របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ហៅ​ការបង្អត់​ទឹក​​របស់​អ៊ីស្រាអែល​ទៅ​តំបន់​ហ្កាហ្សា​ជា​ការប្រល័យពូជសាសន៍

រូបឯកសារ៖ កុមារ​ប៉ាឡេស្ទីន​ជញ្ជូនទឹក​ក្នុង​ធុង​ជ័រ​នៅ​ជំរំ​មួយ​សម្រាប់​ជន​ភៀស​ខ្លួន​ក្នុង​ក្រុង Deir al-Balah តំបន់ហ្កហ្សា ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០២៤។

របាយការណ៍​ថ្មី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មកពី​អង្គការសិទ្ធិ​មនុស្សHuman Rights Watch ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ពី​ការ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ដែល​មាន​គោលបំណង​បង្អត់​ទឹក​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់​ហ្កាហ្សា ទំនង​ជា​នាំ​ឱ្យ​មនុស្ស​រាប់ពាន់​ស្លាប់។

របាយការណ៍​ដែល​មានកម្រាស់​១៧៩ទំព័រ​ដែល​បាន​ចេញផ្សាយ​នៅ​លើគេហទំព័រ​របស់អង្គការ​នោះ​បាន​បញ្ជាក់​ពី​របៀប​ដែល​ចាប់តាំង​ពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​កងជីវពលដែលបាន​ចាប់ផ្តើមនៅ​ខែ​តុលា ឆ្នាំ២០២៣​មក ពួក​អាជ្ញាធរនិង​កងទ័ព​អ៊ីស្រាអែល​បាន​កាត់ផ្តាច់​ទឹក​ហើយ​ក្រោយមក​បាន​រឹតត្បិត​បំពង់​បង្ហូរ​ទឹក​ទៅកាន់​តំបន់​ហ្កាហ្សា ហើយ​បាន​កាត់ផ្តាច់​ភ្លើង​អគ្គិសនី​និង​រឹតត្បិត​ប្រេង​ឥន្ឌនៈ។

បន្ថែម​ពី​នេះ របាយការណ៍​នោះ​បាន​បញ្ជាក់​ទៀត​ថា​អ៊ីស្រាអែល​មាន​បំណង​បំផ្លាញ​និង​ធ្វើ​ឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធទឹក​និង​អនាម័យ​និង​សម្ភាៈ​ជួសជុល​ទឹក ហើយ​នឹងបិទ​ការផ្គត់ផ្គង់​ទឹក​សំខាន់ៗ។

ក្នុង​សេចក្តីថ្លែងការណ៍ នាយក​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch លោកស្រី​ Tirana Hassanបាន​ចោទប្រកាន់​អ៊ីស្រាអែល​ពី​ការមាន​ចេតនាដកហូត​នូវ​វត្ថុ​សំខាន់ៗ​សម្រាប់​ទ្រទ្រង់​អាយុ​ជីវិតពី​ជន​ជាតិ​ប៉ាឡេស្ទីន​រយៈពេល​ជាង១ឆ្នាំ។

លោកស្រី ​Hassan បាន​និយាយ​ទៀត​ថា «​ការណ៍​នេះ​មិន​មែន​ជា​ការធ្វេសប្រហែស​ទេ។ វា​ជា​គោលនយោបាយ​ដែល​ត្រូវ​បាន​គិតគូរដោយ​កាត់ផ្តាច់​ដែល​នាំ​ឱ្យ​មនុស្ស​ស្លាប់​រាប់ពាន់​នាក់​ដោយសារ​ការខ្សោះ​ទឹក​និង​ជំងឺ​ដែល​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៃ​ការបំបាត់​ពូជសាសន៍​និង​សកម្មភាព​ប្រល័យ​ពូជសាសន៍»។

អ៊ីស្រាអែល​បាន​បដិសេធ​ការចោទប្រកាន់​នេះ៕