ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សប្រឆាំង​ពីរ​គ្រោង​បញ្ចូល​ទៅជា​គណបក្ស​តែមួយ


មេដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស ​និង​គណបក្សប្រឆាំង​របស់​លោក​សម រង្ស៊ី ​បាន​អះអាងថា​នឹង​ជូប​ប្រជុំ​គ្នា​សាជាថ្មី​នៅ​ថ្ងៃ​ទី​១៧ ​និង​១៨ ​ខែ​កក្កដា ​ខាងមុខ​នេះ​នៅ​ក្នុង​ទីក្រុង​ម៉ានីឡ ប្រទេស​ហ្វ៊ីលីពីន ​ដើម្បី​រកគន្លឹះ​រួបរួម​គ្នា​ទៅ​ជា​គណបក្ស​តែ​មួយ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ទាំង​ពីរ។

គណបក្ស​ទាំងពីរ​មានគម្រោង​ជួបប្រជុំគ្នា​នៅ​ក្នុង​អំឡុង​ខែ​មិថុនា​នេះ​។​ ក៏ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​អាក់ខាន​ទៅ​វិញ ​ដោយសារ​តែ​គណបក្ស​នីមួយៗ​ មិនទាន់​បាន​បង្កើត​គណៈកម្មាធិការ​រៀង​ៗ​ខ្លួន​នៅ​ឡើយ។

លោក​យឹម ​សវុណ្ណ ​អ្នក​តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី​ បាននិយាយ​ថា​លោក​សម ​រង្ស៊ី ​មេដឹកនាំ​គណប្ស​សម រង្ស៊ី​ បានត្រៀមខ្លួន​រួច​ហើយ​សម្រាប់​ការចរចា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​។ ​លោក​បាន​បញ្ជាក់​ថា​ជំហ៊ានដំបូង​មេដឹកនាំ​គណបក្ស​ទាំងពីរ​ នឹង​ជួបប្រជុំ​គ្នា​សិន​ ថាតើ​នឹង​ត្រូវ​ធ្វើ​ការ​បង្រួបបង្រួម​គ្នា​យ៉ាង​ដូច​ម្តេច។

«គឺប្រធានបទ​ការបង្រួបបង្រួម​កម្លាំង​ប្រជាធិតេយ្យ​ទាំងអស់ ​ហើយ​មាន​គោលការណ៍​ធំ​ៗ​ មួយចំនួន​ ដូច​នឹង​ជជែក​គ្នា​អំពីរឿង​ធ្វើ​សេចក្តីសម្រេច​រួមនៅ​ថ្នាក់​មូលដ្ឋាន​។​ យុទ្ធសាស្ត្រ​នៅ​ក្នុង​ការចូលរួម​ចំណែក​កែប្រែ​ គជប»។

លោក​ពល ហំ​ អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស​វិញ​ បាននិយាយ​ថា​លោក​រំពឹង​ថា​មេដឹកនាំ​គណបក្ស​ទាំងពីរ​នឹង​ជជែក​គ្នា​អំពី​គោលការណ៍​ជារួម​សិន​ មុន​នឹង​ឈាន​ទៅ​ដល់​ជំហាន​បន្តបន្ទាប់​ទៀត។

«ខ្ញុំ​គិត​ថា ​យ៉ាងហោចណាស់​នឹង​ត្រូវ​តែ​ជជែក​គ្នា​ជា​គោលការណ៍​រួមសិន​ថា​តើ​យើង​រួបរួម​គ្នា​ដោយ​របៀប​ណា​។ ​ ពីព្រោះ​របៀប​រួបរួម ​តាម​ខ្ញុំ​មើល​ទៅ​វា​មាន​ច្រើន​។ ​វា​មាន​រៀប​ការ​រំលាយ​ចូលគ្នា​ ឬក៏​សម្ព័ន្ធភាព​ ឬក៏​សហការ»។

លោកបណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាព​ឯករាជ្យ​មួយរូប​បាន​សម្លឹង​ឃើញ​ថា​ការរួបរួម​គ្នា​រវាង​គណបក្ស​ទាំងពីរ​ ហាក់បីដូច​ជា​មាន​ការ​ខុសប្លែក​ពី​លើក​មុន​ៗ ​នឹង​រឹងមាំ​ជាង​មុន​។​ លោក​បាន​បញ្ជាក់​ថា​គណបក្ស​ទាំងពីរ​អាច​នឹង​រួបរួម​គ្នា​បាន​នៅ​ថ្ងៃ​អនាគត។

«ប្រហែល​ទៅ​មុខ​ជាង​ពេល​មុន​ៗ​។ ​ហើយ​ដូច​ជា​ឥឡូវហ្នឹង ​តាមរយៈ​នៃ​លទ្ធផល​ការបោះឆ្នោត​ ហើយ​នឹង​ការ​ខំប្រឹងប្រែង​។ ​ខ្ញុំ​ឃើញ​ដូច​ជា​អាច​កត់សម្គាល់​ចំណុច​ខ្សោយចំណុចខ្លាំង​នៃ​គណបក្ស​នីមួយ​ៗ»។

បន្ទាប់​ពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៣​នេះ​ គណបក្ស​សិទ្ធិមនុស្ស​បាន​ទទួល​មុខ​ដំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ប្រហាក់ប្រហែល​គណបក្ស​សម ​រង្ស៊ី​ ហើយ​គណបក្ស​ទាំង​ពីរ​បាន​សម្លឹង​ទៅ​រក​ការបង្រួបបង្រួម​គ្នា​ទៅ​ជា​គណបក្ស​តែមួយ​ ក្នុង​គោលបំណង​ ដើម្បី​ផ្តួលរំលំ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន ​សែន ​បន្ទាប់​ពី​គណបក្ស​នេះ​ បាន​ត្រួត​ត្រា​ប្រទេស​អស់រយៈពេល​ប្រមាណ​ជិត​ ៣០ឆ្នាំ។

គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​ បានសរសេរ​លិខិត​ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក​ ដោយ​បាន​អំពាវនាវ​ឲ្យ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៃ​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​ជា​មួយគ្នា​ ក្នុង​គោលបំណង​ ដើម្បី​បំបាត់​អំពើពុករលួយ​នៅ​ថ្នាក់​មូលដ្ឋាន​។ ​គម្រោង​រួបរួមគ្នា​នៃ​គណបក្ស​ទាំង​ពីរ​ត្រូវ​បានមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជនកម្ពុជា​ មិន​មាន​ជំនឿ​ថា​ នឹង​អាច​មាន​ជ័យជំនេះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ៕

XS
SM
MD
LG