អង្គការ​ឃ្លាំ​សិទ្ធិ​មនុស្ស​ថា​ ភូមិ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​រងការ​បំផ្លិចបំផ្លាញ​ថ្មី​បន្ថែម​ទៀត​

ជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ហិណ្ឌូ​ម្នាក់​ដើរ​កាត់​ជំរំ​ជន​ភៀស​ខ្លួន Kutupalong នៅ​ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។

អង្គការ​ឃ្លាំ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watchថា​ខ្លួន​បាន​រក​ឃើញ​ថា​ ភូមិ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ទទួល​រង​ការបំផ្លិច​បំផ្លាញ​ថ្មី​ថែម​ទៀត​កាល​ពី​ខែ​តុលា​ និង​ខែវិច្ឆិកា​កន្លង​ទៅ​នេះ។ ទីភ្នាក់ងារ​របស់​អង្គការ​នេះ​បាន​រកឃើញ​ភូមិ​ចំនួន​៤០ថ្មី​ទៀត​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​គេ​ប៉ាន់ស្មាន​ថា​ មាន​ការ​កើន​ឡើង​ពី​ចំនួន​ភូមិ​របស់​ជនជាតិរ៉ូហ៊ីងយ៉ា​សរុប​ចំនួន​ប្រហែល​ ៣៥៤ភូមិ​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ផ្នែក ឬ​ទាំងស្រុង​ចាប់តាំង​ពី​ថ្ងៃទី២៥ ​ខែសីហា ឆ្នាំ២០១៧។ ចាប់​តាំង​ពី​ពេលនោះ​មក​ ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង​កន្លះ​លាន​នាក់​បាន​រត់ភៀស​ខ្លួន​ គេច​ចេញ​ពី​អំពើ​ហិង្សា ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ ដែល​ជា​ប្រទេស​ជិត​ខាង។ ទីភ្នាក់ងារ​របស់​អង្គការ​នេះ​ក៏​បាន​អះអាង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ភូមិដ្ឋាន​ជាច្រើន​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​ស្របពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​គេ​ស្គាល់​ថា​ប្រទេស​ភូមា​នោះ​ បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ប្រទេស​បង់ក្លាដែស​ យល់ព្រមទទួល​យក​ជនភៀស​ខ្លួន​ក្នុង​រយៈពេល២ខែនេះ៕