លទ្ធភាព​ដែល​ឥណ្ឌូណេស៊ី​អាច​ដាក់​កំហិត​លើ​ការ​ពង្រីក​ខ្លួន​របស់​ចិន​នៅ​ដែន​សមុទ្រ​អាស៊ី

  • Ralph Jennings

រូបឯកសារ៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo (រូប​កណ្តាល) ពិនិត្យមើល​ទាហាន​នៅ​ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​លើ​នាវា​ចម្បាំង​ឥណ្ឌូណេស៊ី KRI Usman Harun នៅ​ផែ Selat Lampa កោះ Natuna ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​ឥទ្ធិពល​ធំជាង​គេ​នៅ​លើ​ឆាក​អន្តរជាតិ​ជាង​បណ្តា​ប្រទេស​ជិត​ខាង​ដទៃ​ទៀត​ បាន​បដិសេធ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ការ​ចរចា​ស្តី​ពី​​សិទ្ធិ​ដែន​សមុទ្រ​ជាមួយ​ចិន។

កាល​ពី​ខែ​មុន ប្រទេស​ឥណ្ឌូណេស៊ី​បាន​បដិសេធ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ការ​ចរចា​ជាមួយ​ចិន​ពាក់ព័ន្ធ​នឹង​តំបន់​សមុទ្រ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និយាយ​ថា ខ្លួន​គួរ​មាន​សិទ្ធិ​ប្រើប្រាស់នោះ។

​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ហ្សាការតា​ ដូច​ដែល​ខ្លួន​បាន​ធ្វើ​ទៅ​លើប្រទេស​ម៉ាឡេស៊ី កោះ​តៃវ៉ាន់ និង​ប្រទេស​វៀតណាមនោះទេ នៅ​ពេល​ដែល​ប្រទេស​ទាំង​នេះបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ទាមទារ​បូរណភាព​ដែនដី​របស់​ចិន។

ប្រទេស​ឥណ្ឌូណេស៊ី ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ អាចតតាំង​នឹង​ចិន​បាន​ ដោយសារ​តែ​អំណាច​នៅ​លើ​ឆាក​អន្តរជាតិ​របស់​ខ្លួន ហើយ​ការណ៍​នេះ​បានជួយ​ជំរុញ​ដោយ​ប្រយោលដល់​បណ្តា​ប្រទេស​ដទៃ​ទៀត​ឱ្យ​តតាំង​នឹង​ឥទ្ធិពល​របស់​ចិន​ដូចគ្នា​ផងដែរ​នៅតំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​មានទំហំ ​៣,៥លាន​គីឡូម៉ែត្រការ៉េ​ និង​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ។ ​

មិន​ដូច​ប្រទេស​តូចៗ​ដទៃ​ទៀត​នៅអាស៊ី​ ឥណ្ឌូណេស៊ី​ ដែល​មានប្រជាជន​ចំនួន ២៧៣​លាន​នាក់ តំណាង​ឱ្យ​ប្រទេស «មហាអំណាច​ថ្នាក់​កណ្តាល» មួយ​ក្នុង​ផ្នែក​យោធា និងនយោបាយ ជា​ទីផ្សារ​ដ៏​មហិមា​មួយ និង​ជា​កម្លាំង​ស្នូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ដែល​មាន​សមាជិក១០​ប្រទេស។ ឥណ្ឌូណេស៊ី​ក៏​ជា​ប្រទេស​មាន​ឥទ្ធិពល​ចម្បង​មួយផងដែរនៅ​ក្នុង​ពិភព​សាសនា​ឥស្លាម​ ដោយ​ឥទ្ធិពល​នេះ​បាន​លាតសន្ធឹង​ទៅ​ដល់​តំបន់​មជ្ឈឹមបូព៌ា។ នេះ​បើតាម​សម្តី​របស់លោក Enrico Cau អ្នក​ជំនាញ​ផ្នែក​តំបន់​អាស៊ីអាគ្នេយ៍​នៅ​វិទ្យាស្ថាន​សមាគមស្រាវជ្រាវ​ផ្នែក​យុទ្ធសាស្រ្ត​តៃវ៉ាន់។​

