កំណត់និពន្ធ៖ វោហាសាស្រ្តគំរាមកំហែងជាបន្តបន្ទាប់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងរដ្ឋមន្ត្រីកម្ពុជា ដែលចង់កម្ទេចអ្នកតវ៉ាពី ១០០ ទៅ២០០នាក់ និងការព្រមានវាយក្បាលនឹងគល់ឫស្សីបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងសម្រាប់សកម្មជនសិទ្ធិមនុស្ស ជាពិសេសក្នុងពេលដែលប្រទេសកម្ពុជាកំពុងតែរៀបចំឆ្ពោះទៅការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨។ លោកហ្វីល រ៉ូប៊ឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ប្រចាំតំបន់អាស៊ីផ្តល់បទសម្ភាសន៍ជាមួយលោក ម៉ែន គឹមសេង នៃ VOAពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
Your browser doesn’t support HTML5
VOA៖ សូមជម្រាបសួរលោក ហ្វ៊ីល រ៉ូប៊ឺតសុន!
លោក រ៉ូប៊ឺតសុន៖ សូមជម្រាបសួរ!
VOA៖ សូមអរគុណ ដែលផ្តល់ឱកាសសម្ភាសដល់ VOA។ កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានព្រមានកម្ទេចមនុស្សពី ១០០ ទៅ២០០នាក់ ប្រសិនបើពួកគេហ៊ានធ្វើបដិវត្តន៍ពណ៌។ តើលោកយល់ថា សភាពការណ៍សិទ្ធិមនុស្សនឹងវិវត្តយ៉ាងណាដែរ ឈានទៅដល់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ?
លោក រ៉ូប៊ឺតសុន៖ យើងមើលឃើញការបង្ក្រាបលើសិទ្ធិជាមូលដ្ឋានខាងផ្នែកសិទ្ធិស៊ីវិល និងនយោបាយ ហើយនៅពេលណាដែលខ្ញុំនិយាយពីបញ្ហានេះគឺ ខ្ញុំសំដៅលើសេរីភាពនៃការបញ្ចេញមតិ សមាគម និងសិទ្ធិក្នុងការជួបជុំធ្វើបាតុកម្មដោយសន្តិវិធី។ នៅពេលដែលលោកហ៊ុន សែនឬមន្ត្រីរបស់គាត់និយាយពីការបង្ក្រាបបដិវត្តន៍ពណ៌គឺ គាត់សំដៅលើការបង្រ្កាបលើការជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋសាមញ្ញ ដើម្បីសម្តែងមតិរបស់ពួកគេ។
ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើច្បាប់មួយចំនួនរបស់អង្គការសហប្រជាជាតិដូចជា កតិកាសញ្ញាស្តីពីសិទ្ធិស៊ីវិល និងនយោបាយ ដែលតម្រូវឱ្យប្រទេសកម្ពុជាត្រូវការពារសិទ្ធិទាំងអស់នេះ។ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកំពុងតែវាយប្រហារសិទ្ធិទាំងនេះ និងគំរាមកំហែងថា នឹងប្រើហិង្សាដោយថ្លែងថា ពួកគេមានសិទ្ធិបង្ក្រាបពលរដ្ឋ បើសិនជាពលរដ្ឋតវ៉ា។
VOA៖ នៅសប្តាហ៍នេះលោកហ៊ុន សែនបាននិយាយដោយចំចោទប្រកាន់គណបក្សប្រឆាំងមិនឱ្យផ្សាយពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងសុខភាព និងការស្លាប់បាត់បង់ជីវិតរបស់គាត់។ បើមិនអីចឹងទេទាហាននឹងធ្វើការបង្ក្រាបពួកគេហើយ។ តើលោកយល់យ៉ាងណាដែរពីអត្ថាធិប្បាយនេះ?
