ការ​ផ្ទុះ​គ្រាប់​នៅ​មន្ទីរពេទ្យ​ជួន​ពេល​ជាមួយ​ខួប​នៃ​ការ​កាន់​អំណាច​របស់​យោ​ធា​ថៃ

  • Ron Corben

លោក Prayuth Chan-ocha នាយក​រដ្ឋ​មន្ត្រី​ថៃ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​ពេល​ដែល​យោធា​ប្រារព្ធ​ខួប​៣ឆ្នាំ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។

ការ​ផ្ទុះ​គ្រាប់​បែក​នៅ​មន្ទីរពេទ្យ​ហ្វឹកហាត់​យោ​ធា​មួយ​កន្លែង​កណ្តាល​ក្រុង​បាងកក​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​ស្រប​គ្នា​នឹង​ខួ​ប​ទី​៣​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​មេដឹកនាំ​យោ​ធា​នៅ​ពេល​បច្ចុប្ប​នេះ​នៅ​ក្នុង​រដ្ឋ​ប្រហារ​​ខែ​ឧសភា ​ឆ្នាំ​២០១៤។ រដ្ឋ​ប្រហារ​​ឆ្នាំ​២០១៤​បាន​បញ្ចប់​​ការ​តវ៉ា​​អស់​រាប់​សិប​ខែ​នៅ​តាម​ផ្លូវ​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​លោកស្រី Yingluck Shinawatra ដោយ​នៅ​ពេល​នោះ​រដ្ឋាភិបាល​​យោ​ធា​បានសន្យា​​ថា​នឹង​មាន​ការ​បោះឆ្នោត​មុន​ពេល​កំណត់។

ការ​ផ្ទុះ​គ្រាប់​បែក​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅសាល​ទទួល​ភ្ញៀវ​ក្នុង​មន្ទីរពេទ្យ​បាន​ធ្វើ​ឲ្យ​មនុស្ស​២៥​នាក់​រង​របួស ​ដោយអ្នក​រងរបួស​ខ្លះ​មាន​ស្ថានភាព​ធ្ងន់​ធ្ងរ​ដោយសារ​អំបែង​គ្រាប់​ និង​បំណែក​កញ្ចក់។

​ការ​ផ្ទុះ​នេះ​ជា​លើក​ទី​៣ចាប់​តាំងពី​ដើម​ខែ​មេសា​មក​ហើយ​រហូត​មក​ទល់​ពេល​នេះ ​មិន​មាន​ក្រុម​ណាមួយ​បាន​អះអាង​ទទួលខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ទេ។

លោក Panita Wattanayagorn ជាទី​ប្រឹក្សា​ខាង​សន្តិសុខ​របស់​លោក Prawit Wongsuwan ឧបនាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា ​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស កំពុង​មាន​ដំណើរការ​ទៅ​មុខ ​ដោយ​ប៉ូលិស​មាន​លទ្ធភាព​អាច​ប្រើ​ប្រាស់​វីដេអូ​សុវត្ថិភាព ​និង​របាយការណ៍​របស់​ទី​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់។ លោក Panita បាន​ប្រាប់ VOA ថា៖ «ឧបទ្ទវហេតុ​នេះ ​អាច​ត្រូវ​បាន​ធ្វើ​ឡើងដោយ​ក្រុម​ខ្លះ​ដែល​មាន​បទ​ពិសោធន៍​ច្រើន ​ដូច្នេះ​ពួក​អាជ្ញាធរ​ឥឡូវ​នេះ​កំពុង​បង្រួម​ការ​កំណត់​អត្តសញ្ញាណ​របស់​ជនសង្ស័យដែល​ធ្វើ​ការ​វាយ​ប្រហារ​បែប​នេះ ដោយ​សន្មត់ថា ​មាន​ក្រុម​ចំនួន​២​ ឬ៣​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​អាច​ធ្វើ​ដូចនេះ​បាន»។

ប៉ូលិស​ធ្វើ​ការ​ស៊ើបអង្កេត​នៅ​កន្លែង​ទទួល​ភ្ញៀវ​របស់​មន្ទីរពេទ្យ Phramongkutklao នៅ​ក្នុង​ក្រុង​បាងកក បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​២០​នាក់​រង​របួស​ កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។

