របៀបដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI អាចជួយដល់សារព័ត៌មានបែបស៊ើបអង្កេត

រូបឯកសារ៖ រូបភាព​មួយបង្ហាញ​ស្លាក​យីហោ​ ChatGPT និង​បញ្ញាសប្បនិម្មិត AI កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។

នៅ​ពេល​កាសែត The New York Times ​របស់​អាមេរិក​បាន​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ការ​ទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​ទៅ​លើ​តំបន់​ហ្កាហ្សា កាសែត​នេះ​បាន​ពឹង​ផ្អែក​លើ​បច្ចេកវិទ្យា​ចុង​ក្រោយ ដើម្បីបញ្ជាក់​បន្ថែម​ទៅ​លើ​អ្វី​ដែល​បាន​រក​ឃើញ។

អ្នក​សារព័ត៌មាន​នៅ​កាសែត​នេះ បាន​ប្រើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ឬ AI ដើម្បី​តាម​ដាន​រូបភាព​បាន​ពី​ផ្កាយ​រណប ដែល​បង្ហាញ​ឱ្យ​ឃើញ​រណ្ដៅ​ជាង ២០០ នៅ​ក្នុង​តំបន់​មាន​មនុស្ស​រស់​នៅ​ច្រើន ដែល​ក្រុម​អ្នក​ជំនាញ​និយាយ​ថា រណ្ដៅ​ទាំង​នោះ​ទំនងជា​បង្កឡើង​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​ទម្ងន់ ៩០៧ គីឡូក្រាម។

ការ​ប្រើ​ប្រាស់​ AI របស់​កាសែត​ The New York Times បង្ហាញ​ពី​របៀប​ដែល​បច្ចេកវិទ្យា​នេះ អាច​ជួយ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ការ​ពិនិត្យទិន្នន័យទ្រង់ទ្រាយ​ធំ​បាន​យ៉ាង​លឿន និង មាន​សុក្រឹតភាព។ អ្នក​វិភាគ​និយាយ​ថា​ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​គឺ​ វា​អាច​នាំ​ទៅ​ដល់​យុគសម័យ​ថ្មី​មួយ​ដែល​សូម្បី​តែ​សារព័ត៌មាន​ខ្នាត​តូច​ក៏​អាច​មាន​លទ្ធភាព​ធ្វើ​ព័ត៌មាន​ស៊ើប​អង្កេត​បាន​ដែរ។

លោក Jared Schroeder សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​ ដែល​មាន​ឯកទេស​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ នៅ​សាលា​កាសែត​នៃ​សាកល​វិទ្យាល័យ Missouri សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា ប្រសិន​បើ​គ្មាន​ AI​ ទេ គេ​ចាំ​បាច់​ត្រូវ​មាន​អ្នកសារព័ត៌មាន​ដ៏​ច្រើន​ដែល​ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បី​ពិនិត្យ និង បែងចែក​ទិន្នន័យ​ភាគច្រើន​ដែល​បាន​ពី​ផ្កាយ​រណប។

លោក​និយាយ​ថា៖ «រឿង​ដែល​ The New York Times ​បាន​រាយការណ៍​នោះ ប្រហែល​ជា​មិន​អាច​ធ្វើ​បាន​ទេ ប្រសិន​បើ​គ្មាន AI។ ច្បាស់​ណាស់​ វា​នឹង​ពិបាក​សម្រាប់​មនុស្ស​ក្នុង​ការ​រាប់​រណ្ដៅ​គ្រាប់​បែក​ដែល​បង្ហាញ​នៅ​លើ​រូបភាព​ពី​ផ្កាយ​រណប​ឱ្យ​បាន​ជាក់លាក់។ ដូច្នេះ​ហើយ មាន​តែ AI ទេ​ដែល​ធ្វើ​ឱ្យ​ការ​ធ្វើ​សេចក្ដីរាយការណ៍​បែប​នេះ​អាច​ធ្វើ​ទៅ​បាន»។

