ក្រោយការចេញរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សរបស់រដ្ឋាភិបាលអាមេរិកដែលបង្ហាញថា កម្ពុជាមានភាពចម្រើនតិចតួចនៃការទប់ស្កាត់បទឧក្រិដ្ឋនេះ អង្គការការពារសិទ្ធិមនុស្សក្នុងស្រុក និងសកម្មជនមួយចំនួនលើកឡើងពីក្តីបារម្ភចំពោះការខាតបង់របស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន។ ពួកគេបានស្នើឱ្យរដ្ឋាភិបាលបង្កើនការខិតខំកាត់បន្ថយ ឬទប់ស្កាត់មិនឱ្យមានការជួញដូរមនុស្ស ជាច្រើនទម្រង់រាប់ចាប់ពីការធ្វើការក្នុងកន្លែងប្រតិបត្តិការអំពើឆបោកអនឡាញ ការជួញដូរផ្លូវភេទ និងអំពើកេងប្រវ័ញ្ចកម្លាំងពលកម្មផ្សេងទៀត នៅតាមរោងចក្រផលិតឡឥដ្ឋ និងគ្រឹះស្ថានសប្បាយនានា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ឃើញថា រដ្ឋាភិបាលកម្ពុជាត្រូវបង្កើនការខិតខំរបស់ខ្លួនបន្ថែមទៀតលើការលុបបំបាត់ ឬទប់ស្កាត់អំពើជួញដូរមនុស្សនេះ ព្រោះបើប្រទេសនេះនៅបន្តស្ថិតក្នុងកម្រិតទាបបែបនេះការខាតបង់ គឺមានច្រើនសម្រាប់ការអភិវឌ្ឍ និងការទាក់ទាញវិនិយោគទុន។ លោកថា ការរឹតបន្តឹងច្បាប់ និងការចាត់វិធានការលើមន្ត្រីកម្ពុជាមិនឱ្យមានការពាក់ព័ន្ធនឹងអំពើជួញដូរនេះ គឺជារឿងចាំបាច់ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងសកម្មភាពជួញដូរនេះ។
លោកថ្លែងថា៖ «មន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីការជួញដូរមនុស្ស ព្រោះកាលណាមានមន្ត្រីដែលពាក់ព័ន្ធ អាហ្នឹងគឺពិបាកនៅក្នុងការស៊ើបអង្កេត ចាត់វិធានការតាមផ្លូវច្បាប់ណាស់ទាក់ទងនឹងរឿងការជួញដូរមនុស្ស អ៊ីចឹងគឺត្រូវនៅឱ្យឆ្ងាយ»។
ក្នុងការចាត់ថ្នាក់កម្ពុជានៅកម្រិត ៣ ឬTier 3 នេះ របាយការណ៍អាមេរិកបានលើកឡើងអំពីការពាក់ព័ន្ធរបស់មន្ត្រីកម្ពុជាខ្លះនៅក្នុងសកម្មភាពដែលមានទំនាក់ទំនងនឹងការជំរុញឱ្យមានការជួញដូរ តួយ៉ាងនៅក្នុងអំពើឧក្រិដ្ឋឆបោកតាមបណ្តាញអ៊ិនធឺណិត។
លោក អំ សំអាត មន្រ្តីនៃអង្គការលីកាដូ បន្ថែមថា រាល់ជនដែលពាក់ព័ន្ធសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ មិនថា ជាម្ចាស់អគារដែលប្រើសម្រាប់សកម្មភាពឧក្រិដ្ឋនេះ ឬក៏អ្នកធ្វើអាជីវកម្ម ត្រូវតែនាំខ្លួនមកប្រឈមនឹងការកាត់ទោស ហើយរាល់ទម្រង់នៃអំពើពុករលួយដែលពាក់ព័ន្ធនឹងអំពើឆបោកនេះត្រូវតែលុបបំបាត់។
លោកថ្លែងថា៖ «លុបបំបាត់នូវអំពើពុករលួយុឱ្យបានឱ្យជនដែលពាក់ព័ន្ធជាមួយនឹងការជួញដូរមនុស្ស ឬការឆបោកតាមប្រព័ន្ធអនឡាញនេះ ត្រូវអនុវត្តតាមផ្លូវច្បាប់ ជាពិសេសយើងឃើញថាអគារផ្សេងៗ ដែលម្ចាស់អគារក្នុងការពាក់ព័ន្ធជា មួយនឹងការយកទៅប្រព្រឹត្តការឆបោកតាមប្រព័ន្ធនេះ ក៏ត្រូវតែមានវិធានការតាមផ្លូវច្បាប់ដូចគ្នាផងដែរ»។
បើតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២៤ របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយជាសារណៈកាលពីថ្ងៃទី ២៥ ខែមិថុនា ក្រៅពីការពាក់ព័ន្ធរបស់មន្ត្រីជាន់ខ្ពស់ខ្លះក្នុងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ អាជ្ញាធរបានរៀបចំឱ្យមានការបញ្ជូនជនរងគ្រោះដែលមានសក្តានុពលនិងជាជនបរទេសពីការជួញដូរក្នុងប្រតិបត្តិការបោកបញ្ឆោតអនឡាញទៅកន្លែងដែលអាចជួយបាន ឬទទួលបានសេវាផ្សេងៗ ហើយមន្ត្រីបានដាក់ទោសមិនត្រឹមត្រូវចំពោះជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្មដែលកើតចេញពីការបង្ខាំងទុកជនរងគ្រោះដែលមានសក្តានុពលទាំងនោះ ក្នុងរយៈពេលដ៏យូរ។ ក្នុងករណីខ្លះ ពួកគេត្រូវបានជួញដូរមួយតង់ទៀតសម្រាប់ការកេងប្រវ័ញ្ច រហូតដល់ពួកគេត្រូវបង់សំណូកទៅនគរបាលជាថ្នូរនឹងការដោះលែង ឬក៏ស្ថានទូតបង់លុយឱ្យពួកគេបានត្រឡប់ទៅផ្ទះវិញតាមជើងយន្តហោះ។
របាយការណ៍បង្ហាញទៀតថា រដ្ឋាភិបាលបានតែងតាំងបុគ្គលដែលមានប្រវត្តិនៃការចូលដៃប្រព្រឹត្តដោយផ្ទាល់ក្នុងករណីពាក់ព័ន្ធនឹងការជួញដូរ ហើយមានការចោទប្រកាន់ជាសាធារណៈ ឱ្យមកកាន់តួនាទីក្នុងការមើលខុសត្រូវ ឬមានឥទ្ធិពលទៅលើការឆ្លើយតបរបស់រដ្ឋាភិបាលក្នុងការប្រឆាំងនឹងការជួញដូរ។
របាយការណ៍សរសេរថា៖ «រដ្ឋាភិបាលមិនបានរាយការណ៍ការកាត់ទោស អ្នកជួញដូរកម្លាំងការងារ ទោះបីមានរបាយការណ៍ជាច្រើននៃការជួញដូរកម្លាំងពលកម្មមនុស្សពេញវ័យ និងកុមារក្នុងសកម្មភាពការងារចម្រុះនៃវិស័យឧស្សាកម្ម។ អាជ្ញាធរមិនបានស៊ើបអង្កេត ឬនាំមន្ត្រីដែលពាក់ព័ន្ធនឹងរបាយការណ៍ដែលគួរជឿទុកចិត្តបានអំពីការចូលរួមប្រព្រឹត្តបទល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់ទេ ជាពិសេសម្ចាស់អាជីវកម្មដែលគ្មានគោលការណ៍សីលធម៌ដែលបានដាក់បុរស ស្ត្រី និងកុមាររាប់ពាន់នាក់ឱ្យធ្លាក់ក្នុងអំពើជួញដូរមនុស្សនៅក្នុងរោងផលិតឡឥដ្ឋ និងគ្រឹះស្ថានសប្បាយនានា»។
របាយការណ៍បន្តឱ្យដឹងទៀតថា ទោះបីការខិតខំមិនសូវមានច្រើន ដើម្បីទប់ស្កាត់អំពើជួញដូរក្តី ក៏រដ្ឋាភិបាលបានចាត់វិធានការមួយចំនួន ដើម្បីដោះស្រាយការជួញដូរនេះ ក្នុងនោះមានការបើកមជ្ឈមណ្ឌលគាំទ្រជនរងគ្រោះ សហការជាមួយរដ្ឋាភិបាលបរទេសនានាលើការស៊ើបអង្កេតប្រឆាំងការជួញដូរ និងបានដាក់ឱ្យមានការបណ្តុះបណ្តាលលើការពិនិត្យរកអត្តសញ្ញាណជនរងគ្រោះពីការជួញដូរអនឡាញដល់មន្ត្រីរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ របាយការណ៍បានរកឃើញថាការប្រព្រឹត្តអំពើពុករលួយ និងការចូលដៃរបស់មន្ត្រីក្នុងបទល្មើសនៅតែជាបញ្ហា។
