សកម្មជន​សិទ្ធិ​មនុស្ស​អាមេរិក​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​បោះបង់​ការ​តស៊ូ​ទាមទារ​សិទ្ធិ

Your browser doesn’t support HTML5

សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាមេរិកាំង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ខ្មែរ​ឱ្យ​តស៊ូ​ទាមទារ​សិទ្ធិ

នេះ​ជា​ការប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​ដ៏កម្រ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​មាន​រួមគ្នា​ជាមួយ​នឹង​ពិធី​សាសនា​និង​ការ​គោរព​វិញ្ញាណក្ខន្ធ​រំលឹក​ដល់​អ្នក​ដែល​បាន​លះបង់​ជីវិត ​ដើម្បី​បុព្វហេតុ​ការពារ​សិទ្ធិ​មនុស្ស​និង​សេរីភាព​នៅ​កម្ពុជា ក្នុង​នោះ​មាន​លោក​ចាន់ សុវ៉េត​ផងដែរ។

សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាមេរិកាំង​បាន​យក​ឱកាស នេះ​ជំរុញ​ឱ្យ​មាន​ការគោរព សិទ្ធិ​មនុស្ស និង​បន្ថយអំពើ​ហិង្សា​ដែល​កំពុងតែ​កើត​មាន​ឡើង​យ៉ាងច្រើន​នៅ​កម្ពុជា។

លោក​យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​ម​នុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​បញ្ជាក់ថា៖​

«រដ្ឋាភិបាល ​សូមស្តាប់​មតិ​ប្រជាជន​ដើម្បី​យក​ឱកាស​នេះ​ជួយ​សម្អាត​កំហុស​ខ្លួន​ឯង។ ខ្ញុំ​ឃើញ​ថា​ប្រទេស​ចិន​សព្វថ្ងៃ​នេះ​លោក​ស៊ី ជិន​ពីង​ បាន​ចំណាយ​ពេល​ច្រើន​ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ អំពើ​ពុករលួយ​ហ្នឹង​ហើយ​ធ្វើ​ឱ្យ​បាត់​បង់​សិទ្ធិ​ម​នុស្ស»។​

ការប្រារព្ធទិវាសិទ្ធិមនុស្សនៅវត្តពុទ្ធិការ៉ាម នា​ថ្ងៃ​ពុធ​នេះ​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​សកម្មជន​ដីធ្លី ព្រះសង្ឃ​និង​អ្នកនយោបាយ​ចំនួន​១៧នាក់​ក្នុងនោះ​មាន​លោកស្រី​ ទេព វន្នី​ ជ័យលាភី​រង្វាន់​ភាព​ជា​អ្នកដឹកនាំ​នៃ អង្គការ Vital Voices ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារទាក់ទងនឹងការតស៊ូ​ទាមទារ​ ដើម្បី​សិទ្ធិ​និង​សេរីភាព​នៅ​កម្ពុជា។ សកម្មជន​ដែល​បាន​មក​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នេះ​ក៏​បាន​អំពាវ​នាវ​ឱ្យ​ដោះលែង​ អ្នកទាំងនោះ​ផងដែរ។​

លោកបណ្ឌិតទួន សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​វត្តពុទ្ធិការ៉ាម​យល់​ថា​ពលរដ្ឋ​បាន​យល់​ដឹង​ពី ​សិទ្ធិ​របស់​ពួកគាត់​ជាបណ្តើរៗ​ហើយ​ដោយ​ហ៊ាន​ចេញ​មក​តវ៉ា​នឹង​អ្វី​ដែល​ ពួកគេ​មិន​ពេញ​ចិត្ត។ ប៉ុន្តែរដ្ឋាភិបាល​ហាក់​មិន​យកចិត្តទុកដាក់។

«ជាអកុសល ​រដ្ឋាភិបាល​មិន​បាន​ទទួល​នូវ​ការ​ធ្វើ​ឱ្យ​សោកនាដកម្ម​នៃ​អ្នក​ស្រុក​បាន ​ធូរស្រាល​ទេ។ អ្នក​ស្រុក​ស្រែក​យ៉ាង​ណា​ក៏​ដោយ​រដ្ឋាភិបាល​តែងតែបំភ្លេច​សោកនាដកម្ម​អ្នក​ ទាំង​អស់​នោះ»។​

សកម្មជន​ទាំង​នេះ​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ត្រូវ​ តស៊ូ​ទាមទារ​សិទ្ធិ​របស់​ខ្លួន​តទៅ​ទៀត​ដោយ​ពួកគេ​យល់​ថា​សូម្បី​តែ​បទ​ ពិសោធ​ន៍​នៅ​សហរដ្ឋ​អាមេរិក​ក៏​សេរីភាព​មិនបានមកដោយងាយ​ៗ​ដោយ​គ្មាន​ការ​ តស៊ូ​ទាម​ទារ​ឡើយ។

លោកស្រី​សយ រ៉ាស៊ី ជាសកម្ម​ជន​សិទ្ធិ​មនុស្ស​ជើង​ចាស់​មួយ​រូប​បាន​បញ្ជាក់ថា៖​

«ការសិក្សា ​ពី​សិទ្ធិ​មនុស្ស​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់។ ខ្ញុំ​សូម​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ខំ​តាម​ដាន​និង​រៀនសូត្រ​ពី​សិទ្ធិ​ របស់​យើង​ដែល​យើង​ត្រូវ​មាន​កុំ​ឱ្យ​លិចលង់​បាត់​ទៅ​ហើយ​គិត​ថា​យើង​អត់​មាន ​សិទ្ធិ​ទេ​តាម​ពិត​យើង​មាន​ពី​កំណើត»។​

ទន្ទឹម​នឹងការ​លើក​ឡើង​ ពីក្តីបារម្ភ​ អ្នក​ចូលរួម​យល់​ថា​ពួក​គេ​ត្រូវ​តែបន្ត​ចែក​រំលែក​នូវ​បទពិសោធ​នៃ​ សេរីភាព​ដែល​ពួកគេ​មាន​នៅ​សហរដ្ឋ​អាមេរិក​ដល់​ទៅ​ជន​រួម​ជាតិ​របស់​គេ​នៅ​ ប្រទេស​កម្ពុជា។

អ្នក​សង្កេត​ការ​ណ៍​ជាច្រើន​បាន​មើល​ឃើញ​ថា​ស្ថាន​ ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​ប្រសើរ​ឡើង​ហើយ​ក៏​មាន​ពេលដើរ​ថយ​ ក្រោយ​ដែរ។ បើ​ទោះបី​ជា​ប្រទេស​នេះ​បាន​បញ្ចូល​ស្មារតី​នៃ​សិទ្ធិ​មនុស្ស​សាកល​ចូល​ ក្នុង​រដ្ឋ​ធម្មនុញ្ញ របស់ខ្លួន​ប៉ុន្តែ​ដើម្បី​ឱ្យ​សម្រេច​បាន​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​ សេចក្តី​ប្រកាសសាកល​ពី​សិទ្ធិ​មនុស្ស​នៅ​ទាម​ទារ​ឱ្យ​មានការ​ប្រឹង​ប្រែង​ និង​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត៕