ការ​ផលិត​ព័ត៌មានបែប​ស៊ើប​អង្កេត​គឺ​ជា​កិច្ចការ​ដែល​ត្រូវការ​ការ​ចំណាយ​ច្រើន ​ខណៈ​ដែល​វិស័យ​ព័ត៌មាន​កំពុង​មាន​ការ​ធ្លាក់​ចុះ​ផ្នែក​ហិរញ្ញវត្ថុ។ ប៉ុន្តែ ការ​ប្រើប្រាស់​ AI បាន​ផ្ដល់​នូវ​មធ្យោបាយមួយ​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​ចំណាយ ដើម្បី​ជា​ជំនួយ​សម្រាប់​ការ​ធ្វើ​សេចក្ដី​រាយការណ៍​ស៊ើប​អង្កេត។ ហើយ​ថ្វីបើ​ ​បច្ចេកវិទ្យា​ ត្រូវ​បាន​ប្រើប្រាស់​ជា​យូរ​មក​ហើយ​ដើម្បី​ជា​ជំនួយ​ក្នុង​វិស័យ​សារព័ត៌មាន​ក៏​ដោយ​ ការ​មក​ដល់​នៃ​កម្មវិធី ChatGPT របស់​ក្រុមហ៊ុន Open AI បាន​ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ជា​ថ្មី​ទៅ​លើ​លទ្ធភាព​នានា​ដែល​ AI អាច​ផ្ដល់​ឱ្យ។

លោក Jonathan Soma គឺជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​បែបទិន្នន័យ​នៅ​សាលា​សារព័ត៌មាន​នៃ​សាកល​វិទ្យាល័យ​ Columbia សហរដ្ឋ​អាមេរិក។ លោក​បាន​ថ្លែង​ថា៖ «គម្រោង​បែប​នេះ ត្រូវ​បាន​គេ​ធ្វើ​ជាច្រើន​ឆ្នាំ​មក​ហើយ។ មាន​គម្រោង​មួយ​ដែល​ធ្វើ​ឡើង​តាមរយៈ​ទិន្នន័យ​បាន​ពី​ប្រទេស​អ៊ុយក្រែន កាល​ពី​ឆ្នាំ​២០១៨ ដែល​ជា​ឧទាហរណ៍​ជាក់ស្ដែង​បង្ហាញ​ថា​តើ​ប្រព័ន្ធ​កុំព្យូទ័រ​ និង AI អាច​វិភាគ​ទិន្នន័យ​ដ៏​ច្រើន​បាន​ពី​ផ្កាយ​រណប​បាន​យ៉ាង​ដូចម្ដេច។

ការស៊ើបអង្កេត​នា​ពេល​នោះ​បាន​បង្ហាញ​ថា ពលរដ្ឋ​អ៊ុយក្រែន​រាប់​ម៉ឺន​នាក់​បាន​ជីក​រុករក​ជ័រ​ផុស៊ីល​ Amber ដោយ​ខុស​ច្បាប់ ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ។

លោក Soma បន្ត​ថា៖ «ការងារ​នា​ពេល​នោះ​មាន​លក្ខណៈ​បច្ចេកទេស​ខ្លាំង​ណាស់ វា​ទាមទារ​ឱ្យ​មាន​ការ​បណ្ដុះបណ្ដាល​មួយ​មាន​ច្រើន​វគ្គ​ ​ដើម្បី​ដឹង​ពី​របៀប​ដែល​ត្រូវ​ធ្វើ​ផ្នែក​បច្ចេកទេស​គ្រប់សព្វ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​បង្រៀន​អ្នក​ផ្សេង​ឱ្យ​ចេះ​ប្រើ​ប្រាស់​កម្មវិធី​នេះ​តែ​ក្នុង​រយៈ​ពេល​ពី ១០ ទៅ ១៥ នាទី​ប៉ុណ្ណោះ»។ លោក​បន្ថែម​ថា ភាព​ងាយ​ស្រួល​នេះ​គឺ​ជា​ «ការ​ប្រែប្រួល​មួយ​ដ៏​ធំ»។

ករណី​ដែល​ល្បី​ល្បាញ​មួយ​ពាក់​ព័ន្ធ​នឹង​សារព័ត៌មាន​ស៊ើប​អង្កេត​ដែល​ប្រើ​ AI ជា​ជំនួយ ប្រហែលជា​ករណី​បែក​ធ្លាយ​ឯកសារ Panama Papers កាល​ពី​ឆ្នាំ​២០១៦ ដែល​ពេល​នោះ អ្នក​កាសែត​បាន​រាវរក​ព័ត៌មាន​នៅ​លើ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​មាន​ទំហំផ្ទុក​ដ៏​ធំ​រហូត​ដល់ ២.៦ តេរ៉ាបៃ។

គេហទំព័រ​ព័ត៌មាន​វិទ្យាសាស្ត្រ​ឈ្មោះ LiveScience បាន​គណនា​ឃើញ​ថា ការ​បែក​ធ្លាយ​នោះ​អាច​មាន​ទំហំឯកសារ​ស្មើ​នឹង​ ៦៥០ លាន​ទំព័រ។

