សមាជិក​រដ្ឋសភា​ដ៏​ឆ្នើម​គាំទ្រ​សិទ្ធិមនុស្ស​​សម្រាប់​កម្ពុជា​ចូល​និវត្តន៍

រូបឯកសារ៖ លោក Alan Lowenthal សមាជិក​រដ្ឋសភា​នៃ​រដ្ឋ California ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ California ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២។ (Photo by Patrick T. FALLON / AFP)

សកម្មជន​សហគមន៍​ខ្មែរ​បាន​រៀបចំ​ពិធី​ជួបជុំគ្នា​មួយ​នៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ California កាលពី​ថ្ងៃសៅរ៍​ដើម្បី​សម្តែង​ការដឹង​គុណលោក ​Alan Lowenthal ​សមាជិករដ្ឋសភា​ប្រចាំ​មណ្ឌល​ទី​៤៧​នៃ​រដ្ឋ California​ ដែល​ត្រូវ​ចូលនិវត្តន៍​បន្ទាប់​ពី​បម្រើ​ការងារ​ជា​តំណាង​របស់​ពួកគេ​អស់​រយៈពេល​១០​ឆ្នាំ។

បើ​ទោះបី​ជា​លោក ​Alan Lowenthal​ បាន​កាន់ការ​ជា​សមាជិក​រដ្ឋសភា​រយៈពេល​ខ្លី​ប៉ុន្តែ​លោកបម្រើ​ការងារ​លើ​វិស័យ​នយោបាយ​រយៈពេល​៣០​ឆ្នាំ​ដោយ​ចាប់​ផ្តើម​ពី​សមាជិកក្រុម​ប្រឹក្សា​ក្រុង​ឡុងប៊ិច នៅឆ្នាំ១៩៩២ និងជា​សមាជិក​រដ្ឋសភា​ថ្នាក់​រដ្ឋ​ក្នុង​ឆ្នាំ​១៩៩៨​ រហូតដល់​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​នៃ​រដ្ឋ California ​នៅ​ឆ្នាំ​២០០៤។​ លោក​បាន​តំណែង​នេះ​ រយៈពេល១០​ឆ្នាំ​មុន​ពេល​លោក​ជាប់​ឆ្នោត​ជា​សមាជិក​រដ្ឋសភា​ថ្នាក់​ជាតិ​ប្រចាំ​មណ្ឌល​ទី៤៧​នេះ។ មណ្ឌល​នេះគ្រប​ដណ្តប់​លើ​ទីក្រុង​ឡុងប៊ិច ​ជា​ទី​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ជាង​៥​ម៉ឺន​នាក់​ហើយ​គឺ​ជា​សហគមន៍​ខ្មែរ​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​ក្រៅ​ប្រទេស។​

លោក ​ឆល សុង​ អនុ​ប្រធាន​ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«កិច្ចការ​របស់​គាត់​ដែលមាន​តួនាទី​ជា​អ្នកតំណាងរាស្ត្រ​គឺ​មាន​សារៈសំខាន់​ដែល​គាត់​តែង​តែ​ព្យាយាម​ធ្វើការ​ប្រមូល​ភោគផល​ទាំងឡាយ​ផ្តល់​ទៅ​ដល់​សហគមន៍​ដែល​នៅ​ក្នុង​តំបន់​របស់​គាត់​ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​តែ​ម្តង»។ ​

សមាជិក​រដ្ឋសភា​វ័យ​៨១​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​ទទួលស្គាល់​និង​ដឹង​គុណ​ចំពោះ​ស្នាដៃ​របស់​លោក​ក្នុង​ការ​ជួយ​លើ​វិស័យ​ជាច្រើន​ដូចជា​សេដ្ឋកិច្ច ​សង្គមកិច្ច​ សុខាភិបាល​ ​អប់រំ​សិក្សា​ធិការ​ សិទ្ធិមនុស្ស​និង​នយោបាយ។

