សភា​តំណាងរាស្រ្ត​ស.រ.អា ចាប់ផ្តើម​សវនាការ​ដក​ហូត​តំណែង​លោក ប្រធានាធិបតី Trump ជា​សាធារណៈ

លោក​ប្រធានាធិបតីដូណាល់ត្រាំ ថ្លែងនៅឯក្លឹបសេដ្ឋកិច្ច​ក្នុងទីក្រុង​ញូវយ៉កថ្ងៃអង្គារទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងញូវយ៉ក។

សភាតំណាង​រាស្រ្ត​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ ​ចាប់​ផ្តើម​ដំណាក់​ការ​ថ្មី​មួយ​នៅ​ក្នុងការ​ស៊ើប​អង្កេតដក​ហូត​តំណែង​លោក​ប្រធានា​ធិបតី ​ដូណាល់ ត្រាំ​ ​នៅ​ថ្ងៃ​ពុធ​នេះ ​ដោយ​មានការផ្តល់​កសិណសាក្សីជា​សាធារណៈ​ពី​ពួក​មន្រ្តីរដ្ឋ​បាល​ដែល​កំពុង​បម្រើ​ការងារ​នៅពេល​បច្ចុប្បន្ន​និង​កាល​ពីអតីត​កាល។ ពួក​សាក្សី​ទាំង​នោះ ​នឹង​ផ្តល់​សេចក្តី​លម្អិត​ពីស្ថានភាព​នៃការ​ចោទ​ប្រកាន់​ថា ​ប្រធានា​ធិបតី​ត្រាំ បានបបួល​ពួក​បរទេស​ឲ្យ​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០២០។

​ការ​ផ្តល់​កសិណ​សាក្សី​របស់​ពួកសាក្សី​អស់​ជា​ច្រើន​សប្តាហ៍ ដែល​បាន​ធ្វើ​ឡើង​សម្ងាត់នៅ​វិមាន​រដ្ឋ​សភា Capitol Hill ឥឡូវនេះ ធ្វើ​ឡើង​ជាសាធារណៈ។

​លោក Adam Schiff ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​សម្ងាត់​របស់​សភា​តំ​ណាង​រាស្រ្តដែល​ដឹកនាំ​ការបើក​សវនាការ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​សង្ឃឹមនឹង​បង្ហាញ​ប្រជាពលរដ្ឋ​អាមេរិកាំង​ពី​ហេតុផល​ដើម្បី​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ត្រាំ​ចេញ​ពី​តំណែង។

​កសិណ​សាក្សីទី​មួយ គឺលោកឯកអគ្គរដ្ឋ​ទូត William Taylor ​ដែល​ជា​សាក្សី​ដ៏​សំខាន់ម្នាក់របស់​គណបក្ស​ប្រជាធិបតេយ្យ។ ​លោក Schiff ​បាន​សរសើរលោក Taylor ​មុនពេល​ការផ្តល់​កសិណ​សាក្សី​របស់​លោក៖

«លោក​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំគិត​ថា​កំពុង​តែ​បំរើ​សេវា​យ៉ាង​សំខាន់​មួយ​សម្រាប់ប្រទេស​ជាតិ ពាក់​ព័ន្ធ​នឹង​រឿង​រ៉ាវ​ដែលគួរ​ឲ្យ​ព្រួយ​បារម្ភ ដែល​លោក​បាន​ដឹង»។

​អ្នកការទូត​កំពូល​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន ​បាន​ប្រាប់​សមា​ជិក​សភា​តំណាងរាស្រ្ត​ថា ជា​រឿង​ច្បាស់​លាស់​ណាស់​ ដែល​ថាជំនួយ​ខាង​សន្តិ​សុខ​របស់​សហរដ្ឋ​អាមេរិកសម្រាប់ប្រទេស​អ៊ុយក្រែន ​មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​នោះ​នៅ​ក្នុងការ​ស៊ើបអង្កេត​លោក Joe Biden ​និងក្រុម​គ្រួសារ​របស់​លោក។ លោក​ Biden ​ ជាគូ​ប្រជែង​ខាងនយោបាយ​ដ៏​សំខាន់​របស់​ប្រធា​នា​ធិបតី​ត្រាំ។

