អង្គការ​ HRW​ ចង់​ឲ្យ​បារាំង​ស្នើ​ប៉ូលិស​អន្តរជាតិ​ Interpol​ ចាប់​ខ្លួន​មន្រ្តី​យោធា​ជាន់ខ្ពស់​កម្ពុជា​ ​ករណី​បោក​គ្រាប់បែក​ឆ្នាំ​១៩៩៧​

រូបឯកសារ៖ លោក ហ៊ីង ប៊ុនហៀង ជាមេ​បញ្ជា​ការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​របស់​លោក ​ហ៊ុន សែន​ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ (Human Rights Watch)​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​គាំទ្រ​ការ​បង្គាប់​របស់​ចៅក្រម​បារាំង​ឲ្យ​មន្រ្តី​យោធា​ជាន់​ខ្ពស់​កម្ពុជា​ពីរ​រូប​ចូលរួម​ក្នុង​សវនាការ ​ពាក់​ព័ន្ធ​នឹង​ការ​បោក​គ្រាប់​បែក​កាលពី​ឆ្នាំ​១៩៩៧ ​ហើយ​បាន​ជំរុញ​ឲ្យ​បារាំង​ស្នើ​ប៉ូលិស​អន្តរ​ជាតិ ​Interpol​ ចាប់​ខ្លួន​ពួក​គេ​ផង​ដែរ។

តុលាការ​បារាំង​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មន្រ្តី​យោធា​ជាន់​ខ្ពស់​កម្ពុជា​ពីរ​រូប​គឺ​ លោក ​ហ៊ុយ ពិសិដ្ឋ ​ដែល​បច្ចុប្បន្ន​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ ​និង​លោក ​ហ៊ីង ប៊ុនហៀង​ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​យ៉ាង​បង្ហូរ​ឈាម​កាល​ពី​២៥​ឆ្នាំ​មុន​ នៅ​រាជធានី​ភ្នំពេញ។ ​ ពួកគេ​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«សម​គំនិត​ប៉ុនប៉ង​សម្លាប់​មនុស្ស» ​ក្នុង​ព្រឹត្តិ​ការណ៍​បោក​គ្រាប់​បែក​ដែល​បាន​សម្លាប់​មនុស្ស​១៦​នាក់។​

សេចក្តី​សម្រេច​ចេញ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ដោយ​ចៅក្រម​ Sabine Khéris ​នៃ​សាលា​ឧទ្ធរណ៍​ក្រុង​ប៉ារីស​ បាន​លើក​ឡើង​ថា​ដីកា​ចាប់​ខ្លួន​ត្រូវ​បាន​ចុះ​កាល​ពី​ថ្ងៃ​ទី២៩​ ខែ​មីនា​ ឆ្នាំ​២០២០​មក​លើ​លោក​ឧត្តម​សេនីយ៍​ ហ៊ុយ ពិសិដ្ឋ ​ដែល​កាល​ពី​គ្រា​នោះ​ មាន​តំណែង​ជា​ប្រធាន​អង្គភាព​អង្គ​រក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​លោក​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង ​អនុប្រធាន​អង្គភាព​អង្គរក្ស​ ទាក់ទង​តួនាទី​របស់​អ្នក​ទាំង​ពីរ​នៅ​ក្នុង​ការ​រៀបចំ​ផែន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ខាង​លើ​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា​ក្រៅ​ពី​មិន​បាន​ធានា​នូវ​ការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​និង​ពេញ​លេញ​ ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នេះ ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បែរ​ជា​កោះ​ហៅ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក ​សម រង្ស៊ី ​និង​អ្នករៀប​ចំ​បាតុកម្ម​ដទៃ​ទៀត ​ហើយ​រារាំង​ពួក​គេ​មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស។​

លោក​ Brad Adams ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​ប្រចាំ​តំបន់​អាស៊ី​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខាង​លើ​ជា​ភាសា​អង់គ្លេស ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ក្នុង​ន័យ​ដើម​ថា៖​ «រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​បាន​ចាត់​ការ​លើ​ជន​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​កាល​ពី​ឆ្នាំ​១៩៩៧​ មក​លើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​សម រង្ស៊ី​ និង​អ្នក​គាំទ្រ​ ពីព្រោះ​មាន​ភស្តុតាង​គ្រប់​គ្រាន់​ ដែល​ថា ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ និង​មេ​បញ្ជាការ​ក្រោម​បញ្ជា​របស់​លោក​ស្ថិត​នៅ​ពី​ក្រោយ​អំពើ​ឃោរ​ឃៅ​ទ្រង់​ទ្រាយ​ធំ​នេះ»។​

លោក​បន្ត​ថា៖ ​«រដ្ឋាភិបាល​បារាំង​គួរ​ស្នើ​ជា​ដីកា​ចាប់​ខ្លួន​ពី​អឺរ៉ុប​និង​បញ្ជី​ខ្មៅ​របស់​ប៉ូលិស​អន្តរ​ជាតិ​ (Interpol Red Notice)​ ដើម្បី​ចាប់​ខ្លួន​លោក ​ហ៊ុយ ពិសិដ្ឋ​ និង​លោក​ ហ៊ីង ប៊ុនហៀង ​និង​បង្គាប់​ឲ្យ​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​នៅ​ក្រុង​ប៉ារីស»។​

វីអេអូ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក ​ហ៊ុយ ពិសិដ្ឋ​ និង​លោក​ ហ៊ីង ប៊ុនហៀង​ បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​យ៉ាង​ណា​ក្តី លោក​ ហ៊ីង ប៊ុនហៀង ​បាន​ថ្លែង​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មីនា​ដោយ​ហៅ​ការ​សម្រេច​របស់​តុលាការ​បារាំង​ថា ​ ជា​ការ​រំលោភ​សិទ្ធិ​របស់​លោក​ ហើយ​បាន​បដិសេធ​ថា​ លោក​មិនមាន​វត្តមាន​នៅ​កន្លែង​បាតុកម្ម​ ដែល​មាន​ការ​វាយ​ប្រហារ​នោះ​ទេ។​

លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​ថ្លែង​ថា​ តុលាការ​បារាំង​មិន​មាន​អំណាច​យុត្តាធិការ​មក​លើ​ពល​រដ្ឋ​កម្ពុជា​ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។​

លោក​បញ្ជាក់​៖ «ជា​គោល​ការណ៍​ច្បាប់​ជាតិ​ក៏​ដូច​ជា​ច្បាប់​អន្តរ​ជាតិ​តុលាការ​របស់​ប្រទេស​បារាំង ​ឬ​ក៏​សេចក្តី​សម្រេច​របស់​តុលាការ​បារាំង​ពុំ​មាន​អំណាច​យុត្តាធិការ​ទៅ​លើ​ពលរដ្ឋ​កម្ពុជា​លើ​ទឹកដី​កម្ពុជា​នោះ​ទេ ​ ដែល​ជា​រដ្ឋ​អធិប​តេយ្យ។​ ហ្នឹង​ជា​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ»។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​ប្រាប់​វីអូអេ​យ៉ាង​ខ្លី​ថា ​ ករណី​តុលាការ​បារាំង​ចេញ​ដីកា​បង្គាប់​មក​លើ​លោក ​ហ៊ុយ ពិសិដ្ឋ ​និង​លោក​ ហ៊ីង ប៊ុនហៀង​គឺ​ពាក់ព័ន្ធ​នឹង​នីតិវិធី​ និង​យុត្តាធិការ​របស់​តុលាការ​តែ​ប៉ុណ្ណោះ​ហើយ​ការណ៍​នេះ​មិន​ប៉ះពាល់​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​បារាំង​ឡើយ។​

ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ចំនួន​៤​គ្រាប់​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​១៩៩៧​ នៅ​គ្រា​ដែល​មាន​បាតុកម្ម​ដោយ​សន្តិវិធី​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ​ និង​មាន​សញ្ជាតិ​បារាំង ​ ដើម្បី​ថ្កោល​ទោស​លើ​កង្វះ​ឯករាជ្យ​ភាព ​និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ខាង​ក្រៅ​រដ្ឋសភា​ ក្នុង​រាជធានី​ភ្នំពេញ ​ហើយ​បាន​សម្លាប់​មនុស្ស​១៦​នាក់​ និង​ធ្វើ​ឲ្យ​រង​របួស​យ៉ាង​តិច​១៥០​នាក់។​

សេចក្តី​សម្រេច​របស់​តុលាការ​បារាំង​ធ្វើ​ឡើង​នៅ​ក្នុង​សំណុំ​រឿង​មួយ​ប្តឹង​ដោយ​លោក ​សម រង្ស៊ី ​ដែល​ជា​មេដឹក​នាំ​គណបក្ស​ប្រឆាំង ​និង​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែកដៃ ​កាល​ពី​ពេល​នោះ។​លោក ​សម រង្ស៊ី​ បាន​រង​របួស​ ដោយ​សារ​អម្បែង​គ្រាប់​បែក​ហើយ​អង្គរក្ស​របស់​លោក​ម្នាក់​បាន​ស្លាប់​ បន្ទាប់​ពី​រង​បន្ទុះ​គ្រាប់បែក​ពេញ​មួយ​ទំហឹង​ ពេល​ធ្វើ​ជា​ខែល​ការពារ​លោក​សម រង្ស៊ី។​

បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​ សេចក្តី​សម្រេច​របស់​តុលាការ​បារាំង​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧ ​ក៏​បាន​បង្គាប់​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ចូល​សវនាការ​ ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នេះ​ដែរ​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​សីហា​ ឆ្នាំ​២០១៧​ក្រសួង​ការ​បរទេស​បារាំង​ឲ្យ​ដឹង​ថា​ ដោយ​សារ​ឋានៈ​របស់​លោក​ ហ៊ុន សែន ​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​គឺ​លោក​មាន​អភ័យ​ឯក​សិទ្ធិ​រួច​ផុត​ពី​ការ​ចាប់​ខ្លួន។​

ពាក់ព័ន្ធ​ករណី​នេះ​ លោក ​Brad Adams ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​ប្រចាំ​តំបន់​អាស៊ី ​និយាយ​ថា៖ ​«ប្រសិន​បើ​មិន​មាន​អភ័យ​ឯក​សិទ្ធិ​ លោក ​ហ៊ុន សែន​ ប្រហែល​កំពុង​ប្រឈម​នឹង​ការ​បង្គាប់​ឲ្យ​បង្ហាញ​ខ្លួន​នៅ​សវនាការ​នៅ​ប្រទេស​បារាំង​ ពាក់​ព័ន្ធ​នឹង​តួនាទី​របស់​លោក​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​មក​លើ​បាតុករ​អហិង្សា»។​

គួរ​បញ្ជាក់​ថា ​តុលាការ​បារាំង​មិន​ទាន់​កំណត់​ពេល​ច្បាស់​លាស់​នៅ​ឡើយ​ទេ​សម្រាប់​សវនាការ​នៅ​ពេល​ខាង​មុខ។​

លោក​ សម​ រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​និង​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ព្រឹត្តិ​ការណ៍​បោក​គ្រាប់​បែក ​កាល​ពី​កន្លង​ទៅ ​នោះ​ បាន​ចាត់​ទុក​ថា​ ចំណាត់​ការ​របស់​តុលាការ​បារាំង​ គឺ​ជា​«ពន្លឺ​យុត្តិ​ធម៌» ​និង​«ក្តី​សង្ឈឹម»​សម្រាប់​អ្នក​ស្លាប់​១៦​នាក់ ​និង​អ្នក​រង​របួស​ធ្ងន់​ជាង​១០០​នាក់៕​