​លោក Enrico Cau បាន​និយាយ​ក្នុង​សម្តី​ដើម​ថា ​«ឥណ្ឌូណេស៊ី​មិនមែន​ជា​ប្រទេស​ដែល​អ្នក​អាច​បង្ខំ​បាន​តាម​អំពើ​ចិត្ត ដូច​ប្រទេស​ដទៃនោះ​ទេ។ ឥណ្ឌូណេ​ស៊ី​គឺ​ជា​ ករណី​ផ្សេងដោយសារ​មូលហេតុ​មួយ​ចំនួន»។ ​

​ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ប្រឈម​ជាមួយ​នឹង​ការ​ទាមទារ​ផ្នែក​ដែន​ទឹក​របស់​ឥណ្ឌូណេ​ស៊ី​អាច​បង្កហានិភ័យ​ទៅ​ដល់​ពាណិជ្ជកម្ម​ទំហំ​រាប់​ពាន់​លាន​ដុល្លារ​របស់​ចិន ហើយ​នៅ​ក្នុង​ករណី​ដែល​អាក្រក់​បំផុត​នោះ​គឺ​អាច​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ជនជាតិ​ដើម​ចិន​នៅ​ឥណ្ឌូណេស៊ី ដូច​អំឡុងពេល​កុបកម្ម​ប្រឆាំង​នឹង​ចិននៅ​ឥណ្ឌូណេស៊ី​កាល​ពី​ឆ្នាំ១៩៩៨។ ​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ហ្សាការតា​កំពុងជាប់​ក្នុង​ជម្លោះ​ដណ្តើមតំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ប្រជុំ​កោះ Natuna ភាគខាងជើង​ប្រទេស​ឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី​និយាយ​ថា មិន​មាន​ហេតុផល​ដើម​ចម​ណា​មួយ​សម្រាប់​ជម្លោះ​នោះ​ទេ ពី​ព្រោះ​ការ​ទាមទារ​របស់​ខ្លួន​គឺ​ស្រប​តាម​ច្បាប់​ដែន​ទឹក​អន្តរជាតិ។ ​

លោក Cau បាន​និយាយ​ថា ចិន​កំពុង​រក្សា​ភាព​ស្ងប់ស្ងាត់ ខណៈ​ឥណ្ឌូណេស៊ី​កំពុង​ពង្រឹង​ការ​ការពារ​ដោយ​យោធា​របស់​ខ្លួន​នៅ​តំបន់​ដែន​ទឹក​ដែល​មាន​ជម្លោះ។ បន្ទាប់​ពី​ហេតុការណ៍​មួយ​កាលពី​ឆ្នាំ ២០១៦ ដែល​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី​បាន​បាញ់​ព្រមាន​ទូក​នេសាទ​ចិន ឥណ្ឌូណេស៊ី​បាន​ពង្រឹង​មូលដ្ឋាន​ទ័ព​អាកាស​នៅ​តំបន់​កោះ Natuna ដោយ​អនុញ្ញាត​ឱ្យ​យន្តហោះ និងឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ចំនួន​ពីរ​ប្រភេទ​ធ្វើ​ប្រតិបត្តិការនៅ​ជិត​តំបន់​កោះ​នេះ។ ស្រប​ពេល​ដូចគ្នានេះ​ ឥណ្ឌូណេស៊ីក៏កំពុង​តែ​លើក​កម្ពស់​សមត្ថភាព​របស់​ខ្លួន និង «កំពុង​តែ​រីកលូតលាស់​យ៉ាង​ឆាប់​រហ័ស» ផងដែរ។

លោក Evan Laksmana អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​យុទ្ធសាស្រ្ត និង​សិក្សា​អន្តរជាតិ​ក្នុងក្រុង​ហ្សាការតា​បាន​និយាយ​ថា ការ​ត្រឹមតែ​មកអង្គុយ​ពិភាក្សា​នឹង​បង្ហាញ​ថា ចិន​មាន​សិទ្ធិ​ទាមទារ​តំបន់​ដែន​សមុទ្រ​នោះ ហើយនឹង​ផ្តល់​ជា​ទម្ងន់​ទឡ្ហីករណ៍​មួយ​សម្រាប់​ចិននៅ​ក្នុង​បរិបទ​ជម្លោះ​ធំ​ជាង​នេះ​ជាមួយ​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត។ ​

