អតីតមន្រ្តីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានភៀសខ្លួនទៅប្រទេសអូស្រ្តាលី ក្រោយលោករងការប្តឹងផ្តល់ពីគណបក្សប្រជាជនកម្ពុជា។ នេះបើតាមការបង្ហោះសារអត្ថាធិប្បាយលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ។
បើតាមការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកនោះ លោក ស៊ឹង សែនករុណា បានបង្ហាញពីក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលី ដែលបានទទួលស្វាគមន៍ការមកដល់របស់លោកក្នុងប្រទេសអូស្រ្តាលី។
លោកបានបង្ហោះសារតាមបណ្តាញសង្គម កាលពីថ្ងៃសៅរ៍ថា៖ «សូមអរគុណច្រើនចំពោះចាស់ព្រឹទ្ធាចារ្យ និងលោកបង Heang Tak ដែលទទួលស្វាគមន៍និងប្រាប់ពីស្ថានភាពនៃទឹកដីសេរីភាពនៅរដ្ឋវិចតូរីយ៉ា ក្រុងម៉ែលប៊ន ស្រ្ពីងវ៉ែល ប្រទេសអូស្រ្តាលីនិងសូមអរគុណនូវឆន្ទៈចំពោះសង្គមជាតិមាតុភូមិរបស់ពួកគាត់។ ទោះបីរស់នៅឆ្ងាយពីទឹកដី ប៉ុន្តែទឹកចិត្តពួកគាត់មិនដែលឆ្ងាយពីនយោបាយដើម្បីជួយសង្គមជាតិយើងឡើយ»។
ជាមួយគ្នានោះដែរ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ លោក ករុណា ក៏បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ដោយបញ្ជាក់ឱ្យដឹងថា លោកបានលាឈប់ពីការងារនៅអង្គការសិទ្ធិមនុស្សអាដហុកហើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ស៊ឹង សែនករុណា បាននៅឡើយទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោក ស៊ឹង សែនករុណា បានធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលី កាលពីអំឡុងសប្តាហ៍មុន។ លោកបន្តថា ការចាកចេញទៅក្រៅប្រទេសរបស់លោក ស៊ឹង សែនកុរណា ដូចគ្នានឹងសកម្មជនដទៃទៀតដែលភៀសខ្លួនទៅក្រៅប្រទេសដែរ គឺដើម្បីស្វែងរកកន្លែងដែលអាចការពារសុវត្ថិភាពផ្ទាល់ខ្លួន និងគេចពីការធ្វើទុក្ខបុកម្នេញមកលើរូបលោក។
លោក នី សុខា ឱ្យដឹងទៀតថា លោក ស៊ឹង សែនករុណា មិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង់សងប្រាក់ជំងឺចិត្តដល់ជិតកន្លះលានដុល្លារអាមេរិកឡើយ ហើយលោកថា ប្រព័ន្ធតុលាការនៅកម្ពុជាក៏មិនអាចទុកចិត្តបាន។
លោកបញ្ជាក់ថា៖ «ការប្តឹងផ្តល់ទាំងអស់នេះវាធ្វើឱ្យគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនគាត់ ហើយដូចដែលយើងឃើញជារឿយៗគឺថា មានបណ្តឹងជាហូរហែ ។ អ៊ីចឹងហើយយើងដឹងហើយថា កន្លងទៅមានការប្តឹងទាមទារនូវប្រាក់ដ៏ច្រើនលើសលប់ដែលវាមានចំនួនច្រើនលើសលប់។ ហើយយើងគិតថា គាត់អាចនឹងគិតថា គាត់គ្មានលទ្ធភាពទេ ប្រសិនជាថ្ងៃអនាគតទៅមានការកាត់សេចក្តីឱ្យគាត់មានការទទួលខុសត្រូវក្នុងការបង់ប្រាក់អីមួយចំនួនទាំងអស់នោះគឺថា គាត់មិនអាចមានលទ្ធភាពទៅសងដើមបណ្តឹងបានទេ»។
លោក នី សុខា បន្ថែមថា លោកពិតជាមានការសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សដ៏ល្អមួយរូបនេះដែលមានភាពក្លាហាន ហ៊ានលះបង់ តស៊ូការពារការគោរពសិទ្ធិមនុស្សនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក គី តិច មេធាវីម្នាក់របស់គណបក្សកាន់អំណាចបាននៅឡើយទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមមេធាវីរបស់លោក ហ៊ុន សែន បានប្តឹងលោក ស៊ឹង សែនករុណា ពីបទបរិហារកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្តប្រមាណ ៥០ ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធនឹងការថ្លែងរបស់លោកជាមួយសារព័ត៌មាន ដែលគណបក្សកាន់អំណាចថា «មួលបង្កាច់នាំឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា»។
លោក ស៊ឹង សែនករុណា ត្រូវបានសារព័ត៌មានយោងសម្តីក្នុងឃ្លាថា៖ «គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»។
ទោះជាយ៉ាងណា លោក ស៊ឹង សែនករុណា ធ្លាប់បានបដិសេធថា រាល់ការស្រង់សម្តីរបស់លោកទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយនោះ មិនមែនជាចេតនានិងគោលបំណងរបស់លោកឡើយ៕