មន្រ្តីអាមេរិកបានត្រួតពិនិត្យវិនិច្ឆ័យលើមនុស្សប្រមាណ ៣០០.០០០ នាក់ នៅព្រំដែនសហរដ្ឋអាមេរិកជាមួយម៉ិកស៊ិក កាលពីខែធ្នូ ដែលជាចំនួនច្រើនបំផុតត្រូវបានកត់ត្រាទុក។ នេះបើយោងតាមអង្គភាពព័ត៌មានមួយចំនួន។
ខណៈដែលក្រសួងសន្តិសុខមាតុភូមិ នឹងបញ្ចេញចំនួនជនចំណាកស្រុកប្រចាំខែធ្នូនៅចុងខែមករានេះ ទីភ្នាក់ងារព័ត៌មាន Reuters និងអង្គភាពព័ត៌មានដទៃទៀតបានប៉ានប្រមាណថា មនុស្ស ៣០០.០០០ នាក់ បានព្យាយាមឆ្លងព្រំដែនកាលពីខែធ្នូ ឆ្នាំ ២០២៣ ក្នុងនោះប្រមាណ ៥០.០០០ នាក់ បានឆ្លងកាត់តាមច្រកចូលដែលត្រូវបានកំណត់ឡើង។
ការប៉ានប្រមាណនេះបានបង្ហាញថា រយៈពេលបីខែដំបូងនៃឆ្នាំសាពើពន្ធនៃឆ្នាំ ២០២៤ នេះដែលចាប់ផ្តើមនៅខែតុលាមានចំនួនជនចំណាកស្រុកច្រើនបំផុត។ អ្នកជំនាញនិយាយថាកត្តាជាច្រើនបានបង្កឱ្យជនចំណាកស្រុកដែលភាគច្រើនមកពីតំបន់ឆ្ងាយ ដូចជាទ្វីបអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា មកព្រំដែនសហរដ្ឋអាមេរិកដោយស្របច្បាប់ ឬជាអ្នកសុំសិទ្ធិជ្រកកោន ឬដោយមិនស្របច្បាប់។
ចំនួនជនចំណាកស្រុកនៅព្រំដែនបានកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិកឈានចូលក្នុងឆ្នាំបោះឆ្នោតដែលប្រធានបទស្តីពីជនអន្តោប្រវេសន៍ត្រូវបានរំពឹងថានឹងដើរតួនាទីដ៏សំខាន់។
ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលត្រូវបានរំពឹងថា នឹងទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានលើកឡើងម្តងហើយម្តងទៀតថា ជនចំណាកស្រុកគឺជាចំណុចខ្លាំងមួយរបស់សហរដ្ឋអាមេរិក បើទោះបីជាលោកបានចាត់វិធានការដើម្បីទប់ទល់នឹងលំហូរជនចំណាកស្រុកនាពេលបច្ចុប្បន្នក៏ដោយ។
អតីតប្រធានាធិបតីលោក Donald Trump ដែលត្រូវបានរំពឹងថានឹងឈ្នះការតែងតាំងជាបេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋ បានទាមទារជាយូរមកហើយឱ្យមានការរឹតបន្តឹងខ្លាំងជាងមុនលើផ្នែកអន្តោប្រវេសន៍ ហើយបានប្រើប្រាស់ភាសាអុចអាលជាញឹកញយក្នុងការពណ៌នាជនអន្តោប្រវេសន៍ដែលមកកាន់សហរដ្ឋអាមេរិក។
កត្តា«ទាញនិងរុញច្រាន»
អ្នកស្រី Michelle Mittelstadt ប្រធានផ្នែកទំនាក់ទំនងនិងកិច្ចការសាធារណៈនៃវិទ្យាស្ថានគោលនយោបាយចំណាកស្រុក បានថ្លែងប្រាប់វីអូអេថា កត្តាជាច្រើនបានរួមចំណែកនៅក្នុងការកើនឡើងនូវចំនួនជនចំណាកស្រុកនៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកនេះ។