«សរុប​មក​គឺ វា​ពាក់ព័ន្ធ​នឹង​លទ្ធភាព​នៃ​ភាព​ស្របច្បាប់​សម្រាប់​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ចិន។ ប្រសិន​បើ​យើង​ធ្វើ​ហាក់​ដូចជា​ទទួល​ស្គាល់​សិទ្ធិ​របស់​ចិន ដោយ​ទៅ​ចរចា ឬ​មាន​ការ​ពិភាក្សា ឬ​ផ្តល់​សិទ្ធិ​ឱ្យ​ចិន​ធ្វើ​ការ​នេសាទ​ជា​ដើម ការណ៍​នេះ​នឹង​ពង្រឹង​ការ​ទាមទារ​ទាំងស្រុង​របស់​ចិន​ប្រឆាំង​នឹង​ប្រទេស​ទាមទារ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ដែន​សមុទ្រ​នោះ»។

ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម បាន​ទាមទារ​ទាំង​ស្រុង ឬ​ផ្នែក​ខ្លះ​នៃ​តំបន់​សមុទ្រ​នោះ។ ប្រទេស​ចិន ដែល​មាន​យោធា​ខ្លាំង​ជាងគេ​នៅ​ក្នុង​តំបន់ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់បណ្តា​ប្រទេស​ទាមទារ​ដទៃទៀត​ពាក់ព័ន្ធ​នឹង​ជម្លោះ​មួយ​នេះ​ដែល​មាន​ចាប់តាំង​ពី​ឆ្នាំ ២០១០ មក​ តាមរយៈ​ការ​ចាក់ដីពង្រីកកោះ​តូចៗ សម្រាប់​ការ​ប្រើប្រាស់​ផ្នែក​យោធា។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ចិន​បាន​បញ្ចូន​នាវា​តាម​ដាន និង​កងនាវា​ល្បាត​ទៅក្នុង​តំបន់​ដែន​ទឹក​ ដែល​ខ្លួន​មាន​ជម្លោះ​ជាមួយ​នឹង​ម៉ាឡេស៊ី និង​វៀតណាម។ ចិន​ក៏​បានបើកយន្តហោះ​យោធា​ចំនួន​ប្រាំ​បី​គ្រឿង​តាម​បណ្តោយ​តំបន់​ការពារ​ដែន​អាកាស​របស់​កោះ​តៃវ៉ាន់​ពី​ដើម​ខែ​មិថុនា​ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា​ផង​ដែរ។ ​

លោក Carl Thayer សាស្រ្តចារ្យ​ចូលនិវត្តន៍​ជំនាញ​ផ្នែកតំបន់​អាស៊ីអាគ្នេយ៍​នៅ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្រ្តាលី បាន​លើកឡើង​ថា ​ឥណ្ឌូណេស៊ី​គួរ​រំពឹង​ថា នឹង​ឃើញ​នាវា​ចិន​ច្រើន​ជាង​មុន​ផង​ដែរ​នៅ​តំបន់​កោះ Natuna។ ចិន​ត្រូវ​ការ​ត្រី ប៉ុន្តែ​ចំនួនត្រី​កំពុង​តែ​ថយចុះ​នៅ​ជិត​តំបន់​ឆ្នេរ​របស់​ខ្លួន។ ហើយ​ចិន​កំពុង​តែ​ខួង​យកប្រេង​ឥន្ធនៈនៅ​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​តំបន់​សមុទ្រ​នោះ​ផង​ដែរ។

«ចិន​ និង​វៀតណាម​បាន​បំពុល​តំបន់​ឆ្នេរ ​និង​ផ្លូវ​ទឹក​របស់​ខ្លួន ហើយ​តំបន់​នេសាទ​កំពុង​តែ​រង​សម្ពាធ​នៃ​ការ​នេសាទ​ច្រើន​ជ្រុល ដូច្នេះ​ការ​នេសាទ​ដែល​ផ្តល់​ធនធានច្រើន​បំផុត​នោះ​គឺ​នៅ​តំបន់​សមុទ្រ​ភាគ​ខាងត្បូង»។

