សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលគួរដោះលែងយុវជនដែលតែងសកម្មក្នុងការងារសង្គម ដើម្បីឲ្យពួកគេអាចបន្តការងារជាប្រយោជន៍ និងដើម្បីស្ដារមុខមាត់ប្រទេសឲ្យរួចផុតពីការដាក់ទណ្ឌកម្មអន្តរជាតិ។
ក្រុមសង្គមស៊ីវិលការពារសិទ្ធិដែលមានអង្គការលីកាដូ និងសមាគមអាដហុក លើកឡើងបែបនេះក្រោយសាលាឧទ្ធរណ៍កាលពីថ្ងៃទី ៥ ខែធ្នូ បានបដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់សមាជិកក្រុមយុវជន និងនិស្សិតចំនួន ៥ នាក់នៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា យុវជនទាំង ៥ នាក់ បានចូលរួមក្នុងកិច្ចការពារសិទ្ធិមនុស្ស បរិស្ថាន ធនធានធម្មជាតិ ដីធ្លី ជាពិសេសនៅក្នុងកិច្ចការងារជួយដល់សង្គម។ លោកថា ការបន្តឃុំខ្លួនពួកគេកាន់តែធ្វើឲ្យកម្ពុជារងនូវការរិះគន់បន្ថែមពីសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងការរឹតត្បិតសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ការចាប់ខ្លួនទៅលើសកម្មជន ឬក៏សកម្មជនបរិស្ថានអីជាដើម តែងតែមានការរិះគន់ ការលើកឡើងអំពីសហគមន៍អន្តរជាតិថា វាជាការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ការចូលរួម ឬក៏ភាពសកម្មរបស់យុវជន ឬក៏អ្នកដែលការពារសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិជាដើម»។
លោកស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបំពេញកាតព្វកិច្ចនៅក្នុងការគោរពតាមបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស និងធានាអំពីការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ចំណែកមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះដែរថា តុលាការគួរទម្លាក់ចោលបទចោទប្រកាន់ដើម្បីឲ្យយុវជនមានសេរីភាពនៅក្នុងការចូលរួមធ្វើការងារសង្គមឡើងវិញ។
លោកថ្លែងថា៖ «រដ្ឋាភិបាលក៏គិតដែរ គិតពីប្រយោជន៍ជាតិដែរ ដើម្បីបើកលំហសេរីភាពបញ្ចេញមតិ ក៏ដូចជាសេរីភាពចូលរួមការងារសង្គម ការងារនយោបាយគឺគួរតែដោះលែងសកម្មជននយោបាយ ក៏ដូចជាសកម្មជនបរិស្ថានហ្នឹង គឺថាឲ្យពួកគាត់មានសេរីភាពឡើងវិញ ដើម្បីស្ដារកិត្តិយសប្រទេសជាតិយើង កុំឲ្យមានជាប់ទណ្ឌកម្មបន្តទៅទៀត»។
យុវជនទាំង ៥ នាក់ ដែលត្រូវបានសាលាឧទ្ធរណ៍បដិសេធមិនឲ្យនៅក្រៅឃុំរួមមាន លោក ធី ថន និងកញ្ញា រៀម ស្រីពេជ្ររតនា ជាអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ កញ្ញា សើន ស្រីម៉ៃ ជាសមាជិកសមាគម និងបុគ្គលិក អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោកស្រី សាក់ កន្និការ និងលោក ឈាង ឬទ្ធី។ ពួកគេត្រូវបានឃាត់ខ្លួន និងឃុំខ្លួនពីបទរួមគំនិតក្បត់ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ពាក់ព័ន្ធនឹងការបញ្ចេញមតិ និងប្រមូលផ្ដុំគ្នាជុំវិញបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា (CLV)។ នេះបើតាមអង្គការលីកាដូ។
អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ប្រាប់វីអូអេថា ចៅក្រមសម្រេចមិនអនុញ្ញាតឲ្យជនជាប់ចោទនៅក្រៅឃុំ ដោយសារនីតិវិធីស៊ើបសួរកំពុងដំណើរការ។
លោកថ្លែងថា៖ «នីតិវិធីស៊ើបសួររបស់ចៅក្រមស៊ើបសួរកំពុងដំណើរការ ណាមួយជនត្រូវចោទហ្នឹងអត់ទាន់បានឆ្លើយទេ គាត់សុំអត់ទាន់ឆ្លើយ អ៊ីចឹងរង់ចាំឲ្យចៅក្រមសួរចម្លើយគាត់សិន»។
បើតាមអង្គការលីកាដូ យុវជនទាំង ៥ នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការចាប់តាំងពីខែសីហា ឆ្នាំ ២០២៤ អំឡុងពេលមានការចាប់ខ្លួនពលរដ្ឋជាង ១០០ នាក់ ដែលជាអ្នកចូលរួមបញ្ចេញមតិ ឬលើកឡើងពីផែនការប្រមូលផ្តុំគ្នាទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ដែលរដ្ឋាភិបាលកម្ពុជាទើបសម្រេចដកខ្លួនចេញ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា លើកឡើងថា សេរីភាពបញ្ចេញមតិ សេរីភាពក្នុងការជួបជុំ ការបោះពុម្ពផ្សាយនៅកម្ពុជាមានគ្រប់គ្រាន់ ធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
លោកថ្លែងថា៖ «ជនណាក៏ដោយមិនអាចប្រើសេរីភាពនេះដោយរំលោភទៅលើសិទ្ធិ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ រំលោភទៅលើទំនៀមទម្លាប់ប្រពៃណីល្អរបស់ប្រទេសជាតិ ទៅលើសណ្ដាប់ធ្នាប់សាធារណៈ ឬក៏សន្តិសុខជាតិបានឡើយ។ ឲ្យតែអនុវត្តបានប៉ុណ្ណឹង គឺថាសេរីភាពពេញទី តែកុំឲ្យទៅបំពានគេ កុំទៅបំពានច្បាប់»។
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា សភាសហភាពអឺរ៉ុបបានថ្កោលទោសចំពោះការគាបសង្កត់អង្គការសង្គមស៊ីវិលពីសំណាក់រដ្ឋាភិបាលកម្ពុជា ហើយបានអំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយ និងសកម្មជន និងជំរុញឲ្យបញ្ឈប់ការយាយីប្រឆាំងនឹងអង្គការសិទ្ធិមនុស្ស។ សភាសហភាពអឺរ៉ុបក៏បានអំពាវនាវឲ្យគណៈកម្មការ និងរដ្ឋសមាជិកគិតគូរឡើងវិញលើការផ្លាស់ប្តូរចំពោះឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ហៅកាត់ថា EBA ក៏ដូចជាបញ្ជូនសារច្បាស់លាស់មួយថា «ការលើកកម្ពស់សិទ្ធិមនុស្ស និងការការពារសិទ្ធិសេរីភាពរបស់សង្គមស៊ីវិល គឺជាលក្ខខណ្ឌកំណត់ទុកជាមុនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ»៕