កសិណ​សាក្សី​ឯទៀតនៅ​សប្តាហ៍​នេះ​ គឺលោក George Kent ​មន្រ្តី​ក្រ​សួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​លោក​ស្រី​ Marie Yovanovitch អតីតឯកអគ្គរដ្ឋ​ទូតអាមេរិក​ប្រចាំ​ប្រទេសអ៊ុយក្រែន​ដែល​បាន​ប្រាប់​សមា​ជិក​សភា​ថា ​លោក Rudy Giuliani មេធា​វី​ផ្ទាល់​ខ្លួន​របស់​ប្រធានា​ធិបតីត្រាំ បាន​បំផ្លាញ​បណ្តាញ​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ថាជំនួយ​សហរដ្ឋ​អាមេរិក​ដែល​បាន​ទទួល​ការ​អនុម័ត​ពី​សភា​ភ្ជាប់​ទៅ​នឹង​ការ​យល់​ព្រមរបស់​អ៊ុយក្រែន​ដើម្បី​ផល​ប្រយោជន៍​ខាង​នយោបាយផ្ទាល់​ខ្លួន​របស់​លោក​ប្រធានា​ធិបតី​ត្រាំ។

លោកស្រី Jackie Speier ​សភា​តំណាង​រាស្រ្ត​ខាង​គណបក្ស​ប្រជាធិតេយ្យ​ថ្លែង​ថា៖

«នេះ​ជា​ករណី​ពុក​រលួយ​យ៉ាង​ធ្ងន់ធ្ងរ​មួយ»។

​ពួក​គណបក្ស​សាធារណរដ្ឋ​បា​នផ្តោត​លើ​ការការពារការ​និយាយ​ទូរស័ព្ទ​របស់​ប្រធានាធិបតី​ត្រាំ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ដែល​ជា​បញ្ហា​សំខាន់​នៅ​ក្នុងការ​ស៊ើប​អង្កេតប្តឹង​ដក​ហូតប្រធានា​ធិបតី​ចេញ​ពី​តំណែង។ ​លោក Jim Jordan ​តំណាង​រាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​ថ្លែងថា៖

«ខ្ញុំទុក​ចិត្ត​លើ​ការ​សន្ទនា​តាម​ទូរស័ព្ទនោះ។ ខ្ញុំ​ទុក​ចិត្ត​លោក​ប្រធានាធិបតី Zelenskiy និង​លោក​ប្រធានាធិបតី Trump។ ហើយ​ខ្ញុំ​ទុក​ចិត្ត​ថា​អ៊ុយក្រែន​មិន​បាន​ដឹង​ថា​មាន​ការ​ផ្អិប​ជំនួយទេ ហើយ​អ៊ុយ​ក្រែន​ក៏​មិន​បាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​បញ្ចេញជំនួយ​នោះ​ដែរ។ រឿង​ទាំង​នោះ​ជា​ការ​ពិត ប៉ុន្តែ​យើង​មាន​រឿង​កំប៉ិច​កំប៉ុក ដែល​លោក Schiff ​ចង់​កកាយ​ឡើង ដែល​មិន​សំខាន់​ចំពោះ​រឿងដែល​បាន​កើត​ឡើង​ពិត​ប្រាកដ​នោះ​ទេ»។

​ប្រធានា​ធិបតី​ត្រាំ ​បាន​ហៅ​ដំណើរ​ការ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​ជា​ការអយុត្តិធម៌។ ​លោក​ប្រធានា​ធិបតី​ត្រាំ​ ​បាន​ថ្លែង​ថា៖

«មិន​ដែល​មានប្រធានាធិបតី​ណា​ម្នាក់​ដែល​បើក​ចំហរដល់​ថ្នាក់​នេះទេ។ នេះ​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ កំរិត​ខ្ពស់​បំផុត ហើយ​នេះ​ជា​រឿង​អាក្រក់​ណាស់​សម្រាប់​ប្រទេស​ជាតិ​យើង»។

​ការ​ចោទ​ប្រកាន់​ដក​ហូតប្រធានា​ធិបតី​ចេញ​ពី​តំណែង ​ច្បាស់​ជា​នឹងទទួល​បាន​ការ​អនុ​ម័តពី​សភា​តំណាងរាស្រ្ត​ដែល​ត្រួតត្រា​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ។ ​ក៏ប៉ុន្តែ ​លទ្ធផល​នៃ​ការ​កាត់​ទោសក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​កាន់​កាប់​ដោយសំ​ឡេង​ភាគ​ច្រើន​របស់​គណបក្ស​សាធារណរដ្ឋ ​ទំនង​នឹង​មិន​បាន​ទទួល​ជោគជ័យ​ទេ​ ​ដោយទុក​ឲ្យ​ប្រធានា​ធិបតី​ត្រាំ ​នៅកាន់​ដំណែង​រហូត​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០២០៕

ប្រែសម្រួល​ដោយលោក ជឹង ប៉ូជីន