​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​បាន​ត្រូវ​ថ្កោល​ទោស​ដោយ​គណបក្ស​នយោបាយ​នានា​ ហើយ​និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស។ ​លោក Angkhana Neelapaichit ​ស្នងការសិទ្ធិ​មនុស្ស​ជាតិ​ថៃ​បាន​ហៅ​ការ​វាយ​ប្រហារនេះ​ថា​ «ជា​សកម្ម​ភាព​អមនុស្ស​ធម៌‍»។ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ញូវយ៉ក ​បាននិយាយ​ថាការ​បំ​ផ្ទុះ​គ្រាប់​បែក​នៅមន្ទីរពេទ្យ​យោធា​នោះ​ដែល​ត្រូវ​បាន​ផ្តល់​ការ​ព្យាបាលជន​ស៊ី​វិល​ដែរ​នោះ «ជា​សកម្មភាព​ខុស​ច្បាប់»។ គណបក្ស​នយោបាយ​ និង​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​យោធា​ក៏​បាន​ធ្វើ​ការ​ថ្កោល​ទោស​ភ្លាមៗ​ចំពោះ​ការបំ​ផ្ទុះ​គ្រាប់​បែក​នេះ​ដែរ។

ក៏ប៉ុន្តែ ​លោក Somarn Lertwongrath ដែល​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ភឿ ថៃ បាន​បដិសេធ​នូវ​ការ​ពាក់​ព័ន្ធ​ពី​អ្នក​នយោបាយ​នៅ​ក្នុង​ការបំ​ផ្ទុះ​គ្រាប់​បែក​នេះ ក៏ប៉ុន្តែ បាន​និយាយ​ថា ​ការវាយ​ប្រហារ​នេះ​ធ្វើ​ឲ្យមាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​កើន​ឡើង​ថែម​ទៀត​នៅ​ក្នុង​ចំណោម​កងកម្លាំង​ប្រដាប់​អាវុធ។ លោក Somarn បានប្រាប់ VOA ថា៖ «ខ្ញុំ​គិតថា ពួកយោធា​ខ្លួនឯង​មាន​បញ្ហា​នៅ​ពេល​ឥឡូវ​នេះ។ ខ្ញុំ​គិត​ថា នឹង​មាន​ការ​វាយប្រហារ​បន្ថែម​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ‍»។

សេចក្តី​រាយការណ៍​នានា​កាល​ពី​ថ្ងៃ​អង្គារ ប្រាប់​ឲ្យ​ដឹងថា ​ពួក​មន្ត្រី​សន្តិសុខ​បាន​ដាក់​ទីក្រុង​ឈាងរ៉ៃ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឲ្យស្ថិត​ក្នុង​ស្ថាន​ភាពប្រុង​ប្រយ័ត្ន​ខ្ពស់​បន្ទាប់​ពី​ការ​ផ្ទុះ​គ្រាប់​បែក​ក្នុង​ទីក្រុងបាងកក​ដោយ​មាន​ការ​បង្កើនសន្តិសុខ​បន្ថែម​ទៀត។

លោក Panita ទី​ប្រឹក្សា​រដ្ឋាភិបាល​បាន​និយាយ​ថា៖ «វា​អាស្រ័យ​លើសាធារណជន​ថា​តើ​ពួកគេ​គិត​ថា​មាន​ការ​គំរាម​កំហែង​ឬទេ ប្រសិនបើ​ពួកគេ​ត្រូវ​ផ្លាស់​ប្តូរ​ពី​របៀប​រស់​នៅ​របស់​ខ្លួន ​ប្រសិនបើ​ពួក​គេ​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​សកម្មភាព​បែប​នេះ‍»។

ស្ថានភាព​នយោបាយ​របស់​ប្រទេស​ថៃ​បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​តឹងតែង​ចាប់​តាំង​ពី​ខែ​ឧសភា​ ​ឆ្នាំ​២០១៤មក​ដោយ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ដែល​បាន​រិះគន់​រដ្ឋាភិបាល​ឬ​ចោទ​ប្រកាន់​ពី​ច្បាប់​ប្រមាថ​មើល​ងាយ​ព្រះចេស្តា​ព្រះ​មហាក្សត្រ តាម​រយៈ​ការ​រិះគន់​ព្រះរាជវង្សានុវង្ស។

គណបក្ស​ប្រជា​និយម​ដែល​ដឹកនាំ​ដោយ​លោក Thaksin Shinawatra អតីត​នា​យករដ្ឋ​មន្ត្រី ​ដែលបាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​ដោយ​រដ្ឋ​ប្រហារ​នៅ​ឆ្នាំ​២០០៦ ​ហើយ​លោកស្រី Yingluck Shinawatra ដែល​ជា​ប្អូន​ស្រី​របស់​លោក ​ជារឿយៗ​បាន​ប្រ​ឈម​នឹង​បទ​បញ្ជា​នយោបាយ​របស់ពួក​យោធា ​និង​ការិយាធិបតេយ្យ​ដែល​មាន​ស្រាប់។ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​បាតុកម្ម​នៅ​តាម​ផ្លូវ​នានា​នៅ​ពេល​ដែល​រដ្ឋាភិបាល​គាំទ្រ​ Thaksin ​បាន​ប្រឈម​ការ​ចោទ​ប្រកាន់​ពីការ​ប្រព្រឹត្ត​អំពើពុក​រលួយ​ និង​ការ​រំលោភ​អំណាច។

ចាប់តាំង​ពី​ឆ្នាំ​២០១៤មក ​ពួក​យោធា​បាន​កាន់កាប់​អំណាច​ដ៏​តឹងតែង​បំផុត​ដោយ​បាន​ចាប់​ខ្លួន​ពួក​សកម្ម​ជន ​គំរាម​កំហែង​គណបក្ស​នយោបាយ​ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​រង​ការ​ចោទប្រកាន់​នៅ​ក្រោម​ច្បាប់​ដ៏​តឹងរ៉ឹង​ដែល​ការពារ​ព្រះរាជ​វង្សានុវង្ស​ហើយ​ពួក​យោធា​ក៏​បាន​ត្រួតត្រា​ដ៏​តឹងរ៉ឹង​ផងដែរ​លើ​បណ្តាញ​ព័ត៌មាន​ និង​ប្រព័ន្ធ​គេហទំព័រ។

បាតុករ​រុញ​ទាហាន​ថៃ​ ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤។

រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បាន​ទទួល​ការ​អនុម័តដោយ​ការ​បោះឆ្នោត​ប្រជាមតិ​កាល​ពី​ឆ្នាំ​ទៅ​នឹង​ត្រូវ​បញ្ចប់​សព្វ​គ្រប់​ដោយ​ទទួល​ការ​អនុម័ត​តាមរយៈ​រដ្ឋសភា​ជាតិ​មុន​ពេល​ការ​បោះឆ្នោតថ្នាក់​ជាតិ​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

ក៏ប៉ុន្តែ ពួក​អ្នក​រិះគន់​រដ្ឋ​ធម្មនុញ្ញ​នេះ​និយាយ​ថា ​ការ​រឹត​ត្បិត​ដ៏​តឹងរ៉ឹង​តាម​រដ្ឋ​ធម្មនុញ្ញ​លើ​តួនាទី​របស់​គណបក្ស​នយោបាយ ព្រឹទ្ធសភា នាយក​រដ្ឋ​មន្ត្រី និង​តំណាង​ពួក​យោធា​នៅ​ក្នុង​ព្រឹទ្ធ​សភា​គឺ​ជា​ការ​ព្រួយ​បារម្ភ។

ពួកយោធា​បាន​ស្វែងរក​ការ​គាំទ្រ​នៅតាម​តំបន់​ភាគ​កណ្តាល ​ជាពិសេស​ក្នុង​ទីក្រុង​បាងកក ​បន្ទាប់​ពីមានការ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក។