លោក Laksmana ​បាន​បន្ត​ថា ឥណ្ឌូណេស៊ី​នឹង​បន្ត​រុញ​ច្រានចិន​តាមរយៈកងល្បាត​ជើង​ទឹក​របស់​ខ្លួន និង​ការ​តវ៉ា​តាមរយៈ​ការ​ទូត។ ហើយ​ចិន​ទំនង​នឹង​មិន​ពង្រឹង​ការ​តបតទៅវិញនោះ​ទេ។

អង្គការ East Asia Forum និយាយ​ថា ឥណ្ឌូណេស៊ី​បាន​រកឃើញនាវា​ចិន​ចំនួន​ប្រហែល ៦០​គ្រឿង ដែល​បាន​ឆ្លង​ចូល​ដោយ​ខុសច្បាប់​ក្នុង​ទីតាំង​ចំនួន​៣០ នៅតំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​នៃ​ដែន​ទឹក​របស់​ឥណ្ឌូណេស៊ី កាល​ពី​ខែ​ធ្នូ។ នាវា​ចិន​ជា​ច្រើន​ទៀត​បាន​មក​ដល់​ក្នុង​រយៈពេល​មួយ​ខែ​បន្ទាប់ ហើយ​របាយការណ៍​សារព័ត៌មាន​ពី​ក្រុង​ហ្សាការតា​បាន​លើកឡើងថា ​នាវា​មួយ​ចំនួន​ក៏​មាន​អម​ជាមួយ​ដោយ​នាវា​កងល្បាត​ចិន​ផង​ដែរ។

ឥណ្ឌូណេស៊ី​នៅ​ពេល​នោះ ​បាន​ធ្វើ​ការ​តវ៉ា​ទៅ​កាន់​អគ្គរដ្ឋទូត​ចិន និង​បាន​បញ្ជូន​នាវា​ប្រយុទ្ធរួម​ទាំងយន្តហោះ​ចម្បាំង​ប្រភេទ F-16 ដើម្បី​ទៅ​ល្បាត​តំបន់​ដែន​ទឹក​នោះ​ផង​ដែរ។

​អង្គការសហប្រជាជាតិ​បាន​ក្លាយ​ជា​វេទិកា​ចុងក្រោយ​បង្អស់​មួយ​សម្រាប់​ការ​ទាមទារ​ពី​ភាគី​ចិន និង​ឥណ្ឌូណេស៊ី។ រដ្ឋាភិបាល​ចិន​បាន​ប្រាប់​លោកអគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ​ Antonio Guterres តាមរយៈ​លិខិត​មួយ​កាល​ពី​ខែ​មិថុនា​ថា ចិន​ និង​ឥណ្ឌូណេស៊ី​មាន​ការ​ទាមទារ​ជាន់គ្នា​លើ​ផ្នែក​ខ្លះ​នៃ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។ ជា​ធម្មតា ចិន​លើក​យក​ឯកសារ​ប្រវត្តិសាស្រ្ត​ដើម្បី​គាំទ្រ​ការ​ទាមទារ​របស់​ខ្លួន។

ចិន​បាន​ឆ្លើយ​តប​ដូច​ខាង​លើ​នេះ​ទៅ​នឹង​សារ​មួយ​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ទៅ​កាន់​ប្រមុខ​អង្គការ​សហប្រជាតិ​កាល​ពី​ថ្ងៃទី២៦ ខែឧសភា។ រដ្ឋាភិបាល​ក្រុង​ហ្សាការតា​បាន​ច្រាន​ចោល​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​ដែល​ដាច់​ជា​៩ចំណុច (Nine-dash Line)​ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រើ​ដើម្បី​កំណត់​ព្រំដែនចំពោះ​ការ​ទាមទាររបស់​ខ្លួន​នៅ​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា