អាចថាមកពីអាកាសធាតុក្តៅជាងមុន ឬ អាចថាមកពីមនុស្សជាច្រើនធុញថប់នឹងការត្រូវនៅផ្ទះយូរពេក ឥឡូវនេះ នៅទូទាំងសហរដ្ឋអាមេរិក ចំនួនមនុស្សដែលហ៊ានចេញពីផ្ទះរបស់ពួកគេ ប្រឆាំងនឹងការដាក់កំហិតឲ្យនៅផ្ទះ បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាថ្មីទៀត។ ក៏ប៉ុន្តែ អ្នកជំនាញទទួលស្គាល់ថា គេពិបាកនឹងអាចរំពឹងឲ្យមនុស្សនៅតែផ្ទះបានណាស់ នៅក្នុងស្ថានការណ៍បិទដំណើរសេដ្ឋកិច្ចមួយរយៈនេះ។
លោក Andrew Janowski ជាវេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងកុមារនៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Washington បាននិយាយក្នុងសម្តីដើមថា៖
«នេះ ជាស្ថានភាពដ៏លំបាកមួយ។ ប្រាកដណាស់ មនុស្សម្នា ចង់ចេញទៅក្រៅវិញ ក្រោយពីការស្នាក់នៅផ្ទះតាមបទបញ្ជាអស់ពេលរាប់សប្តាហ៍មកហើយនោះ»។
ក៏ប៉ុន្តែ លោក Andrew Janowski បានថ្លែងបន្ថែមថា ដោយសារថាឥឡូវនេះ រដូវផ្ការីកជិតផុតទៅហើយ ហើយរដូវក្តៅនឹងមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះសម្រាប់តំបន់អឌ្ឍគោលខាងជើង សកម្មភាពកម្សាន្តនៅខាងក្រៅ(ផ្ទះ) មិនមែនសុទ្ធតែត្រូវជៀសវាងទាំងអស់នោះទេ។ លោកបានថ្លែងបន្តក្នុងសម្តីដើមថា៖
«ដោយខិតខំកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសនេះ វិធីដែលអាចឲ្យលោកអ្នកចេញទៅក្រៅផ្ទះបានដោយសុវត្ថិភាពនោះ គឺនៅតែមាន»។
ទីបើកចំហ
សម្រាប់ទីសាធារណៈ កន្លែងដែលល្អសម្រាប់លោកអ្នក គឺកន្លែងដែលបើកចំហ។
លោក Roger Shapiro ដែលជាសាស្ត្រាចារ្យរងផ្នែកភាពស៊ាំ ហើយនឹងជំងឺឆ្លងនៃសាកលវិទ្យាល័យ Harvard បាននិយាយក្នុងសម្តីដើមថា៖
«វីរុសកូរ៉ូណា ដែលបង្កឲ្យទៅជាជំងឺកូវីដ១៩នេះ គឺប្រាកដណាស់ វាអាចចម្លងនៅក្នុងទីមានជញ្ជាំងបិទជិតបានច្រើនជាង នៅទីបើកចំហ»។
ការសិក្សាមួយទៅលើអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ១.២៤៥នាក់ ក្នុងទីក្រុងចំនួន ១២០ នៅប្រទេសចិនបានរកឃើញថា ការឆ្លងវីរុសនៅទីបើកចំហ មានតែចំនួនពីរករណីប៉ុណ្ណោះ។
វីរុសកូរ៉ូណានេះ ឆ្លងរាលដាលយ៉ាងខ្លាំងតាមរយៈតំណក់តូចៗដែលខ្ទាតចេញនៅពេលដែលមនុស្សក្អក ច្រៀង ឬ ក៏និយាយ និងសំបោរនៅពេលដែលមនុស្សកណ្តាស់។ តំណក់ភាគច្រើន មានទម្ងន់ធ្ងន់ល្មម ដែលធ្វើឲ្យពួកវាមិនអាចធ្វើដំណើរបានឆ្ងាយ ហេតុដូច្នេះហើយ ទើបមានការផ្តល់អនុសាសន៍ឲ្យមនុស្សម្នារក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នាយ៉ាងតិចណាស់ពីរម៉ែត្រនោះ។
អ្នកវិទ្យាសាស្ត្រនៅកំពុងសិក្សានៅឡើយអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩តាមរយៈតំណក់តូចៗបំផុតដែលអាចរសាត់នៅក្នុងខ្យល់បាន។ ក៏ប៉ុន្តែទោះជាការឆ្លងបែបនេះមានឥទ្ធិពលប៉ុណ្ណាក៏ដោយ ក៏វីរុសនេះ មិនរសាត់មួយកន្លែងនៅក្នុងខ្យល់បានយូរនៅក្នុងទីបើកចំហដែលមានខ្យល់បក់នោះ។