ក៏ប៉ុន្តែ ​ក្នុង​តំបន់​ខាង​ជើង​ និង​ភាគ​ឦសាន្ត ​ពលរដ្ឋ​នៅ​តែ​ស្មោះត្រង់​ជាមួយ​គណបក្ស​នយោបាយ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អតីត​នាយក​រដ្ឋ​មន្ត្រី Thaksin។ លោក Thitipol Phakdeewanich ដែល​ជា​សាស្ត្រាចារ្យ​នៅសាកលវិទ្យាល័យ Ubon Ratchathani បាន​និយាយថា ជំហរ​ដ៏តឹងរ៉ឹង​របស់​ពួក​យោធា​ក្នុង​តំបន់​ភាគ​ឦសាន្ត​បាន​បំផ្លាញ​បរិយាកាស​នយោបាយ​មុន​ពេល​បោះឆ្នោត។

លោក Thitipol បាន​និយាយ​ទៀត​ថា៖ «យើង​ត្រូវ​ការ​បរិយាកាស​ប្រជាធិបតេយ្យ ​មិន​មែន​បរិយាកាស​ផ្តាច់​ការ​មុន​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។ ពីព្រោះ​អ្វីៗ​ស្ថិត​នៅ​ក្រោម​ការ ត្រួតត្រា ​តើ​យើង​អាច​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ឲ្យ​ប្រាកដ​ថា ​យើង​ប្រាកដ​ជា​មាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ‍»។

ក៏ប៉ុន្តែ ​លោក Kiat Sittheemorn ​មេដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ​នៅ​ពេលរដ្ឋាភិបាល​បង្កើត​ឡើង ឱកាស​ដើម្បី​ធ្វើកំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​អាច​កើត​មាន។

លោក Kiat និយាយ​បន្ត​ទៀត​ថា៖ «មនុស្ស​គ្រប់​រូប​ឥឡូវ​នេះ​យល់​ពីស្ថាន​ភាព​នេះ​ប្រសើរ​ឡើង​បន្តិច​ហើយ ​ដូច្នេះ​នរណា​ក៏​ដោយ​ដែល​គេ​ជ្រើសរើស​ឲ្យ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី ​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​បំផុត ​ក៏ប៉ុន្តែ នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ​ពួកគេ​ត្រូវ​តែធ្វើ​ទៅ​តាម​យុទ្ធសាស្ត្រ​ខ្លះ​ដែល​បង្ហាញ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ‍»។

ទស្សនវិស័យ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ថៃ ​នឹង​នៅ​តែ​ដឹកនាំ​ដោយ​ពួក​យោ​ធា ​ដែល​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​រដ្ឋ​សភា​នឹង​បន្ត​រយៈ​ពេល​អន្តរកាល៥​ឆ្នាំទៀត។

លោក Gotham Areeya ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Mahidol បាន​និយាយ​ថា ឥទ្ធិពល​របស់​ពួក​យោធា​នឹង​នៅ​បន្ត​នៅ​ពេល​ខាង​មុខ​ទៀត។

លោក Gotham បាន​និយាយ​ថា៖ «ការណ៍​នេះ​នឹង​ក្លាយ​ជា​លំនាំ​លទ្ធិ​ប្រជាធិប​តេយ្យ​តាម​បែប​យោធា​មួយ​រយៈ​ពេល។​ ដូច្នេះ អ្វី​ដែល​ខ្ញុំ​ហៅ​ថា លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ត្រូវ​តែ​រង់ចាំ​មួយ​រយៈ​សិន។ ដូច្នេះ លំនាំ​លទ្ធិ​ប្រជាធិបតេយ្យ​យោធា​ថៃ​នេះ ​ព្យាយាម​ជ្រាប​ចូលតាមរយៈ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ក៏​ដូចជា​តាម​រយៈ​ការ​ត្រួតត្រា​បណ្តាញ​ព័ត៌មាន​ដែរ ​ហើយ​ពួកគេ​នឹង​ពិនិត្យ​មើល​ច្បាប់​នោះ​ឡើង​វិញ។ ដូច្នេះ វា​ជា​ស្ថានភាព​ផ្លូវ​ច្បាប់​មួយ​ដែល​ការ​ប្រើប្រាស់​ច្បាប់​នោះ​មិនមែន​ជា​នីតិរដ្ឋ​ទេ‍»។

ប្រែសម្រួល​ដោយជឹង ​ប៉ូជីន