ពិធី​ដ៏​ពិសេស​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​ជិត​៣០០​នាក់​ហើយ​ភាគច្រើន​ក្នុង​ចំណោម​នេះ​គឺ​ជា​អ្នក​ដែលជីវិត​របស់​ពួកគេ​ត្រូវ​បាន​ផ្លាស់ប្តូរ​និង​ប្រសើរ​ឡើង​ដោយសារ​ការ​យកចិត្ត​ទុកដាក់​របស់​លោក ​Alan Lowenthal។ អ្នកចូលរួម​ដែល​មាន​មនុស្ស​វ័យ​ក្មេង​រហូត​ដល់​វ័យ​ចំណាស់​បាន​យក​ឱកាស​ដ៏​កម្រ​នេះ​ថ្លែង​អំណរ​លោកនិង​បាន​ធ្វើជា​កាដូ​អនុស្សាវរីយ៍​ជូន​លោក​ទៀត​ផង។

អ្នកស្រី​ស៊ូលី​ សារ៉ូ​សមាជិក​ក្រុមប្រឹក្សា​ទីក្រុង​ឡុងប៊ិច​និង​ជា​ចៅ​សង្កាត់​លេខ​៦​យល់​ថាលោក Lowenthal ​ស្រឡាញ់​ពលរដ្ឋ​គ្រប់ៗ​គ្នា​នៅ​ក្នុង​មណ្ឌល​របស់​លោក​និង​អបអរ​សាទរ​ស្នាដៃ​និង​ការ​ចូល​និវត្តន៍​របស់​លោក។​

អ្នកស្រី​ស៊ូលី សារ៉ូ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«គាត់​សំខាន់​ណាស់​នៅ​ទីក្រុង​ឡុងប៊ិច​គឺ​មិន​សម្រាប់​តែ​ខ្មែរ​យើង​ទេ​គឺ​គាត់​ធ្វើការ​ច្រើន។​ ខាង​ខ្ញុំ​គោរព​គាត់​ជាង​គេ​។ គាត់​មាន​បេះ​ដូង​ល្អ។ ​គាត់​ដឹកនាំ​ដោយ​បេះដូង​មិនមែន​ដោយ​អំណាច​លុយកាក់​ទេ។ គាត់​ធ្វើការ​ល្អ។​ ខ្ញុំ​គោរព​គាត់​ជាងគេ»។​

សកម្មជន​សហគមន៍​ខ្មែរ​ដែល​មាន​អ្នកខ្លះ​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​និង​អ្នកខ្លះ​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក​យល់​ថា​លោកAlan Lowenthal ​បាន​ធ្វើការ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ដើម្បី​សម្រេច​តាម​ការ​ចង់​បាន​របស់​អ្នកបោះឆ្នោត​របស់​លោក​បើ​ទោះ​បី​ជា​លោក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ក៏ដោយ។ ​ក្នុង​ចំណោម​នេះ​រួម​មាន​ការ​កាន់​តំណែង​ជា​សហ​ប្រធាន​ក្រុម​ការងារ​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ជាមួយ​នឹងលោក ​Steve Chabot​ សមាជិក​រដ្ឋសភា​មណ្ឌល​ទី​១​នៃ​រដ្ឋ ​Ohio​ ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ។ ក្រុមការងារ​នេះ​បាន​ស្នើ​ច្បាប់​មួយ​ចំនួន​ដើម្បី​ជួយ​លើក​កម្ពស់​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជាក្នុង​នោះ​មាន​ច្បាប់​ស្តី​ពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០២១​ដែល​បាន​ឆ្លងផុត​រដ្ឋសភា​ហើយ​ពេលនេះ​កំពុង​ស្ថិតនៅ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា។​

លោក ឆល សុង បាន​បន្ថែម​ថា៖

«និយាយ​ទៅ​គាត់​ជា​អ្នកជើងឯក​ នៅ​ក្នុង​តួនាទី​មួយ​ដែល​តែងតែ​ស្វែងរក​នូវ​អ្វី​ដែល​ហៅ​ថា​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ខាង​ភូមិភាគ​អាស៊ី​ប៉ែក​អាគ្នេយ៍​យើង​ហ្នឹង​ជា​ពិសេស​គឺ​ប្រទេស​កម្ពុជា​យើង​តែម្តង»។

