ទាំងប្រទេសចិននិងវៀតណាមកំពុងសាងសង់កូនកោះតូចៗនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះច្រើនបំផុតនៅទ្វីបអាស៊ី ប៉ុន្តែខណៈដែលប្រទេសចិនទទួលការរិះគន់ច្រើនពីអន្តរជាតិនោះ ប្រទេសវៀតណាមទទួលបានការរិះគន់តិចតួចប៉ុណ្ណោះ ហើយថែមទាំងទទួលបានការគាំទ្រខ្លះទៀតផង ដោយសារល្បឿននៃការសាងសង់របស់ប្រទេសនេះធ្វើដោយសន្សឹមៗ និងត្រូវបានគេមើលឃើញជាទូទៅថា ជាវិធានការការពារ។
កិច្ចការរបស់វៀតណាមធ្វើនៅលើកូនកោះដែលប្រទេសនេះបានកាន់កាប់អស់ជាច្រើនទសវត្សរ៍មកហើយនោះគឺធ្វើឡើងនៅតំបន់នានានៃសមុទ្រចិនខាងត្បូងដែលនៅជិតបំផុតទៅនឹងឆ្នេររបស់ប្រទេសវៀតណាម។
ប្រទេសនេះធ្វើគម្រោងយោធាធំៗ ដែលទំនងជាធ្វើសម្រាប់ការវាយលុក។ ប្រទេសវៀតណាមជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ១០ប្រទេស ដែលហៅកាត់ថា អាស៊ានដែលល្បីឈ្មោះខាងដោះស្រាយការខ្វែងគំនិតគ្នាជាលក្ខណៈទ្វេភាគី។ កត្តាទាំងនេះខុសគ្នាពីប្រទេសចិន។
លោក Alan Chong សាស្ត្រាចារ្យរងនៅវិទ្យាស្ថាន S. Rajaratnam នៃសិក្សាកិច្ចការអន្តរជាតិមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីនិយាយថា៖
«ខ្ញុំគិតថា ប្រទេសវៀតណាមមិនធ្លាប់មានបញ្ហាប្រឈមជាមួយប្រទេសណាមួួយទេ ពីព្រោះប្រទេសទាមទារឯទៀតគោរពវិស័យអភិវឌ្ឍន៍នៅសមុទ្រចិនខាងត្បូង ហើយខ្ញុំគិតថា មានការមូលមតិគ្នានៅផ្ទៃក្នុងអាស៊ានថា ប្រទេសទាមទារដែនទឹកនៅសមុទ្រចិនខាងត្បូងមិនត្រូវអុកឡុកសមាជិកដទៃទៀតទេដើម្បីបង្ហាញជំហរថា សមរភូមិរួមគឺ តតាំងជាមួយចិន»។
មជ្ឈមណ្ឌលគំនិតផ្តួចផ្តើមតម្លាភាពលំហសមុទ្រអាស៊ី (Asia Maritime Transparency Initiative) បានសរសេរនៅក្នុងរបាយការណ៍កាលពីថ្ងៃទី៨ខែមេសាថា ប្រទេសវៀតណាមបានធ្វើការសាងសង់យឺតៗបន្ថែមទៀតនៅលើកូនកោះសំខាន់ៗខ្លះនៃកោះចំនួន១០របស់ខ្លួនតាំងពី២០១៧មក។
កម្មវិធីដែលជាផ្នែកមួយរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ Center for Strategic and International Studies របស់អាមេរិកនេះក៏បានតាមដានអំពីឧបករណ៍ទំនាក់ទំនងថ្មី អំពីទីធ្លាកីឡានិងអំពីការពង្រីកផ្លូវរត់របស់យន្តហោះពី៧៥០ម៉ែត្រទៅ១៣០០ម៉ែត្រនៅលើកោះធំបំផុតរបស់វៀតណាមក្នុងប្រជុំកោះ Spratly ផងដែរ។
របាយការណ៍របស់គំនិតផ្តួចផ្តើមនេះបញ្ជាក់ថា ការអភិវឌ្ឍកោះដែលកាន់កាប់ដោយយោធាវៀតណាមច្រើនទសវត្សរ៍មកហើយនៅប្រជុំកោះ Spratly ក្នុងដែនសមុទ្រចិនខាងត្បូងនោះ រួមមានការចាក់ដី និងការដំឡើងប្រព័ន្ធប្រើថាមពលព្រះអាទិត្យនៅតាមអគារមួយចំនួន។ របាយការណ៍នេះក៏បានចង្អុលបង្ហាញផងដែរអំពីបន្ទាយចំនួន២៥ ដែលវៀតណាមបានសាងសង់ជួនកាលនៅលើថ្មប៉ប្រះទឹកឬជញ្ជាំងថ្ម។