អ្នកស្រី Mittelstadt បានបន្តថា ជនចំណាកស្រុកមួយចំនួនដែលមកដល់ព្រំដែនត្រូវបាន«បង្ខំ»ឱ្យចាកចេញពីប្រទេសរបស់ពួកគេ ដោយសារបញ្ហាសេដ្ឋកិច្ចនិងនយោបាយ គ្រោះធម្មជាតិនិងវិបត្តិដទៃទៀត។
ឧទាហរណ៍ ការដួលរលំនៃសេដ្ឋកិច្ចប្រទេសវេណេស៊ុយអេឡានៅក្នុងមួយទសវត្សរ៍មកនេះបានបង្ខំឱ្យមមនុស្សប្រមាណ ៨ លាននាក់ ចាកចេញពីប្រទេសនេះ។ ស្របពេលដែលមនុស្សមួយចំនួនទទួលបានសិទ្ធិជ្រកកោននៅតាមបណ្តាប្រទេសដទៃទៀតនៅតំបន់អាមេរិកខាងត្បូង ដូចជាប្រទេសកូឡុំប៊ី មនុស្សរាប់សែននាក់ទៀត បានធ្វើដំណើរដ៏វែងឆ្ងាយនិងប្រកបដោយគ្រោះថ្នាក់ទៅកាន់សហរដ្ឋអាមេរិក។
កត្តាដទៃទៀតដែលរួមចំណែកក្នុងការ «ទាញ» យកជនចំណាកស្រុកមកកាន់សហរដ្ឋអាមេរិក រួមមានភាពខ្លាំងនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលនាពេលបច្ចុប្បន្នជាស្ថិតិមានកន្លែងការងារទំនេរពីរកន្លែងសម្រាប់រាល់ពលរដ្ឋអាមេរិកាំងដែលស្វែងរកការងារធ្វើ។
ស្ថិតនៅពីលើកត្តាទាំងនេះគឺ ភស្តុតាងបញ្ជាក់យ៉ាងច្បាស់ដែលថា ប្រព័ន្ធផ្លូវច្បាប់របស់សហរដ្ឋអាមេរិកដើម្បីត្រួតពិនិត្យវិនិច្ឆ័យលើជនស្វែងរកសិទ្ធិជ្រកកោនមានការប្រេះស្រាំយ៉ាងខ្លាំង។ បុគ្គលដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេស ស្របពេលករណីរបស់ពួកគេកំពុងស្ថិតក្រោមការវាយតម្លៃជាញឹកញយត្រូវរង់ចាំជាច្រើនឆ្នាំ មុនពេលពួកគេទទួលបានសេចក្តីសម្រេចពីតុលាការអន្តោប្រវេសន៍។ មានជាង ៣ លានករណី កំពុងស្ថិតក្នុងការរង់ចាំ ក្នុងនោះជាង ១ លានករណី ត្រូវបានដាក់បញ្ចូលនៅក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។
វិបត្តិកំពុងរីកសាយភាយ
បណ្តារដ្ឋតាមបណ្តោយព្រំដែនភាគខាងត្បូងបានត្អូញត្អែរជាយូរមកហើយអំពីការកើនឡើងនូវចំនួនជនចំណាកស្រុកចូលមកសហរដ្ឋអាមេរិក។ ក្នុងករណីមួយចំនួន ក្រុងតូចៗតាមបណ្តោយព្រំដែនបានប្រឈមមុខនឹងលំហូរជនចំណាកស្រុករាប់ពាន់នាក់ នៅក្នុងចន្លោះពេលពីរទៅបីថ្ងៃប៉ុណ្ណោះ។
មេដឹកនាំរដ្ឋតាមបណ្តោយព្រំដែនដូចជាអភិបាលរដ្ឋ Texas លោក Greg Abbott បានត្អូញត្អែរថា ការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធទៅនឹងវិបត្តិនេះមិនគ្រប់គ្រាន់ ទាំងនៅក្នុងបរិបទនៃគោលនយោបាយឆ្លើយតបដែលអាចជួយកាត់បន្ថយលំហូរជនចំណាកស្រុកនិងនៅក្នុងបរិបទផ្តល់ជំនួយ ដើម្បីគ្រប់គ្រងការផ្តល់ការថែទាំដល់ជនចំណាកស្រុកជាច្រើននាក់ដែលបានឆ្លងព្រំដែន។
កាលពីឆ្នាំមុន លោក Abbott ជាពិសេសបានជំរុញពន្លឿនកម្មវិធីមួយដែលតាមរយៈកម្មវិធីនេះ រដ្ឋ Texas បញ្ជូនជនចំណាកស្រុកជាក្រុមក្នុងទ្រង់ទ្រាយធំ តាមរយៈរថយន្តក្រុងឬយន្តហោះទៅកាន់ទីក្រុងធំដទៃទៀតនៅសហរដ្ឋអាមេរិក ដែលជាទូទៅគ្រប់គ្រងដោយអភិបាលរដ្ឋជាសមាជិកគណបក្សប្រជាធិបតេយ្យ ដូចជាក្រុងញូវយ៉ក និងក្រុង Chicago ជាដើម។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អភិបាលក្រុងដែលបានទទួលជនចំណាកស្រុករាប់ម៉ឺននាក់នៅក្នុងបែបផែនដូចនេះ បានចាប់ផ្តើមព្យាយាមបង្អាក់លំហូរនេះ។ នៅក្រុងញូវយ៉កអភិបាលក្រុងលោក Eric Adam បានដាក់ចេញបទបញ្ជាប្រតិបត្តិដែលរឹតត្បិតការចូលមកដល់នៃរថយន្តក្រុងដឹកជនចំណាកស្រុកតាមពេលវេលានិងកន្លែងដាក់ចុះមួយចំនួន។ ជាការឆ្លើយតប រថយន្តក្រុងមួយចំនួនបានឈប់នៅជិតកន្លែងស្ថានីយផ្លាស់ប្តូររថយន្តក្រុងនៅរដ្ឋ New Jersey ក្បែរនោះ ហើយបង្គាប់ឱ្យអ្នកដំណើរប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈចូលមកក្រុងញូវយ៉ក។
កិច្ចពិភាក្សាជាមួយប្រទេសម៉ិកស៊ិក
រដ្ឋបាលលោក Biden បានចាត់ចំណាត់ការដោះស្រាយវិបត្តិនេះ រួមមានការបង្អាក់បណ្តាញក្រុមរត់ពន្ធមនុស្ស ការជំរុញពន្លឿនការនិរទេសតាមលក្ខខណ្ឌខ្លះ ការដាក់ពង្រាយយោធាដើម្បីផ្តល់ជំនួយដល់មន្រ្តីល្បាតព្រំដែននិងមន្រ្តីអន្តោប្រវេសន៍ និងការពង្រីកមណ្ឌលសម្រាប់ដាក់និងត្រួតពិនិត្យវិនិច្ឆ័យលើជនស្វែងរកសិទ្ធិជ្រកកោន និងជនចំណាកស្រុកដទៃទៀត។
កាលពីចុងខែធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានដឹកនាំគណៈប្រតិភូអាមេរិកទៅកាន់ប្រទេសម៉ិកស៊ិក ដើម្បីពិភាក្សាជាមួយរដ្ឋបាលលោកប្រធានាធិបតី Andrés Manuel López Obrador ជុំវិញការកាត់បន្ថយលំហូរជនចំណាកស្រុក។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក López Obrador បាននិយាយថា កិច្ចពិភាក្សានេះបាននាំឱ្យមាន«កិច្ចព្រមព្រៀងសំខាន់ៗ» បើទោះបីសេចក្តីលម្អិតមិនត្រូវបានបញ្ចេញក៏ដោយ។
លោក Biden បានរងការរិះគន់
នៅពេលជាបេក្ខភាពប្រធានាធិបតី លោក Biden បានលើកឡើងពីការបើកទូលាយចំពោះជនស្វែងរកសិទ្ធិជ្រកកោននិងជនអន្តោប្រវេសន៍។
ក្នុងអំឡុងនៃការជជែកដេញដោលដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីឆ្នាំ ២០២០ លោក Biden បានការពារការអនុញ្ញាតឱ្យបុគ្គលដែលស្វែងរកសិទ្ធិជ្រកកោនស្ថិតនៅសហរដ្ឋអាមេរិកជារៀងរហូត ស្របពេលករណីរបស់ពួកគេទទួលបានការត្រួតពិនិត្យវិនិច្ឆ័យ ដោយលើកឡើងក្នុងសម្តីដើមថា៖ «អ្នកមកសហរដ្ឋអាមេរិកនិងអ្នកបានបង្ហាញអំណះអំណាងរបស់ខ្លួនថា« ខ្ញុំស្វែងរកសិទ្ធិជ្រកកោនដោយផ្អែកលើហេតុផលដូចនេះ និងហេតុផលដែលខ្ញុំគួរទទួលបានសិទ្ធិជ្រកកោននៅក្រោមច្បាប់អាមេរិកាំង»។
ក្រុមអង្គការអភិរក្សនិយមដែលគាំទ្រការរឹតបន្តឹងលើផ្នែកអន្តោប្រវេសន៍និយាយថា លទ្ធផលនៃគោលនយោបាយរបស់លោកប្រធានាធិបតីមានភាពច្បាស់លាស់និងអាចព្យាករណ៍បាន។
លោក Simon Hankinson អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្រាប់សន្តិសុខព្រំដែននិងអន្តោប្រវេសន៍នៅមូលនិធិ Heritage Foundation បាននិយាយថា៖ «សូម្បីតែមុនពេលចូលកាន់តំណែង លោក Biden បានបង្ហាញសារយ៉ាងច្បាស់ទៅកាន់អ្នកដែលចង់ធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅទូទាំងសាកល លោកថា ពួកគេមានឱកាសច្រើននៅក្នុងការដោះលែងចូលមកសហរដ្ឋអាមេរិក»។
កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ សមាជិកសភាពីគណបក្សសាធារណរដ្ឋបានបដិសេធក្នុងការពិចារណាកញ្ចប់ជំនួយបរទេសទ្រង់ទ្រាយធំទៅកាន់អ៊ុយក្រែននិងអ៊ីស្រាអែល ដរាបណាកញ្ចប់ជំនួយទាំងនោះផ្សារភ្ជាប់ជាមួយនឹងកំណែទម្រង់អន្តោប្រវេសន្ត៍សំខាន់ៗ។
នៅក្នុងការបង្ហាញខ្លួនលើប៉ុស្ត៍ទូរទស្សន៍ CBS កាលពីថ្ងៃទី ៣១ ខែធ្នូ សមាជិកព្រឹទ្ធសភាលោក Lindsey Graham បានបង្ហាញគោលជំហរយ៉ាងច្បាស់លើបញ្ហានេះ ដោយលោកថ្លែងថា៖ «នៅពេលអ្នកមកព្រំដែនរបស់យើង យើងនិយាយថា៖ «សូមទោស យើងពេញហើយ»។
នៅក្នុងកម្មវិធីដូចគ្នានេះ អភិបាលក្រុង Denver លោក Mike Johnston បានច្រានចោលគំនិតដែលថា សហរដ្ឋអាមេរិកមានជនចំណាកស្រុកពេញរួចហើយ ដោយលោកនិយាយថាទីក្រុងដូចជាទីក្រុងរបស់លោក ត្រឹមតែស្នើសុំឱ្យមានការមកដល់នៃជនចំណាកស្រុកដោយរបៀបរៀបរយតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «អ្វីដែលយើងមិនចង់បានគឺមនុស្សមកដល់ម៉ោងពីរភ្លឺនៅអគារក្រុង ឬសង្កាត់មួយដែលមានស្រ្តីនិងកុមារ ស្ថិតនៅខាងក្រៅ ពេលមានសីតុណ្ហភាព ១០អង្សារ និងមិនមានជំនួយ។ ដូច្នេះ យើងចង់ឱ្យរថយន្តក្រុងនៅទីនេះធ្វើអ្វីដែលរថយន្តក្រុងដទៃទៀតធ្វើ ដែលនោះ គឺមកស្ថានីយរថយន្តក្រុងនិងចំណតរថយន្តនៅម៉ោងដែលយើងមានបុគ្គលិកដើម្បីទទួលពួកគេ និងដឹកនាំពួកគេទៅកាន់សេវាកម្មផ្សេងៗ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា