រដ្ឋសភា​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​លើ​ការ​បញ្ជូន​បទ​ចោទ​ប្រកាន់​លោក Trump ទៅ​កាន់​ព្រឹទ្ធសភា

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំចូលថ្លែងក្នុងវេទិកាឃោសនាមួយនៅក្រុង Milwaukee រដ្ឋ Wisconsin កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​លើ​ការ​បញ្ជូន​បទ​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី Donald Trump ទៅ​កាន់​ព្រឹទ្ធសភា​សម្រាប់​សវនាការ​កាត់ទោស​លោក​ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ។

រដ្ឋសភា​បាន​អនុម័ត​លើ​បទ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង​នេះ​កាល​ពី​ខែ​មុន ប៉ុន្តែ​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​ពន្យារពេល​បញ្ជូន​បទ​ចោទ​នេះ​ទៅ​កាន់​ព្រឹទ្ធសភា ស្រប​ពេល​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​យល់ព្រម​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ដល់​សក្ខីកម្ម​ពី​សាក្សី​ថ្មីៗ​នៅ​ក្នុង​សវនាការ។

បញ្ហា​នេះ​នៅតែ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ។ មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell បាន​ប្រឆាំង​នឹង​គំនិត​នៃ​ការ​កោះ​ហៅ​សាក្សី​នេះ និង​បាន​និយាយ​ថា ការ​សម្រេច​អំពី​រឿង​នេះ​នឹង​ធ្វើ​ឡើង​ពេល​ក្រោយ​នៅ​ក្នុង​សវនាការ។

លោក McConnell ក៏​បាន​រិះគន់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​ផង​ដែរ ដោយ​បាន​បញ្ជាក់​ថា ពួកគេ​មិន​អាច​អះអាង​ថា សំណុំរឿង​ចោទ​ប្រកាន់​លោក Trump ដើម្បី​ទម្លាក់​ពី​តំណែង​នេះ ជា​សំណុំ​រឿង​ដែល​មាន​ភស្តុតាង​គ្រប់គ្រាន់​នោះ​ទេ។ លោក​បាន​បន្ថែម​ថា «សំណុំ​រឿង​នេះ​គឺ​ជា​សំណុំ​រឿង​ដែល​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​ព្រឹទ្ធសភា​ចាំបាច់​ត្រូវ​ប្រមែប្រមូល​ភស្តុតាង​បន្ថែម​ទៀត»។

អ្នកស្រី Pelosi បាន​និយាយ​ថា ប្រសិនបើ​ព្រឹទ្ធសភា​បើក​សវនាការ​ដោយ​គ្មាន​ការ​ផ្ដល់​សក្ខីកម្ម​ពី​សាក្សី​ណា​មួយ នោះ​ពលរដ្ឋ​អាមេរិកាំង​នឹង​យល់​ឃើញ​ថា សវនាការ​នេះ «គឺ​ជា​ការ​លាក់​បាំង​នយោបាយ​ដ៏​ពិត​ប្រាកដ​មួយ»។ អ្នកស្រី​បាន​បន្ថែម​ថា៖ «លោក McConnell និង​លោក Trump ខ្លាច​ឃើញ​ភស្តុតាង​បន្ថែម​ទៀត​លេច​ឡើង»។

បន្ទាប់ពី​ការ​បោះ​ឆ្នោត​របស់​រដ្ឋសភា​នៅ​ថ្ងៃ​ពុធ​នេះ សមាជិក​សភា​ដែល​នឹង​ដើរ​តួ​ជា​រដ្ឋអាជ្ញា​នឹង​បញ្ជូន​បទ​ចោទ​ប្រកាន់​លើ​លោក Trump នេះ​ទៅ​កាន់​ព្រឹទ្ធសភា៕