លោក​ Ryan Heath អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ផ្នែក​បច្ចេកវិទ្យា​សាកល នៅ​គេហទំព័រ​ព័ត៌មាន Axios បាន​ថ្លែង​ថា៖ «នៅ​ពេល​យើង​គិត​ដល់​រឿង​អ្វី​មួយ​ដូចជា​ករណី​ Panama Papers ជាដើម​ ព័ត៌មាន​ទាំង​នោះ​ត្រូវ​បាន​បញ្ចេញ​ឱ្យ​ដឹង​តាម​រយៈ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​មួយ​ឈ្មោះ​ថា​ ទិន្នន័យ​វ៉ិចទ័រ (vector data base)»។

តាម​រយៈ​ការ​ប្រើប្រាស់​ AI ជា​ឧបករណ៍ ស្ថាប័ន​ព័ត៌មាន​និង​អ្នក​យក​ព័ត៌មាន​ មាន​លទ្ធភាព​អាច​រៀប​ចំ និង​ ប្រើ​ទិន្នន័យ​ពី​បណ្ដុំ​ឯកសារ Panama Papers ដើម្បី​បង្ហាញ​គណនី និង របាំង​គេច​ពន្ធ​ដែល​អ្នក​មាន​ទ្រព្យសម្បត្តិ​ជាច្រើន​នៅ​លើ​ពិភពលោក​បាន​ប្រើ​ដើម្បី​គេច​ពន្ធ ប្រព្រឹត្ត​អំពើ​ឆបោក និង​គេច​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​រដ្ឋាភិបាល។

លោក Heath និយាយ​ថា៖ «អ្វី​ដែល​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ AI ជួយ​ដល់​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​ស៊ើប​អង្កេត​នោះ គឺ​ការរៀបចំ​ទិន្នន័យ​ទាំង​អស់​ឱ្យ​រលូន ដែល​គ្មាន​មនុស្ស​ណា​ម្នាក់អាច​ធ្វើ​បាន។ យើង​ដឹង​ហើយ​ថា មាន​ក្រុមហ៊ុនរាប់រយ រាប់​ពាន់ ​ក្រុមហ៊ុន​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក។ ប្រសិន​បើ​ក្រុមហ៊ុន​ទាំង​នោះ​ប្ដូរ​រចនា​សម្ព័ន្ធ​របស់​ពួក​គេ ដែល​ប្រៀប​ដូច​ជា​សត្វ​បង្គួយ​ chameleons ដែល​អាច​ប្រែ​ពណ៌ គ្មាន​មនុស្ស​ណា​ម្នាក់តាម​ទាន់​នោះ​ទេ មាន​តែ​ AI ទើប​តាម​ទាន់»។

អ្នក​ជួយ​បង្កើន​សមភាព​ខាង​ការ​ផលិត​ព័ត៌មាន

ធាតុ​ដ៏​សំខាន់​នៃ​បច្ចេកវិទ្យា​បញ្ហា​សិប្បនិម្មិត AI ​គឺ​សក្ដានុពល​របស់​វាក្នុង​ការ​ដើរ​តួ​ជា​អ្នក​ជួយ​សម្រួល​ដល់​អង្គភាព​ព័ត៌មាន​ខ្នាត​តូច។

អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ប្រាប់​វីអូអេ​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ការ​ធ្វើ​សារព័ត៌មាន​ស៊ើប​អង្កេត​សំខាន់ៗ​ទាមទារ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ខ្លះ​ចំណាយ​ប្រាក់​ និង ពេល​វេលា​ដ៏​ច្រើន។

ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​បាន​ប្រែប្រួល​យ៉ាង​លឿន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក David Caswell ដែល​ធ្លាប់​ធ្វើ​ការ​ក្នុង​វិស័យ​ព័ត៌មាន​ និង បច្ចេកវិទ្យា​ ដូចជា BBC និង Yahoo។

បច្ចុប្បន្ន ​លោក Caswell ​គឺជា​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI ​ម្នាក់ ​ដែល​កំពុង​បំពេញ​ការងារ​ជាមួយ​វិទ្យាស្ថាន​រ៉យទ័រ​សម្រាប់​ការ​សិក្សា​សារព័ត៌មាន​ នៅ​ទីក្រុង Oxford ប្រទេស​អង់គ្លេស។ លោក​បណ្ដុះ​បណ្ដាល​ថ្នាក់​ដឹកនាំ​សារព័ត៌មាន អំពី​របៀប​បញ្ចូល​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ទៅ​ក្នុង​ស្ថាប័ន​ព័ត៌មាន​របស់​ពួក​គេ។