របាយការណ៍សរសេរថា៖ «អំពើពុករលួយ និងការចូលដៃជាផ្លូវការ ដោយក្នុងនោះគឺមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្នុងឧក្រិដ្ឋកម្មជួញដូរនៅតែរីករាលដាលក្នុងប្រទេសអំឡុងពេលនៃការធ្វើរបាយ ការណ៍ ដែលទាំងនេះ រាប់បញ្ចូលការកេងប្រវ័ញ្ចជនរងគ្រោះរាប់សិបពាន់នាក់ក្នុងបទឧក្រិដ្ឋនៃប្រតិបត្តិការឆបោកតាមអនឡាញដែលមានលក្ខណៈចាប់បង្ខំនៅកម្ពុជា»។
របាយការណ៍បន្ថែមថា៖ «មន្ត្រីបានរារាំងយ៉ាងសកម្មលើកិច្ចខិតខំឆ្លើយតប ក្នុងនោះមានសេចក្តីរាយការណ៍ថាបានធ្វើឱ្យខូចការប្រឹងប្រែងអនុវត្តច្បាប់ប្រឆាំងការជួញដូរ និងការការពារជនរងគ្រោះ ហើយបានបំបាត់ការចោទប្រកាន់ដែលគេបានរាយការណ៍តាមការធ្វើឱ្យរួមតូច និងការប្រកែកដោយចេញសារជាសាធារណៈនូវការកើតមានជាទូទៅ និងភាពធ្ងន់ធ្ងរនៃប្រតិបត្តិការឆបោកអនឡាញ ក្នុងនោះមានរបាយការណ៍នៃការចូលដៃរបស់រដ្ឋាភិបាល»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សឯករាជ្យ លោក ស៊ឹង សែនករុណា យល់ស្របនឹងការលើកឡើងរបស់របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការមានចំណែករបស់មន្ត្រីរដ្ឋាភិបាល និងអ្នកមានអំណាចមួយចំនួនក្នុងការបង្កឱ្យមានសកម្មភាពជួញដូរដែលធ្លាប់រងការបង្រ្កាបជាបន្តបន្ទាប់ តែអំពើឧក្រិដ្ឋនេះមិនអាចត្រូវបានលុបបំបាត់ទាំងស្រុង។ លោកថា ដើម្បីបញ្ចៀសការចោទប្រកាន់ ឬការចេញរបាយការណ៍ផ្សេងៗនៅថ្ងៃខាងមុខ រដ្ឋាភិបាលកម្ពុជាត្រូវកំណត់ឱ្យមានវិធានការជាក់លាក់ ឬដែលអាចជឿទុកចិត្តបាន ដើម្បីឆ្លើយតបនឹងរឿងនេះ។
លោកថ្លែងថា៖ «អ៊ីចឹង រកវិធីសាស្ត្រអី ឬក៏ប្រើសមត្ថភាពរបៀបម៉េចដើម្បីចាត់វិធានការបាន ដើម្បីលុបលាងការចោទប្រកាន់ការរកឃើញទាំងអស់ហ្នឹង។ បើមិនអ៊ីចឹងទេ កម្ពុជាយើងនៅតែទទួលរងឈ្មោះអាស្រូវអំពីរឿងចោទប្រកាន់ហ្នឹងជាបន្តបន្ទាប់រហូត»។
លោកបន្ថែមថា៖ «ទាល់តែខ្លួនឯងហ្នឹងអាចបញ្ជាក់បានច្បាស់ថា ចាប់បានមេក្លោង លុបបំបាត់បាន ហើយមិនមានរឿងហ្នឹងកើតឡើងនៅក្នុងសង្គមកម្ពុជា អាហ្នឹង បានសហគមន៍ជាតិ អន្តរជាតិគេអាចជឿជាក់បាន ឬក៏របាយការណ៍ផ្សេងៗរបស់អន្តរជាតិ មិនអាចធ្វើឱ្យប៉ះពាល់ឬក៏ចេញរបាយការណ៍បន្តបន្ទាប់ទៀតបាន។ អ៊ីចឹងវាទាល់តែបង្ហាញឱ្យឃើញច្បាស់បែបហ្នឹង ទើបបញ្ចប់ការរិះគន់ការរកឃើញពីរបាយការណ៍ពីសហគមន៍អន្តរជាតិបាន»។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ ថ្លែងថា កម្ពុជាមិនបង្អង់ដៃលើការទប់ស្កាត់អំពើជួញដូរមនុស្សនោះទេ គឺកម្លាំងនគរបាលបានបន្តបង្ក្រាបអំពើឧក្រិដ្ឋនេះជាប្រចាំ ហើយក៏មានការផ្សព្វផ្សាយសារអប់រំជាច្រើនទៀត។ លោកយល់ឃើញថារបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកមានចរិតកេងចំណេញយកផលប្រយោជន៍នយោបាយ ឬដើម្បីទុកសម្រាប់ការចរចាលើកិច្ចការណាមួយជាមួយភាគីកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំគិតថា វាគឺជារឿងមួយដែលពួកគាត់ មើលពីចម្ងាយមិនស្ថិតនៅក្នុងសមត្ថកិច្ចដែនដី ហើយវាយតម្លៃមួយ ដែលមិនមានសុក្រឹតភាព ដោយមានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងក្របខណ្ឌមួយ ដើម្បីគោលដៅនូវចំណេញនយោបាយ ហើយណាមួយសម្រាប់ជាលក្ខខណ្ឌ ដើម្បីធ្វើកិច្ចការសម្របសម្រួលឬក៏ចរចាជជែកជាមួយភាគីកម្ពុជា អានេះគឺជារឿងមួយដែលខ្ញុំគិតថា ប្រទេសទាំងអស់ ឬក៏សាមីនៃការចេញរបាយការណ៍នោះ គួរពិនិត្យឡើងវិញដើម្បីឱ្យមានសុក្រឹតភាព មានគុណតម្លៃ ដែលធ្វើឱ្យរបាយការណ៍របស់ខ្លួន ក្លាយទៅជារបាយការណ៍មួយដែលគេទទួលស្គាល់ហើយយកមកអនុវត្ត»។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃថ្លែងថាអាជ្ញាធរកម្ពុជាក៏នៅបន្តបង្ក្រាបប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ ដែលលោកថា ជាបទល្មើសអន្តរជាតិ ហើយមានប្រភពកំណើតដំបូងចេញពីបណ្តាប្រទេសជឿនលឿន។
លោកបញ្ជាក់ទៀថា៖ «បញ្ជាក់ម្តងទៀតថា កម្ពុជាគឺមិនមែនជាជំរុំ ឬក៏ជង្រុក ឬក៏ជាជម្រករបស់ឧក្រិដ្ឋកម្ម តាមប្រព័ន្ធអនឡាញ ឬក៏អំពើជួញដូរមនុស្សឡើយ។ កម្ពុជាមានឆន្ទៈនៅក្នុងការបង្ក្រាបរាល់បទល្មើសជួញដូរមនុស្ស រាល់បទល្មើសឆបោកតាមអនឡាញ ដែលបទល្មើសទាំងពីរនេះ គឺជាបទល្មើសអន្តរជាតិ ហើយបណ្តារដ្ឋទាំងអស់កុំគួរទម្លាក់បន្ទុកទៅលើរដ្ឋណាមួយ ត្រូវជួយជ្រោមជ្រែង ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ បើយើងមានលទ្ធភាពគួរជួយបណ្តារដ្ឋដែលគ្នាមិនសូវមានលទ្ធភាពឱ្យអស់ពីលទ្ធភាព»។
បើតាមលោក ទូច សុខៈ ប្រទេសធំៗមិនគួរយកករណី Scam មួយចំនួនដែលកើតឡើងក្នុងប្រទេសតូចៗមកគាបសង្កត់ ដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួននោះទេ។
ដោយឡែករដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វីអូអេកាលពីថ្ងៃទី ២៥ ខែមិថុនាថា កម្ពុជានៅបន្តទប់ស្កាត់រាល់សកម្មភាពជួញដូរ ហើយក៏ចង់ឃើញកិច្ចសហការពីសហរដ្ឋអាមេរិកក្នុងការឆ្លើយតបទៅនឹងបទឧក្រិដ្ឋដែលបច្ចុប្បន្នអាចប្រព្រឹត្តទៅបានតាមការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។
អ្នកស្រីថ្លែងថា៖ «គាត់បានលើកដែរគាត់ថា គាត់នៅតែសហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តនៅក្នុងការជួយគាំទ្រ និងសហការ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយខ្ញុំក៏ជម្រាបដែរថាច្រើនឆ្នាំហើយ ដែលយើងបានឮពីបញ្ហានេះ ដែលចេញពីក្រុមការងាររបស់សហរដ្ឋអាមេរិក ប៉ុន្តែខ្ញុំចង់ឃើញថា តើកិច្ចសហការហ្នឹង ឬមួយក៏ការគាំទ្រហ្នឹង ធ្វើយ៉ាងម៉េច ពីព្រោះមកដល់ពេលនេះ គឺយើងអត់ទាន់បានទទួលលទ្ធផលពីកិច្ចសហការនេះថាធ្វើអីឱ្យបានទទួលលទ្ធផលល្អនៅឡើយទេ»។