លោក Trung Nguyen ព្រឹទ្ធបុរសផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រនៅទីក្រុងហូជីមិញបាននិយាយថា ប្រទេសវៀតណាមកំពុងរុករានដែនដី «សន្សឹមៗ» តាមរយៈការសាងសង់សម្រាប់ការពារខ្លួនឯងប្រឆាំងនឹងអាកាសធាតុដ៏អាក្រក់។
លោកបាននិយាយថា ការសាងសង់បានធ្វើឡើងដោយប្រើប្រាស់នាវាធំៗ ដែលអាចនាំឲ្យមានការចាប់អារម្មណ៍ពីរបស់អន្តរជាតិ។
លោក Nguyen បាននិយាយថា៖
«រដ្ឋាភិបាលវៀតណាមបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេរុករានកាន់កាប់កោះទាំងនោះសម្រាប់ការពារខ្លួន ហើយមិនពង្រីកទ្រង់ទ្រាយធំសម្រាប់គោលបំណងផ្សេងទៀតទេ។ ខ្ញុំមិនគិតថា រដ្ឋាភិបាលវៀតណាមមិនចង់ទាក់ទាញការចាប់អារម្មណ៍ច្រើនពីប្រទេសដទៃចំពោះការកាន់កាប់របស់ខ្លួននោះទេ។ ដូច្នេះនេះហេតុផលដែលវៀតណាមធ្វើការសាងសង់ដោយស្ងាត់ៗ»។
លោក Chong បាននិយាយថា រដ្ឋាភិបាលក្រុងហាណូយសង្ឃឹមថា កូនកោះតូចៗរបស់ខ្លួនអាចរស់បានដោយមិនចាំបាច់មានជំនួយច្រើនពីប្រទេសវៀតណាមដីគោក។ លោកបាននិយាយថា ប្រទេសនេះកំពុងរៀបចំ «ការស្នាក់នៅរយៈពេលយូរ»នៅលើកោះតូចៗទាំងនោះ។
លោក Gregory Poling នាយករបស់គំនិតផ្តួចផ្តើមនៃតម្លាភាពដែនសមុទ្រនៅអាស៊ីបាននិយាយថា ប្រទេសវៀតណាមកំពុងតែធ្វើទំនើបកម្មកោះតូចៗដើម្បីធ្វើឱ្យប្រទេសចិនពិបាកដណ្តើមយកដោយមិនមានការខាតបង់ គឺមិនមែនប្រើប្រាស់សម្រាប់ការវាយលុកផ្នែកយោធាទេ។ លោកនិយាយថា៖
«យុទ្ធសាស្ត្រចុងបញ្ចប់របស់វៀតណាមហាក់ដូចជាធ្វើឱ្យកន្លែងទាំងនេះកាន់តែមានលទ្ធភាពអាចរស់បាននិងធ្វើឲ្យចិនចំណាយកាន់តែច្រើនក្នុងការព្យាយាមដណ្តើមយកកោះទាំងនេះ»។
លោកបាននិយាយថា ជាធម្មតាប្រទេសចិនមិនធ្វើអ្វីចំពោះប្រទេសវៀតណាមទេនៅលើដែនសមុទ្រដោយសារចិនដឹងថា វៀតណាមបានបង្ហាញឆន្ទៈក្នុងការ«រុញច្រាន» ជាមួយនាវាចិន ប្រសិនបើមានការបង្កហេតុ។
ប្រទេសចិនបានទាមទារប្រហែល ៩០ភាគរយនៃដែនសមុទ្រដែលមានជម្លោះនេះ។ ការទាមទារជាន់គ្នាមួយផ្នែកតូចជាមួយប្រទេសវៀតណាម ព្រមទាំងជាន់គ្នាជាមួយផ្លូវនាវា ដែលរដ្ឋាភិបាលប្រទេសបួនផ្សេងទៀតទាមទារផងដែរ។ ប្រទេសផ្សេងទៀតដែលទាមទារដែរគឺប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងកោះតៃវ៉ាន់។
ការទាមទារកាន់កាប់របស់ចិនធ្វើឱ្យប្រទេសវៀតណាមមានការព្រួយបារម្ភជាពិសេស ពីព្រោះចិនត្រួតត្រាប្រជុំកោះប៉ារ៉ាសែលទាំងមូល ដែលរដ្ឋាភិបាលក្រុងហាណូយទាមទារផងដែរ និងកោះសំខាន់ៗបីនៅប្រជុំកោះ Spratly។