លោក Roger Shapiro បានថ្លែងបន្តក្នុងសម្តីដើមថា៖
«តំណក់ទឹកមាត់និងសំបោរ បែកខ្ញែកយ៉ាងលឿននៅក្នុងខ្យល់ ដែលពួកវាលែងបង្កគ្រោះថ្នាក់»។
ការពាក់ម៉ាសនឹងជួយកាត់បន្ថយចំនួនទឹកមាត់និងសំបោរ ដែលចេញពីមនុស្ស ហើយអ្នកជំនាញនិយាយថា អ្នកទាំងអស់គ្នាគួរតែពាក់ម៉ាស សូម្បីតែនៅទីបើកចំហក៏ដោយ។
ក៏ប៉ុន្តែលោកអ្នកកុំបារម្ភអំពីអ្នករត់ហាត់កីឡាដែលទើបរត់ក្បែរលោកអ្នកដោយមិនពាក់ម៉ាស។
លោក Dean Winslow វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងនៃមណ្ឌលថែទាំសុខភាព Stanford បានថ្លែងក្នុងសម្តីដើមថា៖
«ខណៈពេលដែលលោកអ្នកត្រូវតែព្យាយាមរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នាចម្ងាយយាងតិច (២ម៉ែត្រ) នោះ លោកអ្នកមិនចាំបាច់បារម្ភនៅពេលដែលអ្នកណាម្នាក់ដើរហួសលោកអ្នកលើចិញ្ចើមផ្លូវ ឬ ផ្លូវលំទេ ពីព្រោះឱកាសដែលលោកអ្នកអាចឆ្លងវីរុសបាន គឺតិចតួចណាស់ក្នុងអំឡុងពេលនៅក្បែរគ្នាក្នុងរយៈពេលខ្លីបែបនេះ»។
ការសម្លាប់វីរុសនេះប្រកបដោយប្រសិទ្ធភាពបំផុត
លោក Louis Brandeis អតីតចៅក្រមមួយរូបនៃតុលាការកំពូលសហរដ្ឋអាមេរិកធ្លាប់បាននិយាយថា៖
«គេនិយាយថា ពន្លឺព្រះអាទិត្យអាចសម្លាប់មេរោគបានយ៉ាងមានប្រសិទ្ធភាពជាងគេ»។
ការលើកឡើងនោះ ជាការណ៍ពិត ទោះបីជាគេមិនច្បាស់ថា តើពន្លឺព្រះអាទិត្យ នឹងមានឥទ្ធិពលដល់កម្រិតណា ក្នុងការសម្លាប់វីរុសកូរ៉ូណានោះ។
កាំរស្មីអ៊ុលត្រាវីយូឡេ ដែលធ្វើឲ្យរលាកស្បែកមនុស្សនោះ ក៏អាចសម្លាប់វីរុសបានដែរ បើវាស្ថិតនៅលើផ្ទៃវត្ថុអ្វីមួយ មិនមែននៅពេលដែលវាស្ថិតនៅក្នុងរាងកាយមនុស្សនោះទេ ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា គេអាចប្រើកាំរស្មីអ៊ុលត្រាវីយូឡេជាការព្យាបាលក៏ដោយ។
ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនដឹងថា តើពន្លឺព្រះអាទិត្យត្រូវចាំងដាក់វីរុសកូរ៉ូណារយៈពេលយូរប៉ុណ្ណា ទើបអាចសម្លាប់វាបាន។
លោក John Swartzberg សាស្រ្តាចារ្យចូលនិវត្តន៍ផ្នែកជំងឺឆ្លង នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Berkeley បានថ្លែងក្នុងសម្តីដើមថា៖
«ការសិក្សាខ្លះបានលើកឡើងថា ពន្លឺព្រះអាទិត្យរយៈពេលពីរបីម៉ោងអាចសម្លាប់វីរុសនេះបាន ប៉ុន្តែ វាអាស្រ័យលើផ្ទៃវត្ថុដែលវីរុសនេះទំលើ និងកម្លាំងនៃពន្លឺព្រះអាទិត្យ ឬ កាំរស្មីយូវីដែលចាំងទៅលើវា»។
លោក John Swartzberg បានថ្លែងបន្ថែមទៀតថា៖
«តើពន្លឺព្រះអាទិត្យអាចជួយបានទេ? ប្រាកដណាស់ វាអាចជួយបាន។ ក៏ប៉ុន្តែ តើវាគ្រប់គ្រាន់ទេ? យើងមិនដឹងនោះទេ»។
នៅក្នុងទឹក
អ្នកជំនាញនិយាយថា ប្រសិនបើអ្នកធ្វើដំណើរទៅលេងឆ្នេរសមុទ្រ បឹង ឬ អាងហែលទឹក នោះ ចូរកុំខ្លាចទឹកអី។
លោក Dean Winslow វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងនៃមណ្ឌលថែទាំសុខភាព Stanford បានថ្លែងបន្តក្នុងសម្តីដើមថា៖