លោក​និយាយ​ថា៖ «នៅ​ពេល​យើង​ប្រើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នៅ​ក្នុង​សារព័ត៌មានបែប​ទិន្នន័យ​ វា​មាន​ឥទ្ធិពល​ធំជាង​អ្វី​ដែល​សារព័ត៌មាន​ទិន្នន័យ​ធម្មតា​អាច​ផ្ដល់​ឱ្យ គឺ​វា​ប្រៀប​ដូចជា កាសែត​ខ្នាត​តូច​នៅ​តំបន់​ជនបទ អាច​បញ្ចេញ​ព័ត៌មាន​ទិន្នន័យ​ជា​លើក​ដំបូង»។

លោក​បន្ត​ថា៖ «ជា​រួម ​អ្វី​ដែល​កាន់​តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ថា បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​អាច​វិភាគ​ឯកសារ​ជា​អក្សរ​ដែល​គ្មាន​របៀប​រៀបរយ​ដ៏​ច្រើន​មហិមា»។

លោក Caswell បន្ត​ទៀត​ថា ឧទាហរណ៍​មួយ​ដែល​បច្ចេកវិទ្យា​ AI ​អាច​ធ្វើ​បាន​នោះ​គឺ​ សមត្ថភាព​យល់​ដឹង គំរូភាសា (language models) ដែល​ធ្វើ​ឱ្យ​វា​អាច​ពិនិត្យ​បាន​យ៉ាង​ល្អិតល្អន់​ទៅ​លើ​ឯកសារ​ប៉ូលិស ដែល​សរសេរ​ក្នុង​របៀប​មួយ​ដែល​ពីមុនយើង​មិន​អាច​ប្រើ​ជា​ទិន្នន័យ​បាន។

គ្រឿង​បន្ថែម

ទោះបីជា​បច្ចេកវិទ្យា​មាន​ការ​រីកចម្រើន​យ៉ាង​ណា​ក្ដី អ្នក​សិក្សា​ដូចជា​លោក Soma និយាយ​ថា បច្ចេកវិទ្យាមិន​អាច​ចូល​មក​ជំនួស​អ្នកកាសែត​ពិតប្រាកដ​បានទេ។

លោក​និយាយ​ថា៖ «មូលដ្ឋាន​គ្រឹះ​នៃ​អ្នក​សារព័ត៌មាន​ដ៏​ល្អ​ម្នាក់​ គឺ​ការ​អនុវត្ត​អាជីព​សារព័ត៌មាន​ ដែល​រួម​មាន​ការ​សម្ភាស ការ​និយាយ​ទៅ​កាន់​មនុស្ស​ម្នា​ និង​រឿង​ជាច្រើន​ទៀត។ អ្នក​សារព័ត៌មាន​ក៏​ត្រូវ​ដឹង​ថា រឿង​មួយ​ណា​ត្រូវ​រាយការណ៍​សម្រាប់​សាធារណជន។ អ្វី​ទាំង​អស់​នេះ មិន​ចាំបាច់​មាន AI​ នោះ​ទេ»។ AI គ្រាន់​តែ​ជា​គ្រឿង​បន្ថែម​ដែល​អ្នក​អាច​រោយ​បន្ថែម​លើ​ជំនាញ​សារព័ត៌មាន​ទូទៅ‍»។

ខណៈ​ដែល​អ្នក​វិភាគ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​បាន​ចោទសួរ​ ថា​តើ​ AI នឹង​ធ្វើ​ឱ្យ​ខូច​ដល់​ភាព​ជឿ​ទុកចិត្ត​លើ​សារព័ត៌មាន​ឬ​យ៉ាងណា​នោះ អ្នក​ជំនាញ​ភាគ​ច្រើន​យល់​ស្រប​ថា AI មិន​អាច​ជំនួស​តួនាទី​របស់​អ្នក​យក​ព័ត៌មាន​ទាំង​ស្រុង​បាន​ទេ ផ្ទុយ​ទៅវិញ វា​អាច​ជួយ​ឱ្យ​តួនាទី​របស់​ពួក​គេ​កាន់​តែ​ប្រសើរ​ឡើង ក្នុង​នាម​ជា​អ្នក​ឃ្លាំមើល​របស់​សាធារណជន៕

ប្រែសម្រួល​ ដោយ​ នៀម ឆេង