ក្រុមអ្នកស្រាវជ្រាវនៃគំនិតផ្តួចផ្តើមនេះបានឱ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំងបានរុករានដែនកោះទាំងនោះដោយការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់យន្តហោះយោធានិងរ៉ាដា។ ក្រុមអ្នកម៉ៅការចិនបានប្រើប្រាស់ដីទាមទារចំនួន ១២៩៤ហិចតា ដើម្បីជួយការអភិវឌ្ឍនៅលើថ្មប៉ប្រះទឹកដែលចិនគ្រប់គ្រង។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងការពារជាតិអាមេរិកនៅឆ្នាំ២០១៦។
ប្រទេសចិនបានធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្តាប្រទេសដទៃទៀត រួមទាំងសហរដ្ឋអាមេរិក ផងនៅពេលដែលខ្លួនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងនាវាទាហានជើងទឹកទៅក្នុងដែនសមុទ្រនោះ។
ទាំងប្រទេសចិននិងវៀតណាមបានលើកឡើងពីទឡ្ហីកម្មប្រវត្តិសាស្ត្រដើម្បីគាំទ្រការទាមទាររបស់ខ្លួននៅដែនសមុទ្រនេះ។
ម្តងម្តាល ប្រទេសចិននិងហ្វីលីពីនបានតវ៉ាទៅប្រទេសវៀតណាមរយៈពេលជាច្រើនឆ្នាំមកហើយ ដោយអះអាងថា កូនកោះតូចៗដែលវៀតណាមកាន់កាប់គឺ នៅក្នុងអធិបតេយ្យភាពរបស់ពួកគេ។ ក្រុុមអ្នកស្រាវជ្រាវនិយាយថា ប៉ុន្តែការតវ៉ាទាំងនេះសាបសូន្យវិញ ដោយសារប្រទេសដទៃទៀតយល់ថា គ្មានការគំរាមកំហែងពីប្រទេសវៀតណាម។
កងកម្លាំងប្រដាប់អាវុធ និងថវិកាអភិវឌ្ឍដែនសមុទ្ររបស់វៀតណាមខ្សោយជាងប្រទេសចិន ដែលជាមហាអំណាចកំពូលផ្នែកសេដ្ឋកិច្ច និងយោធានៅអាស៊ី។
ជួនកាលមន្រ្តីចិនជួបជាមួយមេដឹកនាំអាស៊ាន ប៉ុន្តែមិនបានចូលរួមពេញលេញក្នុងព្រឹត្តិការណ៍សំខាន់ៗយ៉ាងទៀងទាត់សម្រាប់មេដឹកនាំរដ្ឋាភិបាលរដ្ឋមន្ដ្រីក្រសួងការពារជាតិនិងរដ្ឋមន្រ្តីការបរទេសទេ។
លោក Oh Ei Sun សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថានកិច្ចការអន្តរជាតិនៅប្រទេសសិង្ហបុរីបាននិយាយថា «ប្រទេសសមាជិកអាស៊ានមួយនឹងមិនធ្វើសង្គ្រាមជាមួយប្រទេសអាស៊ានដទៃទៀតទេ។ យើងនឹងឃើញពួកគេមូលមតិគ្នា។ ហើយនោះជាស្មារតីនៃកិច្ចការទូត» ។
លោក Chong និយាយថា ប្រទេសវៀតណាមទទួលបានការគាំទ្រពីប្រទេសជប៉ុននិងសហរដ្ឋអាមេរិកដែលចង់ដាក់កំហិតការពង្រីកឥទ្ធិពលរបស់ប្រទេសចិន។ កិច្ចព្រមព្រៀងរបស់ជប៉ុនក្នុងឆ្នាំ២០១៤ នៅក្នុងការផ្តល់នាវាឆ្មាំសមុទ្រចំនួន ៦គ្រឿងឲ្យប្រទេសវៀតណាមបានជួយពង្រឹងសមត្ថភាពរបស់ប្រទេសវៀតណាមក្នុងការព្យាករណ៍អំណាច។
កងនាវាអាមេរិកធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូងជាទៀងទាត់ដើម្បីព្រមានប្រទេសចិន៕
ប្រែសម្រួលដោយលោកពិន ស៊ីសុវណ្ណ និងអ្នកស្រីលី ម៉ូរីវ៉ាន់