គណបក្ស​សិទ្ធិ​មនុស្ស ​ប្រកាស​រំលាយ​ខ្លួន​ឯង

រូបឯកសារ៖ លោក សឺន ស៊ូប៊ែ ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ថ្លែង​ទៅ​កាន់​ព្រះសង្ឍ​ និង​អ្នក​ចូលរូម ប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ​​ នៅថ្ងៃទី​០៤​មិថុនា​ ឆ្នាំ​២០១៦ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​៦៧​ឆ្នាំ​ ថ្ងៃ​អាណានិគម​បារាំង​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ ដែល​បប្ចុប្បន្ន​ហៅថា ​​កម្ពុជា​ក្រោម​ ​ឲ្យ​ប្រទេស​​វៀតណាមនៅ​ឆ្នាំ​១៩៤៩។ ​(VOA)​​

អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ​លើក​ឡើង​ថា ​ក្រសួង​នឹង​លុប​ឈ្មោះ​គណបក្ស​សិទ្ធិមនុស្ស​ចេញ​ពី​បញ្ជី​ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា ការ​ធ្វើ​សមាជ​របស់​គណបក្ស ​ស្រប​ទៅ​តាម​ច្បាប់។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​ជា​គណបក្សបង្កើត​ឡើង​ដោយ​លោក កឹម សុខា បាន​ប្រកាសរំលាយគណបក្សនេះ​ដោយខ្លួន​ឯង ក្រោយ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​-សង្កាត់កាល​ពី​ឆ្នាំ​២០១៧​ត្រូវ​បាន​បញ្ចប់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សឺន ស៊ូប៊ែរ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស។

បើ​តាម​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា ​ផ្ញើ​ទៅ​លោក​ ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ អំពី​ការ​រំលាយ​ចោល​គណបក្ស​សិទ្ធិ​មនុស្ស លោក សឺន ស៊ូបែរ្តិ៍ បាន​បញ្ជាក់​ថា​ គណបក្ស​សិទ្ធិ​មនុស្ស​បាន​សម្រេច​ជា​ឯកច្ឆន្ទ​រំលាយ​ខ្លួន​ឯង ចាប់​ពី​ថ្ងៃ​ចេញ​លិខិត​នេះ​តទៅ​ ទៅ​តាម​សម័យ​ប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍។

​លោក សឺន ស៊ូប៊ែរ ប្រាប់ VOA នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ការសម្រេច​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​មាន​មូលហេតុ​តែ​មួយ​គត់ គឺ​ដោយ​សារ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ កាល​ពី​ឆ្នាំ​២០១៧ បាន​បញ្ចប់ ហើយ​ថា មន្រ្តី​ដែល​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចូល​រួម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​អស់ហើយ។

លោក​មាន​ សឺន ស៊ូប៊ែរ ប្រសាសន៍​ថា៖

«ពីព្រោះ​តួនាទី​គណបក្ស​សិទ្ធិ​មនុស្ស​យើង​បានរក្សា​ទុក ដោយ​សារ​ថា ឲ្យបោះឆ្នោត​ឃុំ​សង្កាត់​ហ្នឹង​ចប់​ក្នុង​ជួរគណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស​ហ្នឹង​ចូល​ទៅ​ក្នុង​ហ្នឹង។ ដល់​ឥឡូវ​យើង​បញ្ឈប់​តែ​ប៉ុណ្ណឹង»។

លោក សឺន ស៊ូប៊ែរ្តិ៍​ បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប ឬ​សម្រេច​ណាមួយ​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ។

នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ VOA ​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​ការ​ជូន​ដំណឹង​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា តាម​ច្បាប់ ក្រសួងនឹង​នឹង​សម្រេច​ថា​នឹង​ត្រូវ​រំលាយ ឬ​អត់ បន្ទាប់​ពីពិនិត្យមើល​លក្ខន្តិកៈ​របស់​គណបក្ស។

លោក​បញ្ជាក់​ថា៖

«នៅ​ពេល​បាន​ទទួល​ពាក្យ​សុំ​រំលាយ​ហើយ យើង​នឹង​ពិនិត្យ​មើល តើ​រំលាយ​សមស្រប​តាម​លក្ខន្តិកៈ ឬ​អត់? លក្ខន្តិកៈ​ត្រូវ​រំលាយ​ហ្នឹង​ត្រូវ​អត់? បើ​ត្រូវ​យើង​លុប​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​ទៅ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​មិន​សមស្រប​តាម​លក្ខន្តិកៈ​យើង​មិន​អាច​រំលាយ​បាន​ទេ។ ឧទាហរណ៍​ថា ធ្វើ​សមាជ​ក្តី ចាំ​មើល​លក្ខន្តិកៈ​របស់​គាត់​យើង​ដឹង​ហើយ»។

គណបក្ស​សិទ្ធិ​មនុស្ស ​ត្រូវ​បាន​គេ​ដឹង​ថា ​អាច​ជា​គណបក្ស​មួយ​ដែល​នឹង​ចូល​រួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ ប្រសិន​គណបក្ស​សង្គ្រោះជាតិ​ដែល​ទើប​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកាកន្លង​ទៅ មិន​អាច​មាន​លទ្ធភាព​ត្រឡប់​មក​ចូល​រួមការ​បោះឆ្នោត​វិញ​បាន។

ការ​សម្រេច​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​កំពុង​និរទេស​ខ្លួន​ឯ​បរទេស ​ប្រកាស​បង្កើត «ចលនា​សង្គ្រោះ​ជាតិ» ជា​ផ្លូវ​ការ​ និង​ស្រប​ពេល​ដែល​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ទៀត​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

​ក្នុង​ពិធី​ប្រកាស​ដំណើរការ «ចលនា​សង្រ្គោះជាតិ» ជាផ្លូវការ​ពី​ទីក្រុង​ឡុងប៊ិច សហរដ្ឋ​អាមេរិក អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ថា លោក​បង្កើត​ចលនា​នយោបាយ​ថ្មី​មួយ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​រស់​ឡើង​វិញ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា។

គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក កឹម សុខា កាលពី​ឆ្នាំ​២០០៧។ កាល​ពី​ឆ្នាំ​២០១២ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី ដែល​ពេល​នេះ​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន និង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស សម្រេច​ចាប់​ដៃ​គ្នា​បង្កើត​បាន​ជា​គណបក្ស​សង្រ្គោះជាតិ ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង​៣០ឆ្នាំ។​

ការ​ច្របាច់បញ្ចូលគ្នា​បង្កើតជាគណបក្សសង្រ្គោះជាតិ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​នេះ ទទួលបានសំឡេង​កើនឡើងគួរឲ្យកត់សម្គាល់​ ​គឺ​ទទួល​បាន​កៅអីតំណាងរាស្រ្តរហូតដល់​៥៥​រូប ក្នុងចំណោម​១២៣​រូប កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣។ ចំណែក​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧ គណបក្ស​សង្រ្គោះជាតិ​បាន​កើន​ឡើង​ចំនួន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​១០​ដង គឺ​កើន​ឡើង​ពី​ប្រមាណ​៣.០០០​នាក់ រហូត​ដល់​៥.០០៧​នាក់៕