តើ​វ៉ាក់សាំង​កូវីដ១៩​កំពុង​ត្រូវ​ធ្វើ​តេស្ត​មាន​ប្រសិទ្ធភាព​បែប​ណា?

  • Steve Baragona

រូប​ឯកសារ៖ អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​នៃ​វិទ្យាស្ថាន Serum ក្នុង​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

មាន​វ៉ាក់សាំង​ប្រាំ​ប្រភេទ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​បង្អស់​នៃ​ការ​ធ្វើ​ តេស្ត។​ ការ​ធ្វើ​តេស្ត​ទាំង​នេះ​ធ្វើ​តាម​យុទ្ធសាស្ត្រ​បី​ដាច់​ដោយ​ឡែក​ពី​គ្នា​ដោយ​មាន​រួមបញ្ចូល​ទាំង​របៀប​ដោះស្រាយ​ថ្មីៗ​ផង​ដែរ។

ទីដៅ​ធំ​បំផុត​នៃ​វ៉ាក់សាំង​ទាំង​នេះ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​គឺ​ប្រូតេអ៊ីន​មាន​បន្លា​នៅ​ផ្ទៃ​ខាង​ក្រៅ​នៃ​វីរុស​នេះ។​

បន្លា​នោះ​ជា​ផ្នែក​ដែល​វីរុស​នេះ​ប្រើ​សម្រាប់​ចាក់​ចូល​ទៅ​ក្នុង​កោសិកា​មនុស្ស​បណ្តាល​ឱ្យ​មាន​ជំងឺ​កូវីដ១៩។​

លោក​ Jim Campell​ ជា​វេជ្ជបណ្ឌិត​ខាង​ជំងឺ​ឆ្លង​នៅ​ឯ​សាកល​វិទ្យាល័យ ​Maryland។​

លោក​និយាយ​ថា ​គោល​ដៅ​គឺ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​ជំងឺ​បង្កើត​អង្គបដិប្រាណ​ដែល​ភ្ជាប់​នឹង​បន្លា​ទាំង​នេះ។​ លោក ​Jim Campell​ និយាយ​ថា៖​

«អង្គ​បដិប្រាណ​នេះ​រារាំង​វីរុស​មិន​ឱ្យ​ចូល​ក្នុង​កោសិកា។​ ហើយ​នេះ​ដូច​ជា​ពែង​ទិព្វ​មាន​ន័យថា ​មាន​ប្រសិទ្ធភាព​បំផុត»។​

លោក ​Paul Offit ​ដែល​ជា​អ្នក​ជំនាញ​ខាង​វ៉ាក់សាំង​និយាយ​ថា​ ​នេះ​ជា​វិធី​មួយ​ទៅ​កាន់​ជោគជ័យ​គឺ​ចាក់​ធ្វើ​ឱ្យ​វីរុស​សកម្ម​ទៅ​ក្នុង​រាងកាយ​មនុស្ស។​ លោក ​Paul Offit​ ដែល​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​កុមារ​នៅ​ទី​ក្រុង​ Philadelphia​ ថ្លែង​ថា៖​

«យក​វីរុស​មួយ​ហើយ​លោក​អ្នក​បណ្តុះ​វា​ហើយ​លោក​អ្នក​ធ្វើ​វា​ឱ្យ​អសកម្ម​ជាមួយ​សារធាតុ​គីមី​មួយ។​ យើង​ធ្វើ​វា​ឱ្យ​អសកម្ម​មាន​ន័យ​ថា ​វីរុស​នេះ​មិន​អាច​បង្កើន​ចំនួន​ពួក​វា​បាន​ទេ។​នេះ​ជា​វិធី​ដែល​យើង​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A។​នេះ​ជា​វិធី​ដែល​យើង​ផលិត​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​ស្វិតដៃ​ជើង។​ នេះ​ជា​វិធី​ដែល​យើង​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ឆ្កែ​ឆ្កួត»។​

ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​ជំងឺ​នេះ​បង្កើត​អង្គ​បដិប្រាណ​ដើម្បី​ធ្វើ​ឱ្យ​វីរុស​អសកម្ម​ដើម្បី​ធ្វើ​ឱ្យ​វា​មាន​ការ​ប្រុង​ប្រៀប​នៅពេល​វីរុស​ពិតប្រាកដ​ចូលមក។​

ក្រុមហ៊ុន​ចិន​ពីរ​កំពុង​សាកល្បង​វិធី​នេះ។​

មាន​វិធី​ថ្មី​មួយ​ទៀត​គឺ​ប្រើ​វីរុស​ថ្មី​ខ្សោយ​ជា​យាន​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​នេះ។​ វិធី​នេះ​ទាញ​យក​អត្ថប្រយោជន៍​ពី​ភាព​សាមញ្ញ​នៃ​វីរុស។​ លោក​វេជ្ជបណ្ឌិត ​Jim Campbell ​នៃ​សាកល​វិទ្យាល័យ​ Maryland​ និយាយ​ថា៖​

«វា​ដូច​ជា​បាល់​មួយ​ដែល​មាន​លេខ​ពន្ធុ ​ឬ​ហ្សែន។ ​ ក្រៅពី​នេះ ​វីរុស​នេះ​គ្មាន​អ្វី​ទៀត​ទេ»។​

លេខ​ពន្ធុ​នេះ​ជា​វិធី​បង្កើត​វីរុស​ថែម​ទៀត។​ពួក​អ្នក​វិទ្យាសាស្ត្រ​ប្រើ​ពន្ធុ​នៃ​វីរុស​ខ្សោយ​សម្រាប់​ផ្សាំ​ប្រឆាំង​ប្រូតេអ៊ីន​មាន​បន្លា​ពី​វីរុស​កូរ៉ូណា»។​

លោក Paul Offit ​នៃ​មន្ទីរកុមារ​នៃ​ក្រុង​ Philadelphia និយាយ​ថា៖​

«អ្វី​ដែល​កើត​មាន​គឺវីរុស​ភ្ជាប់​ខ្លួន​វា​នឹង​កោសិកា​ ចូល​ក្នុង​កោសិកា​ហើយ​បន្ទាប់​មក​ប្រូតេអ៊ីន​នេះ​គឺ ​ប្រូតេអ៊ីន​មាន​បន្លា​ត្រូវ​បង្កើត​ឡើង​ក្នុង​កោសិកា​លោក​អ្នក។ ​ដូច្នេះ​ លោក​អ្នក​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ការពារ​ឆ្លើយ​តប​នឹង​ប្រូតេអ៊ីន​មាន​បន្លា។​លោក​អ្នក​បង្កើត​ប្រូតេអ៊ីន​មាន​បន្លា​ហើយ​លោក​អ្នក​ធ្វើ​ឱ្យ​មាន​ការ​តបត​ដល់​ប្រូតេអ៊ីន​មាន​បន្លា។ ​នេះ​ជា​វិធី​ដែលវ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ Ebola ​បាន​ត្រូវ​ផលិត​ដោយ​ជោគជ័យ»។​

ហើយ​នេះ​ជា​យុទ្ធសាស្ត្រ​ដែល​វ៉ាក់សាំង​របស់​សាកល​វិទ្យាល័យ​ Oxford ​និង​ក្រុមហ៊ុន​ Astra Zeneca​ ប្រើប្រាស់។​

វិធី​ទី​បី​និង​ចុង​ក្រោយ​បង្អស់​គឺ​ដាក់​បញ្ចូល​ផែនការ​ពន្ធុ​ទៅ​ក្នុង​កោសិកា​នៅ​ខាង​ក្នុង​ពពុះ​ខ្លាញ់​អតិសុខុមប្រាណ​ដោយ​ផ្ទាល់។​ លោក ​Paul Offit ​ថ្លែង​ថា៖​

«លោក​អ្នក​គ្រាន់​តែ​ចាក់​ពន្ធុ​នេះ​ចូល​ដែល​បន្ទាប់​មក​កោសិកា​សាច់ដុំ​ស្រូបយក។ ​ ហើយ​ពន្ធុ​នេះ​ក្លាយ​ជា​ ប្រូតេអ៊ីន​ដែល​បន្ទាប់​មក​លោក​អ្នក​ធ្វើ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ដោយ​ប្រព័ន្ធ​ការពារ​នឹង​ជំងឺ»។​

វ៉ាក់សាំង​ពីក្រុមហ៊ុន ​Moderna ​និង​ដៃគូ ​គឺ​ក្រុមហ៊ុន​ BioNTech ​និង ​Pfizer​ មាន​គោល​ដៅ​ឱ្យ​ដំណើរការ​បែប​នេះ។​

គ្មាន​ការ​ធានា​ថា ​វិធីណា​មួយ​ក្នុង​បណ្តា​វិធី​ទាំង​នេះ​នឹង​មាន​សុវត្ថិភាព​ និង​មាន​ប្រសិទ្ធភាព​ទេ។ ​ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​មាន​ការ​ធ្វើ​ តេស្ត​លើ​មនុស្ស​រាប់ម៉ឺន​នាក់​នៅ​ពេល​នេះ។​ ពួក​អ្នក​ជំនាញ​សង្ឃឹម​ថា​ នឹង​ទទួល​លទ្ធផល​នៅ​ដំណាច់​ឆ្នាំ​នេះ៕​

ប្រែ​សម្រួល​ដោយ​លោកឈឹម សុមេធ