លោក រ៉ូប៊ឺតសុន៖ នេះជាការបង្ហាញថា វាជាអំពើផ្តាច់ការដែលជ្រកក្រោមផ្លាកប្រជាធិបតេយ្យ។ នៅពេលណាដែលលោកហ៊ុន សែននិយាយថា គ្មានអ្នកណាអាចនិយាយពីគាត់ ហើយបើហ៊ានគឺ នឹងត្រូវកងកម្លាំងប្រដាប់អាវុធវាយប្រហារនោះ គឺមានន័យថា កងយោធា និងប៉ូលិសគឺជា សាខាមួយរបស់គណបក្សប្រជាជនកម្ពុជាហើយ។ លោកដឹងទេនេះគឺជា បញ្ហាដែលយើងឃើញនៅគ្រប់ស្ថានភាពទាំងអស់នៃនយោបាយកម្ពុជា។ ជាការពិតប្រព័ន្ធតុលាការមិនឯករាជ្យ។ ចៅក្រម និងតុលាការត្រូវគណបក្សប្រជាជនកម្ពុជាគ្រប់គ្រង។ យើងឮមន្ត្រីនិយាយថា មន្ត្រីរាជការត្រូវតែគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតខាងមុខបើមិនអីចឹងទេគឺ នឹងបាត់បង់ការងារ។
យើងឃើញការប្រើប្រាស់ប៉ូលិស និងទាហានជាពិសេសពួកសេនាជនសម្រាប់គណបក្សប្រជាជនកម្ពុជា។ គ្រប់ក្បាលម៉ាស៊ីនទាំងអស់របស់រដ្ឋត្រូវគេប្រើប្រាស់ដើម្បីផ្សព្វផ្សាយ និងការពារផលប្រយោជន៍ គណបក្សនយោបាយមួយគឺ គណបក្សប្រជាជនកម្ពុជា។ ក្នុងការធ្វើដូច្នេះគឺ ពួកគេមិនខ្លាចនឹងរំលោភសិទ្ធិមនុស្ស។ ពួកគេមិនខ្លាចនឹងប្រើប្រាស់ការចោទប្រកាន់ក្លែងក្លាយប្រឆាំងនឹងពលរដ្ឋមិនថាតែលើលោកសម រង្ស៊ី ឬអ្នកការពារសិទ្ធិមនុស្សអាដហុកទាំង៥នាក់ និងលោកស្រីទេព វន្នីដែលជាអ្នកតវ៉ាតំបន់បឹងកក់ទេ។ ពួកគេមិនខ្លាចនឹងប្រើប្រាស់អំពើហិង្សានៅតាមដងវិធី ដើម្បីបង្រ្កាបពលរដ្ឋទេ ដែលក្នុងនោះអាចបាញ់គ្រាប់ពិត ឬការវាយតប់ ដើម្បីបង្ក្រាបអ្នកតវ៉ា។ នេះគឺជា ក្បួនខ្នាតនៃរបបផ្តាច់ការមិនមែនរបបប្រជាធិបតេយ្យទេ។
ក្នុងខណៈពេលដែលប្រទេសកម្ពុជាកំពុងត្រៀមលក្ខណៈរៀបចំការបោះឆ្នោតជាតិឆ្នាំ២០១៨ ខ្ញុំគិតថា អ្នកដែលចាប់អារម្មណ៍នឹងប្រទេសកម្ពុជា និងអនាគតនៃប្រទេសនេះ ជាពិសេសលើពលរដ្ឋកម្ពុជាគឺ ពិតជាមានការព្រួយបារម្ភខ្លាំងណាស់។
VOA៖ ជាការគួរឱ្យចាប់អារម្មណ៍ណាស់នៅពេលដែលលោកនិយាយពីកងកម្លាំងប្រដាប់អាវុធដែលនៅក្រោមគណបក្សប្រជាជនកម្ពុជា ហើយក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាបានធ្វើសន្និបាតបញ្ចូលសមាជិកគណៈកម្មាធិការកណ្តាលថ្មីចំនួន៣០៦នាក់គឺ អង្គការឃ្លាំមើលសិទ្ធិមនុស្សរកឃើញថា សមាជិកចំនួន១១៦នាក់គឺជា អ្នកគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែលោកហ៊ុន សែនបែរជានិយាយថា បើសិនជាគាត់ស្លាប់គឺ កងកម្លាំងយោធានឹងចេញមកបង្ក្រាបគណបក្សប្រឆាំងដោយសារតែគ្មានអ្នកគ្រប់គ្រងប្រទេស។ តើមេដឹកនាំដទៃទៀតក្រុមយោធាមិនស្តាប់ទេឬ? ឬក៏មានសញ្ញានៃការបែកបាក់ណាមួយនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា?
លោក រ៉ូប៊ឺតសុន៖ យើងត្រូវតែដឹងថា មេដឹកនាំក្នុងជួរកងទ័ព និងប៉ូលិសជាអ្នក ដែលគាំទ្រនិងស្មោះស្ម័គ្រនឹងលោកហ៊ុន សែន តាំងតែពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងអំឡុងទសវត្សរ៍ ១៩៨០។ នេះគឺជា មនុស្សដែលជាអតីតសមមិត្តរួមអាវុធជាមួយនឹងលោកហ៊ុន សែនប្រយុទ្ធនឹងពួកអ្នកតស៊ូនៅតាមជាយដែន។ សូម្បីតែក្នុងអំឡុងពេលគ្រប់គ្រងដោយអង្គការសហប្រជាជាតិអ៊ុនតាក់នៅកម្ពុជាក៏អង្គការឃ្លាំមើលសិទ្ធិមនុស្សរកឃើញនូវសកម្មភាពរំលោភសិទ្ធិមនុស្ស និងធ្វើឃាតប្រព្រឹត្ត ដោយក្រុមនេះ និងសកម្មភាពរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយមនុស្សដែលនៅជុំវិញលោកហ៊ុន សែន។
ក្រុមនេះស្មោះស្ម័គ្រនឹងលោកហ៊ុន សែនរាប់ឆ្នាំមកហើយ។ សំណួរគឺថា បើសិនជាអត់ពីលោកហ៊ុន សែនទៅតើពួកគេនឹងស្តាប់អ្នកណាផ្សេងទៀតទេ? យើងអត់ដឹងទេ។ ខ្ញុំគិតថា សូម្បីតែគណបក្សប្រជាជនកម្ពុជាក៏មិនដឹងថា នឹងមានអ្វីកើតឡើងទេ បើសិនជាអត់ពីលោកហ៊ុន សែននោះ។ បើសិនជានិយាយថា អ្នកណានឹងគ្រប់គ្រងលើអ្វី ហើយអ្នកណានឹងស្មោះត្រង់នឹងអ្នកណា គឺពិតជា ពិបាកខ្លាំងណាស់។ អ្វីដែលខ្ញុំអាចនិយាយបានគឺថា ហ៊ុន សែនកាន់អំណាចជាង៣០ឆ្នាំហើយ រីឯល្បិចកលរបស់គាត់មិនផ្លាស់ប្តូរទាល់តែសោះ។ គាត់សុខចិត្តរំលោភសិទ្ធិមនុស្សយ៉ាងណាក៏ធ្វើដែរឱ្យតែនៅរក្សាអំណាចបាន។
VOA៖ តើគាត់មានអំណាចជាងមុន ក្រោយពីប្រធានរបស់គាត់គឺលោកជា ស៊ីមបានស្លាប់បាត់បង់ជីវិត ឬក៏នៅតែដដែលទេ?
លោក រ៉ូប៊ឺតសុន៖ ជាការច្បាស់ណាស់គាត់មានអំណាចជាងមុនច្រើន។ ឥឡូវនេះគាត់ស្ថិតនៅក្នុងដំណាក់កាលមួយ ដែលប្រមូលផ្តុំអំណាចលើផ្នែកផ្សេងៗ ដែលគាត់មិនអាចគ្រប់គ្រងបានកាលពីពេលមុន។ ក្នុងនោះមានដូចជា ការអនុម័តច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល ដែលពេលនេះធ្វើឱ្យអង្គការសង្គមស៊ីវិលមួយចំនួនភ័យខ្លាចថាបើសិនជាពួកគេនិយាយអ្វីមួយខុស ដែលរដ្ឋាភិបាលមិនពេញចិត្តគឺ អាចប្រឈមនឹងការព្យួរការងារ ឬរំលាយចោល។ ច្បាប់ស្តីពីសហជីព ដែលធ្វើឱ្យរដ្ឋាភិបាលគ្រប់គ្រងលើសកម្មភាពរបស់សហជីព។ នេះគឺជាអ្វីដែលលោកហ៊ុន សែនធ្លាប់តែស្រមៃចង់ធ្វើតាំងពី១០ ឬ១៥ឆ្នាំមុនម្ល៉េះ។ ពួកគេទើបតែធ្វើបានក្នុងរយៈពេលមួយឆ្នាំពីរឆ្នាំនេះទេ។ ខ្ញុំអាចនិយាយថា គាត់ច្បាស់ជាមានអំណាចជាងមុន។ គាត់មិនខ្វល់ថា នឹងមានអ្នកប្រឆាំងនៅក្នុងបក្សទេ។
យើងមើលមិនឃើញទាល់តែសោះថា មានអ្នកណាហ៊ានប្រឆាំងនឹងការគ្រប់គ្រងរបស់គាត់។ បញ្ហាតែមួយគត់ដែលហាក់មិនច្បាស់លាស់នោះ គឺថាតើសុខភាពគាត់នឹងបន្តទៀត ឬយ៉ាងណា? ឬក៏គាត់ឈឺជាងអ្វីដែលយើងមើលឃើញ? ខ្ញុំមិនចង់និយាយស៊ីជម្រៅលើបញ្ហានេះទេ ប៉ុន្តែអាចបញ្ជាក់បានថា គាត់ប្រើប្រាស់ល្បិច ដែលតែងតែប្រើដដែលៗដើម្បី បំភិតបំភ័យ ត្រួតតា និងរំលោភសិទ្ធិមនុស្ស។ នេះជាការវិលត្រឡប់មកប្រើល្បិចចាស់ ដែលគាត់ប្រើក្នុងឆ្នាំ២០០៨ ដែលគណបក្សប្រជាជនកម្ពុជាមិនខ្លាចក្នុងការប្រើហិង្សាលើបក្សប្រឆាំង សកម្មជននយោបាយ និងបេក្ខជនដែលនៅថ្នាក់មូលដ្ឋាន ដើម្បីជាលេសគំរាមកំហែងអ្នកដទៃទៀត។ នេះគឺជាល្បិចសម្លាប់កូនមាន់ដើម្បីបន្លាចស្វា។ នេះគឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់ដដែលៗ ហើយថ្មីៗនេះគឺជា អ្វីដែលគាត់ប្រើលើអ្នកការពារសិទ្ធិមនុស្សអាដហុកទាំង៥នាក់។
ពួកគេចោទប្រកាន់អ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ ដោយបទចោទក្លែងក្លាយ ឃុំឃាំងពួកគេអស់ពេលជាង១ឆ្នាំ បដិសេធមិនឱ្យនៅក្រៅឃុំ រហូតទាល់តែពួកគេមានបញ្ហាសុខភាព ដែលអាចឈឺ និងមានបញ្ហានៅក្នុងគុក ទើបគណបក្សប្រជាជនសម្រេចដោះលែងពួកគេ។ សារនេះគឺថាបើសិនជាអ្នកឯងប្រឆាំងនឹងយើងគឺ យើងនឹងធ្វើជីវិតអ្នកឯងឱ្យដូចធ្លាក់នរក ដោយសារយើងអាចត្រួតត្រាតុលាការបាន។ យើងអាចគ្រប់គ្រងប៉ូលិសបាន។ នេះគឺជាអ្វីដែលពួកគេបានធ្វើដាក់សកម្មជនសិទ្ធិមនុស្សអាដហុកទាំង៥នាក់ និងអ្នកស្រីទេព វន្នី។
VOA៖ បើនិយាយពីច្បាប់គឺ លោកបានលើកឡើងពីច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល ច្បាប់សហជីព ហើយកាលពីពេលថ្មីៗនេះកម្ពុជាទើបតែដាក់ឱ្យប្រើច្បាប់ស្តីពីគណបក្សនយោបាយបន្ទាប់ពីធ្វើវិសោធនកម្មរួចរាល់។ តើវានឹងប៉ះពាល់យ៉ាងណាដែរដល់ដំណើរការរបស់គណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា?
លោក រ៉ូប៊ឺតសុន៖ វាគឺជាការគួរឱ្យព្រួយបារម្ភណាស់។ ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយមានពីរលើក។ គេគ្រប់គ្នានិយាយជាទូទៅពីវិសោធនកម្មចុងក្រោយ ដែលហាមមិនឱ្យប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ដែលមានទោស។ យើងត្រូវយល់ឱ្យច្បាស់ពីចំណុចនេះ។ ទោសទណ្ឌប្រឆាំងនឹងលោកសម រង្ស៊ីមានយូរឆ្នាំមកហើយដែលគួរតែត្រូវលើកលែងចប់សព្វគ្រប់ប៉ុន្តែរដ្ឋាភិបាលបែរជារក្សាទុក ហើយលោកសម រង្ស៊ីគួរតែត្រូវគេអនុញ្ញាតឱ្យវិលត្រឡប់ចូលស្រុកវិញដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
ប៉ុន្តែបញ្ហាគឺនៅត្រង់ថា រដ្ឋាភិបាលមិនគ្រាន់តែមានអំណាចដែលអាចហាមឃាត់ការប្រើប្រាស់ឈ្មោះ និងរូបថតរបស់មេដឹកនាំបក្សប៉ុណ្ណោះទេ ប៉ុន្តែក្រសួងមហាផ្ទៃក៏មានសិទ្ធិព្យួរប្រតិបត្តិការរបស់គណបក្សនយោបាយជាអចិន្ត្រៃយ៍ បើសិនជាពួកគេយល់ថាគួរតែធ្វើបើទោះបីជាមានហេតុផលតែបន្តិចបន្តួចក៏ដោយ។ ឬក៏ពួកគេអាចប្តឹងទៅតុលាការដែលគណបក្សប្រជាជនគ្រប់គ្រងឱ្យរំលាយគណបក្សណាមួយក៏បាន។ ពួកគេមានលទ្ធភាពដាច់ខាតក្នុងការធ្វើអ្វី ក៏បានតាមពួកគេចង់បាននៅក្នុងឆាកនយោបាយ ពីព្រោះពួកអាចអាចគំរាមកំហែងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដែលមានដូចជាគណបក្សនយោបាយ។
VOA៖ សំណួរចុងក្រោយ។ តើសហគមន៍អន្តរជាតិគួរតែធ្វើដូចម្តេច ដើម្បីធានាឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា?
លោក រ៉ូប៊ឺតសុន៖ ខ្ញុំគិតថាម្ចាស់ជំនួយ និងរដ្ឋាភិបាលផ្សេងៗ ក៏ដូចជាអង្គការសហប្រជាជាតិចង់ឃើញប្រទេសកម្ពុជាជោគជ័យ។ អ្នកដែលចង់ឃើញប្រទេសកម្ពុជា ដែលរុងរឿង និងមានលទ្ធិប្រជាធិបតេយ្យត្រូវតែទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដែលចាប់ផ្តើមតាំងពីសម័យអ៊ុនតាក់នោះកំពុងតែដើរមកជិតដល់ច្រកបរាជ័យ។ ពួកគេត្រូវទទួលស្គាល់ថា គណបក្សប្រជាជនដែលបង្កើតរដ្ឋាភិបាលនៅពេលឥឡូវនេះគឺ មិនគោរពសិទ្ធិមនុស្ស និងគោលការណ៍ជាមូលដ្ឋានដោយប្រើប្រាស់វិធីជាច្រើនដូចជាការគ្រប់គ្រងលើយន្តការអំណាចផ្សេងៗ ហើយបើមិនមានការគោរពសិទ្ធិមនុស្ស និងមិនមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវដោយគ្មានការគំរាមកំហែង ដោយគ្មានការលម្អៀង និងដោយគ្មានការរើសអើងទេគឺ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងដួលរលំ។
លោកដឹងទេថា ការដកពិសោធន៍ដ៏ធំ ដែលមនុស្សគ្រប់គ្នានិយាយអំពីប្រទេសកម្ពុជាប្រកាន់តាមលទ្ធិប្រជាធិបតេយ្យ ហើយមានការរីកចម្រើនដែលពលរដ្ឋអាចរស់រានមានជីវិតបានគឺ កំពុងតែប្រឈមនឹងគ្រោះថ្នាក់ហើយ។ លោកមើលតែចំនួនពលរដ្ឋខ្មែរ ដែលទៅស្វែងរកការងារធ្វើនៅប្រទេសថៃទៅគឺដឹងហើយនេះ ដោយសារតែពួកគេមិនមានដីធ្លី។ ពួកគេមិនអាចប្រកបរបរចិញ្ចឹមជីវិតនៅតំបន់ជនបទ។ ការងារនៅក្នុងទីក្រុងមិនគ្រប់គ្រាន់សម្រាប់មនុស្សវ័យក្មេង។ នេះគឺជាប្រទេសដែលកំពុងតែជួបនឹងវិបត្តិ។ បើសិនជា លោកមើលនូវអ្វីដែលនឹងអាចកើតឡើងនៅបឹងទន្លេសាបដោយសារតែ ការសាងសង់ទំនប់កាត់ទន្លេនៅខ្សែទឹកខាងលើ គឺលោកនឹងដឹងថាពលរដ្ឋចាប់ផ្តើមបាត់បង់ប្រភពស្បៀង ដោយសារតែការផ្លាស់ប្តូរចរន្តទឹកទន្លេមេគង្គ ដូច្នេះប្រទេសកម្ពុជាកំពុងតែធ្វើដំណើរឆ្ពោះទៅជួបនឹងបញ្ហាដ៏ធ្ងន់ធ្ងរ។ ហើយតើរដ្ឋាភិបាលមានដំណោះស្រាយអ្វីទេ?
យើងឃើញតែរដ្ឋាភិបាលរំលោភសិទ្ធិមនុស្សដើម្បីគ្រប់គ្រងអំណាច រដ្ឋមន្ត្រីបើកបរឡានស្អាតៗហើយរស់នៅក្នុងផ្ទះវីឡា និងមានគណនីធនាគារនៅប្រទេសសិង្ហបុរី។ ស្ថានភាពគឺ គណបក្សមួយលួចឆក់ប្លន់ធនធានរបស់ប្រទេស ហើយរំលោភសិទ្ធិអ្នកណាដែលហ៊ានជំទាស់។ នេះគឺជាស្ថានភាពនាពេលបច្ចុប្បន្ន។ ខ្ញុំគិតថា ឆ្នាំ២០១៨ក៏នឹងជាឱកាសមួយដែលពលរដ្ឋអាចនិយាយថាការជះលុយដោយមិនគិតពីការរំលោភសិទ្ធិមនុស្ស និងការបន្តទុកឱ្យមានបរិយាកាសនយោបាយមានមេដឹកនាំឈានទៅរកការដឹកនាំផ្តាច់ការគឺ នឹងមិនទទួលបានផលអ្វីទេ ទោះបីជាផ្តល់លុយប៉ុណ្ណាក៏ដោយ។
VOA៖ សូមអរគុណលោកហ្វ៊ីល រ៉ូប៊ឺតសុនដែលផ្តល់បទសម្ភាសន៍ដល់វីអូអេ។
លោក រ៉ូប៊ឺតសុន៖ សូមអរគុណ។