កំណត់និពន្ធ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញរបាយការណ៍ថ្មីមួយដែលបានបង្ហាញមុខឧត្តមសេនីយ៍យោធា ប៉ូលិសនិងកងរាជអាវុធហត្ថចំនួន១២នាក់ដែលស្មោះស្ម័គ្រនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហើយបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលសមនឹងទទួលទណ្ឌកម្មពីសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប។
លោក ប្រែដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃវីអូអេពីរបាយការណ៍នោះ៖
Your browser doesn’t support HTML5
វីអូអេ៖ សូមជម្រាបសួរលោកប្រែដ អាដាម!
ប្រែដ អាដាម៖ សូមអរគុណដែលផ្តល់ឱកាសដល់ខ្ញុំ!
វីអូអេ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សទើបបានចេញផ្សាយរបាយការណ៍មួយស្តីពីឧត្តមសេនីយ៍ទុច្ចរិតចំនួន១២នាក់។ តើហេតុអ្វីបានជាកំណត់តែលើមនុស្ស១២នាក់នេះ។ តើពួកគាត់បានធ្វើអ្វី ខុសខ្លះ?
ប្រែដ អាដាម៖ និយាយដោយស្មោះត្រង់ទៅគឺយើងពិបាកក្នុងការជ្រើសរើសយកឧត្តមសេនីយ៍តែ១២នាក់ណាស់ពីព្រោះមានឧត្តមសេនីយ៍ និងវរសេនីយ៍ជាច្រើនដែលធ្វើការដើម្បីរក្សាអំណាចរបស់លោក ហ៊ុន សែន ដោយប្រើប្រាស់អំពើហិង្សា ការបំភិតបំភ័យនិងគំរាមកំហែងនិងអំពើពុករលួយ។ យើងក៏អាចដាក់បញ្ចូលឈ្មោះលោក ហ៊ីង ប៊ុនហៀង ដែរតែលោកបានត្រូវសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មហើយ។ ដូច្នេះឧត្តមសេនីយ៍ទាំង១២នាក់នេះគឺត្រូវលោក ហ៊ុន សែន ប្រើដើម្បីកម្ចាត់បក្សប្រឆាំង បិទអង្គការសង្គមស៊ីវិល ចាប់ខ្លួនអ្នកនយោបាយប្រឆាំង ជាអ្នកបំភិតបំភ័យពលរដ្ឋ និងជាអ្នកឆក់ប្លន់ដីធ្លីពលរដ្ឋជាដើម។ ដូច្នេះពលរដ្ឋកម្ពុជាត្រូវដឹងឱ្យច្បាស់ថាអ្នកទាំងនេះមានធ្វើអ្វីខ្លះព្រោះកន្លងមកពួកគេគ្រាន់តែដឹងថាពួកគេនេះជាដៃជើងរបស់លោក ហ៊ុន សែនតែប៉ុណ្ណោះ។
វីអូអេ៖ តើលោកមានវិធីសាស្រ្តស្រាវជ្រាវយ៉ាងម៉េចដើម្បីធានាឱ្យច្បាស់ថាវាមិនមែនជាឧបករណ៍នយោបាយដើម្បីប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេ?