រូបឯកសារ៖ លោក​ Alan Lowenthal (ទី៤​រាប់​ពី​ឆ្វេង) រួម​ជាមួយ​វាគ្មិន​ដទៃទៀត​ ពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយក្នុងប្រទេស​កម្ពុជា​ និង​តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale​ រដ្ឋ Virginia ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (លឹម​ ហ្គេចហៀង/វីអូអេ)

លោក ​ស ស៊ីថន​ ប្រធាន​ក្រុម​អ្នក​រៀបចំ​កម្មវិធី​ក៏​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ដែរ​ថា៖

«ដោយសារ​ស្នាដៃ​គាត់​ឃើញ​ថា​កិច្ចការ​ច្រើន​ដែល​ថា​គាត់​ទៅ​ទស្សនា​ស្រុក​ខ្មែរ​ពេល​ឥឡូវហ្នឹង​បើ​សិន​ជា​អត់​គាត់​ខ្ញុំ​មិន​ជឿ​ថា​អស់​លោក​ហ្នឹង​ទៅ​ទេ។ ដោយសារ​ឥទ្ធិពល​គាត់​ហ្នឹង​ហើយ​បាន​គាត់​ធ្វើ​បាន​ហ្នឹង។ អ៊ីចឹង​ហើយ​បាន​ជា​ពួក​យើង​ដែល​មាន​ការ​ចាប់​អារម្មណ៍​ទៅ​ដល់​រឿង​ស្រុក​ខ្មែរ​ហ្នឹង​បាន​ពេញ​ចិត្ត​កិច្ចការ​ទាំងអស់​។ គាត់​ធ្វើ​ដូច​ថា​យើង​រំពឹង​ថា​១០​ប៉ុន្តែ​គាត់​ធ្វើ​រហូតដល់​១៥។ អ៊ីចឹង​ហើយ​បាន​ជាខ្មែរ​យើង​ទូទៅ​មាន​ការ​ពេញ​ចិត្ត​គាត់»។

អម​ដំណើរ​ដោយ​សមាជិក​ក្រុម​គ្រួសារ​ត្រកូល Lowenthal ​ជាច្រើន​នាក់ក្នុង​នោះ​មាន​កូនប្រុស​របស់​លោក​ផង​ ​លោកAlan Lowenthal ​ចាត់​ទុក​ថា​វា​ជា​ថ្ងៃ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​របស់​លោក​ដែល​បាន​ឃើញ​និង​ឮ​ដោយ​ផ្ទាល់​នូវ​មតិ​របស់​សហគមន៍​ខ្មែរ។

លោក​ Alan Lowenthal ​បាន​ថ្លែង​ថា៖

«សូម​អរគុណ។ ខ្ញុំ​នឹង​បំភ្លេច​មិន​បាន​កម្មវិធី​យប់​នេះ​ទេ។ នេះ​គឺជា​បទ​ពិសោធ​ដ៏ល្អ​អស្ចារ្យ»។

លោក ​Alan Lowenthal​ បាន​បន្ថែម​ថា​លោក​នឹង​នៅ​តែ​បន្ត​ការងារ​សង្គម​ក្នុង​ពេល​ចូល​និវត្តន៍​នេះ៖

«ខ្ញុំ​នឹង​មិន​ទៅ​ណា​ឆ្ងាយ​ទេ។ ខ្ញុំ​នឹង​បន្ត​នៅ​ទីក្រុង​ឡុងប៊ិច​នេះ​។ ខ្ញុំ​នឹង​បន្ត​ធ្វើការ​ជាមួយ​នឹង​កុមារ។ ខ្ញុំ​នឹង​បន្ត​ធ្វើការ​ជាមួយ​នឹង​សហគមន៍​ហើយ​ខ្ញុំ​នឹង​បន្ត​ក្រោកឈរ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​មនុស្ស​និង​សមភាព​សម្រាប់​មនុស្ស​គ្រប់គ្នា»។​

