នៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភាសហរដ្ឋអាមេរិក នាយប់ថ្ងៃពុធ សមាជិករដ្ឋសភាបានបោះឆ្នោតជំទាស់ដោយសំឡេង ៣០៣ ទល់នឹង ១២១ ទៅនឹងការតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីក្នុងរដ្ឋ Arizona ដែលលោកប្រធានាធិបតីជាប់ឆ្នោត Joe Biden បានឈ្នះ។ នេះមានន័យថា លោក Biden នៅតែរក្សាជ័យជម្នះរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងរដ្ឋនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នៅមុនរដ្ឋសភានិងព្រឹទ្ធសភាបន្តសម័យប្រជុំពេញអង្គនេះ ក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឡោមព័ទ្ធវិមានសភានេះ ហើយអ្នកខ្លះបានសម្រុកចូលក្នុងវិមានសភា ដើម្បីតវ៉ាប្រឆាំងនឹងការបញ្ជាក់ជាផ្លូវការរបស់សភាទាំងពីរថ្នាក់ទៅលើជ័យជម្នះរបស់លោក Joe Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតី។
លោកប្រធានាធិបតី Trump បានអះអាងដោយគ្មានភស្តុតាងថា មានការលួចបន្លំនៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលលទ្ធផលបានបង្ហាញថា លោកបានចាញ់លោក Biden បើទោះបីជាមន្ត្រីបោះឆ្នោតបានអះអាងថា គ្មានការលួចបន្លំក្តី។
បន្ទាប់ពីការបោះឆ្នោតជំទាស់នឹងការប្រឆាំងតវ៉ាទៅនឹងលទ្ធផលនៃការបោះឆ្នោតក្នុងរដ្ឋ Arizona សភាទាំងពីរថ្នាក់ នឹងបន្តអង្គសម័យប្រជុំពេញទៀត ដើម្បីបញ្ជាក់ជាផ្លូវការលើលទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោតក្នុងរដ្ឋដទៃទៀត ដែលមានការតវ៉ាប្រឆាំង៕