ប្រែដ អាដាម៖ យើងបានចំណាយពេលស្រាវជ្រាវជាច្រើនឆ្នាំនិងសម្ភាសមនុស្សជាច្រើន។ យើងបានធ្វើរបាយការណ៍នេះរួចរាល់កាលពីដើមឆ្នាំនេះហើយបានចេញផ្សាយនៅពេលនេះដោយសារតែយើងទើបបានបញ្ចប់ប៉ុណ្ណោះ។ ការផ្សាយការពិតពីការរំលោភសិទ្ធិមនុស្សគឺមិនមែនជារឿងនយោបាយទេ។ រដ្ឋាភិបាលបានចោទយើងថាគាំទ្របក្សប្រឆាំងដើម្បីជាផ្នែកមួយនៃបដិវត្តន៍ពណ៌ប៉ុន្តែមិនពិតទេ។ ពួកគេគ្មានភស្តុតាងអ្វីមកបង្ហាញឡើយ។ ជាជាងមកចោទប្រកាន់ពួកយើងពួកគេគួរតែស៊ើបអង្កេតពីឧត្តមសេនីយ៍ទាំងនោះហើយកាត់ទោសព្រោះពួកគេសុទ្ធតែជាឧក្រិដ្ឋជនដែលប្រព្រឹត្តបទល្មើសដែលមានដូចជាសម្លាប់មនុស្ស។ បើអ្នកសម្លាប់មនុស្សគឺអ្នកនឹងជាប់គុក ប៉ុន្តែពួកគេនេះសម្លាប់មនុស្សជាប្រចាំហើយអត់មានដែលជាប់ទោសទេ។ នេះគឺជារឿងមិនអាចទទួលយកបាន។
វីអូអេ៖ ខ្ញុំបានអានខ្លះពីអ្វីដែលលោកថាជាបទឧក្រិដ្ឋរបស់ពួកគេ។ ខ្ញុំឃើញមានឧត្តមសេនីយ៍ខ្លះមានប្រវត្តិតាំងពីជាមេបញ្ជាការខ្មែរក្រហម។ តើប្រវត្តិអតីតកាលរបស់ពួកគេប៉ះពាល់យ៉ាងម៉េចខ្លះដល់ការបំពេញភារកិច្ចក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន?
ប្រែដ អាដាម៖ បើយើងយកលោក ប៉ុល សារឿនជាឧទាហរណ៍ គឺគាត់ប្រហែលជាមេទាហានដ៏សំខាន់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល២០ឆ្នាំនេះ។ គាត់ជាមនុស្សមានអំណាចក្នុងរបបខ្មែរក្រហម ហើយបានរៀនសូត្រពីការកម្ទេចអ្នកដែលហ៊ានប្រឆាំងនឹងគាត់ដោយគ្មានការអនុគ្រោះអត់ឱនឱ្យទេ។ គាត់បានរៀនសូត្រទៀតពីសម័យវៀតណាមនៅកម្ពុជា។ គាត់អាយុស្របាលគ្នានឹងលោក ហ៊ុន សែនដែរ ដូច្នេះអាចបង្រៀននិងរៀនសូត្រពីលោក ហ៊ុន សែន ទៅវិញទៅមក។ ហើយបើនិយាយពីលោក សៅ សុខា ដែលចូលខ្មែរក្រហមតាំងពីក្មេងគឺរៀនសូត្របានថា អំពើឃោរឃៅគឺជាការអាចទទួលយកបានហើយក្រោយមកចូលខាងវៀតណាមដែលផ្តួលរបបខ្មែរក្រហមតាមមធ្យោបាយឃោរឃៅដូចគ្នា។ នេះគឺជាបរិយាកាសដែលពួកនេះរៀនសូត្រដោយមិនដឹងថា ទាហានអាជីពដែលអព្យាក្រិតត្រូវធ្វើយ៉ាងម៉េចទេហើយថាការទទួលខុសត្រូវរបស់ទាហានគឺលើសពីគណបក្សនោះទេ។
វីអូអេ៖ និយាយដោយស្មោះទៅខ្ញុំភ្ញាក់ផ្អើលដែរដែលរបាយការណ៍នេះមិនបានបញ្ចូលឈ្មោះលោក ទៀ បាញ់។ គាត់បានជាប់ពាក់ព័ន្ធតាំងពីសម័យតស៊ូប្រឆាំងខ្មែរក្រហមហើយពេលថ្មីៗនេះគាត់បានគំរាមវាយបំបែកធ្មេញពលរដ្ឋជាពិសេសអ្នកគាំទ្របក្សប្រឆាំង។ ហេតុអីបានជាមិនបញ្ចូលឈ្មោះគាត់?
