដោយការ«ទទួលស្គាល់ទាំងស្រុងថា អាវុធយុទ្ធភ័ណ្ឌទាំងនេះ នឹងទំនងត្រូវគេយកទៅប្រើប្រាស់ដើម្បីវាយប្រហារទៅលើជនស៊ីវិល»។
របាយការណ៍នេះ ក៏បានបង្ហាញផងដែរ ពីប្រទេសស៊ែប៊ី ដែលបានអនុញ្ញាតឲ្យមានការបញ្ជូនគ្រាប់រ៉ុក្កែត និងកាំភ្លើងធំទៅឲ្យកងយោធាប្រទេសមីយ៉ាន់ម៉ា។
គេនៅពុំទាន់ឃើញមានការបំភ្លឺជាបន្ទាន់ណាមួយពីប្រទេសចិន មីយ៉ាន់ម៉ា រុស្ស៊ី ឬប្រទេសស៊ែប៊ីនោះនៅឡើយទេ។
ប្រទេសចិននិងរុស្ស៊ី ជាសមាជិកអចិន្ត្រយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
របាយការណ៍របស់លោក Andrews ក៏បានបង្ហាញពីការជាប់ពាក់ព័ន្ធរបស់ប្រទេសមួយចំនួន ដូចជាប្រទេស បេឡារុស អ៊ុយក្រែន ប៉ាគីស្ថាន កូរ៉េខាងត្បូង និងប្រទេសអ៊ីស្រាអ៊ែលផងដែរ ដោយនិយាយថា ប្រទេសទាំងនេះ ជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធទៅឲ្យក្រុមយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០១៨មក គឺក្រោយពេលដែលក្រុមយោធានៅក្នុងប្រទេសនេះ បានបើកការវាយបង្រ្កាបទៅលើសហគមន៍នៃក្រុមជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម Rohingya នៅរដ្ឋ Rakhine ភាគខាងលិច។ ការបង្ក្រាបនោះ បានធ្វើឲ្យមានជនភៀសខ្លួន Rohingya ជាង ៧ សែននាក់ បានឆ្លងព្រំដែនទៅកាន់ប្រទេសបង់ក្លាដែសដែលនៅក្បែរខាង។
ក្រុមយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារយោធាមួយកាលពីថ្ងៃទី១ ខែកម្ភៈ ឆ្នាំ២០២១ ដោយបានចាប់ឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលលោកស្រី Aung San Suu Kyi និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដោយអះអាងថា ការបោះឆ្នោតសាកលនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ក្នុងឆ្នាំ២០២០ បានប្រព្រឹត្តទៅដោយមានការលួចបន្លំសន្លឹកឆ្នោត។ គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី Suu Kyi បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតនោះ ទៅលើគូប្រជែងនៃគណបក្សសហភាពសាមគ្គីភាព និងការអភិវឌ្ឍន៍ ដែលគាំទ្រដោយរបបយោធាមីយ៉ាន់ម៉ា។
ប្រទេសចិន បានពណ៌នាទៅលើរដ្ឋប្រហារក្នុងពេលកន្លងទៅថា ជា«ការសើរើគណៈរដ្ឋមន្ត្រី» ហើយប្រទេសរុស្ស៊ី បានហៅការធ្វើរដ្ឋប្រហារនោះថា «គឺជាកិច្ចការផ្ទៃក្នុងសុទ្ធសាធ» របស់ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសទាំងពីរនេះ បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីបន្សាបការឆ្លើយតបរបស់ស្ថាប័នពិភពលោកមួយនេះ ទៅលើការធ្វើរដ្ឋប្រហារនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខអក្សរមួយ លោក Tom Andrews ដែលធ្លាប់ធ្វើជាសមាជិកសភាអាមេរិក ហាក់ដូចជារិះគន់ទៅលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានខកខាន ក្នុងការបោះឆ្នោតទៅលើសេចក្តីសម្រេចចិត្តមួយ ដែលបានអនុម័តរួចហើយកាលពីខែមិថុនាកន្លងទៅ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឲ្យរដ្ឋជាសមាជិកការពារកុំឲ្យមានការហូរចូលអាវុធទៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Andrews និយាយថា ការបញ្ជូនអាវុធទៅឲ្យប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្លាប់ជនស៊ីវិល គឺជា«អំពើអយុត្តិធម៌ដ៏ពិតប្រាកដ» មួយ និងបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សានិងបោះឆ្នោតទៅលើសេចក្តីសម្រេចចិត្តមួយ ដើម្បីហាមប្រាមការផ្តល់អាវុធទៅឲ្យប្រទេសមីយ៉ាន់ម៉ា។
លោកបន្ថែមថា៖ «ការពន្យារពេលកាន់តែយូររបស់អង្គការសហប្រជាជាតិ នឹងធ្វើឲ្យមនុស្សស្លូតត្រង់កាន់តែច្រើនថែមទៀត ដែលរួមមានកុមារផងដែរ នឹងស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំនាវនាវឲ្យបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រុមសកម្មជនឯករាជ្យដែលមានមូលដ្ឋានក្នុងប្រទេសថៃមួយ ដែលមានឈ្មោះថាសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយ បានលើកឡើងថា ពលរដ្ឋមីយ៉ាន់ម៉ាយ៉ាងហោចណាស់ប្រមាណ១.៥៦០នាក់ ត្រូវបានសម្លាប់នៅក្នុងការតវ៉ាដោយអំពើហិង្សាប្រឆាំងនឹងរបបយោធា ចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំមុន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters។
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