អ្នកស្រីបន្ថែមថា ការចាត់កម្ពុជាចូលក្នុងកម្រិត ៣ ឬ Tier 3 គឺអាស្រ័យលើការវាយតម្លៃរបស់អ្នករៀបចំរបាយការណ៍តែប៉ុណ្ណោះ។
មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Wesley Holzer បញ្ជាក់វីអូអេឱ្យដឹងតាមសារអ៊ីម៉ែលថា សហរដ្ឋអាមេរិកបន្តធ្វើការជាមួយដៃគូក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងការនាំខ្លួនអ្នកជួញដូរមកកាត់ទោស បង្កើនការការពារជនរងគ្រោះ និងទប់ស្កាត់ការជួញដូរមនុស្ស។
លោកបន្ថែមថា៖ «យើងបានទំនាក់ទំនងជាប្រចាំជាមួយមន្ត្រីកម្ពុជា ដើម្បីដោះស្រាយការជួញដូរមនុស្ស ក្នុងនោះគឺកិច្ចសហការអនុវត្តច្បាប់លើការបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ និងបចេ្ចកទេសស៊ើបអង្កេត ហើយការអនុវត្តជាសាកលដែលល្អបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោកអនឡាញ»។
បើតាមមន្ត្រីនាំពាក្យស្ថានទូតអាមេរិករូបនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងកំណត់ថា តើនឹងរឹតបន្តឹងលើប្រភេទជំនួយណាខ្លះ ដែលត្រូវផ្តល់ឱ្យប្រទេសក្នុងកម្រិត ៣ ប៉ុន្តែលោកថាសហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធនៅប្រទេសកម្ពុជាដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីការជួញដូរមនុស្សបានផ្តល់អនុសាសន៍ជាអាទិភាពមួយចំនួនដល់កម្ពុជាក្នុងការឆ្លើយតបនឹងការជួញដូរមនុស្ស។
អនុសាសន៍ទាំងនោះ រួមមាន ធ្វើការអង្កេត និងកាត់ទោសអ្នកជួញដូរដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មការងារដោយចាប់បង្ខំក្នុងប្រតិបតិ្តការឆបោកអនឡាញ ឬ scam បន្ថែមធនធានដលកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស ដើម្បីអាចឱ្យមានការសហការកាន់តែប្រសើរនៃការតាមដានជនជាប់ចោទដែលត្រូវដោះលែងឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរង់ចាំការកាត់ទោស។
អនុសាសន៍ខ្លះទៀត គឺត្រូវបង្កើន ឬធ្វើឱ្យមានគំនិតផ្តួចផ្តើមលើអធិការកិច្ចការងារដោយមិនប្រកាសឱ្យដឹងមុននៅកន្លែងការងារដែលភាពងាយរងគ្រោះខ្លាំង ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រោងផលិតឡឥដ្ឋ ទីកន្លែងកម្សាន្តសប្បាយនានា ការដ្ឋានសំណង់ និងចម្ការធំៗ ជាមួយនឹងការផ្តោតលើ ការជួញដូរ និងចំណងបំណុល ហើយនាំខ្លួនម្ចាស់អាជីវកម្មទាំងនោះមកទទួលខុសត្រូវចំពោះមុខច្បាប់។ រដ្ឋាភិបាលកម្ពុជាក៏គួរមានវិសោធនកម្មបទប្បញ្ញត្តិលើអាជ្ញាបណ្ណជ្រើសកម្លាំងពលករ និងតម្រូវការនៃកិច្ចសន្យា ដើម្បីដាក់បញ្ចូលភាសាដែលបានកែសម្រួលខ្លឹមសារសម្រាប់ការពារសិទ្ធិកម្មករ និងកម្លាំងពលកម្ម៕