ប្រែដ អាដាម៖ លោកនិយាយត្រូវហើយគឺលោក ទៀ បាញ់ មានប្រវត្តិអាក្រក់ ពុករលួយ ហើយមានលុយច្រើន។ ប៉ុន្តែពេលនេះគាត់ជាអ្នកនយោបាយច្រើនជាងជាទាហានដោយសារគាត់ជាសមាជិកគណៈរដ្ឋមន្ត្រី បើទោះបីជាគាត់នៅស្លៀកពាក់ឯកសណ្ឋានយោធាក៏ដោយ។ គាត់ពិតជាមានប្រវត្តិអាក្រក់ដែលគួរដាក់ឈ្មោះចូល ហើយអ្នកដទៃទៀតដូចជាលោក មាស សុភា ក៏គួរតែដាក់ឈ្មោះចូលហើយដូចខ្ញុំបានបញ្ជាក់ពីខាងដើមគឺយើងមានការពិបាកសម្រេចចិត្តដែរតែយើងផ្តោតតែលើអ្នកដែលនៅសកម្មខ្លាំង។
វីអូអេ៖ របាយការណ៍នេះក៏និយាយដល់រដ្ឋប្រហារឆ្នាំ១៩៩៧ផងដែរ។ នោះជាព្រឹត្តិការណ៍បង្ហូរឈាមដ៏ខ្លាំងមួយក្រោយពីរបបខ្មែរក្រហមដួលរលំហើយការប្រយុទ្ធគ្នាមានរវាងឧត្តមសេនីយ៍លោក ហ៊ុន សែននិងក្រុមហ៊្វុនស៊ីនប៉ិច ប៉ុន្តែហេតុអ្វីបានជាលោកបន្ទោសតែមេទ័ពខាងគណបក្សប្រជាជនកម្ពុជា?
ប្រែដ អាដាម៖ ជាបឋមគឺខ្ញុំក៏នៅក្នុងប្រទេសកម្ពុជាដោយធ្វើការឱ្យអង្គការសហប្រជាជាតិហើយស៊ើបអង្កេតរដ្ឋប្រហារនោះ។ ប៉ុន្តែយើងត្រូវបញ្ជាក់ឱ្យច្បាស់ថាគឺក្រុមខាងលោក ហ៊ុន សែន ជាអ្នកបង្កហេតុមុនដោយចាប់ផ្តើមឱ្យក្រុមហ៊្វុនស៊ីនប៉ិចទម្លាក់អាវុធ ប៉ុន្តែពួកគេមិនព្រមដោយខ្លាចមានបញ្ហាទើបឈានទៅដល់ការវាយប្រយុទ្ធគ្នា។ ប៉ុន្តែតើក្រុមហ៊្វុនស៊ីនប៉ិចមានប្រព្រឹត្តអំពើឧក្រិដ្ឋទេក្នុងរយៈពេលពីរថ្ងៃនោះ។ បាទ គឺពិតជាមាន។ ប៉ុន្តែខាងហ៊្វុនស៊ីនប៉ិចដូចជាលោក ញ៉ឹក ប៊ុនឆៃលែងមានអំណាចហើយ។ គាត់ចេញចូលតែពន្ធនាគារ។ ហើយរបាយការណ៍នេះផ្តោតលើតែមេទាហាន មេប៉ូលិស មេអាវុធហត្ថ ដែលកំពុងមានអំណាចធ្វើបាបពលរដ្ឋ។ យើងអាចសរសេរសៀវភៅប្រវត្តិសាស្រ្តស្តីពីក្រុមដែលមិនមែនគណបក្សប្រជាជនកម្ពុជាបានប្រព្រឹត្តអំពើឧក្រិដ្ឋ ក៏ប៉ុន្តែមិនប៉ះពាល់ដល់ស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននៅកម្ពុជាទេ។
វីអូអេ៖ បាទគឺរបាយការណ៍សំដៅលើអ្នកកំពុងមានអំណាចដែលអាចបន្តប្រព្រឹត្តអំពើអាក្រក់បាន។ តើលោកយល់យ៉ាងណាដែរចំពោះការដាក់ទណ្ឌកម្មលោកហ៊ីង ប៊ុនហៀង និងតើទណ្ឌកម្មបែបណាគួរដាក់លើឧត្តមសេនីយ៍ទាំង១២នាក់នេះ?