«មិនមានភ័ស្តុតាងណាមួយបញ្ជាក់ថា វីរុសកូរ៉ូណាដែលបង្កឲ្យកើតជាជំងឺកូវីដ១៩នេះ ឆ្លងតាមទឹកនោះទេ»។
ទោះបីជា អ្នកជំងឺកូវីដ១៩ ទើបបានស្ថិតនៅក្នុងទឹកមុនលោកអ្នកចូលក៏ដោយ ក៏លោកអ្នក នឹងមិនឆ្លងវីរុសនោះ ពីអ្នកជំងឺនោះទេ។
លោក Winslow បានថ្លែងបន្តក្នុងសម្តីដើមថា៖
«វីរុសនេះ វារលាយយ៉ាងលឿននៅក្នុងទីកន្លែងដែលមានទឹកច្រើន ដូចជាបឹង ឬ សមុទ្រ»។
លោក Winslow បានថ្លែងទៀតថា នៅអាងហែលទឹក ឬ ឧទ្យានទឹកដែលគេប្រើជាតិក្លរីនដើម្បីសម្លាប់មេរោគនោះ ហានិភ័យក្នុងការឆ្លងវីរុសនេះ គឺសឹងតែគ្មាន។
លោក Swartzberg បានថ្លែងថា តែទោះជាយ៉ាងនេះក្តី វិធានការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នាក្នុងសង្គម ក៏ត្រូវអនុវត្តនៅក្នុងទឹកផងដែរ។
លោក Swartzberg បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ប្រសិនបើខ្ញុំហែលទឹកនៅក្បែរនរណាម្នាក់ ហើយយើងទាំងពីរកំពុងហែលយ៉ាងខ្លាំង នោះខ្ញុំនឹងដកដង្ហើមចូលនូវអ្វីដែលអ្នកនៅក្បែរខ្ញុំដកដង្ហើមចេញ»។
មិនថានៅក្នុងទឹក ឬ អត់នោះទេ លោកអ្នកត្រូវអនុវត្តតាមវិធានការតែមួយគឺ រក្សាគម្លាតពីគ្នាយ៉ាងតិចណាស់ ២ ម៉ែត្រ។
លោក Swartzberg បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ខ្ញុំនឹងនិយាយដដែលៗអំពី ការរក្សាគម្លាតពីគ្នា។ សកម្មភាពនៅខាងក្រៅផ្ទះគ្រប់ប្រភេទ ដែលនឹងនាំឲ្យមនុស្សនៅជិតគ្នាក្នុងរយៈពេលយូរ វានឹងធ្វើឲ្យពួកគេប្រឈមនឹងហានិភ័យ។ ជាឧទាហរណ៍ ការលេងកីឡាបាល់ទះ នឹងមានហានិភ័យខ្លាំងណាស់»។
លោក Swartzberg បានថ្លែងទៀតថា ក៏ប៉ុន្តែ ផ្ទុយទៅវិញ ការទៅបន្ធូរអារម្មណ៍នៅលើឆ្នេរសមុទ្រដោយរក្សាចម្ងាយពីគ្នាឲ្យបានយ៉ាងតិចណាស់ ២ ម៉ែត្រ ហើយពាក់ម៉ាស់នោះ «នោះជាសកម្មភាពមួយ ដែលមានសុវត្ថិភាព»។
ឥឡូវនេះ មនុស្សម្នាកំពុងតែចង់ធ្វើសកម្មភាពនានានៅខាងក្រៅផ្ទះ ក៏ប៉ុន្តែ ការរាតត្បាតដោយវីរុសកូរ៉ូណានេះ នៅតែមាននៅឡើយ។ ប្រសិនបើលោកអ្នកទៅខាងក្រៅ លោកអ្នកត្រូវអនុវត្តតាមវិធានការខាងលើនេះដែរ គឺពាក់ម៉ាស នៅឲ្យឆ្ងាយពីគ្នាយ៉ាងតិចណាស់ ២ ម៉ែត្រ និងលាងសម្អាតដៃរបស់អ្នក។
លោក Swartzberg បានថ្លែងក្នុងសម្តីដើមទៀតថា៖
«យើងមានការទទួលខុសត្រូវចំពោះខ្លួនយើង ចំពោះសុខភាពរបស់យើង ក៏ប៉ុន្តែយើងក៏មានការទទួលខុសត្រូវ ចំពោះអ្នកជិតខាងរបស់យើងដែរ»។
លោក Swartzberg បានថ្លែងបន្ថែមថា៖
«ខ្ញុំគិតថា ចំណុចទីពីរដែលថាយើងមានការទទួលខុសត្រូវចំពោះអ្នកជិតខាងរបស់យើងនោះ គឺជារឿងចាំបាច់ដែលយើងត្រូវរំឭកគ្នាទៅវិញទៅមក ពីព្រោះវាពិបាកខ្លាំងណាស់ក្នុងការនៅដាច់ដោយឡែកពីគ្នា ដោយសារថា យើងទាំងអស់គ្នាជាមនុស្ស ដូច្នេះយើងត្រូវការការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់