គណៈកម្មាធិការ​៣​នៃ​រដ្ឋសភា​នឹង​ប្រជុំ​បិទ​ទ្វារ​ជាមួយ​ឯក​អគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​អង្គារ​នេះ

រូបភាព​ឯកសារ៖ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប​លោក Gordon Sondland ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ស្ថានទូត​ស.រ.អា.​ប្រចាំ​ប្រទេស​រូម៉ានី ក្នុង​ក្រុង Bucharest កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។

គណៈកម្មាធិការ ៣ នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ចោទ​សួរ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប​លោក Gordon Sondland នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​ទំនាក់ទំនង​រវាង​លោក​ប្រធានាធិបតី Donald Trump ជាមួយ​នឹង​មន្ត្រី​អ៊ុយក្រែន។

សវនាការ​ផ្ដល់​សក្ខីកម្ម​បិទ​ទ្វារ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​ដែល​កំពុង​បន្ត​ធ្វើ​នៅ​រដ្ឋសភា​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក Trump បាន​ច្រានចោល​ម្ដង​ទៀត​ថា ការ​ស៊ើប​អង្កេត​នេះ​គឺ​ជា «គម្រោង​ទុច្ចរិត» ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​មិន​ចង់​ឲ្យ​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ​ជា​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ។

លោក Sondland បាន​ក្លាយជា​បុគ្គល​សំខាន់​មួយ​រូប​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ ដោយសារ​តែ​លោក​បាន​ប្រឹងប្រែង​ចង់​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​អាច​ជា​គូ​ប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ​នឹង​លោក Trump នៅ​ឆ្នាំ​ក្រោយ និង​លើ​លោក Hunter ដែល​ជា​កូន​ប្រុស​របស់​លោក Biden។

ពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ដែល​ជំរុញ​ឲ្យ​មាន​ដំណើរការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នេះ​កើត​ឡើង បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​បន្ទាប់​ក្រោយ​ពី​លោក Trump បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy មក លោក Sondland និង​បេសកជន​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​លោក Kurt Volker បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន និង​បុគ្គល​នយោបាយ​ផ្សេង​ទៀត។

អ្នក​លួច​បញ្ចេញ​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា បើ​យោង​តាម​សេចក្ដី​សង្ខេប​ផ្លូវការ​នៃ​ការ​ប្រជុំ​ទាំង​នេះ​ដែល​បាន​រ៉ាយរ៉ាប់​ដោយ​មន្ត្រី​សហរដ្ឋ​អាមេរិក «លោក​ឯក​អគ្គ​រដ្ឋទូត Volker និង​លោក​ឯក​អគ្គ​រដ្ឋទូត Sondland ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​អំពី​វិធី​លៃលក​មើល​តាម​ការ​ចង់​បាន​ដែល​លោក​ប្រធានាធិបតី Trump បាន​ស្នើ​លោក Zelenskiy»។

ដោយ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក Trump បាន​ការពារ​ជា​ថ្មី​នូវ​ការ​សន្ទនា​របស់​លោក​ជាមួយ​នឹង​លោក Zelenskiy ថា ជា «ការ​សន្ទនា​តាម​ទូរស័ព្ទ​ដ៏​ល្អ​បំផុត»។

គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ គណៈកម្មាធិការ​កិច្ចការ​បរទេស និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល នៃ​រដ្ឋសភា បាន​ដឹកនាំ​ការ​ស៊ើប​អង្កេត​នេះ​ដោយ​មាន​ការ​បើក​សវនាការ​ទទួល​យក​សក្ខីកម្ម និង​ការ​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​សមាជិក​មួយ​ចំនួន​នៃ​រដ្ឋបាល​របស់​លោក Trump និង​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Trump គឺ​លោក Rudy Giuliani ផ្ដល់​ឯកសារ​ឲ្យ។

គណៈកម្មាធិការ​ទាំង ៣ នេះ បាន​ចេញ​ដីកា​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​កោះ​ហៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Mark Esper និង​ប្រធាន​ស្ដីទី​នៃ​ការិយាល័យ​ថវិកា​និង​ការ​គ្រប់គ្រង​លោក Russell Vought ឲ្យ​ផ្ដល់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​លោក Trump នៅ​ក្នុង​ការ​កាត់​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន៕