ប្រែដ អាដាម៖ មនុស្សគ្រប់គ្នានៅក្នុងបញ្ជីនេះគួរតែត្រូវទទួលទណ្ឌកម្មពីសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបនិងប្រទេសដទៃទៀតដូចជាកាណាដាដែលមានការដាក់ទណ្ឌកម្មដែរ។ ពួកគេនេះសមតែត្រូវហាមឃាត់ទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិ។ បើយើងមិនយកចិត្តទុកដាក់នឹងការរំលោភសិទ្ធិមនុស្សទេគឺពួកគេនឹងបន្តប្រព្រឹត្តទៀត។ រដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មថាជាការរំលោភដែនអធិបតេយ្យរបស់ខ្លួននៅពេលដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលោក ហ៊ីង ប៊ុនហៀង។ នេះគឺជាការមិនត្រឹមត្រូវទេ។ វាជារឿងគួរឱ្យអស់សំណើចពីព្រោះពួកគេនោះគ្មានសិទ្ធិមកដាក់លុយកាក់នៅធនាគាររបស់សហរដ្ឋអាមេរិកទេគឺវាដូចគ្នានឹងការណ៍ដែលពលរដ្ឋអាមេរិកាំងគ្មានសិទ្ធិដាក់លុយនៅធនាគារកម្ពុជាអីចឹងដែរ។ បញ្ហានៅត្រង់ថាពួកគេនោះមិនទុកចិត្តប្រព័ន្ធធនាគារស្រុកខ្មែរគឺពួកគេយកលុយមកដាក់នៅក្រៅប្រទេសដើម្បីទិញផ្ទះសម្បែងដែលនេះជាហេតុផលដែលក្រុមគ្រួសារត្រកូលហ៊ុនមានទ្រព្យនៅក្រៅប្រទេសច្រើនក្នុងនោះមាននៅទីក្រុងឡុងដ៍ផងដែរ។
វីអូអេ៖ ឧត្តមសេនីយ៍ទាំងនេះមានឈ្មោះជាប់ក្នុងរបាយការណ៍នេះដោយសារតែស្មោះស្ម័គ្រនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ចុះតើកងកម្លាំងប្រដាប់អាវុធត្រឹមត្រូវនៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យគួរតែមានតួនាទីដូចម្តេចទៅ?
ប្រែដ អាដាម៖ ការស្មោះត្រង់របស់កងកម្លាំងប្រដាប់អាវុធគឺលើប្រទេសជាតិនិងសាធារណជនពីព្រោះនេះគឺជាការបម្រើសាធារណជន។ វាជាកិត្តិយសដែលបានបម្រើមហាជន។ ច្បាប់កម្ពុជាក៏បានចែងដូច្នេះដែរគឺពួកគេត្រូវតែគោរពច្បាប់មិនមែនរំលោភច្បាប់រាល់ថ្ងៃទេ។ ពួកគេបានធ្វើយុទ្ធនាការបម្រើគណបក្សប្រជាជនកម្ពុជារាល់ថ្ងៃ។ យើងឃើញលោក ប៉ុល សារឿន ធ្វើយុទ្ធនាការយ៉ាងខ្លាំងឱ្យគណបក្សប្រជាជនកម្ពុជាប្រឆាំងនឹងបក្សប្រឆាំង។ លោក សៅ សុខាក៏ធ្វើដែរ។ ជាទូទៅគឺគ្រប់ឧត្តមសេនីយ៍មានឈ្មោះក្នុងរបាយការណ៍គឺធ្វើការឃោសនាជាច្រើនខែចុងក្រោយនេះ។ នៅសហរដ្ឋអាមេរិក អង់គ្លេសនិងបារាំងជាដើមគឺបើមេទ័ពណាហ៊ានធ្វើដូច្នេះគឺត្រូវបណ្តេញចេញភ្លាម។ អ្នកត្រូវចាកចេញពីកងទ័ពទើបអាចធ្វើការឃោសនានយោបាយបាន។
វីអូអេ៖ សូមអរគុណច្រើនលោក ប្រែដ អាដាមដែលបានផ្តល់បទសម្ភាសដល់វីអូអេ។
ប្រែដ អាដាម៖ សូមអរគុណច្រើន។