មណ្ឌល​ទី​៤៧​របស់​លោក​ Alan Lowenthal​ ត្រូវ​បាន​បែងចែក​ជាថ្មី​និង​បាន​ក្លាយ​ជា​មណ្ឌល​លេខ​៤២​វិញ​ក្រោយ​ពី​ការ​ធ្វើ​ជំរឿន​ឆ្នាំ​២០២០។​ បច្ចុប្បន្ន​លោក​ Robert Garcia​ ចៅហ្វាយ​ក្រុង​ឡុងប៊ិច​មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​លោក ​John Briscoe មកពី​ខាង​គណបក្ស​សាធារណរដ្ឋ​កំពុង​ប្រកួត​ប្រជែង​យក​អាសនៈ​នេះ។​

ប៉ុន្តែ​លោក​ Alan Lowenthal​ បាន​ប្រាប់ ​VOA ក្នុង​បទ​សម្ភាសន៍​ពិសេស​នៅ​ឯ​លំនៅដ្ឋាន​របស់​លោក​ថា​អ្នកណា​ក៏​ដោយ​ដែល​មក​ជំនួស​អាសនៈ​របស់​លោក​ត្រូវ​តែ​ធ្វើការ​ឲ្យ​បាន​ច្រើន​ជាង​មុន​សម្រាប់​សហគមន៍​ខ្មែរ៖

«ខ្ញុំ​គិត​ថា​ប្រសិនបើ​ខ្ញុំ​ធ្វើ​ការងារ​បាន​លទ្ធផល​១៥ ​ខណៈ​ពេល​ដែល​សហគមន៍​ចង់បាន​តែ​១០​ពី​គឺ​ខ្ញុំ​រំពឹង​ថា​អ្នកស្នង​តំណែង​ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​បាន២០។ ​ខ្ញុំ​គិត​ថា​យើង​ត្រូវ​តែ​ធ្វើ​ការងារ​ដោយ​មាន​ការចូលរួម​ពី គណបក្ស​ទាំងពីរ​ជាមួយ​នឹង​ខាង​សាធារណរដ្ឋ។ ខ្ញុំ​គិត​ថា​កម្ពុជា​គឺ​ជា​បញ្ហា​ដែល​ទាំង​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​យល់​ស្រប​គ្នា។ នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​យើង​អាច​ឃើញ​ពី​ការពិភាក្សា​ដេញដោល​អំពី​លទ្ធិប្រជាធិបតេយ្យ។ កម្ពុជា​ជា​ប្រទេស​តូច​ប៉ុន្តែ​វា​តំណាង​ឲ្យ​ទិស​ដែល​ពិភពលោក​កំពុង​រេ​ទៅ​រក​ថា​តើ​ត្រូវ​រេ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឬ​លទ្ធិ​ផ្តាច់ការ»​។

បញ្ហា​ដទៃ​ទៀត​ដែល​លោក​ចង់​ឲ្យ​អ្នកស្នង​តំណែង​ជួយ​ដល់​សហគមន៍​ខ្មែរ​គឺ​គិត​គូរ​ដល់​សមាជិក​ខ្លះ​ដែល​ពុំ​ទាន់​មាន​សញ្ជាតិ​អាមេរិក ​ដែល​បាន​ប្រព្រឹត្ត​ខុស​ហើយ​ត្រូវ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ​ហើយ​វា​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាស​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​កន្លង​មក។

បើ​ទោះ​បី​ជា​ នៅ​ពេល​នេះ​លោក ​Alan Lowenthal ត្រូវ​ចូល​និវត្តន៍​ពី​ការងារ​ជា​សមាជិក​សភា​ប៉ុន្តែ​លោក​បាន​សន្យា​ថា​ការងារ​ជួយ​សង្គម​នឹង​នៅ​តែ​ស្ថិត​នៅ​ជា​បេសកកម្ម​របស់​លោក​ជានិច្ច​ហើយ​

សម្រាប់​សហគមន៍​ខ្មែរ​ការងារ​របស់​លោក​បាន​ជួយ​ផ្លាស់ប្តូរ​ជីវិត​និង​សង្គម​ខ្មែរ​ជាច្រើន​ដែល​ពួកគេ​មិន​អាច​បំភ្លេច​បាន៕