សមាជិកសភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធនេះ ប្រុងប្រៀបបោះឆ្នោតលើការតម្រូវឱ្យបង្ហាញភស្តុតាងសញ្ជាតិអាមេរិកាំង សម្រាប់ការចុះឈ្មោះបោះឆ្នោត។ នេះជាសំណើមួយរបស់គណបក្សសាធារណរដ្ឋ ចាត់ទុកថាជាអាទិភាព សម្រាប់ការជជែកដេញដោលគ្នា នៅឆ្នាំបោះឆ្នោត ទោះជាការស្រាវជ្រាវ បង្ហាញថាការចុះឈ្មោះ និងការបោះឆ្នោតដោយខុសច្បាប់របស់អ្នកគ្មានសញ្ជាតិអាមេរិកាំង នៅក្នុងការបោះឆ្នោតសហព័ន្ធ ជារឿងដែលកម្រកើតឡើងក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ទោះជាសេចក្តីព្រាងច្បាប់នេះទទួលបានការអនុម័តពីរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋក៏ដោយ ក៏សេចក្តីព្រាងច្បាប់នេះមិនងាយឆ្លងកាត់ព្រឹទ្ធសភា ដែលគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើនទេ។
រដ្ឋបាលលោក Biden ក៏បាននិយាយដែរថា នឹងប្រឆាំងជំទាស់យ៉ាងខ្លាំង ពីព្រោះថាមានវិធានការរួចស្រេចអស់ហើយ ដើម្បីបញ្ជាក់ថាអ្នកបោះឆ្នោតមានសិទ្ធិចុះឈ្មោះបោះឆ្នោតពិតប្រាកដ ហើយមានច្បាប់ប្រឆាំងទប់ទល់នឹងអ្នកអត់សញ្ជាតិដែលព្យាយាមបោះឆ្នោត។
ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតរបស់រដ្ឋសភា នឹងផ្តល់ជូនគណបក្សសាធារណរដ្ឋនូវឱកាសមួយ ដើម្បីធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើបញ្ហាចម្បង ២របស់គណបក្ស នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ គឺបញ្ហាព្រំដែន និងបញ្ហាសន្តិសុខ។
គណបក្សសាធារណរដ្ឋ ថែមទាំងប្រើប្រាស់ការប្រឆាំងជំទាស់របស់គណបក្សប្រជាធិបតេយ្យ ចំពោះសេចក្តីព្រាងច្បាប់នេះជាអាវុធសម្រាប់ការអះអាងរបស់លោកអតីតប្រធានាធិបតី Donald Trump ដែលថា បក្សប្រជាធិបតេយ្យបានលើកទឹកចិត្តឱ្យមានការកើនឡើងនៃជនចំណាកស្រុក ដើម្បីអនុញ្ញាតឱ្យពួកគេចុះឈ្មោះនិងបោះឆ្នោត ដែលជារឿងខុសច្បាប់។
អ្នកគ្មានសញ្ជាតិអាមេរិកមិនត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតនៅក្នុងការបោះឆ្នោតសហព័ន្ធទេ ហើយក៏មិនអនុញ្ញាតឱ្យបោះឆ្នោតក្នុងរដ្ឋទាំងមូលដែរ។
ប្រធានរដ្ឋសភាខាងគណបក្សសាធារណរដ្ឋ លោក Mike Johnson ដែលជាអ្នកគាំទ្រសំខាន់នៃសេចក្តីព្រាងច្បាប់នេះ បាននិយាយនៅក្នុងសន្និសីទកាសែតមួយ កាលពីដើមសប្តាហ៍នេះថា ការជំទាស់របស់គណបក្សប្រជាធិបតេយ្យ មានន័យថា បក្សប្រជាធិបតេយ្យ «ចង់ឱ្យអ្នករស់នៅខុសច្បាប់ ចូលរួមនៅក្នុងការបោះឆ្នោត ចង់ឱ្យពួកគេបោះឆ្នោត»៕